រឿងលោក ហេនរី ហ្វដ និងរថយន្តហ្វដ (Ford)

មុនពេលរថយន្ត Ford ចេញជារូបរាង និងអាចប្រើប្រាស់បាន គឺវាមិនងាយស្រួលនោះទេ ដោយសារមជ្ឈដ្ឋានជុំវិញ (អ្នកជិតខាង មិត្តរួមការងារ) មិនគាំទ្រគំនិតច្នៃប្រតិដ្ឋ ជាពិសេសមនុស្សជាទីគោរពក៏បានធ្លាប់ និយាយថា “ឈប់ឆ្កួតទៀតទៅកូន! បើកូនមិនខ្មាស់គេ ក៏ឱពុកខ្មាស់គេដែរ។” 

អ្នកជិតខាង និងមិត្តរួមការងារ បានគិត និងនិយាយថាគាត់គិតឆ្កួតៗឡប់ៗចង់បង្កើតរថយន្តដើម្បីប្រើប្រាស់ជំនួសកម្លាំងមនុស្ស នេះជាគំនិតមិនអាចទៅទេ! មិនអាច! មិនអាច! មិនអាចជាដាច់ខាត! Henry Ford មិនខឹង មិនចាប់អារម្មណ៍ទេ ប៉ុន្តែពាក្យនេះគឺចេញពីមនុស្សដែលគាត់ស្រឡាញ់ និងគោរព គឺឱពុកក្មេងរបស់គាត់ ទើបធ្វើឱ្យគាត់ខ្វល់ខ្វាយចិត្ត សម្រាន្តមិនលក់ពេញមួយយប់ រហូតប្រពន្ធក៏បានសួរគាត់ថា “មានអ្វីកើតឡើងចំពោះបងមែនទេ? ហេតុអ្វីបានជាបងមិនសម្រាន្ត?”

Henry Ford បានសម្លឹងមុខប្រពន្ធដោយទឹកមុខក្រៀមក្រំ រួចក៏បានតបវិញថា៖ “អ្នកជិតខាងយើង និងមិត្តរួមការងារជាមួយបង នរណាក៏ថាបងឆ្កួត ក្នុងនោះរួមទាំងឱពុកអូនផងដែរ។” គាត់ក៏បានបន្តសួរប្រពន្ធគាត់ថា៖ “អូនប្រាប់បងមើល បងឆ្កួតមែនទេ!”

ប្រពន្ធសម្លឹងមុខប្តីដោយស្រឡាញ់ដឹងចិត្ត បន្ទាប់មកនាងបានដាក់ដៃលើស្មាស្វាមី ហើយនិយាយតបវិញថា “នរណាយល់យ៉ាងម៉េចអូនមិនខ្វល់ ចំពោះអូន បងធ្វើត្រឹមត្រូវណាស់! អូនគាំទ្របង!”

ទីបំផុត Henry Ford បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក និងបានក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក។ ថ្ងៃមួយ មានអ្នកកាសែតបានសម្ភាស៍គាត់ថា “ប្រសិនបើមានជាតិក្រោយពិត តើលោកចង់ធ្វើអ្វីដើម្បីបម្រើមនុស្សជាតិទៀត?”

Henry Ford ក៏បានឆ្លើយតបដោយភាពជឿជាក់ថា “ធ្វើអ្វីក៏បានដែរឱ្យតែមានប្រពន្ធខ្ញុំនៅក្បែរ។”

គំនិតអប់រំ៖

  • គ្រប់ភាពជោគជ័យរបស់មនុស្សប្រុសតែងតែមានវត្តមានមនុស្សស្រីផ្តល់កម្លាំងចិត្តក្រោយជានិច្ច។ 
  • រាល់សម្ធិផលដ៏អស្ចារ្យលើលោក សុទ្ធតែប្រសូត្រចេញពីគំនិតដែលមនុស្សភាគច្រើនលើសលប់យល់ថាគំនិតឆ្កួតៗ។

អត្ថបទទាក់ទង

រឿងសាកលវិទ្យាល័យ Leland Stanford Junior University

 

Leave a Reply

Your email address will not be published. Required fields are marked *