រឿងយាយ​ចាស់ ​និង​ស្រី​បម្រើ​ពីរ​នាក់

យាយ​ចាស់​ម្នាក់ មាន​ស្រី​បម្រើ​ពីរ​នាក់។ នាង​ទាំង​ពីរ ត្រូវ​តែ​រវៃ​នឹង​ខោរ​អម្បោះ​រាល់​ថ្ងៃ គ្មាន​ឈប់​ទំនេរ។ យាយ​ចាស់ ​គ្មាន​ព្រួយ​អ្វីក្រៅ​តែ​ពី​ចែក​មុខ​ងារឲ្យ​នាង​ទាំង​ពីរ​ធ្វើ​ប៉ុណ្ណោះ។ កាល​ណា​ព្រះ​អាទិត្យ​បំរុង​នឹង​រះ រហាត់​ត្រូវ​តែ​វិល ខ្នារ​អម្បោះ​ត្រូវ​ឲ្យ​មាន គឺ​ថាត្រូវ​តែ​ឲ្យ​មាន​ការ​ធ្វើ ឥត​ឈប់​ឈរ​ឲ្យ​សោះ។ កាល​ណា​មេឃ​ក្រហម​ឯ​កើត មាន់​ឈ្មោល​ចង្រៃ​មួយ ចាប់​រងាវ​ភ្លាម​យាយ​ចាស់​យើង ចង្រៃ​ជាង​មាន់​ទៅ​ទៀត ចាប់​ស្លៀក​សំពត់​ក្អែល​ក្រខ្វក់​គួរ​ឲ្យ​ខ្ពើម អុជ​ចង្កៀង​កាន់​ដើរ​តម្រង់​ទៅ​គ្រែ​ដែល​ស្រី​បម្រើ​ទាំង​ពីរ​កំពុង​តែ​ដេក តាម​អំពើ​ចិត្ត​នឹង​យ៉ាង​ឆ្ងាញ់។ នាង​មួយ​បើក​ភ្នែក​ព្រឹម​ៗ នាង​មួយ​លាត​សន្ធឹង​ដៃ​ម្ខាង ហើយ​នាង​ទាំង​ពីរ​នេះ ក្ដៅ​ចិត្ត​ពេក ទើប​និយាយ​រងំ​ៗ​ថា អា​មាន់​ចង្រៃ​! អា​ឯង​ទៀង​តែ​ស្លាប់​មិន​ខាន​! ថា​ដូច្នោះ​ហើយ ស្រី​បម្រើ​ទាំង​ពីរ​លប​ទៅ​ចាប់​មួល​ក​មាន់​ស្លាប់ ដែល​ជា​សត្វ​សម្រាប់​រងាវ​ដាស់​រាល់​ព្រឹក​នោះ។ ឃាតកម្ម​នេះ មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ចម្រើន​អ្វី​ដល់​ខ្លួន​សោះ មាន​តែ​ទម្លាក់​ទម្ងន់​មក​លើ​អាត្មា​លើស​មុន​ថែម​ទៀត គឺ​ថា​ផ្ទុយ​ទៅ​វិញ​ស្រី​បម្រើ​ទើប​តែ​នឹង​ដេក យាយ​ចាស់ ដោយ​បារម្ភ​ខ្លាច​ក្រែង​ហួស​ម៉ោង ក៏​ដើរ​កុប​ៗ ដូច​ជា​ម្រិញ​គង្វាល ពេញ​ទាំង​ផ្ទះ (ដាស់​ស្រី​បម្រើ​ឲ្យ​ឡើង​ធ្វើ​ការ) ។ ដូច្នេះ​ហើយ បាន​ថា៖ ជា​ញឹក​ញយ​ណាស់ កាល​ណា​គេ​គិត​នឹង​ដោះ​ខ្លួន​ឲ្យ​ចេញ​រួច​ពី​កិច្ចការ​ដ៏​អាក្រក់​អ្វី​មួយ (ជួនកាល) គេ​រឹត​ចូល​កាន់​តែ​ជ្រៅ​លើស​មនុស្ស​ថែម​ទៀត ភស្ដុតាង​ដូច​ស្រី​បម្រើ​ទាំង​ពីរ​ដែល​ត្រូវ​ទទួល​រង្វាន់​ធ្ងន់​លើស​មុន។ លុះ​អត់​ពី​មាន់​ទៅ (គ្មាន​អ្វី​ជា​គោល) យាយ​ចាស់​ធ្វើ​ឲ្យ​ស្រី​បម្រើ​មាន​ការ​លំបាក​ច្រើន​ហួស​ប្រមាណ។

ដកស្រង់ពី៖ ល្បើកឡាហ្វុងតែន


អត្ថបទទាក់ទង

រឿង ត្រី​ និងក្អែក​ទឹក

 

Leave a Reply

Your email address will not be published. Required fields are marked *