រឿងបុរសអភិជនរៀនគ្រប់គ្រងកំហឹង

មានបុរសម្នាក់រស់ក្នុងត្រកូលអភិជន បានធ្វើដំណើរទៅភូមិដាច់ស្រយាលមួយ ដើម្បីស្វែងរកគ្រូបង្រៀនខ្លួនអំពីការគ្រប់គ្រងកំហឹង ព្រោះនៅភូមិនោះល្បីមានបុរសម្នាក់ស្ងប់ស្ងាត់ និងមានចំណេះដឹងជ្រៅជ្រះខាងចិត្តវិញ្ញាណ។ 

បុរសអភិជន បានគារវកិច្ចលោកគ្រូដោយកិរិយាសុភាពរាបសារ បន្ទាប់មកគាត់ក៏បានរៀបរាប់គោលបំណងខ្លួនទៅកាន់លោកគ្រូដែលកំពុងអង្គុយក្រោយដើមឈើនៅក្រោយផ្ទះប្រក់ស្លឹក។ “លោកគ្រូពេលខ្ញុំខឹងនរណាម្នាក់ ខ្ញុំចង់តែទៅវាយគេពេញទំហឹង ដើម្បីរំសាយអារម្មណ៍ក្រោធ។” បុរសអភិជននោះ សួរទៅលោកគ្រូ។ “តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចទៅ?” 

លោកគ្រូញញឹមទៅកាន់បុរសនោះ រួចតបវិញថា៖ “អ្នកអាចវាយគេបាន បើអ្នកចង់!” លោកគ្រូក៏សួរបញ្ជាក់បន្តថា៖ “តើម្នាក់នោះគេមាឌធំជាង ឬតូចជាងឯង?” 

បុរសត្រូកូលអភិជនម្នាក់នោះ ងឿងឆ្ងល់ក្នុងចិត្តហេតុអ្វីទាក់ទងនឹងមាឌតូច ឬធំគ្រាន់តែខឹង និងចង់វាយនរណានោះ។ បុរសនោះក៏បានតបវិញថា៖ “គេនោះមានតូចជាងខ្ញុំលោកគ្រូ!” 

លោកគ្រូញញឹមរួចឆ្លើយថា៖ “រាប់លេខឱ្យបាន ១០០ សិន (កុំឱ្យបាត់សូម្បីតែមួយលេខ) ស៊ឹមវាយគេ។” 

បុរសអភិជននោះឆ្ងល់មិនអស់ចិត្តនឹងសំដីលោកគ្រូ ក៏សួរបន្តទៀតថា៖ “ចុះបើគេមាឌធំជាងខ្ញុំលោកគ្រូ?”

លោកគ្រូបន្តញញឹមតបឆ្លើយថា៖ “បើដូច្នេះ ចូរឯងរាប់ឱ្យបាន ១០០០ (កុំឱ្យបាត់សូម្បីតែមួយលេខ) ស៊ឹមវាយគេ។”

គំនិតអប់រំ៖

  • កំហឹង កើតរលត់ៗ តែមានអនុភាពខ្លាំង វាអាចបង្កើតក្តីវិនាស ឬមហន្តរាយខ្លាំងក្លាបំផុត បើយើងមិនអាចទប់វាបាន។ ការរាប់លេខ គឺវិធីសាស្ត្រសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ ព្រោះធ្វើឱ្យអ្នកបាត់ភាពក្រោធបាន។
  • ពេលអ្នកខឹងប្រៀបដូចជាអ្នកផឹកថ្នាំពុលឱ្យខ្លួនឯង ហើយសង្ឃឹមថាមនុស្សដែលអ្នកខឹងពុលថ្នាំស្លាប់។

អត្ថបទទាក់ទង

រឿងខ្លី៖ ភាពស្ងៀមស្ងាត់របស់ ឡៅ ជឺ (Lao Tzu)

Leave a Reply

Your email address will not be published. Required fields are marked *