រឿងបុរសចិញ្ចឹមក្របី និងទេពធីតាតម្បាញ
ដំណើររឿងតំណាលអំពីបុរសកំព្រាកំសត់ក្រីក្រម្នាក់ចិញ្ចឹមក្របីចាស់មួយ។
សម័យថ្ងៃមួយ ក្រុមទេពធីតាដែលមានជំនាញខាងតម្បាញ និងដេរប៉ាក់នៅឯឋានសួគ៏ បបួលគ្នាចុះមកកម្សាន្តលេងនាឋានកណ្តាល ដោយចុះទៅលេងទឹកក្នុងស្ទឹងមួយម្តុំៗក្បែរបុរសកម្សត់ឃ្វាលក្របី។ ក្របីដែលកំពុងដើរស៊ីស្មៅនោះ ក៏បានទៅពាំសំលៀកបំពាក់ទេពធីតាមួយអង្គយកឲ្យបុរសកម្សត់ ហើយអ្នកទាំងពីរក៏កើតមានចិត្តស្នេហាគ្នា។ ដោយមានចិត្តអាណិតបុរសជាពន់ពេក ទេពធីតាការសុខចិត្តរត់គេចចេញពីឋានសួគ៏មករួមរស់គ្នាជាប្តីប្រពន្ធ រហូតបានកូនពីរនាក់គឺប្រុសមួយស្រីមួយ។
និយាយពីឋានសួគ៏ឯណោះវិញ ព្រះឥន្រ្ទ និងព្រះរាជនី បាត់នាងទេពធីតាមិនឃើញមួយថ្ងៃ (មួយថ្ងៃឋានសួគ៏ស្មើនឹង ៧ ឆ្នាំ ឋានមនុស្ស) ក៏តាមសួររក ហើយក៏បានដឹងថានាងទេពធីតារត់គេចពីឋានសួគ៏កំពុងមានស្នេហានៅឋានកណ្តាល។ ព្រះរាជនី ខ្ញាល់យ៉ាងខ្លាំង ព្រោះវាខុសច្បាប់ឋានសួគ៏ ក៏ចុះមកឋានកណ្តាលដោយអង្គឯង ហើយនាំយកនាងទេពធីតាត្រឡប់ទៅឋានសួគ៏វិញ។ បុរសកម្សត់ បីកូនរត់តាមប្រពន្ធ ព្រះរាជនីឃើញដូច្នោះហើយក៏ដកស្នៀតសក់គប់ដើម្បីក្លាយជារបាំងរាំងស្នេហ៍អ្នកទាំងពីរ។ ស្នៀតសក់របស់ព្រះរាជនី ក៏បានក្លាយទៅជាកញ្ចុំផ្កាយ Milky Way (ខ្មែរយើងដូចជាហៅក្រុមផ្កាយប្រមោយដំរី)។
ទិដ្ឋភាពប្តីព្រាត់ប្រពន្ធ ម្តាយព្រាត់កូន បានធ្វើឲ្យគ្រប់គ្នានៅលើឋានសួគ៏សោកសង្រេង និងកោតអំពីសេចក្តីស្នេហាដ៏បរិសុទ្ធរបស់អ្នកទាំងពីរ។ ព្រះរាជនី ព្រះឥន្ទ្រ ទន់ចិត្តអស់ហើយ ក៏បានអនុញ្ញាតឲ្យប្តីប្រពន្ធអាចចួបគ្នាបានមួយឆ្នាំម្តង គឺនៅក្នុងថ្ងៃ ៧ កើត ខែ ៧ (បុណ្យនៃសេក្ដីស្រឡាញ់របស់ជនជាតិចិន ដោយជាទូទៅស្ថិតនៅក្នុងខែសីហា) ដោយមានសត្វសេកសោមសារិកាជាអ្នកនាំផ្លូវជាស្ពានមេត្រីដល់អ្នកទាំងពីរ។
រូបភាព៖ Global Times
អត្ថបទទាក់ទង
រឿងបុរសចំណាស់ទាំង ៣ ធ្វើឲ្យយើងយល់ពីសេចក្តីស្រឡាញ់ ទ្រព្យសម្បត្តិ និងភាពជោគជ័យ