រឿងនិទានខ្លីរបស់ អូស្ហូ (Osho)៖ ចោរ និងអ្នកកាន់សីល

មានរឿងដំណាលមួយបាននិទានតៗគ្នាថា នៅរាត្រីព្រះចន្ទ័ពេញបូណ៍មី មានចោរលបចូលទៅក្នុងខ្ទមអ្នក កាន់សីលម្នាក់ គេចូលទៅដោយមិនដឹងថាជាផ្ទះអ្នកកាន់សីលទេ។ គេសម្លឹងមើលសព្វទីតែមិនប្រទះឃើញទ្រព្យសម្បត្តិអ្វីសោះ រំពេចនោះគេក៏ឃើញបុរសម្នាក់ដើរកាន់ទៀនចូលមកហើយនិយាយថា៖ “តើលោកកំពុងរកអ្វី? ហេតុអ្វីបានជាមិនដាស់ខ្ញុំ ខ្ញុំដេកនៅមាត់ទ្វារស្រាប់ ចាំខ្ញុំនាំលោកដើរមើលឱ្យសព្វក្នុងផ្ទះណា!” បុរសម្នាក់នោះនិយាយចេញមកដោយធម្មជាតិបំផុត មើលទៅដូចជាមិនដឹងក្តីសោះ គាត់មិនគិតថាមាននរណាជាចោរទេ។ ចោរនោះនិយាយដោយទឹកមុខធម្មតាបែបមិនដឹងអីថា៖ “លោកមិនដឹងថាយើងជាចោរទេឬ?”

បុរសកាន់សីលបន្តថា៖ “រឿងនេះគ្មានអ្វីសំខាន់ទេ មនុស្សយើងតែងក្លាយទៅជាអ្វីម្យ៉ាងៗ រឿងរបស់ខ្ញុំគឺ ខ្ញុំរស់នៅក្នុងផ្ទះនេះអស់សាមសិបឆ្នាំមកហើយ តែខ្ញុំនៅតែរកស្អីក៏មិនឃើញជាដដែល។ ខ្ញុំគិតថាយើងមកជួយរកគ្នាទៅមើល៍! ហើយបើយើងទាំងពីរនាក់រកឃើញអ្វីមួយនៅក្នុងផ្ទះនេះ យើងនឹងចែកគ្នា។ ខ្ញុំមិនឃើញមានអ្វីនៅក្នុងផ្ទះនេះទេ វាទទេស្អាត!”

ចោរម្នាក់នោះចាប់ផ្តើមភ័យ បុរសម្នាក់នេះចំជាចម្លែកណាស់! គេឆ្កួតទេដឹង? ឬមួយគេចងលេងល្បិចអីទៅ? ចោរនោះគិតថានឹងគេចខ្លួនវិញ តែគេមានរបស់ដែលលួចបានពីផ្ទះដទៃពីរបីមុខដែលគេទម្លាក់នៅមុខផ្ទះនេះ។
អ្នកកាន់សីលមានតែភួយមួយគត់ នោះជាអ្វីដែលគាត់មាន យប់នោះត្រជាក់ខ្លាំងណាស់។ គាត់ក៏បាននិយាយទៅកាន់ចោរនោះថា៖ “លោកកុំចេញទៅយ៉ាងដូច្នេះអី វាជាការមើលងាយខ្ញុំ ហើយខ្ញុំក៏មិនអភ័យទោសឱ្យខ្លួនឯងដែរចំពោះរឿងដែលមានបុគ្គលគួរឱ្យអាសូរចូលផ្ទះខ្លួនទាំងកណ្តាលអាធ្រាត្រ ហើយទៅដោយដៃទទេដូច្នេះ លោកយកភួយនេះទៅក៏ល្អដែរ ខាងក្រៅត្រជាក់ខ្លាំងណាស់ ខ្ញុំនៅក្នុងផ្ទះកក់ក្តៅ ជាង។ បន្ទាប់មកគាត់ក៏យកភួយឱ្យទៅចោរ។”

ចំណែកឯចោរយល់ថាបុរសម្នាក់នោះឆ្កួតហើយ បន្ទាប់មកគាត់ក៏បាននិយាយទៅអ្នកកាន់សីលថា៖ “ លោកឯងចង់ធ្វើអី? ដឹងទេថាយើងជាចោរ?”

បុរសកាន់សីលក៏បានតបវិញថា៖ “វាមិនសំខាន់ទេ លើលោកនេះយើងត្រូវក្លាយជាអ្វីមួយត្រូវធ្វើអ្វីម្យ៉ាង លោកអាចទៅលួចរបស់គេ តែវាមិនសំខាន់ទេ អាជីពគឺអាជីព លោកត្រូវតែធ្វើឱ្យបានល្អ! នេះជាពាក្យជូនពររបស់ខ្ញុំ ចូរធ្វើឱ្យបានល្អបំផុត បើប្រហែសឱ្យគេចាប់បាន លោកប្រាកដជាវេទនាហើយ។”

ចោរនោះនិយាយថា៖ “លោកពិតជាចម្លែកណាស់! លោកគ្មានសល់អ្វីនៅជាប់នឹងខ្លួនទៀតទេណា!”

បុរសកាន់សីលនោះបានតបវិញថា៖ “មិនបាច់ខ្វល់ទេ ខ្ញុំនឹងទៅជាមួយលោក! ភួយជាសម្បត្តិតែមួយគត់ដែលធ្វើឱ្យខ្ញុំត្រូវនៅក្នុងផ្ទះនេះ បើគ្មានវានៅក្នុងផ្ទះទេក៏លែងមានអ្វីទៀតដែរ។ ខ្ញុំឱ្យភួយនេះទៅលោក ខ្ញុំនឹងទៅជាមួយលោក យើងនឹងនៅជាមួយគ្នា! លោកដូចជាមានរបស់ច្រើន បើយើងចូលហ៊ុនគ្នា គឺខ្ញុំបានឱ្យសម្បត្តិទាំងអស់របស់ខ្ញុំទៅលោក លោកក៏ត្រូវចែកសម្បត្តិឱ្យខ្ញុំវិញខ្លះទើបត្រឹមត្រូវ។”

ចោរស្ទើរតែមិនជឿត្រចៀកខ្លួនឯង។ គេក៏បដិសេធថា៖ “អត់ទេ យើងនាំលោកទៅជាមួយមិនបានទេ! យើងមានប្រពន្ធកូន។”

បុរសកាន់សីលឆ្លើយថា៖ “បាន ខ្ញុំមិនធ្វើឱ្យលោកពិបាកទេ ចង់ទៅក៏ទៅចុះ តែខ្ញុំនៅផ្ទះនេះដដែលក៏ បាន។” នៅខណៈចោរនោះរៀបចេញទៅ បុរសកាន់សីលក៏ស្រែកថា៖ “អេ! ត្រឡប់មកវិញសិន! ចោរនោះមិនធ្លាប់លឺសំឡេងដ៏មានថាមពលបែបនេះពីមុនមកទេ គេក៏ងាយក្រោយ។ បុរសកាន់សីលបាននិយាយថា៖ “ឱ្យវាចេះស្គាល់បុណ្យគុណខ្លះផង! ខ្ញុំលះបង់ភួយនេះឱ្យទៅលោកមិនចេះអរគុណអ្វីទេឬ?” អរគុណសិនទៅវាអាចជួយលោកបានពេលក្រោយ ហើយចេញទៅកុំភ្លេចបិទទ្វារផង នេះជាសុជីវធម៌។”

ទីបំផុតចោរនោះក៏បានពោលថា៖ “សូមអរគុណលោក! ហើយគេក៏បានបិទទ្វារគេចបាត់ស្រមោលមួយរំ ពេច។”

លុះព្រឹកឡើងចោរនោះក៏ទៅស៊ើបសួរព័ត៌មានមានដឹងថា បុរសម្នាក់នោះជាគ្រូបាធ្យាយដ៏មានឈ្មោះល្បី។ គេយល់ថាខ្លួនខុសធ្ងន់ណាស់ដោយបានប្រព្រឹត្តមិនគប្បីដាក់បុរសដែលគួរឱ្យអាសួរដែលមានតែខ្លួនទទេដូច្នេះ ទោះជាយ៉ាងណាលោកគឺជាគ្រូបាធ្យាយដ៏ពិសេសមួយរូប។

ប៉ុន្មានខែក្រោយមក ចោរនោះក៏ត្រូវគេចាប់បាន។ នៅពេលសួរចម្លើយសមត្ថកិច្ចសួរថា៖ “តើឯងអាចប្រាប់ ឈ្មោះអ្នកដែលស្គាល់ឯងនៅក្បែរនេះបានទេ?”

ចោរនោះក៏បាននិយាយថា៖ “បាទ មានមនុស្សម្នាក់ស្គាល់ខ្ញុំ!” ហើយគេក៏បានប្រាប់ឈ្មោះមហាគ្រូបាធ្យាយនោះទៅ។ សមត្ថកិច្ចបានតបវិញថា៖ “ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ ចម្លើយរបស់លោកគ្រូម្នាក់នេះមានតម្លៃស្មើនឹងមនុស្សរាប់ម៉ឺន ហើយក៏អាចសមល្មមសម្រេចទោសបានហើយ។

សមត្ថកិច្ចក៏បានសួរ លោកគ្រូនោះថា៖ “តើលោកគ្រូស្គាល់បុរសម្នាក់នេះទេ?” លោកគ្រូឆ្លើយថា៖ “ស្គាល់ឬ? យើងទាំងពីរចូលហ៊ុនគ្នា! គេជាមិត្តខ្ញុំ គេទៅសួរសុខទុក្ខខ្ញុំនៅកណ្តាលយប់មួយដ៏សែនរងារ ខ្ញុំឱ្យភួយមួយទៅគេ គេនៅតែប្រើភួយនោះ លោកគ៏បានឃើញភួយនោះដែរ គ្រប់គ្នាក៏បានដឹងថាភួយនោះជារបស់ខ្ញុំ!។

សមត្ថកិច្ចសួរបន្ត៖ “តើគេជាមិត្តលោកឬ? តើគេធ្លាប់លួចអ្វីទេ?”

លោកគ្រូនោះឆ្លើយថា៖ “មិនធ្លាប់ទេ! គេមិនដែលលួចទេ គេជាសុភាពបុរសពិតប្រាកដ ពេលយើងឱ្យភួយទៅគេ គេនិយាយថា “សូមអរគុណលោក! ពេលគេចេញពីផ្ទះ គេបានបិទទ្វារថ្នមៗ គេសុភាពណាស់ គេជាមនុស្សល្អម្នាក់។”

ពេលនោះសមត្ថកិច្ចក៏បានដោះលែងចោរនោះទៅ។ បន្ទាប់ពីនោះមកបុរសកាន់សីល ក៏ចាកចែញពីសាលាក្តីទៅ ហើយចោរនោះក៏ដើរតាមទៅជាមួយគាត។

ចូរមិត្តអ្នកអានផ្តល់មតិយល់ឃើញ តើអ្វីជាគំនិតអប់រំនៃរឿងនេះ?

ដកស្រង់ពីការអធិប្បាយដោយ OSHO


អត្ថបទទាក់ទង

រឿងអំណាចរបស់មនុស្ស

 

Leave a Reply

Your email address will not be published. Required fields are marked *