រឿងខ្លី៖ សេចក្ដីស្រឡាញ់

អស់កាលដ៏យូរមកហេីយ មិត្តទាំងឡាយបាននាំគ្នាដេីរកម្សាន្តនៅលេីកោះមួយ​ ហេីយម្នាក់ៗសុទ្ធសឹងតែសប្បាយរីករាយណាស់ ខណៈនោះមានការប្រកាសអាសន្នថា៖

“ខ្យល់ព្យុះនឹងបក់បោកមកលេីកោះហេីយ! សូមប្រញាប់ចាកចេញជាបន្ទាន់!”

ម្នាក់ៗភ័យស្លន់ស្លោ ហេីយនាំគ្នាស្ទុះទៅរកទូករៀងៗខ្លួន លេីកលែងតែ “សេចក្ដីស្រឡាញ់”​ មួយចេញ​ ដែលមិនប្រញាប់នឹងគេទេ​ ហើយនៅក្រោយគេ ព្រោះគេនៅមានការងារជាច្រេីន​ ដេីម្បី​ជួយអ្នកទន់ខ្សោយដូចជា “ជរា” “ពិការ” និង “ក្រីក្រ” ឲ្យឡេីងទូកមុន។

តែទីបំផុត ទូកក៏អស់រលីងគ្មាននៅសល់មួយឡេីយ។

នៅពេលដែល​ “ភាពចម្រុងចម្រេីន” ជិះទូកកាត់មុខ “សេចក្ដីស្រឡាញ់”​ បានស្រែកហៅថា៖

“ឲ្យខ្ញុំសូមទៅផង!”

តែ “ភាពចម្រុងចម្រេីន” ឆ្លេីយថា៖

“ទេ! ទូកខ្ញុំពេញទៅដោយមាសប្រាក់ទៅហេីយ! វាគ្មានសល់កន្លែងឡេីយ!”

បន្ទាប់មក “ភាពអាត្មានិយម”​ បន្តជិះកាត់មុខ ហេីយ “សេចក្ដីស្រឡាញ់”​ បានស្រែកសូមដោយសារផង តែ “ភាពអាត្មានិយម”​ តបវិញថា៖

“ទេ! ជេីងរបស់ឯងប្រឡាក់សុទ្ធតែភក់! ខ្ញុំខ្លាចប្រឡាក់ទូកខ្ញុំណាស់!”

ក្រោយមក “ទុក្ខកង្វល់”​ ក៏បានជិះកាត់ ហេីយ “សេចក្ដីស្រឡាញ់”​ ក៏ស្រែកឲ្យជួយ តែ”ទុក្ខកង្វល់”​ បន្លឺថា៖

“ខ្ញុំកំពុងព្រួយចិត្តណាស់! ខ្ញុំចង់នៅតែម្នាក់ឯង!”

ភ្លាមនោះ “ឈ្នានីស” ជិះកាត់​មុខ ហេីយ “សេចក្ដីស្រឡាញ់”​ សូមដោយសារផងតែ “ឈ្នានីស” បញ្ឈឺថា៖

“អញគុំនឹងឯងយូរហេីយ! អស់ពីឯងទៅ អញយកតំណែងរបស់ឯងហេីយ!”

បន្តិចទៀតមក “សុភមង្គល”​ ក៏បានធ្វេីដំណេីរឆ្លងកាត់ ហេីយ “សេចក្ដីស្រឡាញ់”​ ក៏សូមឲ្យជួយ តែ “សុភមង្គល”​ កំពុងតែសប្បាយចិត្តណាស់ វាមិនខ្វល់នឹងនរណាទាំងអស់!

រំពេចនោះ មានសំឡេងមួយស្រែកថា៖

“នែ! “សេចក្ដីស្រឡាញ់” ខ្ញុំមកជួយឯងហេីយ”!

“សេចក្ដីស្រឡាញ់” មិនស្គាល់អ្នកជួយវាទេ ហេីយវាក៏ស្ទុះលោតឡេីងទូកភ្លាម។

នៅពេលរាល់គ្នាទៅដល់ទីសុវត្ថិភាព “សេចក្ដីស្រឡាញ់” ចុះពីទូក ហេីយជួប “ចំណេះវិជ្ជា​ ហេីយសួរ “ចំណេះវិជ្ជា​”​ ថា៖

“តេីឯងដឹងថានរណាបានជួយខ្ញុំ នៅពេលគេរាល់គ្នា​បានរត់ចោលខ្ញុំឬទេ?”

“ចំណេះវិជ្ជា​” ញញឹមយ៉ាងស្រស់ រួចឆ្លេីយថា៖

“នោះគឺ “ពេលវេលា” ព្រោះ “ពេលវេលា” ដឹងនូវតម្លៃពិតប្រាកដរបស់ “សេចក្ដីស្រឡាញ់” និងទំហំអំណាចនៃ “សេចក្ដីស្រឡាញ់” ព្រោះវាមានតែ “សេចក្ដីស្រឡាញ់” ទេ ដែលអាចនាំមកនូវសន្តិភាព សេចក្ដីស្ងប់ស្ងាត់​ និងសុភមង្គល។

គតិពិចារណា៖​ ពេលវេលានឹងប្រាប់យេីងថាតេីនរណាដែលស្រឡាញ់យេីងពិតប្រាកដនៅពេលដែលយេីងធ្លាក់ខ្លួននោះ!

តេីលោកអ្នកនៅចាំអ្វីទៀត ម្ដេចក៏មិនធ្វេីឲ្យសេចក្ដីស្រឡាញ់របស់អ្នក​ឲ្យ​កាន់តែល្អផូរផង់ពីមួយថ្ងៃទៅមួយថ្ងៃ?

ប្រែសម្រួលពីអត្ថបទបរទេស


អត្ថបទទាក់ទង

រឿងខ្លី៖ ក្តីសង្ឃឹម និងជំនឿចិត្តខ្ពស់

 

Leave a Reply

Your email address will not be published.