រឿងខ្លី៖ សុបិនក្លាយជាការពិត!

កុមារាម្នាក់ជាកូនរបស់អ្នកបង្វឹកសេះ។ គាត់តែងតែដើរតាមឪពុកដែលបង្វឹកសេះពីក្រោលសេះមួយទៅក្រោលសេះមួយទៀត។ ការដើរតាមឪពុករបស់គាត់ដូច្នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការសិក្សារបស់កាត់។

ថ្ងៃមួយ លោកគ្រូបានឲ្យវាសរសេរតែងសេចក្ដីមួយ ដោយត្រូវរៀបរាប់អំពីគោលបំណងនៃជីវិតរបស់គាត់ នៅពេលដែលគាត់ធំឡើង។

គាត់សរសេរយ៉ាងលម្អិត និងប្រាកដក្នុងចិត្តថា ដល់ពេលដែលគាត់ធំឡើង គាត់នឹងចិញ្ចឹមសេះនៅលើវាលស្មៅដ៏ធំ ដែលមានក្រោលសេះធំៗ អគារធំស្កឹមស្កៃ និង សត្វសេះដ៏ច្រើន។

ពីរថ្ងៃក្រោយ លោកគ្រូបានចែកក្រដាសកិច្ចការ ហើយគាត់ទទួលបាននិទ្ទេស “F”។

ពេលចេញពីសាលា វាបានសួរលោកគ្រូថា៖

“លោកគ្រូ! ហេតុម្ដេចបានជាខ្ញុំបាននិទ្ទេសអន់ម៉្លេះ?”

លោកគ្រូតបវិញថា៖

“សុបិននេះ មិនអាចក្លាយជាការពិតបានទេ សម្រាប់កុមារដូចឯង ដែលគ្មានលុយ គ្មានធនធាន និងចេញពីគ្រួសារត្រាច់គ្រប់ទីកន្លែងបែបនេះ។ ដូច្នេះ ការសរសេរនេះជាការស្រមើស្រមៃ ដែលវាមិនអាចក្លាយជាការពិតបានទេ។”

លោកគ្រូផ្ដល់ឱកាសឲ្យគាត់សរសេរម្ដងទៀត ដោយឲ្យមានភាពប្រាកដនិយមផង។ កុមារាមកដល់ផ្ទះ ហើយសូមយោបល់ពីឪពុករបស់គាត់។

ឪពុករបស់វាបន្លឺថា៖

“នេះគឺជាការសម្រេចចិត្តដ៏សំខាន់! កូនត្រូវតែសម្រេចដោយខ្លួនឯងណា!”

ពីរ-បីថ្ងៃក្រោយមក កុមារាបានយកក្រដាសកិច្ចការទៅជូនលោកគ្រូ ហើយនិយាយថា៖

“សូមលោកគ្រូមេត្តាដាក់និទ្ទេស “F” ឲ្យខ្ញុំដដែលទៀតចុះ ព្រោះខ្ញុំមិនអាចផ្លាស់ប្ដូរសុបិនរបស់ខ្ញុំទេ”

…ជាច្រើនឆ្នាំក្រោយមក កុមារាធំពេញវ័យ ហើយគេមានវាលស្មៅដ៏ធំ ក្រោលសេះ ផ្ទះដ៏ធំ ដូចដែលគេបានសរសេរក្នុងក្រដាសកិច្ចការ។

គេបានយកក្រដាសកិច្ចការ ដែលបាននិទ្ទេស “F” ដាក់ស៊ុមយ៉ាងត្រឹមត្រូវ រួចដាក់តាំងនៅចំកណ្ដាលផ្ទះទុកជាទីរំឮក​ និងអនុស្សាវរីយ៍។

គតិពិចារណា៖ សូមមេត្តាខិតខំ និងតាំងចិត្ត ដើម្បីធ្វើឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត!

ប្រែសម្រួលពីអត្ថបទបរទេស


អត្ថបទទាក់ទង

រឿងខ្លី៖ វាសនាកម្មករទាំងបី

 

Leave a Reply

Your email address will not be published.