រឿងខ្លី៖ វិជ្ជាសម្លាប់នាគ

មានរឿងនិទានចិនបុរាណមួយ ដែលបានដំណាលពីបុរសម្នាក់ដែលស្រឡាញ់ការសិក្សាស្រាវជ្រាវជាខ្លាំងយ៉ាងខ្លាំង គេមានបំណងប្រាថ្នាចង់ឱ្យខ្លួនគេក្លាយជាមនុស្សដែលចេះដឹងម្នាក់ ដោយពុំមានបុគ្គលណាអាចប្រៀបបាននឹងគាត់ឡើយ។ គាត់បានគិតឃើញដោយខ្លួនឯងថា វិជ្ជាសម្លាប់នាគ ជាមុខវិជ្ជាដែលពុំទាន់មាននរណាម្នាក់រៀនចេះនោះឡើយ ទើបគាត់លក់ទ្រព្យសម្បិត្តិរបស់គាត់ទាំងអស់ដើម្បីយកធ្វើជាសោហ៊ុយ ធ្វើដំណើរទៅសុំរៀនវិជ្ជាសម្លាប់នាគពីលោកគ្រូម្នាក់។ ក្រោយពីបានរៀនវិជ្ជានេះអស់រយៈពេលបីឆ្នាំ គេក៏ត្រឡប់មកផ្ទះវិញដោយក្ដីត្រេកអរនៅក្នុងចិត្ត។ ពេលមានគេសួរថា តើឯងបានរៀងអីខ្លះ? គាត់ក៏ឆ្លើយទៅវិញដោយមោទកភាពថា ខ្ញុំបានរៀនពីវិជ្ជាសម្លាប់នាគ។ គាត់ក៏អធិប្បាយពីវិធីសម្លាប់នាគ ដែលត្រូវធ្វើដូចម្ដេច? ប្រើក្បាច់អ្វីខ្លះ? សម្លាប់ដោយរបៀបណាខ្លះ? ហើយព្រមទាំងបញ្ចេញកាយវិការឱ្យគេមើលទៀតផង។ អ្នកស្ដាប់អ្នកទាំងអស់នាំគ្នាសើច ហើយសួរទៅគាត់ថា តើនាគដែលឯងបម្រុងនឹងសម្លាប់នៅឯណា? ក្រោយពីឮគេសួរបែបនោះ គាត់ភ្ញាក់ខ្លួនព្រើតដូចទើបដឹងខ្លួនពីសន្លប់ ដឹងខ្លួនថានៅលើលោកនេះពុំទាន់មាននាគឱ្យឃើញបានពិតប្រាកដឡើយ។ ហេតុនេះសមត្ថភាពរបស់ខ្លួនដែលបានខិតខំរៀនសូត្រអស់ជាច្រើនឆ្នាំនេះ ពុំកើតជាប្រយោជន៍អ្វីដល់ខ្លួនឡើយ។

រឿងនិទានចិនបុរាណមួយនេះ គឺគ្រាន់ជាឧទាហរណ៍សម្រាប់ឱ្យយើងយកទៅគិតពិចារណមុននឹងសម្រេចថារៀនអ្វីមួយតែប៉ុណ្ណោះ។ វាមានប្រយោជន៍ខ្លាំងសម្រាប់ប្អូនៗដែលនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យក្នុងពេលឆាប់ៗនេះ ហើយមានបំណងចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ មហាវិទ្យាល័យជាច្រើនត្រូវបានគេបង្កើតឡើង។ ជំនាញជាច្រើនក៏ត្រូវបានបង្កើតឡើងសម្រាប់សិស្សនិស្សិតដូចគ្នា។ ដូច្នេះហើយប្អូនៗមានជម្រើសច្រើន។

នៅថ្ងៃអនាគត ការងារមួយចំនួន នឹងត្រូវបានជំនួសដោយម៉ាស៊ីន។ ដូច្នេះ អ្វីដែលសិស្សនិស្សិតគប្បីធ្វើនោះ គឺត្រូវតាមដានព័ត៌មាន ត្រូវដឹងពីការរីកចម្រើននៃបច្ចេកវិទ្យាជាដើម។

ក្នុងពេលបច្ចុប្បន្ន មានសិស្សនិស្សិតមួយចំនួនកំពុងតែភ័យព្រួយខ្លាចថាខ្លួនរកការងារធ្វើពុំបាន ស្របពេលនោះដែរ ក៏មានសិស្សនិស្សិតជាច្រើននាក់កំពុងតែប្រឹងប្រែងរៀនសូត្រដើម្បីមានចំណេះដឹងធ្វើជាទុនក្នុងការស្វែងរកការងារធ្វើ។ វាជារឿងត្រឹមត្រូវដែលយើងត្រូវភ័យខ្លាចថាអត់ការងារធ្វើ ប៉ុន្តែយើងមិនអាចធ្វើអ្វីផ្សេងក្រៅពីខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យខ្លាំងពិតប្រាកដនោះទេ។ ក្នុងពេលខ្លះ ព្រោះតែយើងគ្មានជំនាញច្បាស់លាស់ ចេះមិនបានពិតប្រាកដទើបធ្វើឱ្យយើងពិបាកស្វែងរកការធ្វើ។ មនុស្សយើងបើចេះអ្វីមួយច្បាស់ ឬមានមានជំនាញច្បាស់លាស់ គឺមិនពិបាករកការងារធ្វើនោះទេ វាមិនខុសអីពីសុភាសិតខ្មែរយើងមួយដែលបានលើកឡើងថា “ចេះប្រាកដប្រាក់រត់តាមហៅ” នោះទេ។

មនុស្សដែលមានសមត្ថភាពមិនសូវខ្ពស់ ប៉ុន្តែចេះដាក់ខ្លួន រៀនចាប់ផ្ដើមពីការធ្វើការងារតូចៗ ព្រមទទួលបានប្រាក់ខែសមល្មម ពួកគេប្រាកដជារកការងារបានធ្វើ។ មនុស្សដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានចិត្តរើសអើងការងារ ពោលគឺគិតថាខ្លួនត្រូវចាប់ផ្ដើមធ្វើការដែលមានឋាន:ខ្ពស់ ទទួលបានបានប្រាក់ខែខ្ពស់ ពួកគេប្រាកដជាពិបាករកការងារធ្វើ។ សព្វថ្ងៃនេះ សិស្សនិស្សិតជាច្រើននាក់បានស្វែងរកការងារធ្វើ ដើម្បីស្វែងរកប្រាក់ចំណូល និងស្វែងរកបទពិសោធការងារផង។ ពួកគេធ្វើការបណ្ដើរ រៀនបណ្ដើរទៅតាមស្ថានភាពជាក់ស្ដែង។ ដូច្នេះ ទម្រាំតែពួកគេរៀនចប់ គេមានបទពិសោធន៍ក្នុងរឿងការងារ ចេះអត់ធ្មត់ជាមួយនឹងការងាររួចជាស្រេច។ ពេលគេរៀនចប់ គេនឹងមិនបាច់ភ័យព្រួយរឿងអត់ការងារធ្វើទៀតនោះទេ។

ប្រភពពី៖ Meta


អត្ថបទទាក់ទង

រឿងខ្លី៖ ក្តីសង្ឃឹម និងជំនឿចិត្តខ្ពស់

 

Leave a Reply

Your email address will not be published.