រឿងខ្លី៖ រាជកុមាគ្មានបិតា ផ្តល់តម្លៃអំពីឥទ្ធិពលនៃសច្ចធម៌
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គសោយរាជ្យនៅនគរពារាណសី ទ្រង់បានចេញទៅប្រពាតព្រៃមួយ។ សោភ័ណភាពស្រស់ឆើតឆាយនៃបុផ្ឆាជាតិ រុក្ខជាតិ នឹងផ្លែឈើផ្សេងៗ បានធ្វើឲ្យទ្រង់សព្វព្រះទ័យជាខ្លាំង។ សោយសេចក្តីសោមនស្សរីករាយជាមួយនឹងសោភ័ណភាពទាំងនោះ ទ្រង់ក៏បានយាងកំសាន្តចូលជ្រៅទៅៗ ក្នុងទ្រូងព្រៃ។ មិនយូរប៉ុន្មានទ្រង់ក៏បានបែកដាច់ឆ្ងាយពីកងសេនាទាំងអស់ ហើយក៏បានដឹងថា ទ្រង់នៅតែមួយអង្គឯងនៅកណ្តាលទ្រូងព្រៃនោះ។
រំពេចនោះ ទ្រង់ក៏បានឮសូរសម្លេងដ៏សែនពិរោះរបស់ស្ត្រីក្មេងម្នាក់ឯម្ខាងព្រៃ។ នាងកំពុងតែច្រៀងបណ្តើររើសអុសបណ្តើរ។ ដើម្បីកុំឲ្យមានការភ័យខ្លាចដោយសារតែមួយអង្គឯងក្នុងព្រៃ ទ្រង់ក៏បានយាងតាមសម្លេងដ៏សែនពិរោះគួរឲ្យស្រឡាញ់នោះ។ នៅពេលដែលទ្រង់បានទៅដល់ជិតអ្នកច្រៀងចម្រៀងនោះ ព្រះអង្គបានឃើញថា នាងជាស្រីក្មេងមានរូបស្រស់យ៉ាងសមរម្យម្នាក់ ហើយរំពេចនោះទ្រង់ក៏បានកើតចាប់ចិត្តប្រតិព័ទ្ធស្រឡាញ់លើរូបនាង។ ទាំងពីរអង្គារក៏មានភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នាជាខ្លាំង ហើយទីបំផុតព្រះមហាក្សត្រក៏បានក្លាយជាព្រះស្វាមីរបស់កូនស្ត្រីអ្នករើសអុសនោះទៅ។
បន្ទាប់មក ព្រះអង្គក៏បានរៀបរាប់មូលហេតុដែលធ្វើឲ្យទ្រង់វង្វេងនៅក្នុងព្រៃ ហើយទ្រង់ក៏បានធ្វើឲ្យនាងជឿជាក់ថាទ្រង់ពិតជាព្រះមហាក្សត្រនៃនគរពារាណសី។ នាងបានបង្ហាញផ្លូវសម្រាប់វិលត្រឡប់ទៅរកមហាប្រាសាទរបស់ទ្រង់វិញ។ ព្រះមហាក្សតករទ្រង់ក៏បានប្រទានចិញ្ចៀនត្រាដ៏មានតម្លៃមួយវង់ដល់នាង ដោយមានព្រះបន្ទូលថា ប្រសិនបើនាងសំរាលបានកូនស្រី ចូរនាងលក់ចិញ្ចៀននេះ ហើយយកលុយមកចិញ្ចឹមរក្សាកូនស្រីឲ្យបានល្អ ។ ប្រសិនបើកូននោះជាកូនប្រុសទៅវិញ ចូរនាងនាំកូននោះទៅឲ្យយើង ដោយយកចិញ្ចៀននេះទៅជាមួយផងជាការសម្គាល់។ មានព្រះបន្ទូលរួចហើយ ទ្រង់ក៏បានចេញដំណើរឆ្ពោះទៅរកនគរពារាណសីវិញ។
ដល់ពេលគ្រប់ខែ ស្ត្រីអ្នករើសអុសនោះសម្រាលបានកូនប្រុសម្នាក់។ ដោយសារតែជាស្ត្រីមានការអៀនខ្មាស រស់នៅម្នាក់ឯង នាងមានការភ័យខ្លាចនឹងនាំកូនទៅកាន់ព្រះរាជវាំងដ៏ស្រស់សង្ហានៃនគរពារាណសី ប៉ុន្តែនាងក៏បានថែរក្សាទុកចិញ្ចៀនត្រាដែលព្រះមហាក្សត្រទ្រង់បានប្រទានឲ្យ។
ពីរឆ្នាំក្រោយមក ទារកនោះក៏បានក្លាយជាក្មេងប្រុសតូចម្នាក់។ នៅពេលដែលកុមារប្រឡែងលេងជាមួយក្មេងដទៃទៀតនៅក្នុងភូមិ ក្មេងទាំងនោះតែងតែបង្អាប់ និងធ្វើបាបកុមារជានិច្ច ហើយជួនកាលបានវាយតប់ជាមួយគេទៀតផង។ ព្រោះតែម្តាយគេមានកូនឥតខាន់ស្លា បានជាធ្វើឲ្យក្មេងទាំងនោះឆាឆៅធ្វើបាបដល់គេ។ ក្មេងទាំងនោះ តែងតែស្រែកជេរគេថា៖ អាកូនអត់ឪ! អាកូនអត់ឪ!
ពិតណាស់ ហេតុការណ៍ទាំងនោះបានធ្វើឲ្យកុមារតូចមានក្តីអាម៉ាស និងឈឺចាប់តូចចិត្តជាខ្លាំង។ ជាញឹកញាប់ណាស់ ដែលគេតែតែរត់ទៅផ្ទះយំស្រែករកម្តាយ។ ថ្ងៃមួយកុមារបាននិយាយប្រាប់ម្តាយគេពីមូលហេតុដែលក្មេងទាំងនោះជេរប្រមាទគេថា៖ អាកូនអត់ឪ! អាកូនអត់ឪ!
“ឈ្មោះកូនមិនមែនជាអាកូនអត់ឪទេ។” ម្តាយក៏បាននិយាយលួងលោមកូន ហើយប្រាប់បន្តទៀតថា៖ “កុំមានក្តីអាម៉ាសកូនប្រុស កូនមិនមែនជាក្មេងធម្មតាទេ ឪពុកកូនជាព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យ គ្រប់គ្រងនៅនគរពារាណសី!”
កុមារតូចមានការភ្ញាក់ផ្អើលជាខ្លាំង។ គេក៏បានសួរម្តាយថា ៖ តើម្តាយមានអ្វីជាភស្តុតាង? នាងជាម្តាយក៏បានរៀបរាប់ប្រាប់កូនអំពីរឿងដែលព្រះមហាក្សត្របានឲ្យចិញ្ចៀនត្រា និងថាបើទារកជាកូនប្រុស នាងគប្បីនាំកូនប្រុសនោះទៅថ្វាយព្រះអង្គនៅឯនគរពារាណសី ដោយនាំយកចិញ្ជៀននោះទៅជាមួយផង ដើម្បីធ្វើជាភស្តុតាង។ ដូច្នេះកុមារតូចក៏និយាយថា ៖ អញ្ចឹង យើងនាំគ្នាទៅម៉ែ!
ដោយហេតុការណ៍ដែលបានកើតមានដល់កូន នាងជាម្តាយក៏យល់ព្រម ហើយថ្ងៃបន្ទាប់មកគេក៏នាំគ្នាចេញដំណើរឆ្ពោះទៅនគរពារាណសី។ នៅពេលគេទាំងពីរនាក់បានទៅដល់មហាប្រាសាទរបស់ព្រះមហាក្សត្រ ឆ្មាំយាមទ្វារបានទូលព្រះមហាក្សត្រ មានស្ត្រីអ្នករើសអុសម្នាក់ និងកូនប្រុសរបស់នាងចង់ចូលមកគាល់ព្រះអង្គ។ ហើយគេទាំងពីរនាក់ក៏បាននាំគ្នាដើរចូលទៅកាន់រោងជំនុំ ដែលមាននាម៉ឺនសព្វមុខមន្ត្រី និងទីប្រឹក្សារបស់ព្រះមហាក្សត្រជាច្រើននាក់នៅទីនោះ។ នាងបានរំលឹកដល់ព្រះមហាក្សត្រអំពីកាលវេលាដែលនាង និងព្រះអង្គនៅក្នុងព្រៃជាមួយគ្នា។ ហើយនៅទីបំផុត នាងបានទូលថា ៖ ព្រះករុណាជាម្ចាស់ នេះជាបុត្ររបស់ព្រះអង្គហើយក្រាបទូល។
ព្រះមហាក្សត្រទ្រង់មានក្តីអាម៉ាសជាខ្លាំងនៅចំពោះសុភាពនារី និងសុភាពបុរសទាំងអស់ដែលនៅក្នុងសាលាជំនុំ។ បើទោះជាទ្រង់ដឹងថា នាងបានទូលនៅពាក្យពិតក៏ដោយ ក៏ព្រះអង្គបានមានបន្ទូលប្រកែកថា ៖ “វាមិនមែនជាបុត្រាយើងទេ!” នាងយុវតីមាតាដ៏គួរឲ្យស្រឡាញ់នោះ ក៏បានបង្ហាញចិញ្ចៀនត្រាជាភស្តុតាង។ ដោយក្តីអាម៉ាស ទ្រង់បានប្រកែកម្តងទៀតជាមួយនឹងសេចក្តីពិតដោយមានបន្ទូលថា ៖ “នេះមិនមែនជាព្រះទម្រង់យើងទេ!”
ឮដូច្នេះ នាងក៏បាននឹងគិតក្នុងចិត្តម្នាក់ឯង “ខ្ញុំគ្មានសាក្សី និងគ្មានភស្តុតាងនឹងអាចបញ្ជាក់ថា ពាក្យដែលខ្ញុំបាននិយាយជាពាក្យពិតបានឡើយ។ ខ្ញុំមានតែជាការជឿជាក់ទៅលើឥទ្ធិពលនៃសច្ចធម៌តែមួយប៉ុណ្ណោះ។” គិតឃើញយ៉ាងនេះហើយ នាងក៏បានក្រាបទូលដល់ព្រះមហាក្សត្រដោយសេចក្តីឆ្លាតវៃថា ៖ “ប្រសិនបើទូលបង្គំលើកបោះកូនប្រុសនេះទៅលើអាកាស ហើយបើវាពិតជាព្រះរាជបុត្រារបស់ព្រះអង្គមែន សូមឲ្យកូននេះនៅហ្នឹងថ្កល់មួយកន្លែង កុំឲ្យវាធ្លាក់មកដីឲ្យសោះ។ តែបើវាមិនមែនជាព្រះរាជបុត្រារបស់ព្រះអង្គទេ សូមព្រះអង្គទុកឲ្យកូននេះធ្លាក់មកដីស្លាប់ទៅចុះ!”
រំពេចនោះ នាងក៏បានចាប់ជើងកុមារតូចបោះទៅលើអាកាសភ្លាមតែម្តង។ ដោយសភាវគតិ ព្រោះតែមានឈាមជ័រជាឪពុកម្នាក់ ទ្រង់ក៏ស្ទុះហក់ចេញពីព្រះអាសនៈ ហើយទ្រង់ចាប់បុត្រាយ៉ាងថ្នាក់ថ្នមជាទីបំផុត ដាក់នៅក្នុងព្រះហត្ថាទាំងសង្ខាង នៅគ្រាដែលកុមារតូចបានធ្លាក់ចំមកដីវិញ។ គ្រប់ៗគ្នាមានក្តីរំភើបជាខ្លាំង។ នៅលើហត្ថាព្រះមហាក្សត្រ រាជកុមារទ្រង់បានមានព្រះបន្ទូលថា៖ “ព្រះករុណាជាម្ចាស់ ខ្ញុំព្រះករុណាជាបុត្រារបស់ព្រះអង្គយ៉ាងប្រាកដណាស់។ ព្រះអង្គអាចថែរក្សាប្រជាពលរដ្ឋជាច្រើនម៉ឺននាក់បាន ដែលគេគ្មានជាប់សាច់ឈាមអ្វីនឹងព្រះអង្គសោះ។ ព្រះអង្គចិញ្ចឹមដំរី សេះ និងសត្វដទៃទៀតច្រើនរាប់មិនអស់។ តែព្រះអង្គមិនដែលនឹកនាថានឹងចិញ្ចឹមរក្សាបុត្រាបង្កើតរបស់ព្រះអង្គនៅឡើយទេ។ ដូច្នេះសូមទ្រង់ប្រោសមេត្តាថែរក្សាទូលបង្គំ និងម្តាយទូលបង្គំផងចុះ ក្រាបទូល។”
ដោយបានឮពាក្យស័ព្ទទាំងនោះ មោទនភាព ឬភាពក្រអឺតក្រទមរបស់ព្រះរាជាក៏ត្រូវរលាយបាត់អស់។ ហើយទ្រង់បានដាក់ព្រះកាយយ៉ាងទន់ភ្លន់ដោយសារសច្ចភាពនៃសម្តីដ៏មានឥទ្ធិពលរបស់កុមារតូច។ ដោយនៅកាន់បីកុមារតូចក្នុងព្រះហស្ឋទាំងពីរ ព្រះរាជាក៏ទ្រង់មានព្រះបន្ទូលថា ៖ “បុត្រជាទីស្រឡាញ់របស់បិតា បិតានឹងបីបាច់ថែរក្សាបុត្រ ។” ដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភាពដ៏អស្ចារ្យនេះ មនុស្សម្នាទាំងអស់នៅក្នុងរោងជំនុំបានបោះដៃលាទៅរកកុមារតូចគ្រប់ៗគ្នា។ គេទាំងអស់គ្នាក៏បានសុំឲ្យកុមារតូចបានមកនៅក្នុងរង្វង់ដៃរបស់ពួកគេផងដែរ។ បីបុត្រានៅលើភ្លៅបណ្តើរ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលប្រកាសបណ្តើរថា ៖ “បុត្រនេះនឹងបានឡើងសោយរាជ្យ ហើយព្រះមាតារបស់ទ្រង់នឹងឡើងជាព្រះអគ្គមហេសីរបស់ព្រះអង្គ។”
ហេតុការណ៍ទាំងនេះ បានធ្វើឲ្យព្រះមហាក្សត្រ និងនាម៉ឺនសព្វមុខមន្ត្រីទាំងអស់នៅក្នុងរោងជំនុំ បានយល់ដឹងយ៉ាងច្បាស់ពីអានុភាពនៃសច្ចធម៌។ ចាប់តាំងពីពេលនោះមក នគរពារាណសីក៏ត្រូវបានគេស្គាល់ថាជានគរមួយនៃសេចក្តីសុចរិតយុត្តិធម៌។ នៅពេលដែលព្រះរាជាទ្រង់ចូលទីវង្គត់ទៅ ព្រះរាជាកុមារដែលធំពេញរូបរាងទៅហើយនោះក៏ទ្រង់បានឡើងសោយរាជ្យ។ ដោយទ្រង់ចង់បង្ហាញឲ្យប្រជានុរាស្ត្រទាំងអស់ដឹងថា មនុស្សម្នាក់ៗ សមនឹងមានការគោរព មិនថាគេមានកំណើត ឬត្រកូលអ្វីឡើយ។ ដូច្នេះហើយ ទ្រង់បានឡើងសោយរាជ្យដោយបានដាក់ព្រះនាមថាជា “រាជកុមាគ្មានបិតា”។ ព្រះអង្គបានគ្រប់គ្រងព្រះនគរដោយករុណាធម៌ និងយុត្តិធម៌ជារៀងតទៅហោង។
ដំបូន្មាន៖ ពាក្យពិតតែងតែមានអានុភាពជាងពាក្យមិនពិត។
ដកស្រង់ចេញពីសៀវភៅ៖ ព្រហ្មចរិយេសនា
អត្ថបទទាក់ទង
រឿងខ្លី៖ ចចក និងអណ្តើក អានហើយអ្នកនឹងដឹងថា បើអ្នកបានធ្វើធំ កុំមើលងាយអ្នកតូចតាច