រឿងខ្លី៖ ភាពស្ងៀមស្ងាត់របស់ ឡៅ ជឺ (Lao Tzu)

កំពូលអ្នកប្រាជ្ញបុរាណចិនដ៏ល្បីល្បាញម្នាក់ គឺ ឡៅ ជឺ (Lao Tzu)។ ឡៅ ជឺ គឺជាបុគ្គលដែលចូលចិត្តស្ងៀមស្ងាត់ និងធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ស្ទើរតែគ្មាននរណាដឹងថាគាត់ជាបុគ្គលមានចំណេះដឹងខាងចិត្តវិញ្ញាណដ៏ស៊ីជម្រៅនោះទេ។ ឡៅ ជឺ មានទម្លាប់ចូលចិត្តដើរជាច្រើនគីឡូរៀងរាល់ព្រឹក ចំណែកអ្នកស្រុកភូមិក៏ចូលចិត្តធ្វើដំណើរជាមួយគាត់ដែរ គឺដើរដោយភាពស្ងាត់ស្ងៀម ពីព្រោះពួកគេច្បាស់ដឹងថា ឡៅ ជឺ មិនចូលចិត្តអ្នកនិយាយច្រើននោះទេ។  

ថ្ងៃមួយ មានបុរសម្នាក់ជាភ្ញៀវ បានទៅលេងសាច់ញ្ញាតិម្នាក់ដែលរស់នៅក្នុងភូមិជាមួយ ឡៅ ជឺ។ អ្នកកម្លោះម្នាក់នោះសប្បាយចិត្តខ្លាំងណាស់ កាលដែលបានដឹងថា ឡៅ ជឺ រស់នៅក្នុងភូមិនោះដែរ។ បុរសម្នាក់នោះ ក៏បានស្នើសុំសាច់ញ្ញាតិអនុញ្ញាតិឱ្យគាត់បានដើរជាមួយផងនាពេលព្រឹក ដោយគាត់រំពឹងសង្ឃឹមថានឹងបានជួបនឹង ឡៅ ជឺ។ ចំណែកឯសាច់ញ្ញាតិគាត់ក៏បានយល់ព្រមតាមសំណើរ។ 

លុះព្រឹកឡើង អ្នកភូមិ និង ឡៅ ជឺ ក៏បាននាំគ្នាដើរដូចសព្វដង គ្រាន់តែពេលនោះមានសមាជិកថ្មីទៅជាមួយគឺអ្នកកម្លោះ។ នៅតាមផ្លូវធ្វើដំណើរ មានអាកាសធាតុត្រជាក់ល្ហឹម ធម្មជាតិស្រស់បំព្រង ផ្ការីករាយស្គុះស្គាយ សំឡេងបក្សាបក្សីច្រៀងរាំដូចជាដូតន្រ្តីសួគ៌ា ចំណែកឯព្រះអាទិត្យក៏បញ្ចេញរស្មីយ៉ាងស្រទន់ហាក់ដូចជាខ្លាចសភាវៈដទៃខឹងខ្លួន។ នោះជាលើកទីមួយដែលអ្នកកម្លោះម្នាក់នោះបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលបែបនោះ។ ទ្រាំមិនបាន បុរសម្នាក់នោះ ក៏បានបន្លឺសំឡេងខ្លាំងៗថា៖ “នោះហ្ន! ព្រះអាទិត្យរះហើយ ពិតជាព្រឹកដ៏ស្រស់ស្អាតមែន!”            

គេនិយាយតែប៉ុណ្ណឹង តែគ្មាននរណាឆ្លើយតប ព្រោះអ្នកស្រុក និងម្ចាស់ផ្ទះដឹងថា ឡៅ ជឺ មិនចូលចិត្ត។ ពិតណាស់ ឡៅ ជឺ មិនបាននិយាយអ្វី មិនឆ្លើយអ្វីឡើយ។ ពេលត្រឡប់មកផ្ទះវិញ ឡៅ ជឺ ក៏បានប្រាប់អ្នកស្រុកថា៖ “ចាប់ពីស្អែកទៅ កុំនាំបុរសម្នាក់នោះមកជាមួយទៀត គេជាមនុស្សនិយាយច្រើនណាស់ និយាយរឿងឥតប្រយោជន៍។” គាត់បានបន្តទៀតថា៖ “យើងក៏មានភ្នែក យើងក៏មើលឃើញថាព្រះអាទិត្យរះ ហើយស្រស់ថ្លា តើគេចំបាច់និយាយធ្វើអ្វី?” 

គំនិតអប់រំ៖ 

  • ភាពស្ងៀមស្ងាត់ គឺជាប្រភពនៃថាមពលដ៏អស្ចារ្យ។
  • មនុស្សដឹងមិននិយាយ ប៉ុន្តែមនុស្សនិយាយគឺមិនដឹង។
  • ខ្ញុំមានរឿងបីដែលត្រូវបង្រៀន៖ “ភាពសាមញ្ញា ភាពអត់ធ្មត់​ និងមេត្តករុណ។” ទាំងបីនេះគឺជាទ្រព្យសម្បត្តិដ៏មហាសាល។
  • ភាពងាយស្រួលមាននៅក្នុងការលំបាក ហើយរឿងអស្ចារ្យមាននៅក្នុងកិច្ចការតូចតាច។

អត្ថបទទាក់ទង

រឿងមនុស្ស ៣ រដូវ

 

Leave a Reply

Your email address will not be published. Required fields are marked *