រឿងខ្លី៖ ត្មាតបោកដំរីស
មានសេ្តចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ យប់មួយសេ្តចត្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់សេ្តចដំរីស។
ពួកសេនារេហ៏ពលក៏ហើរសំដៅទៅលំនៅសេ្តចដំរីសនោះ ដល់ហើយក៏ស្រែកហៅសេ្តចដំរីសថា៖ “បងដំរី! ម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់យើងយល់សប្តិថា បានស៊ីសាច់បងដំរីឯង។
ដំរីឮដូច្នោះក៏ភ័យញ័រឥតឧបមា យំបណ្តើរ លាប្រពន្ឋកូន និងពលសេនាបណ្តើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ សេ្តចត្មាត លុះមកដល់កណ្តាលផ្លូវ បានជួបនឹងសុភាទន្សាយៗក៏សួរទៅសេ្តចដំរីថា៖ “យើ! បងដំរីទៅណាមកណា ក៏រលះរលាំង ថែមទាំងយំសស្រាក់យ៉ាងនេះ?”
ដំរីឆ្លើយថា “ឱ! បងសុភាអើយ! សេ្តចត្មាតគេយល់សប្តិឃើញថា បានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយ។”
ទន្សាយឆ្លើយថា៖ “យើ! បងដំរី រូបប៉ុនបងឯងមេ្តចសុខចិត្ត ទៅឲ្យអាសត្វត្មាតស៊ីទទេៗយ៉ាងនេះ ចាំខ្ញុំជួយដោះទុក្ខបងឯងឲ្យរួចរស់បាន។”
សេ្តចដំរីបានឮដូច្នោះ មានចិត្តត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅសេ្តចត្មាត។
លុះឃើញដំរីដើរមកដល់ហើយ សេ្តចត្មាត អរញញឹមញញែម រួចនិយាយទៅកាន់ដំរីថា៖ “អឺ! បងដំរីមកដល់ហើយ យើងត្រូវស៊ីបងឯងក្នុងថៃ្ងនេះ ព្រោះយើងយល់សប្តិឃើញថា បានស៊ីសាច់បងឯង។”
នៅពេលដែលដំរីជួបនឹងសេ្តចត្មាតនោះ ទន្សាយធើ្វពុតជាដេកលក់ លើខ្នងដំរី។ ស្តេចត្មាតក៏ស្រែកទៅកាន់ទន្សាយថា៖ “នែ ! បងសុភា ម៉េចមកដេកលក់លើខ្នងដំរីដូចេ្នះ? ចុះចេញឲ្យឆាប់ យើងនឹងស៊ីដំរីឥឡូវនេះ។”
ទន្សាយឆ្លើយថា៖ “ឈប់ៗ កុំអាលសិន! បងនិយាយជាមួយដំរីដូចមេ្តចខ្លះ អម្បាញ់មិញយើងមិនបានស្តាប់ ព្រោះរវល់តែងងុយពេក។”
សេ្តចត្មាតឆ្លើយថា៖ “យើងយល់សប្តិឃើញថា បានស៊ីសាច់ ដំរីស។”
ទន្សាយថា៖ “អឺ! មែនហើយអម្បាញ់មិញ ខ្ញុំដេកលក់មួយភាំងទៅយល់សបិ្តថា បានស្រលាញ់ប្រពន្ឋសេ្តចត្មាតឯង។”
សេ្តចត្មាតឆ្លើយថា៖ “យើ បងសុភា! យើងមិនត្រូវការឲ្យព្រន្ឋយើងទៅបងសុភាឯងទេ។”
ទន្សាយថា៖ “បើបងឯងមិនឲ្យការយល់សប្តិរបស់បងត្មាតឯងក៏ឥតបានការអី្វដែរ ដំរីក៏ខ្ញុំមិនឲ្យបងត្មាតឯងស៊ីដូចគ្នា។”
ត្មាតក៏ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ ឯដំរីក៏វិលទៅលំនៅខ្លួនវិញទៅ ហើយទន្សាយក៏បោលចូលព្រៃទៅបាត់ដែរ។
តើអ្នកអាចបកស្រាយអត្ថន័យនៃរឿងនេះបានដែរឬទេ?
ដកស្រង់ចេញពី៖ រឿងព្រេងនិទានខ្មែរ
រូបតំណាង
អត្ថបទទាក់ទង
រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក