រឿងខ្លី៖ “ដំរី និងចំណង” ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?

មានបុរសម្នាក់បានដើរតាមសួនសត្វ ហើយក៏ក្រឡេកឃើញដំរីមួយក្បាល។ ដំបូងគាត់គ្រាន់តែចាប់អារម្មណ៍នឹងរូបរាងរបស់ដំរី តែបានបន្តិចគាត់ក៏បានឈប់ភ្លាមហើយសម្លឹងនិងគិតដោយងឿងឆ្ងល់។

គាត់ឆ្ងល់ត្រង់ថា ដំរីនោះមានមាឌធំណាស់ តែវាមិនអាចធ្វើដំណើរទៅណារួចដោយសារជាប់នឹងខ្សែចំណងដ៏តូចមួយ។ វាមិនមែនកំពុងជាប់ច្រវ៉ាក់ដែក ឬក្នុងទ្រុងដែកនោះឡើយ។ ជាការពិតណាស់បើសិនដំរីនោះចង់គេចចេញទៅទីណាផ្សេង វាអាចផ្តាច់ ចំណងខ្សែពួរនោះយ៉ាងងាយគ្រប់ពេលវេលាដែលវាចង់។ ចុះតើមានហេតុផលអ្វីដែលដំរីមិនអាចផ្តាច់ចំណងខ្សែពួរនោះបាន? ឬក៏វាមិនចង់ដើរទៅណា?

ភ្លាមៗនោះដែរ គាត់ក៏បានឃើញគ្រូហ្មរដំរីមា្នក់នៅក្បែនោះហើយក៏ឈ្លៀតសួរថា “លោកគ្រូហ្ម! ខ្ញុំសូមសួរដូចឆោត! ​ហេតុអ្វីបានជាដំរីមាឌធំមួយក្បាលនេះមិនផ្ដាច់ខ្សែពួររត់គេច? វាសុខចិត្តនៅជាប់ចំណងធ្វើអ្វី?”

គ្រូហ្មញញឹម! ហើយបានតបទៅវិញភ្លាមថា “អ្នកកម្លោះសួរបានល្អ! តាមពិតទៅមិនមែនថាដំរីនេះវាចង់ជាប់ចំណងឡើយ! សត្វវាក៏ចង់មានសេរីភាពដែរ។ រឿងគឺវាអញ្ចេះ! នៅពេលដែលដំរីមួយក្បាលនេះនៅតូច ខ្ញុំបានយកចំណងខ្សែពួរតូចនេះមកចងជើងវា។ កាលវានៅតូចវាព្យាយាមផ្ដាច់ខ្សែពួរនេះដែរតែដោយសារកម្លាំងនៅខ្សោយវាមិនអាចផ្ដាច់បាន។

វាប្រឹងម្ដងៗម្ដងទៀតនៅតែទៅមិនរួច។ ហេតុនេះវាក៏អស់សង្ឃឹម! វាក៏ចាប់ផ្ដើមគិត និងជឿថាខ្លួនវាគ្មានថ្ងៃអាចរើរួចផ្ដាច់ចំណងខ្សែពួរតូចនេះបានទេ។ វាគិតអញ្ជឹងតាំងពីក្មេង។ ហេតុនេះទោះពេលវាធំឡើង មានមាឌធំ ​មានកម្លាំងខ្លាំងជាងមុនរាប់រយដងអាចកាត់ផ្ដាច់ចំណងនេះយ៉ាងស្រួល ក៏វាមិនដែលសាកល្បងខំផ្ដាច់ទៀតដែរ! ព្រោះក្នុងខួរក្បាលវា វាលែងជឿជាក់លើខ្លួនឯងថាអាចផ្ដាច់បានទៅហើយ។ ហេតុនេះទើបវាមិនដែលព្យាយាមផ្ដាច់ខ្សែរពួររត់គេចទៀតទេ!”

រឿងនេះមានតម្លៃអប់រំពិសេសសម្រាប់ជីវិតយើងរាល់គ្នា! នរណាក៏ធ្លាប់បរាជ័យនឹងរឿងអ្វីមួយដល់ថ្នាក់បាត់បង់ជំនឿចិត្តលើខ្លួនទាំងស្រុង លែងហ៊ានសាកល្បងព្យាយាមម្ដងទៀត បើទោះបីជាខ្លួនមានសមត្ថភាពខ្លាំងជាងមុនក៏ដោយ។ នេះព្រោះតែគេបណ្ដោយឱ្យបរាជ័យ ភាពភ័យខ្លាច ភាពបាក់ស្បាត និងភាពគ្មានជំនឿចិត្តដឹកមុខ!

សូមយើងទាំងអស់គ្នាឈប់ធ្វើខ្លួនជាសត្វដំរី! បរាជ័យពីអតីតកាលក៏ព្រោះកាលណោះយើងនៅខ្សោយ! ការព្យាយាមប្រឹងប្រែងវាប្រសើរជាងនៅស្ងៀមអង្គុយចាំគេមកជួយ! ដូចសត្វដំរីអញ្ជឹងដែរ គ្មានថ្ងៃដែលគេមកកាត់ផ្ដាច់ចំណងរបស់វាទេ​បើវាមិនផ្ដាច់ខ្លួនឯង!


អត្ថបទទាក់ទង

រឿងខ្លី៖ សត្វរើសគ្នាធ្វើស្តេច

 

Leave a Reply

Your email address will not be published. Required fields are marked *