រឿងខ្លី៖ ជំនួញសត្វស្វា
ល្បិចរបស់អ្នកជំនួញម្នាក់នេះ ធ្វើឱ្យកើតស្វាពេញមួយភូមិដោយឥតដឹងខ្លួន។
តើលោកអ្នកកំពុងឆ្ងល់ថាតើទីផ្សារហិរញ្ញវត្ថុគេដំណើរការរបៀបម៉េច? សាច់រឿងខ្លីនេះ អាចពន្យល់យ៉ាងច្បាស់ថាគេធ្វើអ្វីខ្លះក្នុងទីផ្សារហិរញ្ញវត្ថុ។
គ្រាមួយ មានអ្នកជំនួញម្នាក់ បង្ហាញមុខក្នុងភូមិរួចប្រកាសឱ្យអ្នកស្រុកលក់ស្វាឱ្យគាត់ក្នុងតម្លៃ ១០ ដុល្លារ ក្នុងមួយក្បាល។
ដោយមើលឃើញស្វាច្រើននៅជុំវិញភូមិ ប្រជាជនក៏បាននាំគ្នាចេញទៅក្នុងព្រៃក្បែរភូមិ ដើម្បីចាប់ស្វាយកមកលក់។
អ្នកជំនួញនោះ បានទិញស្វារាប់ពាន់ក្បាលក្នុងតម្លៃ ១០ ដុល្លារ ក្នុងមួយក្បាល ហើយខណៈដែលការផ្គត់ផ្គង់ស្វាកាន់តែថមថយ អ្នកភូមិក៏ឈប់នាំគ្នាដើរចាប់ស្វា។ ហើយអ្នកជំនួញនោះក៏ចេញមកប្រកាសម្តងទៀតថា គាត់នឹងទិញស្វាក្នុងតម្លៃ ២០ ដុល្លារ ក្នុងមួយក្បាល។ អ្នកភូមិឮបែបនោះ ក៏ចាប់ផ្តើមប្រឹងប្រែងដើររកចាប់ស្វាមកលក់សាជាថ្មី។
មិនយូរប៉ុន្មានចំនួនស្វាចាប់ផ្តើមថយចុះ ហើយអ្នកភូមិក៏ចាប់ផ្តើមនាំគ្នាត្រឡប់ទៅធ្វើស្រែវិញ។ អ្នកជំនួញនោះ ប្រកាសម្តងទៀតថានឹងទិញស្វាក្នុងមួយក្បាល ២៥ ដុល្លារ។ អ្នកភូមិបាននិយាយថា ស្វាឥឡូវរកមួយក្បាលពុំមានផង បើចង់បានស្វាសូមអញ្ជើញចូលព្រៃរកចាប់ខ្លួនឯងចុះ!
ឮដូច្នោះ អ្នកជំនួញបានប្រកាសថា គាត់នឹងទិញស្វាមួយក្បាល ៥០ ដុល្លារ! ប៉ុន្តែដោយសារគាត់ជាប់រវល់កិច្ចការជំនួញនៅទីក្រុង គាត់បានប្រគល់ភារកិច្ចទិញស្វាទៅជំនួយការជំនិតរបស់គាត់។
ដោយបាត់វត្តមានរបស់ចៅហ្វាយ ជំនួយការនោះ បានប្រាប់អ្នកភូមិថា “មើលស្វាក្នុងទ្រុងធំៗទាំងនេះចុះ ថៅកែខ្ញុំទិញពីបងប្អូន។ ខ្ញុំនឹងលួចស្វាទាំងនេះលក់ឱ្យបងប្អូនវិញក្នុងតម្លៃ ៣៥ ដុល្លារ ហើយពេលថៅកែខ្ញុំមកពីទីក្រុងវិញ បងប្អូនអាចលក់ស្វាទាំងនេះឱ្យគាត់ក្នុងតម្លៃ ៥០ ដុល្លារ ក្នុងមួយក្បាល ដឹងតែចំណេញកប់ពពកហ្មង។”
អ្នកភូមិឮដូច្នេះ ក៏ប្រមូលអស់ទ្រព្យសម្បត្តិដែលបានសន្សំ យកមកទិញស្វាទាំងនោះអស់រលីងពីទ្រុង។
ចាប់តាំងពីពេលលក់ស្វាអស់ពីទ្រុងមក អ្នកភូមិមិនដែលឃើញបុរសទាំងពីរនាក់នោះត្រឡប់មកភូមិវិញឡើយ ហើយក្នុងភូមិឃើញសុទ្ធតែស្វាគ្រប់ទីកន្លែង!
ឥឡូវ លោកអ្នកប្រហែលជាយល់ច្បាស់ហើយថាតើទីផ្សារហ៊ុន/ជំនួញមួយចំនួន គេលេងរបៀបម៉េច គឺគេលេងតាមរបៀបជំនួញស្វានេះឯង។
អត្ថបទទាក់ទង