រឿងខ្លី៖ ឆ្កែព្រៃក្នុងហ្វូងចៀម
កាលពីព្រេងនាយ មានឆ្កែព្រៃមួយក្បាល មិនព្រមចាប់សត្វមកធ្វើជាចំណីដូចឆ្កែព្រៃដទៃផ្សេងទៀតឡើយ។ វាតែងខិតខំគិតរកមធ្យាបាយចាប់ចំណីងាយស្រួយ ហើយមិនពិបាកចំណាយកម្លាំងច្រើនពេក។
ចៃដន្យថ្ងៃមួយ ឆ្កែព្រៃចាប់បានចៀមដាច់ហ្វូងមួយក្បាល។ ឆ្កែព្រៃ ក៏ខាំពន្លាត់ស្បែកចៀម។ បន្ទាប់ពីស៊ីសាច់ឆ្កែត វាក៏នឹកឃើញវិធីបន្លំដោយពាក់ស្បែកចៀមទៅរស់នៅហ្វូងចៀម លុះដល់ពេលយប់ ទើបចាប់ស៊ីចៀមម្ដងមួយៗ។ គិតហើយ វាក៏ពាំស្បែកចៀមនោះ លាងទឹកឲ្យស្អាត រួចពាក់លើខ្លួនវា ហើយក៏ដើរទៅបន្លំជាមួយហ្វូងចៀម។
លុះដល់ពេលល្ងាច ម្ចាស់ហ្វូងចៀម គៀរចៀមបញ្ចូលក្នុងក្រោល ដោយមិនចាប់ភ្លឹកថាក្នុងហ្វូងចៀម មានឆ្កែព្រៃមួយក្បាលកំពុងបន្លំខ្លួននោះទេ។ ឆ្កែព្រៃ ក៏លួចញញឹមសង្ឃឹមក្នុងចិត្តថា ផែនការរបស់ខ្លួនពិតជាបានសម្រេចមិនខានឡើយ។
ពេលព្រលប់ ម្ចាស់ចៀមនឹកឃ្លានសាច់ចៀម ហើយជជែកគ្នានឹងប្រពន្ធ ប្រពន្ធក៏ចង់បានស្បែកចៀមយកមកកាត់អារសម្រាប់រដូវរងារ។ ពិភាក្សារួច ក៏ដើរសំដៅទៅចាប់យកចៀមមួយ តែប៉ះចំចៀមក្លែងក្លាយ។ ឆ្កែព្រៃ ត្រូវក្ស័យដោយមិនទាន់បានស៊ីសាច់ចៀមមួយណាផង។
រឿងនេះចង់បង្ហាញថា មនុស្សអាក្រក់ តែងតែទទួលផលអាក្រក់មកវិញ។
អត្ថបទទាក់ទង