រឿងខ្លី៖ ក្រពើចង់ស៊ីបេះដូងស្វា អានហើយកាលណា អ្នកអាចពិចារណាមិនឲ្យចាញ់បោកគេទាំងក្នុងការងារ និងការរកស៊ី
កាលពីព្រេងនាយមានស្វាមួយអាស្រ័យលើដើមប្របមាត់ស្ទឹង។ ដោយហេតុតែចង់ស៊ីបេះដូងស្វា ក្រពើដែលរស់នៅក្នុងស្ទឹងនោះបានហែលមកក្បែរ ហើយនិយាយល្បួងស្វាថា តើបងស្វាឯងចង់ទៅលេងកោះអណ្ដែតកណ្ដាលស្ទឹងដែរទេ?
ស្វាដែលមានចិត្តចង់ទៅលែងផងនោះ ក៏យល់ព្រម ដោយឡើងជិះលើខ្នងក្រពើ។ ខណៈនោះ ក្រពើបានពណ៌នាអំពីរឿងនេះ រឿងនោះប្រាប់ស្វា រហូតទៅដល់ពាក់កណ្ដាលស្ទឹង ក្រពើសួរស្វាថា តើបងឯងមានបេះដូងទេ ខ្ញុំចង់បានបេះដូងរបស់បងស្វាឯងធ្វើជាថ្នាំព្យាបាលជំងឺខ្ញុំ?
ឮដូចនេះ ស្វាគិតក្នុងចិត្តថា យីអើ! អាក្រពើនេះចង់ស៊ីអញទេតើ។ គិតហើយ ស្វាតបទៅវិញថា អូ! បងក្រពើ បេះដូងខ្ញុំទុកនៅនឹងចុងឈើមិនបានយកមកតាមខ្លួនទេ បើបងចង់បានបេះដូងខ្ញុំ ចូរបងជូនខ្ញុំត្រឡប់ទៅដើមឈើនោះវិញ ខ្ញុំនឹងយកបេះដូងខ្ញុំជូនបងធ្វើជាថ្នាំព្យាបាលជំងឺ។ គ្រាន់តែទៅជិតដល់ត្រើយ ស្វាក៏លោតឡើងដើមឈើនោះបាត់ទៅ។
រឿងនេះបានជាគតិថា អំពើល្អរបស់មនុស្សយង់ឃ្នងមិនប្រាដកថា ជាអំពើល្អពិតប្រាកដឡើយ។ មូលហេតុដែលមនុស្សប្រភេទនេះធ្វើល្អ ព្រោះគេតែបានសម្លឹងឃើញផលប្រយោជន៍ពីយើង។ ជួនកាលអំពើល្អនោះ អាចជាធ្នាក់ទាក់ប្រយោជន៍ពីយើងផងក៏ថាបាន។ នៅក្នុងសង្គមជាក់ស្ដែង រឿងបែបនេះមិនខ្វះទេ ដែលគេប្រើស្រីស្រស់ទាក់ស្នេហ៍ យកប្រាក់ជានុយទាក់ចិត្តជាដើម ហើយនៅទីបញ្ចប់ គេស្រូបយកទៅវិញស្ទើរតែលិចលង់បាត់បង់គ្រប់បែបយ៉ាង។
ម្យ៉ាងនៅក្នុងរឿងដដែលនេះ ក៏មានបង្កប់អត្ថន័យមួយគួរយកមកពិចារណាផងដែរ នោះគឺអ្វីដែលស្ដែងឡើងតាមរយៈតួអង្គស្វាបានឱ្យឃើញថា ការមានប្រាជ្ញា ការដឹងឧបាយសត្រូវ និងអាចរកល្បិចតបតយករួចខ្លួនវិញភ្លាមៗដោយជោគជ័យ ជាឧបាយមិនចំណាយកម្លាំង។
ដកស្រង់ចេញពីទស្សនាវដ្ដីរឿងព្រេងខ្មែរថ្មី នៃពុទ្ធសាសនបណ្ឌិត្យ
អត្ថបទទាក់ទង
រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់