រឿងខ្លីនៃជីវិត៖ គ្រួសារ និងការងារ
មានគ្រួសារមួយមានឪពុកនិងកូនប្រុសម្នាក់ ដោយឪពុកជាអ្នកធ្វើការពេញម៉ោងចេញពីព្រឹកមកផ្ទះយប់ ស្ទើរគ្មានពេលញ៉ាំបាយជាមួយកូនទោះសៅរ៍ក្ដី អាទិត្យក្ដី។
ចំណែកកូនប្រុសទើបវ័យ ៨ឆ្នាំ រៀនថ្នាក់ទី២។ ជារៀងរាល់ថ្ងៃគេតែងមានអារម្មណ៍ឯកាខ្លាំងណាស់ ដោយពេលមកពីរៀនវិញ នៅផ្ទះស្ងាត់ជ្រងំតែម្នាក់ឯង ដោយសាររស់នៅតែជាមួយឪពុក តែបែរជាឪពុកមិនសូវមានពេលនៅក្បែរទៀត។
ថ្ងៃមួយពេលឪពុកមកពីធ្វើការពេលយប់ថ្ងៃសុក្រ កូនបានសួរទៅពុកគេថា៖ “ពុកស្អែកថ្ងៃសៅរ៍ទំនេរទេ? ខ្ញុំចង់ឱ្យពុកជូនទៅមើលសួនសត្វបន្តិចណាពុក?”
ឪពុកតប៖ “ឯងមិនដឹងទេឬ? ថាពុកត្រូវធ្វើការ៧ថ្ងៃក្នុងមួយអាទិត្យគ្មានពេលឈប់ ដើម្បីរកលុយមកផ្ទះ និងឱ្យឯងទៅរៀន? កុំនាំពុកទៅដើរលេងឥតប្រយោជន៍! បើចង់ទៅ ទៅបបួលមិត្តភក្ដិឯងទៅ!”
កូនក៏ស្រងូតស្រងាត់ ហើយក៏ចូលទៅពួនយំក្នុងបន្ទប់។ លុះមួយខែក្រោយមក នៅយប់ថ្ងៃសុក្រ គេក៏បានសួរទៅកាន់ពុកគេជាថ្មីម្ដងទៀតថា៖ “ពុក! ថ្ងៃស្អែក នៅសាលាមានកម្មវិធី គេឱ្យអញ្ជើញឪពុកម្ដាយទៅចូលរួមលើកទឹកចិត្តកូនប្រឡងគូររូប! សូមពុកទៅជួយលើកទឹកចិត្តកូនផង! បើបានរង្វាន់យើងអាចថតរូបជុំគ្នាបាន!”
ពុកក៏តប៖ “ពុកប្រាប់ឯងប៉ុន្មានដងហើយថាពុករវល់ណាស់! ក្រៅពីការងារពុកគ្មានពេលទេ!”
កូនសួរបន្ត៖ “ក្នុងមួយថ្ងៃពុករកបានប៉ុន្មាន?”
ពុក៖ “ពុកអាចរកបាន ១០ដុល្លារ ក្នុងមួយថ្ងៃ! បើពុកទៅសាលាកូន ពុកនឹងខាត ១០ដុល្លារហើយ!”
កូន៖ “បាទខ្ញុំយល់ហើយ! ពុកអាចឱ្យកូនខ្ចី ៥ ដុល្លាសិនបានទេ?”
ពុក៖ “បានពុកអាចឱ្យឯងខ្ចីបាន មិនអីទេ! ហើយបើឯងខ្វះលុយ យកវាតែម្ដងទៅមិនបាច់សងទេ!”
កូនក៏ត្រេកអរ ហើយក៏យកលុយដើរចូលទៅបន្ទប់គេ។ បន្តិចក្រោយមកគេក៏ចេញមកវិញដោយកាន់លុយ ១០ដុល្លារក្នុងដៃ រួចក៏ហុចឱ្យពុកគេ និងពោលថា៖ “ពុកណេះ! ខ្ញុំឱ្យពុក ១០ដុល្លារ ដើម្បីទិញពេលវេលាពុកឱ្យនៅជាមួយខ្ញុំមួយថ្ងៃស្អែកនេះ! ដូចនេះសូមពុកកុំបាច់ទៅធ្វើការអី! ១០ដុល្លារនេះ ខ្ញុំបានសន្សំ ៥ដុល្លារ ពីខែមុន និង៥ដុល្លារ ខ្ចីពុកមិញនេះឯង!”
ឪពុកគ្រាន់តែឮដូច្នេះ ក៏ស្រក់ទឹកភ្នែកច្រោកតែម្ដង និងស្ទុះទៅឱបកូនប្រុស និយាយទាំងខ្សឹកខ្សួលថា៖ “ឱ! កូនប្រុសសម្លាញ់អើយ! ពុកដឹងខុសហើយ! ពុកទើបតែយល់ថាប៉ុន្មានឆ្នាំមកនេះ ពុកវក់នឹងការងារពេកមិនបានផ្ដល់ភាពកក់ក្ដៅឱ្យកូនគ្រប់គ្រាន់ទេ! ពុកសូមទោស!”
អត្ថបទទាក់ទង
រឿងខ្លី៖ “ត្បូងមានតម្លៃមិនកាត់ថ្លៃ” អានហើយអ្នកនឹងអាចឆ្លើយនូវសំណួថាតើអ្វីទៅជាតម្លៃនៃជីវិត?