រឿងកណ្ដុរ និងមាសរបស់សេដ្ឋី

មានសេដ្ឋីម្នាក់ បានបាត់គ្រឿងអលង្ការដ៏មានតម្លៃជាច្រើនពីថតតុនៅក្នុងបន្ទប់របស់គាត់។ លោកសេដ្ឋី នឹកឆ្ងល់ហេតុអ្វីបានជាបាត់គ្រឿងអលង្ការទាំងអស់នោះទាំងដែលគាត់មិនបានចេញទៅណាសោះជាច្រើនថ្ងៃ។ គាត់សង្ស័យថាប្រាកដជាសត្វកណ្តុរជាអ្នកធ្វើរឿងនេះហើយ។ បន្ទាប់មក លោកសេដ្ឋី ក៏បានហៅអ្នកជំនាញចាប់សត្វកណ្តុរដើម្បីស្វែងរកគ្រឿងអលង្ការរបស់គាត់មកវិញ។ 

អ្នកជំនាញចាប់សត្វកណ្តុរ បានដាច់ចំណីរាយនៅកន្លែងតុដាក់គ្រឿងអលង្ការ ដោយខ្លួនពួនចាំឃ្លាំមើលនៅក្បែរៗនោះ។ មួយសន្ទុះក្រោយមក គាត់ក៏បានចាប់បានសត្វកណ្តុរមួយក្បាល រួចប្រគល់ទៅឱ្យលោកសេដ្ឋី ដោយនិយាយថា៖ “លោកសេដ្ឋី! នេះជាសត្វកណ្តុរដែលលោកសេដ្ឋីតាមរក ហើយសត្វកណ្តុរនេះគឺពិតជាបានលេបគ្រឿងអលង្ការចូលទៅក្នុងពោះវាមែន។”

លោកសេដ្នីភ្ញាក់ផ្អើលបើកភ្នែកធំៗនឹកឆ្ងល់ហេតុអ្វីបានជាអ្នកជំនាញម្នាក់នេះជឿជាក់ខ្លាំងម៉្លេះថានោះពិតជាកណ្តុរដែលបានលេបគ្រឿងអលង្ការរបស់ខ្លួន លោកសេដ្នីនោះក៏បានសួរថា៖ “សត្វកណ្តុរមួយហ្វូង តើហេតុអ្វីបានជាអ្នកចាប់យកតែសត្វកណ្តុរមួយនេះ?”

អ្នកជំនាញចាប់សត្វកណ្តុរ បានឆ្លើយតបដោយភាពជឿជាក់ថា “ងាយស្រួលវិភាគទេលោកសេដ្ឋី នៅពេលខ្ញុំរាយចំណីឱ្យហ្វូងកណ្តុរឆី សត្វកណ្តុរទាំងអស់បានមកឆីចំណីដោយសភាពធម្មតា លើកលែងតែសត្វកណ្តុរមួយនេះ វាមិនព្រមចេញមកឆីចំណីជាមួយគេទេ មិនតែប៉ុណ្ណោះវាបានធ្វើកិរិយាដូចជាខ្ពើមរអើមសត្វកណ្តុរដទៃទៀត ធ្វើខ្លួនហាក់ដូចជាគ្មាននរណាស្មើខ្លួន គ្មាននរណាពូកែដូចខ្លួន គ្មាននរណាអស្ចារ្យដូចខ្លួន ចើងម៉ើងដាក់អ្នកដទៃដូចខ្លួនឯងជាស្តេចអ៊ីចឹង ។ល។” 

ដើម្បីបង្ហាញសក្ខីភាពឱ្យលោកសេដ្ឋីជឿលើខ្លួន អ្នកជំនាញម្នាក់នោះ ក៏បានវះពោះសត្វកណ្តុរនោះ ឃើញថាសុទ្ធតែជាគ្រឿងអលង្ការរបស់លោកសេដ្ឋីដែលបានបាត់មែន។

គំនិតអប់រំ៖

  • មនុស្សមានអំនួត ងាយនឹងធ្វើកិរិយាឱ្យអ្នកដទៃឃើញខ្លាំងណាស់ ប៉ុន្តែបែរជានាំគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញ ព្រោះបើអ្នកមាន ឬអ្នកចេះពិតប្រាកដមែន គេមានឬកពារស្ងៀមស្ងាត់ខ្លាំងណាស់។
  • “អ្នកចេះមិននិយាយ អ្នកនិយាយមិនចេះ។” 

អត្ថបទទាក់ទង

រឿងកង្កែប និងកន្លង់

 

Leave a Reply

Your email address will not be published. Required fields are marked *