តើមានដឹងទេ! ថារូបគំនូរ “ការពិតចេញពីអណ្តូងទឹករបស់នាង” (Truth Coming Out of Her Well) មានតំណាលរឿងដូចម្តេច?

នាសតវត្សរ៍ទី១៩ មានរឿងព្រេងមួយតំណាលថា៖

ថ្ងៃមួយ ការពិត និងកុហក បានជួបគ្នានៅក្បែរអណ្ដូងទឹកមួយ។

កុហកនិយាយថា៖ “ថ្ងៃនេះចំជាអស្ចារ្យមែន!”

ការពិតងើយមើលមេឃហើយស្រូបដង្ហើមយ៉ាងធំ រួចបន្លឺថា៖ “វាពិតជាថ្ងៃដ៏ល្អមែន!”

កុហកប្រាប់ការពិតថា៖ “ទឹកអណ្ដូងនេះថ្លា និងត្រជាក់ល្អណាស់ តោះយើងនាំគ្នាងូតទឹកទៅ!”

ការពិតមានការសង្ស័យក៏ពិនិត្យមើលទឹកទៅតែឃើញថា ថ្លានិងត្រជាក់ល្អពិតមែន។ ពួកគេបានចុះងូតទឹក តែបន្តិចក្រោយមក កុហកបានងើបចេញពីអណ្ដូង ហើយយកសម្លៀកបំពាក់របស់ការពិតមកស្លៀកពាក់ហើយរត់បាត់ទៅ។

ការពិតខឹងណាស់ក៏ស្ទុះចេញពីអណ្ដូង រួចរត់ស្វែងរកកុហកគ្រប់ទីកន្លែងដើម្បីទារយកសម្លៀកបំពាក់វិញ។

ពិភពលោកទាំងមូលឃើញការពិតមានរាងកាយអាក្រាតបែបនេះ បានងាកមខចេញដោយស្អប់ខ្ពើម ខឹងក្រេវក្រោធ និងមាក់ងាយ រីឯការពិតឃើញដូចនេះក៏ត្រឡប់វិលទៅលាក់បំពួនក្នុងអណ្ដូងទឹកវិញដោយសេចក្ដីអៀនខ្មាស។

លោកអ្នកដឹងទេ ចាប់ពីពេលនោះមក កុហកត្រាច់គ្រប់ទីកន្លែងក្នុងសម្លៀកបំពាក់របស់ការពិត ហើយត្រូវបានពិភពលោកស្រឡាញ់រាប់អានគ្រប់ៗគ្នា ដ្បិតគេមិនចូលចិត្ត និងមិនត្រូវការការពិតដែលមានរាងកាយអាក្រាតឡើយ។

រូបគំនូរដ៏ល្បីល្បាញពាសពេញពិភពលោកនេះ គឺជាស្នាដៃរបស់លោក Jean- Léon Gérôm ឆ្នាំ១៨៩៦។

ប្រភព៖ Daily Art Magazine


អត្ថបទទាក់ទង

រឿងខ្លី៖ តើសត្វ​អំពិលអំពែក​មាន​ប្រយោជន៍​អ្វី? សំណួររបស់សិស្សម្នាក់សួរទៅកាន់អ្នកប្រាជ្ញវិទ្យាសាស្រ្ត ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ

Leave a Reply

Your email address will not be published. Required fields are marked *