រឿង កញ្ជ្រោង និងទំពាំងបាយជូរ

សម្រាប់អ្នកឆាប់បាក់ទឹកចិត្តដោយសារបរាជ័យអ្វីមួយ សូមអានរឿងកញ្ជ្រោង និងទំពាំងបាយជូរ ដែលដកស្រង់ចេញរឿងនិទាន អ៊ីស៊ុប (Aesop) ដូចតទៅថា៖

កាលណោះ មាន​កញ្រ្ជោង​មួយ​ក្បាល​ចេញ​រក​ស៊ីតាំង​ពី​ព្រលឹមទល់ព្រលប់ តែរកចំណីមិនបានសោះ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សត្វ​មួយ​ក្បាល​នេះស្រេក​ឃ្លាន​អាហារ​យ៉ាង​ខ្លាំង។​ ខណៈ​នោះ វាបាន​ប្រទះ​ឃើញ​ផ្លែ​ទំពាំង​បាយ​ជូរ​មួយ​ចង្កោមនៅលើដើមឈើមួយដើម​ ហើយ​ក៏​សម្រេច​ចិត្ត​លោត​ត្របាក់​ទំពាំង​បាយ​ជូរ​នោះ​ស៊ីដើម្បី​បំបាត់​គម្លាន ដោយសារតែទំពាំងបាយជូរនោះនៅខ្ពស់ពេក​ ទោះជា​វា​ព្យាយាម​លោត​ម្តង​ហើយ​ម្តង​ទៀត ​តាំង​ពី​ថ្ងៃ​រហូត​ដល់​ព្រលប់​ ក៏​នៅតែ​មិន​អាច​ស៊ី​ផ្លែ​ទំពាង​បាយ​ជូរ​បាន​ដែរ​សូម្បី​តែ​មួយ​ផ្លែ។ ដូច្នេះ ​វាក៏​សម្រេច​ចិត្ត​បោះបង់​ចោល ​ហើយ​ក៏ដើរ​ចេញ​ទៅ។​ តែ​មុន​នឹង​ដើរ​ចេញ​កញ្ជ្រោង​បាន​និយាយ​ថា ផ្លែទំពាំង​បាយ​ជូរ​នេះ​ខ្ចី​ណាស់ ​ទោះបី​ជា​បាន​ស៊ី​វា​ក៏​មិន​ឆ្ងាញ់​ដែរ​។​

សត្វកញ្រ្ជោងតំណាងឱ្យមនុស្សគ្រប់រូប។ ផ្លែទំពាំងបាយជូរតំណាងគោលបំណងជីវិត ​ហើយព្រះអាទិត្យ​តំណាង​ឱ្យ​ពេល​វេលា​សម្រាប់​សម្រេច​គោល​បំណង។​ មនុស្ស​យើង​ធ្វើ​អ្វី​ក៏ដោយ​គួរ​តែមាន​គោល​ដៅ​ច្បាស់លាស់ដូចទៅនឹងសត្វកញ្ជ្រោង។ ​កញ្ជ្រោង​ដែល​ជា​តួអង្គ​មួយ​ក្នុង​រឿង​កញ្ច្រោង​និង​ផ្លែ​ទំពាំង​បាយ​ជូរ​នេះ ក្រៅតែ​ពី​ចេះ​កំណត់​គោល​ដៅច្បាស់​លាស់ ក៏​ចេះ​កំណត់​ពេល​វេលា​មួយ​សមរម្យ​ក្នុង​ការ​ប្រថុយ ​សាក​ស្បង​ ដើម្បី​សម្រេច​គោលដៅ​នោះ​ដែរ​។ បើពុំ​ដូច្នោះ​ទេ អ្នក​នឹង​បាត់បង់​នូវ​អ្វី​ផ្សេងៗ​ទៀត​ជាក់ជាមិនខានឡើយ។ តែក៏មិនគួរ​ខ្លាច​ ឬមិន​​ហ៊ាន​សាកល្បង​កំណត់គោល​បំណង​ឱ្យ​ខ្ពស់​កប់​ពពក​ដូចជា​សត្វ​កញ្ជ្រោង​ដែរ។ ​ទោះបី​ជា​កញ្ជ្រោង​មាន​បំណង​ចង់​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ​ដែលនៅ​ខ្ពស់​ហួស​សមត្ថភាព​យ៉ាង​ក៏​ដោយ​ចុះ ក៏វាមិនខ្លាចនឹង​សាកល្បង​ដែរ។ ទោះសាកល្បង​ទៅបរាជ័យ ក៏មិនមែនជា​រឿង​អាម៉ាស់​ដែរ ​អ្វី​ដែល​ជា​រឿង​អាម៉ាស់ គឺមិន​ហ៊ាន​ព្យាយាម ហើយ​បើ​ព្យាយាម​ទៅនៅ​តែ​បរាជ័យ ក៏មិនមែនជា​ទី​បញ្ចប់នៃ​ជីវិតដែរ ​ព្រោះ​យើង​បាន​កំណត់ពេល​វេលា ចេះ​លួងលោម​ខ្លួន​ឯង និង​មាន​ជម្រើស​បន្ទាប់បន្សំ​ជា​ចន្ទល់​សម្រាប់​ជីវិតរួចហើយ។

តើ​អ្នកមាន​ចន្ទល់​បន្ទាប់​បន្សំ​សម្រាប់​ជីវិត​ដូច​កញ្ច្រោង​ហើយ​ឬនៅ​? “បើស៊ីទំពាំបាយជូរមិនបានទេ ទៅស៊ីផ្លែប៉ោមវិញទៅ”


អត្ថបទទាក់ទង

រឿង​ ស្រ្ដី​រឹតទឹកដោះគោ​

Leave a Reply

Your email address will not be published. Required fields are marked *