រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន

នៅ​ជន​បទ​ដាច់​ស្រយាល​​មួយ​ មាន​ចៀម​មួយ​ហ្វូង​ ត្រូវ​គេ​ព្រលែង​ឲ្យ​ ទៅ​រក​​ស៊ី​​តាម​​វាល​ស្មៅ​ផ្សេងៗ​ ដោយ​មាន​ឆ្កែ​មួយ​ក្បាល​នៅ​មើល​ឃ្វាល​។​ ពេល​ព្រឹក​ ម្ចាស់​ក៏​ព្រលែង​ចៀម​ចេញ​ពី​ក្រោល​ ឲ្យ​ដើរ​ស៊ី​ស្មៅ​ដោយ​ខ្លួន​​ឯង​ លុះ​ដល់​ពេល​ល្ងាច​ ទើប​ឲ្យ​ឆ្កែ​គង្វាល​កៀង​ ចូល​ក្រោល​វិញ​ជា​រៀង​រាល់​ថ្ងៃ។​

ចៀម​ឃើញ​សកម្មភាព​បែប​នេះ​ ក៏​កើត​ទៅ​ជា​តូច​ចិត្ត​ថ្លើម​ព្រម​ទាំង​គិត​ថា ​ម្ចាស់​របស់​ខ្លួន​មាន​ចិត្ត​លម្អៀង​ ស្រឡាញ់​ឆ្កែ​ជាង​ពួក​ខ្លួន​ជា​ចៀម​ដែល​ជា​អ្នក​ផ្ដល់​ប្រយោជន៍​ឲ្យច្រើន​ជាង​ឆ្កែ ដែល​មិន​ឃើញ​បាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​ប៉ុន្មាន​ឡើយ…​​

“ម្ចាស់​របស់​យើង​ដូចជា​មិន​យុត្តិធម៏៍សោះ!… យើង​ខំ​ផ្ដល់​ទាំង​រោម​ទាំង​ទឹក​ដោះ​ គាត់​គួរ​តែ​ផ្ដល់​ចំបើង​ឆ្ងាញ់​ៗ​ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​យើង​ដើរ​ទៅ​រក​ស្មៅ​ស៊ី​ដោយ​ខ្លួន​ឯង​ទៅ​វិញ!…​ ចំណែក​ឯ​ឆ្កែ ​គ្មាន​ទឹក​ដោះ​គ្មាន​រោម​អ្វី​ឲ្យ​គាត់​ទេ​ តែ​បែរ​ជា​បាន​អាហារ​ឆ្ងាញ់ៗ​ សល់​ពី​តុ​បាយ​ យក​មក​ស៊ី​…​ ទន្ទឹម​នឹង​ខ្លួន​វា​ ហាក់​ដូច​ជា​ពុំ​មាន​ប្រយោជន៍​អ្វី​បន្ដិច​បន្តួច​សោះ​!!!”

ពាក្យ​សម្ដី​ទាំង​នេះ​ បាន​រាល​ដាល​ដឹង​ឮ​ដល់​ចៀម​ទាំង​ហ្វូ​ង​ ធ្វើ​ឲ្យ​ពួក​ចៀម​កើត​ក្ដី​តូច​ចិត្ត​គ្រប់ៗ​គ្នា​។ ឆ្កែ​បាន​ឮ​ដូច្នេះ​ ក៏​និយាយ​ទៅ​កាន់​​ចៀម​ថា ​”ពួក​ចៀម​ឯង​ទាំង​អស់​គ្នា​សាក​គិត​មើល​បន្ដិ​ច​សិន​!!! ពួក​ឯង​ថា​ខ្ញុំ​នេះ​ជា​អ្ន​កដែល​មិន​បាន​ការ​អ្វី​… ចុះ​ការ​ដែល​ពួក​ឯង​រាល់​គ្នា​រស់​នៅ​បាន​សុខ​ពុំ​មាន​ឆ្កែ​ព្រៃ​ ឬ​សត្វ​សាហាវ​ផ្សេងៗ​ មក​ចាប់​សម្លាប់​ធ្វើ​ជា​ចំណី ​ដូច​សព្វ​ថ្ងៃ​នេះ​តើ​ដោយ​សារ​ក្បាល​អ្នក​ណា​ជា​អ្នក​ការពារ​ពួក​ឯង​?​ …​ ការ​ដែល​យើង​ខិត​ខំ​ធ្វើ​ការ​ដោយ​ពុំ​មាន​ថ្លោះ​ធ្លោយ​បែប​នេះ ​ពួក​ឯង​គិត​ទៅ​មើល​ថា ​តើ​យើង​សម​គួរ​តែ​បាន​ទទួល​អាហារ​ល្អ​ដែរ​ឬ​ទេ​?​”

ចាប់​តាំង​ពី​ពេល​នោះ​មក​ ហ្វូង​ចៀម​ ក៏​ឈប់​អាក់​អន់​ចិត្ត​ត​ទៅ​ទៀត​។​

រឿងនេះចង់ផ្តល់ទស្សនៈ និងគំនិតថា “មនុស្សម្នាក់ៗមានមុខនាទីរៀងៗខ្លួនចូរខិតខំបំពេញកិច្ចការរបស់ខ្លួនឲ្យបាន ល្អប្រសើរជាជាង ការចាំតែចាប់កំហុសអ្នកដទៃ។”


អត្ថបទទាក់ទង

One thought on “រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *