រឿងខ្លី៖ មេឆ្កែផើម លើកតម្លៃនៃសុភាសិត ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត!

នៅក្នុង​សៀវភៅ​ ​គតិ​លោក​ភាគ​៤​ ​ដែលចេញផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ មានរឿងមួយតំណាលថា៖

ថ្ងៃមួយ​មាន​ឆ្កែ​កំផើម​មួយ​ដល់​កំណត់​គភ៌​ចាស់​នឹង​សម្រាល​កូន​ ​ក៏​ដើរ​ស្វែងរក​កន្លែង​នឹង​សម្រាល​។​ ​លុះ​ដើរទៅ​ដល់​ទី​ភូមិ​ផ្ទះ​ ​មេ​នោះ​ក៏​ចូល​ទៅ​និយាយ​ថា​ ​«​សម្លាញ់​អើយ​! ​ខ្លួនខ្ញុំនេះ​មានគភ៌​ចាស់​ថ្ងៃ​នឹង​សម្រាល​កូន​ក្នុងថ្ងៃនេះ​ហើយ​ ​ចូរ​សម្លាញ់​មេត្ដា​ឱ្យ​ខ្ញុំ​ខ្ចី​ផ្ទះ​សម្រាល​កូន​បាន​១​ថ្ងៃ​សិន​»​។​

​ឯ​មេ​ជា​ម្ចាស់ផ្ទះ​ក៏​ឆ្លើយ​ថា​ ​«​ឱ​! ​សម្លាញ់​អើយ​ ​ផ្ទះ​ខ្ញុំ​នេះ​តូច​ចង្អៀត​ណាស់​ ​នៅ​បាន​តែម្នាក់​ៗ​ ​បើ​សម្លាញ់​ឯង​មក​ខ្ចី​សម្រាល​កូន​ ​តើ​ឱ្យ​យើង​ទៅ​នៅ​អាស្រ័យ​ឯណា?​។​»​

​មេ​កំផើម​ក៏​អង្វរ​ថា​ ​«​សម្លាញ់​អើយ​ ​ចូរ​មេត្ដា​ដល់​ខ្ញុំ​ចុះ​ ​កុំ​ថា​អ្វី​ឡើយ​ ​ធ្វើ​ម្ដេច​ការ​ឆ្លងទន្លេ​នេះ​ជា​ការ​ក្រលំបាក​ណាស់​ ​នឹង​ទៅ​សម្រាល​ក្នុង​ទី​វាលកាល​ឯណា​បាន​ ​តោង​រក​ទី​បន្ទប់​ទី​មាន​វត្ថុ​បិទបាំង​ទើប​សម្រាល​បាន​ ​ហេតុនេះ​ខ្ញុំ​ឃើញ​តែ​ផ្ទះ​សម្លាញ់​ឯងនេះ​ ​ជាទី​គួរ​សម្រាល​បាន​ ​សូម​សម្លាញ់​ជួយ​ដោះទុក្ខ​ ​គឺ​ជួយ​ចំ​លង​ខ្ញុំ​ឱ្យ​ដល់​ត្រើយ​ ​យកបុណ្យ​ទៅមុខ​ចុះ​ ​ខ្ញុំ​មិន​នៅយូរ​ទេ​ ​តែ​សម្រាល​រួច​កាលណា​នឹង​លា​ចុះ​វិញ​ ​អញ្ជើញ​សម្លាញ់​ឡើង​មក​នៅ​ដូច​កាលមុន​ហោង​។​»​

​មេ​ឆ្កែ​ម្ចាស់ផ្ទះ​ ​ឮ​មេ​កំផើម​អង្វរ​ដូច្នោះ​ ​ក៏​កើតក្ដី​អាណិត​ដោយ​ជាតិ​ជា​ញី​ដូចគ្នា​ ​ទើប​ចុះ​ចាក​គ្រឹហា​ហើយ​ថា​ ​«​ចូរ​មេ​ឯង​ឡើង​ទៅ​សម្រាល​កូន​នៅ​លើ​ផ្ទះ​យើង​នេះ​ចុះ​»​ ​ថា​ហើយក៏​ដើរ​ទៅកាន់​ទី​ដទៃ​នៅចាំ​ទម្រាំ​គេ​សម្រាល​កូន​រួច​។​ ​ឯ​មេ​កំផើម​បានឱកាស​ហើយ​ ​ក៏​ឡើង​ទៅ​សម្រាល​កូន​នៅ​លើ​ផ្ទះ​នោះ​លុះ​ស្រេចហើយ​ ​មេ​នោះ​នៅ​អស់​មួយថ្ងៃ​។​ ​លុះ​ព្រឹក​ឡើង​មេ​ឆ្កែ​ម្ចាស់ផ្ទះ​ក៏​មក​ទារ​យក​ផ្ទះ​ខ្លួន​ ​ដល់ហើយ​ថា​ ​សម្លាញ់​ឆ្លងទន្លេ​រួច​ស្រួលបួល​ហើយ​ ​បើ​សម្លាញ់​រួច​កិច្ច​នោះ​ហើយ​ ​ចូរ​ចុះចេញ​ពី​ផ្ទះ​យើង​ចុះ​ ​យើង​នឹង​ឡើង​ទៅ​នៅ​វិញ​ ​យើង​ទ្រាំ​នៅ​ដោយ​វាលកាល​អស់​១​ថ្ងៃ​ហើយ​។​ ​ឯ​មេ​កូន​ក៏​អង្វរ​ថា​ ​សម្លាញ់​អើយ​! ​សូម​អាណិត​ខ្ញុំ​សិន​ចុះ​ ​ត្បិត​កូន​ខ្ញុំ​នេះ​វា​នៅ​តូច​ណាស់​ ​មិនទាន់​បើកភ្នែក​ផង​ ​នឹង​នាំ​យកទៅ​ឯណា​បាន​ ​បើដូច្នេះ​សូម​មេត្ដា​បង្អង់​បាន​៣​-​៤​ថ្ងៃ​ ​ចាំ​កូន​វា​បើកភ្នែក​ល្មម​ដើរ​បាន​កាលណា​ ​ខ្ញុំ​នឹង​នាំចេញ​ទៅ​ក្នុង​កាលនោះ​ឯង​។​ ​ឯ​មេ​ម្ចាស់ផ្ទះ​ ​ក៏​កើត​ចិត្ដ​អាណិត​បើក​ឱ្យ​មេ​មានកូន​នៅចាំ​កូន​បើកភ្នែក​។​ ​លុះ​នៅ​កន្លងមក​៤​-​៥​ថ្ងៃ​ទៀត​ ​មេ​ម្ចាស់ផ្ទះ​នោះ​ទៅ​ទារ​យក​ផ្ទះ​វិញ​។​ ​ឯ​មេ​មានកូន​ក៏​អង្វរ​ទៀត​ថា​ ​«​សម្លាញ់​អើយ​! ​ចូរ​មេត្ដា​ខ្ញុំ​សិន​ ​ត្បិត​កូន​ខ្ញុំ​នៅ​មិនទាន់​រឹងដៃរឹងជើង​នឹង​បណ្ដើរ​ទៅ​បាន​ ​បើ​ដូច្នោះ​បង្អង់​ចាំ​កូន​ខ្ញុំ​ ​វា​រឹងដៃរឹងជើង​ល្មម​បណ្ដើរ​បាន​កាលណា​ ​សឹម​ខ្ញុំ​នាំចេញ​ទៅ​ក្នុង​កាលនោះ​ឯង​»​។​ ​លុះ​នៅ​កន្លងមក​កន្លះ​ខែក​៏​ទៅ​ទារ​យក​ផ្ទះ​ម្ដងទៀត​។​ ​ឯ​មេ​មានកូន​ក៏​អង្វរ​ទៀត​ថា​ ​«​សម្លាញ់​អើយ​! ​ខ្ញុំ​នឹង​បណ្ដើរ​កូន​ទៅ​ឯណា​បាន​ ​ត្បិត​វា​នៅ​មិនទាន់​ដុះ​ធ្មេញ​ដុះ​ចង្កូម​ ​ហើយ​មិនទាន់​ចេះ​ស៊ីបាយ​រឹង​ផង​ ​ដូច្នេះ​សូម​មេត្ដា​បង្អង់​សិន​ចាំ​កូន​ ​វា​ដុះ​ធ្មេញ​ចេះ​ស៊ីបាយ​កាលណា​ ខ្ញំ​នឹង​នាំចេញ​ពី​ផ្ទះ​នេះ​ក្នុង​កាលនោះ​ឯង​។​

​ឯ​មេ​ម្ចាស់ផ្ទះ​ក៏​ទទួល​អង្វរ​ហើយ​បោល​ចេញទៅ​រក​ទី​ទៀត​អាស្រ័យ​នៅ​ ​លុះ​នៅយូរ​ខែ​មក​ ​កូន​ឆ្កែ​ទាំងឡាយ​នោះ​ដុះ​ធ្មេញ​ដុះ​ចង្កូម​ចេះ​ខាំ​ពាំ​អ្វីៗ​បាន​។​ ​ឯ​មេ​ម្ចាស់ផ្ទះ​ក៏​ទៅ​ទារ​យក​ផ្ទះ​ទៀត​ ​មេ​មានកូន​នោះ​កើត​អាង​កូន​ជា​កម្លាំង​ ​លុះ​ឮ​មេ​ម្ចាស់ផ្ទះ​មក​ទារ​យក​ផ្ទះ​ ​ក៏​កើត​មានះ​កោង​គំរាម​តប​ទៅ​ថា​ ​«​ផ្ទះ​នេះ​មិនមែន​ជា​ផ្ទះ​នាង​ឯង​ទេ​ ​គឺជា​ផ្ទះ​របស់យើង​ ​យើង​នឹង​ចុះចេញ​ចោល​ពុំបាន​ទេ​ ​នាង​ឯង​នៅ​ឯណាបានជា​មក​ស្ដី​ទារ​យក​ផ្ទះ​នេះ​ ​នរណា​ទៅ​ខ្ចី​ ​ឬ​ជួល​ពីកាលណា​ ​ឯ​កូន​ឆ្កែ​ទាំងនោះ​ក៏​ជួយ​ម្ដាយ​វា​ ​តាំង​នាំគ្នា​សម្ញេញ​ធ្មេញ​បញ្ចេញ​សព្ទ​ព្រុស​ឡើង​ថា​ ​«​មេ​កញ្ចាស់​នេះ​ ​ហេតុអ្វី​ក៏​មក​ស្ដី​ទារ​យក​ផ្ទះ​របស់​មេ​យើង​ ​ផ្ទះ​នេះ​យើង​កើតឡើង​ឃើញ​តែ​មេ​នឹង​យើង​នេះ​នៅ​ ​ផ្ទះ​នេះ​ជា​ផ្ទះ​យើង​ប្រាកដ​ ​មេ​កញ្ចាស់​ឯង​នៅឯណា​ ​បានជា​មក​ចោទ​ឆ​យក​ផ្ទះ​យើង​ ​យើង​មិន​ឱ្យ​ទេ​ ​តែខំ​ចូល​មក​ឬ​ឡើង​មក​លើ​ផ្ទះ​យើង​ៗ​ម្ដាយ​និង​កូន​ព្រួត​ខាំ​ ​មេ​កញ្ចាស់​ឯង​ស្លាប់​ក្នុង​កាល​ឥឡូវនេះ​ ​នែ​មេ​កញ្ចាស់​ ​ចូរ​ជៀស​ចេញទៅ​ ​តែខំ​នៅ​ក្នុង​ទីនេះ​ ​យើង​នឹង​ចោម​គ្នា​ខាំ​ឱ្យ​ស្លាប់​ហោង​»​។​

​ឯ​ឆ្កែ​ម្ចាស់ផ្ទះ​នោះ​ ​លុះ​ឮ​មេ​ឆ្កែ​និង​កូន​វា​នាំគ្នា​គំរាម​យក​ផ្ទះ​ខ្លួន​ដូច្នោះ​ ​ក៏​កើតក្ដី​ខ្លាច​ព្រោះ​គេ​មានគ្នាច្រើន​ ​ពុំអាច​នឹង​យក​ផ្ទះ​នោះ​បាន​ឡើយ​ ​កើតក្ដី​ទោមនស្ស​តូចចិត្ដ​ក្រៃពេក​ណាស់​ ​ទើប​លះបង់​ផ្ទះ​នោះ​ចោល​បោល​ទៅកាន់​ទី​ដទៃ​ ​ផ្ទះ​នោះ​ក៏បាន​ទៅ​មេ​មានកូន​នោះ​ឯង​។​


អត្ថបទទាក់ទង

រឿងខ្លី៖ ឥន្ទ្រី និងកញ្ជ្រោង ផ្តល់អត្ថន័យដល់អ្នកសាងកម្មអ្វី រមែងទទួលផលកម្មអំពីទង្វើរបស់ខ្លួន

 

Leave a Reply

Your email address will not be published. Required fields are marked *