រឿងមនុស្ស ៣ រដូវ
មានថ្ងៃមួយ កូនសិស្ស ខុងជឺ កំពុងតែបោសដី ក៏មានភ្ញៀវមកលេង។
ភ្ញៀវ៖ “ឯងជាអ្នកណា?”
កូនសិស្ស៖ “ខ្ញុំជាកូនសិស្សរបស់លោកគ្រូ ខុងជឺ ។“
ភ្ញៀវ៖ ” តើខ្ញុំអាចសុំសួរសំណួរមួយបានទេ?”
កូនសិស្ស៖ “បាន សួរមកចុះ។“
ភ្ញៀវ៖ “តើមួយឆ្នាំមានប៉ុន្មានរដូវ?”
កូនសិស្ស៖ “រឿងហ្នឹងចាំបាច់សួរដែរ? ១ ឆ្នាំ គឺមាន ៤ រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ។“
ភ្ញៀវ៖ “ខុសហើយ គឺមានតែ ៣ រដូវទេ!“
“មាន ៤ ” “មាន ៣ “………………………
អ្នកទាំងពីរ ប្រកែកគ្នាយកឈ្នះរៀងៗខ្លួន ហើយក៏ភ្នាល់គ្នា បើខ្ញុំចាញ់ខ្ញុំត្រូវឱនក្បាលគោរពឯង ៣ ដង បើឯងចាញ់ឯងឱនក្បាលគោរពខ្ញុំ ៣ ដងវិញៗ។
កូនសិស្សច្បាស់ក្នុងចិត្តប្រាកដណាស់ថាគេនឹងឈ្នះ។
ពេលនោះលោក ខុងជឺ ក៏បានដើរចេញពីបន្ទប់ អ្នកទាំង ២ ក៏សួរថា លោកគ្រូ “តើមួយឆ្នាំមានប៉ុន្មានរដូវ?”
លោក ខុងជឺ មើលហើយក៏និយាយថា៖
“១ ឆ្នាំ មាន ៣ រដូវ។“
កូនសិស្សស្តាប់ហើយស្ទើតែខ្យល់គរ ភ្ញៀវត្រេកអរណាស់ និយាយទាំងមានមោទនភាពថា៖ “ឃើញទេ ខ្ញុំឈ្នះហើយ ១ ឆ្នាំមាន ៣ រដូវមែន ឯងឆាប់ឱនក្បាលគោរពខ្ញុំ ៣ ដងភ្លាម។“
កូនសិស្សទាល់ក៏គោរព ៣ ដងទៅ។
ពេលភ្ញៀវទៅបាត់ កូនសិស្សក៏សួរលោកគ្រូថា៖ “លោកគ្រូ តាមពិតមួយឆ្នាំមាន ៤ រដូវ ហេតុអ្វីបានជាលោកគ្រូថាមានតែ ៣ រដូវ ទៅវិញ?”
ខុងជឺ៖ “ឯងមិនឃើញអ្នកមកនោះមានខ្លួនពណ៍បៃតងទេ? គេគឺជាសត្វកណ្តូប ហើយសត្វកណ្តូបកើតនៅរដូវផ្ការីក ស្លាប់នៅរដូវស្លឹកឈើជ្រុះ មានជីវិតឯណានឹងឆ្លងរដូវរងារទៅ ទោះឯងខំប្រកែកដល់ស្លាប់ក៏គេមិនយល់ដែរ បើឯងព្រមចាញ់ ហើយឱនក្បាលគោរពគេ ៣ ដង គេសប្បាយ បើឯងថា ៤ រដូវ គេមិនសប្បាយចិត្តទេ គេនឹងនៅឈ្លោះជាមួយឯងរហូត។ ឯងព្រមខាតបង់ប៉ុនហ្នឹងវាមិនអីទេ យល់ឬនៅ?”
មិនថារឿងនេះពិតឬមិនពិតទេ គឺវាមានប្រយោជន៍សម្រាប់អ្នកខ្លាំងណាស់ បើអ្នកចេះប្រើវាឱ្យបានល្អ អ្នកអាចរស់នៅបានយូរជាងមុន ១០ ឆ្នាំ ជឿខ្ញុំទៅ។
មានមនុស្សជាច្រើនស្តាប់រឿងនេះហើយ គាត់ក៏មានចិត្តរីករាយ ឈប់ខឹង ទោះជាគាត់បានជួបមនុស្សមិននិយាយហេតុផល ពីមុនគឺខឹងខ្លាំងណាស់ តែឥឡូវគាត់លែងខឹងទៀតហើយ ឱ្យតែគិតឃើញថា “មនុស្ស ៣ រដូវ” គឺចិត្តប្រែជាស្ងប់លែងអីហើយ។
នៅក្នុងលោកយើងនេះ “មនុស្ស ៣ រដូវ” មានច្រើនណាស់គ្រប់ទីកន្លែង។
ពេលជួបដង្កូវរដូវក្តៅ សូមកុំលើករឿងទឹកកកមកនិយាយ គឺយើងជាអ្នកឆ្កួតហើយ។
ខុងជឺ និយាយថា៖ “ជួបមនុស្សនិយាយភាសាមនុស្ស ជួបខ្មោចនិយាយភាសាខ្មោច។“
បើជួបមនុស្ស មិននិយាយភាសាមនុស្ស គេថាយើងចេះតែនិយាយ។ ហើយបើថ្ងៃណាមួយជួបខ្មោច យើងមិននិយាយភាសាខ្មោច តើអាចប្រាស្រ័យទាក់ទងគ្នាបានដែរទេ? នេះគេមិនហៅថាឱកាសនិយម ឬ លាក់ពុតនោះទេ គេថាហើយចេះបត់បែនតាមកាលៈទេសៈ។
អត្ថបទទាក់ទង