រឿងខ្លី៖ លោកតាថេន និងចៅសន

មានរឿងដំណាលថា មានសាមណេរមួយអង្គ ឈ្មោះតាថេន ជានេនខ្ជិលខូចខិល លួចចាប់មាន់អ្នកស្រុកស្ងោរ ផឹកស្រា ស៊ីបាយល្ងាចជាមួយពួកភឿនពីរបីនាក់។ ចំណេរមក អ្នកស្រុកក៏ដឹង គេក៏បណ្តេញចេញពីវត្តលែងឲ្យនៅទៀត។ ដោយដឹងថាខ្លួនមិនអាចរកចង្ហាន់ក្នុងស្រុកភូមិនោះតទៅទៀតកើត ក៏បបួលបនភឿនខ្លួនចាកចេញពីស្រុកទៅកន្លែងផ្សេងដោយតាំងខ្លួនជាលោកធុតង្គ។ លុះវេលាថ្ងៃមួយ ក៏ទៅបិណ្ឌបាតក្នុងស្រុកមួយ អ្នកស្រុកឆ្ងាយនៅទីនោះមិនស្គាល់តាថេន ក៏នឹកថាជាព្រះសង្ឃធុតង្គមែន ក៏និមន្តធ្វើបុណ្យផ្សេងៗដោយសទ្ធាជ្រះថ្លា។ ចំណែកឯសិស្សជាបនភឿងតាថេន ក៏ដើរអួតប្រាប់អ្នកស្រុកថាលោកគ្រូខ្លួនពូកែចេះ ពូកែចុះ ធ្វើឲ្យអ្នកស្រុកកាន់តែបាក់ជំនឿលើតាថេន។ ពីមួយថ្ងៃទៅមួយថ្ងៃ តាថេនត្រូវអ្នកស្រុកនិមន្តធ្វើបុណ្យជាញឹកញាប់ទទួលបានលាភសក្ការៈយ៉ាងច្រើន លុះវេលាយប់ស្ងាត់ក៏នាំគ្នាស៊ីផឹកតាមទម្លាប់ខ្លួន។ 

ពេលមួយនោះ តាថេន ក៏នាំគ្នាទៅកាន់ភូមិមួយ ហើយក៏ទៅជ្រកក្រោមដើមស្វាយឯជាយភូមិ ឯបនភឿនក៏ទៅប្រកូកប្រកាសប្រាប់អ្នកស្រុកថាមានលោកធុតង្គនិមន្តពីព្រៃមកហើយ នរណាចង់បានអ្វីទៅរកលោកទៅ។ អ្នកស្រុកឮយ៉ាងដូច្នោះ ក៏នាំគ្នាយកតែស្ករ បារីទៅប្រគេនលោក ហើយទូលសួរលោក ហេតុអីលោកនិមន្តមកភូមិនេះ តាថេនក៏ឆ្លើយថា អត្មាអង្គុយធម៌យប់មិញ ក៏ឃើញថានឹងកើតមានអន្តរាយនៅភូមិនេះ បើញាតិញោមណាមិនចង់ជួបអន្តរាយទេ ទាល់តែរើផ្ទះចេញពីភូមិនេះ។ អ្នកស្រុកឮយ៉ាងនេះក៏ភ័យតក់ស្លុត ហើយសួរទៅតាថេនវិញតើធ្វើម៉េចទៅដើម្បីបញ្ជៀសចង្រៃនេះបានដោយមិនចាំបាច់រើផ្ទះចេញពីភូមិ។ តាថេនបានចិត្ត ក៏ធ្វើជាស្មិងស្មាធិ៍រួចក៏និយាយឡើងថា អាចធ្វើបានតែត្រូវអស់ទុន ហើយតាថេនក៏បញ្ជាអ្នកភូមិឲ្យសង់រោងមួយនៅក្រៅភូមិ ដោយមាន ស្លាធម៌ ទង់ បាយសី ឆត្រ គ្រឿងបង្អែម ចង្អាប ស្រា យកទៅតាំងក្នុងរោងនោះ។ អ្នកស្រុកឮហើយក៏ព្រមធ្វើតាម ឯតាថេន និងបនភឿនខ្លួន ក៏ចូលក្នុងរោងនោះ ហើយយកអំបោះទៅពទ្ធ័ជុំវិញរោង រួចប្រាប់អ្នកស្រុកថា កុំឲ្យនរណាចូលក្នុងរោងនេះ បើឆ្លងខ្សែសីមានេះ និងឆ្កួតជាមិនខាន។ 

ក្រោយរៀបចំហើយ បានឱកាសស្ងាត់ល្អ តាថេន និងដៃគូខ្លួន ក៏តាំងស៊ីផឹកក្នុងរោងនោះយ៉ាងសប្បាយពីរ បីយប់ជាប់ៗគ្នា។ នាយប់មួយមានក្មេងប្រុសម្នាក់ឈ្មោះសន ទៅក្បែររោងនោះ ឆ្ងល់នឹងសំឡេងកោកាកក្នុងរោង លួចបើកជញ្ជាំងមើល ក៏ប្រទះឃើញជនពាលទាំងប៉ុន្មាននាក់នោះកំពុងផឹកស្រាយ៉ាងក្អាកក្អាយ។ ចៅសន ក៏យកដំណឹងនេះទៅប្រាប់ម្តាយតាមរឿងដែលខ្លួនបានឃើញ។ ឯម្តាយឮកូននិយាយយ៉ាងដូច្នេះ មិនរិះគិតឲ្យច្បាស់លាស់ ក៏គិតថាកូនខ្លួនឆ្លងសីម៉ាក្លាយជាឆ្កួត ឯចៅសនគិតតែពីប្រកែកប្រាប់រឿងរ៉ាវដែលខ្លួនបានឃើញពិត រីឯអ្នកភូមិឃើញចៅសន ឈ្លោះជាមួយម្តាយក៏ជឿថាចៅសនឆ្កួតដែរ ហើយក៏ចាប់ចៅសនមកប្រគល់ឲ្យតាថេនក្នុងរោងដើម្បីឲ្យលោកដោះអំពើដែលឆ្កួត។ តាថេន ដឹងហេតុការណ៍ក៏ចាក់បណ្តោយតាមអ្នកភូមិ ដោយឲ្យទុកចៅសនក្នុងរោងនេះចុះ ចាំខ្លួនជួយបន្សាបខ្មោចព្រាយឲ្យ ឯអ្នកភូមិកុំនៅក្បែររោងអីក្រែងខ្មោចព្រាយចូល។ លុះអ្នកភូមិទៅអស់ ក្រុមតាថេនក៏ចាប់ចៅសនវាយ រួចសួរឯងពិតជាឃើញពួកយើងផឹកស្រាមែនទេ ចៅសនឆ្លើយថាមែន ពួកជនពាលនោះកាន់តែវាយចៅសនខ្លាំងឡើង ចុងក្រោយចៅសនគិតថាខ្លួននឹងស្លាប់ដោយពួកនេះវាយធ្វើបាបមិនខានបើមិនចាក់បណ្តោយតាមពួកវា ក៏សារភាពថាខ្លួនឆ្កួតមែន។ តាថេន ក៏ព្រមស្រាយចំណងហើយប្រាប់ទៅចៅសនថា បើឯងកុំនិយាយថាយើងផឹកស្រា នោះយើងមិនវាយឯងទៀតទេ តែឯងមិនអាចចេញពីរោងបានទេ ត្រូវនៅបម្រើយើង។ 

លុះគម្រប់ ៧ ថ្ងៃ ពេលចៅសនដេកលក់ ភ្ញាក់ពីដំណេកឡើង ក៏បាត់ក្រុមតាថេនអស់ពីរោងយកទាំងរណ្តាប់ផ្សេងៗរបស់អ្នកស្រុកទៅផង។ ចៅសន ក៏ត្រឡប់ទៅផ្ទះវិញ អ្នកភូមិឃើញចៅសនមកផ្ទះវិញក៏សួរ តើឯងជាពីឆ្កួតហើយមែនទេ? ចៅសន ក៏តបវិញ អើ មីងមាយាយតានាំគ្នាជឿលើបុគ្គលនោះ ថាជាលោកធុតង្គ ឥឡូវទៅមើលរោងទៅ វាលួចយកខ្ទេចអស់ហើយ។ លុះអ្នកភូមិទៅមើលរោង ក៏ឃើញដូចចៅសននិយាយមែន ក៏នឹកហួសចិត្តចាញ់បោកជឿជនខិលខូច។

សម្រួលពីគតិលោក


អត្ថបទទាក់ទង

រឿងខ្លី៖ វិជ្ជាសម្លាប់នាគ

Leave a Reply

Your email address will not be published. Required fields are marked *