តើអ្នកមានដឹងទេថា! រឿង “នរសិង្ហៈ” មានតំណាលឡើងយ៉ាងដូចម្តេច?

ក្រោយពីការសម្លាប់ យក្សហិរណ្យក្សា ដែលកើតពីភ្នែកខាងស្តាំរបស់ យក្សហយគ្រីវៈ នោះយក្សមួយទៀតបានចាប់បដិសន្ធិឡើងដែលមានឈ្មោះថា យក្សហិរណ្យក្សាកាសឺពូ យក្សហិរណ្យក្សាកាសឺពូនេះ បានកើតឡើងពីពពុះទឹកសមុទ្ទ និងភ្នែកខាងឆ្វេងរបស់ យក្សហយគ្រីវៈ 

ពេលកើតមកភ្លាមបានធ្វើពិធីតបយោគៈរហូតព្រះព្រហ្មអាណិតស្រលាញ់។ ព្រះព្រហ្មបានប្រទានវាំងមួយដ៏ធំអស្ចារ្យមួយនៅលើលោក និងឱ្យស្ត្រីមួយអង្គដ៏ស្រស់ស្អាត និងជាស្ត្រីគ្រប់លក្ខណ៍មកធ្វើជាមហេសីរបស់យក្សហិរណ្យក្សាកាសឺពូ មានឈ្មោះថា “គ្រីវទេវី” ។ ព្រះនាងគ្រីវទេវីនេះ គឺកើតចេញពីផ្កាទិព្វមួយទងនៅព្រហ្មលោក។

ជាពិសេស ព្រះព្រហ្មបានឱ្យពរជ័យឱ្យយក្សហិរណ្យក្សាកាសឺពូមានជីវិតអមតៈ “សម្លាប់យប់មិនស្លាប់ សម្លាប់ថ្ងៃក៏មិនស្លាប់ សម្លាប់ក្រៅវាំងមិនស្លាប់ សម្លាប់ក្នុងវាំងក៏មិនស្លាប់ និងអាវុធអ្វីក៏មិនអាចសម្លាប់បាន” 

ក្រោយមកព្រះវិស្ណុបានធ្វើការទស្សទាយពីជោគវាសនារបស់ផែនដី ហើយក៏មានហេតុមិនល្អសោះ។ ព្រះវិស្ណុក៏មានទតឃើញពីអនាគតផែនដី និងត្រូវរងគ្រោះថ្នាក់ដោយសារយក្សហិរណ្យក្សាកាសឺពូ ដែលកើតពីភ្នែកខាងឆ្វេងរបស់យក្សហយគ្រីវៈនោះ។ ក្នុងខណៈនោះផងដែរ ព្រះនាងគ្រីវទេវីក៏មានព្រះគក៌ជាមួយយក្សហិរណ្យក្សាកាសឺពូទៀតនោះ ព្រះវិស្ណុបានសម្រេចចិត្តបញ្ចូនព្រះរាជាគ្រូព្រះនាម “នារគទេវៈ” ដែលជាព្រះរាជាដែលធំនៅឋានមហាសមុទ្ទទឹកដោះ ឱ្យទៅចូលក្នុងព្រះរបស់ព្រះនាងគ្រីវទេវីនោះ ដើម្បីបង្ហាត់បង្រៀនកូនដែលនៅក្នុងពោះនោះគោរពសាសនាព្រះវិស្ណុ។ កូនដែលនៅក្នុងផ្ទៃព្រះនាងគ្រីវទេវី តែងតែនិយាយគោរព្រះវិស្ណុថា “ព្រះវិស្ណុដ៏ចម្រើន ព្រះហរិដ៏ចម្រើន ព្រះភតវន្តដ៏ចម្រើន ព្រះនារាយ៍ណដ៏ចម្រើន”។ សម្លេងដែលនៅក្នុងផ្ទៃបានលឺដល់យក្សហិរណ្យក្សាកាសឺពូ។ យក្សនេះខឹងណាស់ក៏បានបណ្តេញព្រះអគ្គមហេសីចេញពីវាំងឱ្យទៅរស់នៅជាមួយព្រហ្មណ៍រាជគ្រូនៅក្នុងព្រៃ។

នៅពេលដែលព្រះរាជកុមារកើតភ្លាម ព្រះរាជកុមារស្រែកគោរពព្រះវិស្ណុ ឮសម្លេងពេញទេវលោក។ ពពួកទេវតា ពពួកទេវៈបាននាំគ្នាបាចផ្កាអបអរដាសាទរព្រះរាជាបុត្រា ហើយបានប្រទានព្រះនាមឱ្យព្រះរាជបុត្រាថា “កូលាទៈ“។ ព្រះរាជកុមារអង្គនេះកើតមកក៏បានប្រែខ្លួនដូចជាអាយុ៥ឆ្នាំដោយមិនចាំបាច់បៅដោះ និងមិនចេះស្រែកយំ។

យក្សហិរណ្យក្សាកាសឺពូ កាលបានដឹងថាកូនរបស់ខ្លួនកើតមកដោយខុសពីក្មេងធម្មតាបែបនោះក៏បានចិត្តស្អប់ក្មេងនោះយ៉ាងខ្លាំង ជាពិសេសកើតមកមាត់នៅមិនស្ងៀមតែងតែហៅព្រះវិស្ណុរហូត។ យក្សហិរណ្យក្សាកាសឺពូ ក៏បានយកព្រះរាជាកុមារឱ្យទៅរៀនសូត្រជាមួយព្រាហ្មណ៍រាជគ្រូរបស់ខ្លួន ដើម្បីឱ្យព្រះរាជកុមារឈប់គោរពព្រះវស្ណុទៀត។ បន្ទាប់ពីនោះ ព្រាហ្មណ៍រាជគ្រូប្រដៅយ៉ាងណាក៏មិនស្តាប់ នៅតែហៅព្រះវិស្ណុ និងគោរពបូជាចំពោះព្រះវិស្ណុដដែល។ ព្រាហ្មណ៍រាជគ្រូអស់សមត្ថភាព ក៏បានបញ្ជូនព្រះរាជកុមារកូលាទៈ ទៅយក្សហិរណ្យក្សាកាសឺពូវិញ។

នៅថ្ងៃមួយ យក្សហិរណ្យក្សាកាសឺពូ បានទៅឮព្រះរាជបុត្រសូត្រធម៌រលឹកដល់ព្រះវិស្ណុ យក្សហិរណ្យក្សាកាសឺពូ ក្រោធយ៉ាងខ្លាំងក៏បានឱ្យពួកកងទ័ពយកកូលាទៈទៅសម្លាប់ចោល។

ទី១. យកទៅដាក់នៅកណ្តាលផ្លូវ ហើយឱ្យដំរីចុះប្រេងមកជាន់តែដំរីទាំងនោះមិនបានជាន់កូលាទៈទេ បែរដំរីរាំអប់អរសាទព្រះរាជាកុមារវិញ។

ទី២. យកទៅដាក់ក្នុងរណ្តៅសត្វសាហាវ បន្ទាប់ពីកូលាទៈបានសូត្ររំលឹកគុណព្រះវិស្ណុមក សត្វសាហាវទាំងនោះប្រែក្លាយជាកម្រងផ្លាទាំងអស់។

ទី៣. បានយកកូលាទៈទៅដុតក្នុងភ្លើងអគ្គី តែពេលដាក់ព្រះរាជបុត្រចូលទៅបែរជាភ្លើងទាំងអស់ ប្រែទៅជារលត់អស់រលីង។ យក្សហិរណ្យក្សាកាសឺពូ អស់សមត្ថភាពនឹងសម្លាប់ព្រះរាជកុមារកូលាទៈបាន ព្រះអង្គបានចាប់កូលាទៈ ហើយថា៖ “តើឯងស្គាល់ និងចេះធម៌ព្រះវិស្ណុតាំងពីពេលណា?”

ព្រះកូលាទៈឆ្លើយថា៖ “ព្រះវស្ណុដ៏ចម្រើន ខ្ញុំម្ចាស់ស្គាល់ព្រះវស្ណុតាំងពីនៅក្នុងផ្ទៃព្រះមាតាម្ល៉េះ។”

យក្សហិរណ្យក្សាកាសឺពូ បានសួរទៀតថា៖ “តើឯងធ្លាប់ដែលឃើញព្រះវិស្ណុនៅក្នុងព្រះរាជវាំងទេ?”

ព្រះរាជកុមារឆ្លើយថា៖ “ព្រះហរិដ៏ចម្រើន គឺមានព្រះបិតា។”

យក្សហិរណ្យក្សាកាសឺពូ បានសួរថែមថា៖ “តើវានៅឯណា?”

កូលាទៈបានឆ្លើយថា៖ “ព្រះភតវន្តដ៏ចម្រើន គឺនៅគ្រប់កន្លែងទាំងអស់ ក្រាបទូល។”

យក្សហិរណ្យក្សាកាសឺពូ ក្រោធយ៉ាងខ្លាំងហើយបាននិយាយថា “អញ្ចឹង បើយើងវាយសសរនេះ តើវានៅនឹងឬអត់?”

ក្រោយនិយាយចប់យក្សហិរណ្យក្សាកាសឺពូ បានប្រើដំបង់ទេព្វរបស់ខ្លួនវាយសសរវាំងមួយទំហឹង។ សម្លេងតោបានពន្លឺឡើង យក្សហិរណ្យក្សាកាសឺពូ បានងាកនៅសួររាជកុមារភ្លាម៖ “តើឯងជាអ្នកបញ្ជេញសម្លេងនេះមែនទេ?”

កូលាទៈបានឆ្លើយថា៖ ”ព្រះនារាយណ៍ដ៏ចម្រើន មិនមែនទេ គឺព្រះវិស្ណុយាងមក។”

ក្រោយពីនិយាយមិនបានចប់ផងសប្រាប់តែលេចចេញនូវ “នរសិង្ហៈ” ឡើងមក យក្សហិរណ្យក្សាកាសឺពូ ភ័យយ៉ាងខ្លាំង និងបានធ្វើការប្រយុទ្ធជាមួយនរសិង្ហៈ។ ការប្រយុទ្ធរវាងយក្សហិរណ្យក្សាកាសឺពូ និងនរសិង្ហអស់រយៈពេលដ៏យូរតែមិនមានឈ្នះចាប់ឡើយ ព្រោះតែពររបស់ព្រះព្រហ្មបានឱ្យទៅយក្សហិរណ្យក្សាកាសឺពូនោះ។

ដោយដូច្នោះហើយ ទើបព្រះកុមារកូលាទៈបានស្រែកថា “សម្លាប់ពេលថ្ងៃមិនបាន សម្លាប់ពេលយប់មិនបាន សម្លាប់ក្នុងវាំងមិនបាន សម្លាប់ក្រៅវាំងមិនបាន សម្លាប់ដោយមនុស្សមិនបាន សម្លាប់ដោយសត្វមិនបាន និងសម្លាប់ដោយអាវុធណាក៏មិនបាន”។

នរសិង្ហៈ ឮដូចនេះ ក៏បានយក យក្សហិរណ្យក្សាកាសឺពូ ទៅសម្លាប់នៅខ្លោងទ្វារវាំង នៅពេលល្ងាចដែលពេលចន្លោះថ្ងៃនិងយប់ អ្នកសម្លាប់ពាក់កណ្តាលជាមនុស្សនិងពាក់កណ្តាលជាតោ ហែកដើមទ្រូងរូងយកបេះដូង។ យក្សហិរណ្យក្សាកាសឺពូ ក៏បានស្លាប់ទៅ ឯព្រះរាជកុមារក៏បានឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះបិតាតរៀងទៅ។

ប្រភព៖ សំណង់ប្រាសាទបុរាណ និងអរិយធម៍ខ្មែរ

 


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរ នៅសិលាចារឹកប្រាសាទភិមានអាកាស មានន័យដូចម្តេច?

Leave a Reply