កុំ​ធ្វើ​ខ្លួនអស្ចារ្យ​ជាង​ចៅហ្វាយ​នាយ ដោយ វ៉ុលទែរ ១៦៩៤-១៧៧៨

ជានិច្ច​កាល​ចូរ​ធ្វើ​ឲ្យ​ថ្នាក់​លើ​មាន​អារម្មណ៍​ថា​ គាត់​នៅ​តែ​ជា​មេ​។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​គាត់​ចាប់​អារម្មណ៍​ចូរ​កុំ​ព្យាយាម​បង្ហាញ​ថា​ ខ្លួន​ឆ្លាត​ខ្លាំង​ពេក​។ ចូរ​ធ្វើ​ឲ្យ​ចៅហ្វាយ​នាយ​ទទួល​អារម្មណ៍​ថា​ គាត់​ឆ្លាត​ជាង​អ្នក​ជានិច្ច បើធ្វើ​ដូច្នេះ​បាន​អ្នក​នឹង​រក្សាអំណាច​បាន​ខ្ពស់។

រឿង​ពិត​ក្នុង​ប្រវត្តិសាស្ត្រ​

នីកូ ​ឡាស ហ្វូកេត​ ជារដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ស្តេច​ ល្វីស​​ ទី​១៤ ជា​មនុស្ស​ចូល​ចិត្ត​ជប់​លៀង​ ស្រី​ស្អាត​ និង​កំណាព្យ​។ គាត់​ជាមនុស្ស​ស្រឡាញប្រាក់​ ដែល​នាំ​ឲ្យ​ជីវិត​របស់​គាត់​ហ៊ឺហា។ ហ្វូ​កេត ជា​មនុស្ស​ឆ្លាត និង​ជា​បុគ្គល​ចាំបាច់​ដែល​ស្តេច​ខ្វះ​មិនបាន។ ហ្វូកេត​ គិត​ថា​ខ្លួន​សក្តិ​សម​នឹង​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ក្រោយ​ពី​មរណភាព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ជូលេ​ ម៉ាហ្សារីន​ ក្នុង​ឆ្នាំ​ ១៦៦១ ។ ផ្ទុយ​ទៅ​វិញ​ស្តេច ល្វីស​ បែរ​ជាមិន​តែង​តាំង​។ នេះ​ជា​សញ្ញា​មួយ​ប្រាប់​ទៅ​ហ្វូកេត​ថា​ស្តេច​ហាក់​លែង​សូវ​ពេញ​ចិត្ត​នឹង​ ខ្លួន​ទៀតហើយ​។ ដោយ​ហេតុ​នេះ ហ្វូកេត​ព្យាយាម​រក​មធ្យោបាយ​បំពេញ​ចិត្ត​ស្តេច​ដោយ​រៀប​ចំ​ជា​ពិធី​ជប់​លៀង ​ដ៏​ធំ​មួយ​ដែល​ស្តេច​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​។ ពិធី​ជប់លៀង​មួយ​នេះ​ ធ្វើ​ឡើង​ក្នុង​ឱកាស​ឡើង​គេហដ្ឋាន​ថ្មី​ដ៏​ធំ​ស្គឹម​ស្កៃ​របស់​ ហ្វូកេត ប៉ុន្តែ​ក្នុង​គោលបំណង​សំដែង​នូវ​ការ​គោរព​ចំពោះ​ស្តេច​ និង​ភ្ញៀវ​កិត្តិយស។

ពិធី​លៀង​សាយភោជន​​នេះ ​ ចូល​រួម​ដោយ​ភ្ញៀវ​កត្តិយស​ល្បី​ៗ​ នៅ​អឺរ៉ុប និង​បណ្តុំ​អ្នក​ប្រាជ្ញ​ខ្លាំង​ៗ​ផង​ដែរ។ ទាំង​ម្ហូប​អាហារ​និង​បទ​ភ្លេង​ពិត​ជា​ល្អ​ប្រណីត​គ្មាន​អ្វី​ផ្ទឹម​។ ហ្វូកេត ថែម​ទាំង​បាន​ឡើង​ថ្លែង​អំណរ​គុណ​ចំពោះ​ស្តេច​ទៀត​ផង។ បន្ទាប់​ពី​ទទួល​ទាន​រួច​ ហ្វូកេត​បាន​នាំ​ភ្លៀវ​ និង​យាង​ដំណើរ​ស្តេច​កំសាន្ត​សួន​ និង​វិមាន​ ជា​ទី​សោមនស្ស​ក្រៃ​លែង​។ ស្រប​ពេល​ជាមួយ​គ្នា​គេ​ឃើញ​មាន​បាញ់​កាំ​ជ្រួច​អបអរ​សាទរ​ផង​ដែរ។ រាត្រីកាល​ដ៏​មនោរម្យ​នេះ ភ្ញៀវ​ទាំ​ងអស់​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ជា​ពិធី​ជប់​លៀង​ដ៏​ល្អ​ប្រណីត​ជា​ង​ពិធី​ណា​ៗ​ទាំង​អស់​។

មួយ​ថ្ងៃ​ក្រោយ​មក ហ្វូកេត ត្រូវ​បាន​ទាហាន​រាជ​វាំង​ចាប់​ខ្លួន។ បី​ខែ​ក្រោយ​មក​ គាត់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ជាតិ​។ (តាម​ពិត​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​គាត់​លួច សុទ្ធ​សឹង​តែ​ធ្វើ​ក្នុង​នាម​ស្តេច និង​ដោយ​មាន​ព្រះ​រាជានុញ្ញាត​​ពី​ស្តេច។) ហ្វូកេត​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ និង​បញ្ជូន​ទៅ​គុក​ដាច់​ស្រាល​បំផុត​ក្នុង​ប្រទេស​បារាំង និង​ចំណាយ​ពេល​​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​នៅ​ក្នុង​គុក។

បំណក​ស្រាយ

ស្តេច ​ល្វីស​ទី​១៤ គឺ​ជា​មនុស្ស​ពេញ​ដោយ​អំណួត​និង​មោទនភាព​ ដែល​តែង​តែ​ចង់​បាន​ចំណាប់​អារម្មណ៍​​មក​លើ​ខ្លួន​តែ​ម្នាក់​គត់​គ្រប់​ពេល គាត់​មិន​អាច​អត់ទ្រាំ​នឹង​ឲ្យ​នរណា​ម្នាក់​ហ៊ឺហា​ជាង​ខ្លួន​ឡើង​ ពិសេស​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ។ ស្តេច​ល្វីស​បាន​តែង​តាំងរដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ថ្មី​ឈ្មោះ​​ ជៀន​ បាប​ទិស្ត៍​ កូល​ប៊ែរ​ ដែល​ជាមនុស្សម្នាក់​ល្បី​ខាង​កំណាញ់​និង​មិន​ចេះ​រៀបចំ​ពិធី​ជប់​លៀង។ កូលប៊ែរ មាន​ភារកិច្ច​ធានា​ឲ្យ​បាន​ថា​ប្រាក់​គ្រប់​កាក់​គ្រប់​សេន​ដែល​ចេញ​ពី​ រតនាគារ​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ស្តេច​ល្វីស​ទាំង​អស់។ ស្តេច​ល្វីស​យក​ប្រាក់​នេះ​ទៅ​សង់​វិមាន​​ធំ​ស្កឹម​ស្កៃ​ល្អ​ជាង​វិមាន​របស់​ហ្វូកេត​ និង​ជា​កន្លែង​ដ៏​​មនោរម្យ​បំផុត​នៅ​វ៉ែសៃ​យ៍​។ ព្រះ​អង្គ​ប្រើ​ ស្ថាបត្យករ អ្នក​តុបតែង​វិមាន និង​អ្នក​តុប​តែង​សួន​ ដដែល​របស់​ហ្វូកេត។ រួច​ហើយ​ព្រះ​អង្គ​រៀបចំ​ពិធី​ជប់​លៀង​ដ៏​ប្រពៃ​បំផុត​ ជាង​ពិធី​ជប់​លៀង​ដែល​ធ្វើ​ឲ្យ​ហ្វូកេត​ជាប់​គុក​ទៅ​ទៀត។​

បើ​វិភាគ​តាមស្ថានការណ៍​ខាង​លើ យើង​ឃើញ​ថា​ពិធី​លៀង​សាយភោជន​ ដែល​ហ្វូកេត​រៀបចំឡើង​ គឺ​ក្នុង​គោលបំណង​សំដែង​នូវ​ភក្តីភាព​ និង​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ស្តេច​។ គាត់​មិន​បាន​គិត​ថា​ពិធី​នេះ​បែរ​ជា​ធ្វើ​ឲ្យ​ស្តេច​លែង​ពេញ​ចិត្ត​ចំពោះ​ ខ្លួន​ទេ គាត់​បាន​គិត​ថា​គាត់​បាន​បង្ហាញ​ស្តេច​អំពី​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ ខ្លាំង​ៗ និង​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​បុគ្គល​ដែល​ស្តេច​អត់​មិន​បាន​ និង​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​គឺ​ជា​បុគ្គល​ម្នាក់​ដែល​សក្តិ​សម​ធ្វើ​ជា​នាយក ​រដ្ឋមន្រ្តី​។ ផ្ទុយ​ទៅ​វិញ​ស្នាម​ញញឹម​របស់​ភ្ញៀវ​ បាន​ធ្វើ​ឲ្យ​ស្តេច​ទទួល​អារម្មណ៍​ថា​ មិត្ត​ភក្តិ​ និង​មន្ត្រី​ក្រោម​ឱវាទ​ ពេញ​ចិត្ត​ហ្វូកេត​ជាង​ស្តេច​ទៅ​ទៀត និង​គិត​ថា​​ហ្វូកេត​សម្ញែង​ ទ្រព្យ​និង​អំណាច។ ស្តេច​ល្វីស​មិន​ព្រម​ទទួល​យក​ឡើង ថែម​ទាំង​រក​លេស​សម​រម្យ​កម្ចាត់​ហ្វូកេត​ចោល​ទៀត​។

នៅពេល​ពិធី​ជប់​លៀង​ចាប់​ផ្តើម​ ហ្វូកេត​ ឡើង​ដល់​កំពូល 

នៅ​ពេល​ពិធី​ជប់​លៀង​បញ្ចប់​ ហ្វូកេត​ ធ្លាក់​ដល់​បាត​។

(វ៉ុលទែរ ១៦៩៤-១៧៧៨)


អត្ថបទទាក់ទង

រឿងខ្លី៖ The Gift of the Magi និពន្ឋដោយលោក O. Henry

Leave a Reply