រឿងខ្លី៖ ខុងជឺ និងសិស្ស

ថ្ងៃមួយ ជឺសៀ ជាសិស្សម្នាក់របស់ខុងជឺបានសួរទៅខុងជឺ ថា “យួនយុន ជាមនុស្សដូចម្តេចដែរលោកគ្រូ?”

“យួនយុន ជាមនុស្សមានមេត្តាធម៍ល្អជាងយើង” ខុងជឺឆ្លើយ។

ជឺសៀ សួរបន្ត “ចុះ ជឺកុង វិញ ជាមនុស្សយ៉ាងណា?”

ខុងជឺឆ្លើយថា “ជឺកុង មានវោហាថ្វីមាត់ល្អជាងយើង”

ជឺសៀ សួរតទៅទៀតថា “ចុះចំណែកជឺលូ យ៉ាងម៉េចទៅវិញទៅ?”

“និយាយពីភាពក្លាហាន យើងពិតជាមិនឈ្នះជឺលូទេ!” ខុងជឺឆ្លើយ។

ជឺសៀ សួរបន្ថែមតទៅទៀត “ចុះ ជឺចាង ជាមនុស្សយ៉ាងម៉េចដែរ?”

“ជឺចាង គេធ្វើអ្វីម៉ត់ចត់ជាងយើង!” ខុងជឺឆ្លើយ។

ជឺសៀ កាន់តែចម្លែកក្នុងចិត្ត គេងើបឈរហើយសួរទៅខុងជឺថា “បើពួកគេម្នាក់ៗសុទ្ធតែមានគុណសម្បត្តិល្អជាងលោកគ្រូ ហេតុអ្វីបានជាពួកគេនាំគ្នាមកសុំរៀនសូត្រ ដាក់ខ្លួនជាសិស្សរបស់លោកគ្រូដូច្នេះ?”

ខុងជឺ ឆ្លើយទៅវិញថា “អង្គុយចុះមក! ស្តាប់យើងអធិប្បាយ៖

  • យួនយុន មានធម៍មេត្តាតែគេមិនចេះបត់បែន
  • ជឺកុង មានថ្វីមាត់តែគេវាយឬកខ្ពស់ជ្រុលបន្តិច
  • ជឺលូ មានចិត្តក្លាហានមែនតែគេមិនសូវចេះសម្របសម្រួល
  • ចំណែកជឺចាង ថ្វីត្បិតតែគេជាមនុស្សម៉ត់ចត់មែន តែគេក៏មិនសូវចុះសម្រុងនឹងអ្នកណាដែរ។

អ្នកទាំងបួននាក់នេះ ម្នាក់ៗសុទ្ធតែមានចំណុចល្អ និងចំណុចខ្វះខាតរៀងៗខ្លួន ហេតុនេះហើយទើបពួកគេស្ម័គ្រចិត្តចូលខ្លួនមកធ្វើជាសិស្សរបស់យើង។

 

Leave a Reply