រឿងខ្លី៖ សត្វអូដ្ឋ អានហើយអ្នកនឹងយល់ថា បំណិន ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ មាន​ប្រយោជន៍​តែ​ពេល​នៅ​អ្នក​នៅ​ចំ​កន្លែង​តែ​ប៉ុណ្ណោះ!

មាន​សត្វ​​អូដ្ឋពីរក្បាល​ដែល​​ជា​​ម្ដាយ​ និងកូន កំពុង​តែ​ដេក​លេង​ដោយ​កម្ជិល។ រំពេច​នោះ​ស្រាប់​តែកូន​អូដ្ឋសួរ​ទៅ​មេ​របស់​វា​ថា៖ “តើ​ខ្ញុំ​អាច​សួរ​ម៉ាក់ ពីរបី សំណួរ​បាន​ឬ​ទេ?”

“តើ​កូន​ឆ្ងល់​រឿង​អី កូន​សួរ​មក​ចុះ! ម្ដាយ​វា​ឆ្លើយ​តប​មក​កូន​វិញ។”

កូនអូដ្ឋ៖ “ម៉េច​បាន​ជា​យើង​មាន​បូក​ខ្នង?”

មេអូដ្ឋ៖ “ព្រោះ​ពួក​យើង​ជា​អម្បូរ​សត្វ​រស់​នៅ​លើ​សមុទ្រ​ខ្សាច់ យើង​​ផ្ទុក​ទឹក​នៅ​ក្នុង​បូក​ខ្នង​របស់​យើង​នេះឯង។ មនុស្សលោក​ស្គាល់​ពួក​យើង​ក៏​ដោយ​សារ​តែ​ពួក​យើង​អាច​រស់​នៅ​ដោយ​គ្មាន​ទឹក​បាន​រយៈ​យ៉ាង​យូរ​ដែល​ណា៎កូន!”

កូនអូដ្ឋ៖ “អ៊ីចឹង​ហេតុ​អ្វី​បាន​ជា​ពួក​យើង​មាន​ជើង​វែង ហើយ​មាន​ប្រអប់ជើង​មូល?”

មេអូដ្ឋ៖ “គឺយើង​ប្រើ​វា​សម្រាប់​ដើរ​លើ​ដី​ខ្សាច់​ណឹង​ណា កូន​ដឹង​ទេ៎! ជា​មួយ​ជើង​វែង​នឹង​ប្រអប់​ជើង​មូល​របស់​ពួក​យើង គ្មាន​សត្វ​ដទៃ​ណា​ធ្វើ​បាន​ដូច​ទេ​នៅ​លើ​សមុទ្រ​ខ្សាច់។” ម្ដាយ​ឆ្លើយ​ទៅវិញ​ប្រកប​ដោយ​អំនួត។

កូនអូដ្ឋ៖ “អូ! ខ្ញុំ​យល់​ហើយ។ ហើយ​ចុះ​ម៉េច​បាន​ជារោម​ភ្នែក​របស់​យើង​វែង​ៗ​ម្ល៉េះ ពេល​ខ្លះ​វា​បាំង​ភ្នែក​ខ្ញុំ​ជិត​ឈឹង​តែ​ម្ដង?”

មេអូដ្ឋ៖ “កូន​សម្លាញ់ រោម​ភ្នែក​នេះ​ជា​វត្ថុ​ការពារ​យ៉ាង​សំខាន់​ណាស់​ណា​សម្រាប់​ពួក​យើង វា​ការពារ​យើង​ពី​ខ្សាច់ និង ខ្យល់​ ដែល​តែង​តែ​បក់​បោក​នៅ​ពាស​ពេញ​សមុទ្រ​ខ្សាច់ ។” មេអូដ្ឋ​និយាយ​ដោយ​ព្រិច​ភ្នែក​ដើម្បី​បង្ហាញ​ពី​វត្ថុ​ការពារ​ដ៏​សំខាន់​របស់​គេ។

កូនអូដ្ឋ៖ “អូ! ខ្ញុំ​ដឹង​អស់ហើយ។ បូក​ខ្នង​ សម្រាប់​ផ្ទុក​ទឹក ជើង​សម្រាប់​ដើរ​នៅ​សមុទ្រ​ខ្សាច់ ឯ​រោម​ភ្នែក​នេះ​សម្រាប់​ការពារ​ភ្នែក​ពី​ខ្សាច់។ តែ​ខ្ញុំ​នៅ​ឆ្ងល់​ថា តើ​​ដូច្នេះ​យើង​មក​ប្រកាច់​យក​ស្អី​នៅ​ក្នុង​សួន​សត្វ​នេះ​ទៅវិញ?”

​រឿងចង់ផ្តល់ទស្សនៈ និងគំនិតដល់មិត្តអ្នកអានថា៖

បំណិន ចំណេះដឹង សមត្ថភាព និង​ បទពិសោធន៍ មាន​ប្រយោជន៍​តែ​ពេល​នៅ​អ្នក​នៅ​ចំ​កន្លែង​តែ​ប៉ុណ្ណោះ។

ដូច្នេះហើយ សូម​កុំភ្លេចសួរ​ខ្លួន​អ្នកថា តើ​អ្នក​នៅ​ទី​ណា​ពេល​នេះ???


អត្ថបទទាក់ទង

រឿងខ្លី៖ អណ្ដើក និងឥន្ទ្រី ផ្តល់អត្ថន័យអំពី​​មហិច្ឆតា​ខុស​ទំនងមិនសម​នឹង​សមត្ថភាព​ និង​លទ្ធភាព

One thought on “រឿងខ្លី៖ សត្វអូដ្ឋ អានហើយអ្នកនឹងយល់ថា បំណិន ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ មាន​ប្រយោជន៍​តែ​ពេល​នៅ​អ្នក​នៅ​ចំ​កន្លែង​តែ​ប៉ុណ្ណោះ!

Leave a Reply