រឿងខ្លី៖ ដេញចាប់មេអំបៅ

ក្មេងប្រុស​ជំទង់ម្នាក់​ចង់បានមេអំបៅ​ ទើបគេខំដើរចូលព្រៃជ្រៅទៅចាប់មេអំបៅ​ ដោយបានយកកន្ត្រងសំណាញ់ក្រឡាល្អិតមួយទៅជាមួយផងដែរ។

នៅពេលដែលឃើញមេអំបៅគេក៏ប្រញ៉ាប់​សង្គ្រុបចាប់ដាក់ក្នុងកន្ត្រងសំណាញ់​មួយហើយមួយទៀត​ ហើយនៅពេលដែលបានច្រើ​នល្មមសមគួរដែរ ទើបគេដើរត្រឡប់ទៅផ្ទះវិញដោយទឹកមុខញញឹមពព្រាយ​។ 

តែនៅពេលត្រឡប់ទៅដល់ផ្ទះ​វិញ​ មេអំបៅ​ដែលសែនស្រស់ស្អាតទាំងនោះ​ ខ្លះក៏​ងាប់​ ខ្លះបាក់ស្លាប​ ខ្លះទៀតស្លាបរបកសកពណ៌មិនស្រស់ស្អាតដូចកាលនៅក្នងព្រៃ​ ហើយចុងបញ្ចប់​ទើបក្មេងប្រុសនោះលែងមេអំបៅទាំងអស់ចេញពីកន្ត្រងឲ្យមានសេរីភាពវិញ​។

ប្រុសកំលោះម្នាក់ទៀតក៏ជាមនុស្សដែលចូលចិត្តមេអំបៅដូចគ្នា​ ប៉ុន្តែ​ប្រុសកំលោះម្នាក់នោះ បានទិញផើងផ្កា និងផ្កាជាច្រើនដាក់នៅរានហាល​។ ក្រោយពី​រៀបចំរួចគេក៏ចូលមកអង្គុយនៅនឹងសាឡុងក្បែរមាត់បង្អួច​ក្បែរសួនផើងផ្កាដែលគេទើបតែរៀបរួច​នោះ។

មិនយូរប៉ុន្មាន​ក្រោយៗមក មេអំបៅ​ក៏នាំគ្នាមកក្រេបលម្អងផ្កាដែលប្រុសកំលោះបានរៀបចំនោះ​ ហើយគេអាចមើលឃើញមេអំបៅហោះហើរទៅមកយ៉ាងស្រស់ស្អាត​ថែមទាំងបានទទួលបានក្លិនក្រអូបនៃបុប្ផាដែលបក់មកតាមខ្សែវាយោម្តងម្កាលផងដែរ​។ 

រឿងនេះអ្នកនិពន្ឋចង់ផ្តល់នូវទស្សនៈ និងគំនិតថា៖

  • អ្វីដែល​ក្មេងប្រុស​ជំទង់ម្នាក់ទី១​នោះធ្វើ ហៅថា​ ស្រវា​ចាប់
  • អ្វីដែល​ប្រុស​កំលោះ​ម្នាក់​ទី២នោះ​ធ្វើ ​ហៅថា​ ទាក់ទាញ​ 

សូមអភិវឌ្ឍន៍​កសាងខ្លួនឲ្យបានល្អគ្រប់គ្រាន់ជាមុនសិន​ ព្រោះនោះហើយ គឺជាឥទ្ធិពលទំនាញដែលទាក់ទាញគ្រប់គ្នាឲ្យចូលមករកអ្នក​។

សូមកុំចំណាយពេលដេញចាប់មេអំបៅ តែចូរថែសួនឲ្យល្អទៅ មេអំបៅនឹងមករកអ្នក


អត្ថបទទាក់ទង

មេរៀនដែលមនុស្សគួររៀនពី “វដ្តជីវិតរបស់មេអំបៅ”

 

Leave a Reply