រឿងខ្លី៖ កូននេន និងអំបិល២ក្ដាប់ អានហើយអាចឲ្យចិត្តបើកទូលាយរំសាយទុក្ខ!

ថ្ងៃមួយមានលោកនេនមួយអង្គបាននិយាយប្រាប់ព្រះគ្រូអំពី សេចក្តីទុក្ខលំបាក និងការឈឺចាប់ដែលខ្លួនមាន ហើយសុំឲ្យព្រះគ្រូជួយដោះស្រាយបញ្ហា។ 

កាលបើបានស្តាប់អំពីសេចក្តីរៀបរាប់របស់កូនសិស្សរួចហើយ ព្រះគ្រូក៏បានឲ្យលោកនេនតូច យកអំបិលមួយក្តាប់ដាក់ចូលទៅក្នុងកែវទឹកមួយ រួចហើយបង្គាប់លោកនេនឲ្យឆាន់ទឹកមួយកែវនោះ។

“តើវាមានរសជាតិយ៉ាងម៉េចដែរ?” ព្រះគ្រូសួរទៅលោកនេនតូច។ 
“ប្រៃខ្លាំងណាស់!” លោកនេនស្តោះទឹកមាត់ចេញ។

ព្រះគ្រូសើច ហើយប្រាប់លោកនេនឲ្យយកអំបិលមួយក្តាប់ទៀត ដាក់ចូលទៅក្នុងបឹងមួយក្បែរនោះ។

ទាំងពីរនាក់គ្រូ និងសិស្សក៏បាននិមន្តយ៉ាងស្ងាត់ស្ងៀមទៅបឹងដែលនៅក្បែរនោះ​ បន្ទាប់មកលោកនេនក៏បានបង់អំបិលមួយក្តាប់នោះចូលទៅក្នុងទឹកបឹង។

ព្រះគ្រូក៏ប្រាប់ឲ្យលោកនេនឆាន់ទឹកបឹងនោះ ហើយសួរថា៖ “តើរសជាតិរបស់វាយ៉ាងម៉េចដែរ?”

“ល្អ!” លោកនេនតបវិញ។ 
“តើឯងប្រៃទេ?” ព្រះគ្រូសួរបន្ត។ 
“ករុណា ទេ!” លោកនេនតបវិញ។ 

ព្រះគ្រូក៏ទាញដៃលោកនេនឲ្យអង្គុយចុះ ហើយនិយាយថា៖ “ការឈឺចាប់នៃជីវិតគឺជាប្រៀបដូចជាការបង់អំបិលនេះដែរ មិនច្រើន មិនតិច។ ការឈឺចាប់នៃជីវិតនៅតែមានដូចគ្នា ច្បាស់ណាស់ថាដូចគ្នា។ ប៉ុន្តែរសជាតិនៃការឈឺចាប់ គឺអាស្រ័យទៅលើទំហំចិត្តដែលឯងដាក់។”

“ដូច្នេះ ពេលដែលឯងឈឺចាប់ រឿងតែមួយគត់ដែលឯងអាចធ្វើបាននោះ គឺពង្រីកចិត្តរបស់ឯងអោយធំប្រៀបដូចជាបឹង។ កុំយកការឈឺចាប់ដាក់ទៅក្នុងកែវ ដែលមានន័យថាកុំធ្វើចិត្តឲ្យចង្អៀត ឯងត្រូវតែបើកចិត្តឯងឲ្យធំដូចជាបឹង នោះការឈឺចាប់របស់ឯងក៏នឹងមានរសជាតិដូចទឹកបឹងអញ្ចឹងដែរ។”


អត្ថបទទាក់ទង

រឿងខ្លី៖ អ្នកលក់ប៊ឺ និងអ្នកដុតនំ ផ្តល់អត្ថន័យទាក់ទងនឹងភាពស្មោះត្រង់

Leave a Reply