រឿងខ្លី៖ ចចក ដកស្រង់ចេញពី ប្រជុំរឿងព្រេងខ្មែរភាគ១

កាលពីព្រេងនាយមាន ចចក ត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា “ថៃ្ងនេះអញមានលាភធំណាស់ ជាលាភចំែឡកជាងសព្វថៃ្ង។” ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោមចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ។”

ចចកធ្លើយថា “ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?”

កំពឹសថា “ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា។”

ចចកថា “ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?”

កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យបងឯងបានស្រួល ប៉ុនែ្តត្រូវបងឯងតាមខ្ញុំ។”

ចចកឆ្លើយថា “បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់។”

កំពឹសថា “បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ។”

ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា “បងចចកឯង ទៅជញ្ជូនមកឲ្យអស់សិនសិមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំបងនៅទីនេះ។” ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមក​លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នា មុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបពោ្ឆតដូចេ្នះខឹងណាស់ ដើរទៅបបួលអស់សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាច សត្វ ក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា “ខ្ញុំលឺគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញា​ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។ បើដូចេ្នះខ្ញុំនិងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង។”

ពួកត្រីគិតគ្នាហើយក៏ប្រើ ត្រីក្រាញ់ ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា “បងត្រីក្រាញ់ទៅណា?” ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា “បងសុភាទន្សាយអាណិត ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំ អញ្ជើញបងសុភាទៅដ្បិតលឺទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺ កុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោម កែ្អកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រី  អណ្តើក   កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។ គេឲ្យ ពស់ថ្លាន់ ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់ បងប្អូនឲ្យបានរួចពីភ័យម្តងនេះនិងបានល្បីកេរ្តិ៏ឈ្មោះតទៅ។ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ជីវិត។” ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា “បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ។”

ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅ​អស់សត្វទាំងនោះថា “នែ! បងប្អូនទាំងអស់គ្នា ចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្រ្ទលោកនិងមកកាច់ជើងត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស” អស់សត្វលឺថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។

ដកស្រង់ចេញពី ប្រជុំរឿងព្រេងខ្មែរភាគ១ ទំព័រទី ៤-៦


រឿងខ្លី៖ “កង្កែបមួយក្រុម” បង្កប់អត្ថន័យអំពីឥទ្ឋិពលនៃពាក្យសម្តីរបស់អ្នកនៅជុំវិញខ្លួនយើង

 

 

One thought on “រឿងខ្លី៖ ចចក ដកស្រង់ចេញពី ប្រជុំរឿងព្រេងខ្មែរភាគ១

Leave a Reply