រឿងខ្លី៖ “ឆ្កែព្រៃ និងក្បាលខ្មោច” ផ្តល់ជាគតិថា អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ពេលមានអំណាច គួរ​តែខំធ្វើ​ល្អឲ្យបា​នច្រើន

នៅក្នុងរឿងនិទានអ៊ីសុបមានរឿងមួយនិយាយអំពី ឆ្កែព្រៃ និងក្បាលខ្មោច ដែលតំណាលថា៖

ជា​ធម្មតា​ ឆ្កែ​ព្រៃ​ តែង​តែខ្លាច​រអាចំពោះ​មនុស្ស ​ដែល​តែងតែ​ប្រើ​អាវុធ​មកផ្តាច់ជីវិត​របស់​ខ្លួន​​​ដើម្បី​​យក​សាច់​​​ទៅ​​ធ្វើ​​ជា​​អាហារ និង​ព្រ​លះ​ស្បែក​យក​ទៅ​តុប​តែង​លម្អ​ផ្ទះ​សម្បែង​ជា​ដើម។ ឆ្កែ​​ព្រៃ​​មួយ​​ក្បាល​​នេះក៏​ជួប​​នឹង​វាសនាមិនខុស​​ពី​ឆ្កែ​ព្រៃ​ដ៏​ទៃ​ទៀត​ប៉ុន្មាន​ឡើយ​។​

ថ្ងៃមួយ ពេលកំពុងស្វែងរកចំណីអាហារក្នុងព្រៃក្រាស់មួយ យ៉ាងសប្បាយរីករាយក្នុង​ចិត្ត ​និងនៅ​មិន​ឆ្ងាយ​​ពីផ្ទះ​អ្នកភូមិ​ប៉ុន្មាន​នោះ វាក៏ក្រឡេកឃើញគំនរក្បា​លខ្មោច​​មួយ​ចំនួន​​នៅ​រាយ​ប៉ាយ​ពាសពេញដី ដែលហាក់​ដូចជាពុំមាន​ន​រណា​​ចា​ប់​​​អារម្មណ៍​​អ្វី​ទាល់​តែ​សោះ​។​

ឆ្កែព្រៃ ងាកឆ្វេង ងាកស្តាំ ក្រែងលោមានហេតុអ្វីមិនស្រួល តែក៏​ពុំមាន​សញ្ញាណា​មួយគួរ​អោយ​ព្រួយបារម្ភអ្វីទេ ទើ​ប​វា​ដើរលបៗ សំដៅទៅរកគំនរក្បាលខ្មោចនោះ ហើយ​ក៏យក​ជើង​វា​កៀស​លេងចុះឡើងៗ យ៉ាងសប្បាយរីករាយ…

“ហ៎ាស!​​ ហ៎ាស!​​ ហ៎ា!…ៗៗៗ”

ឆ្កែព្រៃពេញចិត្តជាខ្លាំង។ វាសើចបណ្តើរយកជើងកៀសក្បាលខ្មោចបណ្តើរ ព្រម​​ទាំង​ឧទាន​ថា​…៖

“ហេះ!… ថ្ងៃមុនពួកឯងដេញបាញ់ពួកយើង!… ហ្នឹងហើយមិនថាពួកអ្នកឯងខ្លាំងពូកែប៉ុណ្ណា ឬឈ្លាសវៃ​អស្ចារ្យ​ប៉ុណ្ណា​នោះទេ… ទីបំផុតអ្នក​ឯង​​ត្រូវមកដេកស្លាប់ស្តូកស្តឹង អស់ទាំងគំនិត អស់​ទាំង​បញ្ញា អស់​ទាំង​កំលាំង​ពលំ​ទាំង​ឡាយ​… យើងអាចកោសក្បាលអ្នកឯងលេងបានម៉ាសេរី!…​ តើអ្នកឯងមានស្អីអួតទៀត? ម៉េច​ក៏​មិន​​អួត​ទៀត​ទៅ​? មានផ្លូវធ្វើស្អីយើងកើត? ហ៎ាស!​​ ហ៎ាស!​​ ហ៎ា!… ខ្លាំង​អីទៅ​មនុស្ស​ចង្រៃ​!​”

ឆ្កែព្រៃសើចសប្បាយអស់ចិត្ត ទើបធ្វើដំណើរចាកចេញទៅ។

រឿងនេះចង់ផ្តល់អត្ថន័យជូនមិត្តអ្នកអានសម្រាប់គិតពិចារណាថា៖

ឆ្កែព្រៃ ប្រៀបបានទៅនឹងមនុស្សស្លូតត្រង់។ ចំណែកក្បាលខ្មោច ប្រៀបបានទៅនឹងមនុស្សដែលមានអំណាចបុណ្យសក្តិខ្ពង់​ខ្ពស់​ ដែល​តែង​តែ​បំពារ​បំពាន​ធ្វើ​បាប​ជន​ស្លូត​ត្រង់​ ឬជន​ទន់​ខ្សោយ។​ ជាការ​ពិត​ណាស់!​ ស្ទើរ​តែ​គ្រប់​សង្គម​ទៅ​ហើយ ​ដែលមនុស្សស្លូត​ត្រង់​ទន់​ខ្សោយ ​តែង​តែត្រូវ​បាន​មនុស្ស​មាន​អំណាច​បុណ្យ​សក្តិ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម​ធ្វើ​បាប​ ឬ​ជិះជាន់។ ក៏​ប៉ុន្តែ​មនុស្ស​ដែល​មាន​អំណាច​បុណ្យ​សក្តិ​ ដែល​តែង​តែ​ជិះ​ជាន់​ និង​ធ្វើ​បាប​ជន​ស្លូត​ត្រង់​ ឬជន​ទន់​ខ្សោយ​ទាំង​នោះ គឺរមែងទទួលរងកម្មពៀរវិញជាពុំខាន។ នេះមានន័យថា ​ពេល​មនុស្ស​ប្រភេទ​នោះ​ធ្លាក់​បុណ្យ​សក្តិ​ ឬអស់​អំណាច​ អស់​ទ្រព្យ​សម្បត្តិ​ គឺ​តែង​តែ​ត្រូវ​បាន​មនុស្ស​ទាំង​ពួង​ក្នុង​សង្គម​ស្អប់​ខ្ពើម​ មិន​រាប់​រក​ និង​សើច​ចំអក​ ព្រោះ​ពេល​នោះ​បុគ្គល​ដែល​ធ្លាប់​តែ​មាន​អំណាច​នោះ​លែង​មាន​អ្វីៗ​ទាំង​អស់ ​ប្រៀប​បាន​ដូចដែល​ក្បាល​ខ្មោច​ត្រូវ​សត្វ​ឆ្កែ​ព្រៃ​កៀសលេង​យ៉ាង​សប្បាយ​ចិត្ត​ ដោយ​មិន​អាច​ក្រោក​មក​តប​ត​ឆ្កែ​ព្រៃ​វិញ​បាន​ដូច្នោះ​ដែរ។​

អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ថ្ងៃណាដែ​ល​ខ្លួន​អស់​អំណាច អ្វីៗក៏នឹង​ផ្លាស់​ប្តូរទៅវិញដែរ។ ហេតុនេះ ពេលមានអំណាច គួរ​តែខំធ្វើ​ល្អឲ្យបា​នច្រើន​​ដើ​ម្បី​កុំ​អោយ​មាន​វាស​នា​ដូច​ក្បាល​ខ្មោ​ច​ទាំងនោះ។


អត្ថបទទាក់ទង

រឿងខ្លី៖ ម្រឹត្យូវ​ និងអ្នក​កាប់​ឧស បង្កប់អត្ថន័យអំពីការស៊ូ​រង​ទុក្ខ​វេទនា​ជា​ជាង​ស្លាប់

 

One thought on “រឿងខ្លី៖ “ឆ្កែព្រៃ និងក្បាលខ្មោច” ផ្តល់ជាគតិថា អំណាចមិនមែននៅស្ថិតស្ថេរជារៀងរហូតទេ ពេលមានអំណាច គួរ​តែខំធ្វើ​ល្អឲ្យបា​នច្រើន

Leave a Reply