រឿងខ្លី៖ ជ្រូក​បបួល​សីហៈវ៉ៃ​គ្នា

​រឿង​ “សីហៈ​ និង​ជ្រូក” ​ជារឿងមួយនៅក្នុងចំណោមរឿងទាំងឡាយ នៃសៀវភៅ​ប្រជុំ​និទាន​ជាតក ​ដែល​រៀបរៀង​ចងក្រង​ដោយ​សិទ្ធត្ថ​បណ្ឌិត​ ​សុង​ ​ស៊ី​វ​ ​ជាមួយនឹង​ព្រះ​មហា​ ​សំ​ ​សុខ​ ​សា​ស្រ្តាចារ្យ​សាលា​បាលី​វត្ត​លង្កា​ ​ត្រង់​ទំព័រ​១​៨​៨​ ដែលដំណាលថា៖

កាលពីព្រេងនាយ​មាន​សីហៈ​មួយចាប់​សត្វ​ស៊ី​ឆ្អែត​ ​ហើយ​ចុះទៅ​ផឹកទឹក​ក្នុង​ត្រពាំង​ ​ខណៈ​ត្រឡប់​ឡើង​មកវិញ​ឃើញ​ជ្រូក​មួយ​រកស៊ី​នៅ​មាត់​ត្រពាំង​។​ ​សីហៈ​នឹក​ថា​ ​ថ្ងៃនេះ​អញ​ស៊ី​ឆ្អែត​ណាស់​ហើយ​ ​ជ្រូក​នេះ​ទុក​ស៊ី​នៅ​ថ្ងៃស្អែក​ចុះ​។​ ​សីហៈ​គិត​ហើយ​ទើប​គេច​ទៅ​ផ្លូវ​ម្ខាង​ ​ជ្រូក​ឃើញ​ដូច្នោះ​នឹកក្នុងចិត្ត​ថា​ ​សីហៈ​ខ្លាចខ្លួន​ក៏​ស្រែក​បបួល​សាក​កម្លាំង​គ្នា​។​

​សីហៈ​ឮ​ហើយ​និយាយ​ថា​ ​ចាំ​ថ្ងៃស្អែក​ចុះ​សឹម​យើង​ជួបគ្នា​។​ ​សត្វ​ជ្រូក​មាន​គំនិតខ្លី​សម្គាល់​ថា​ ​គេ​ខ្លាចខ្លួន​ប្រាកដ​មែន​ ​ក៏​កើតក្តី​ក្លៀវក្លា​ត្រឡប់មក​ទីលំនៅ​វិញ​ ​ហើយ​និយាយ​អួត​ប្រាប់​ជ្រូក​ដទៃ​ដែល​ជា​មិត្តសម្លាញ់​របស់​ខ្លួន​។​ ​ជ្រូក​ទាំងនោះ​ស្តាប់​ហើយ​ភ័យ​ស្លុត​ចិត្តជា​ខ្លាំង​ ​ទើប​នាំគ្នា​តិះដៀល​ជ្រូក​នោះ​ថា​ ​សម្លាញ់​ឯង​ពិតជា​ល្ងង់​មែនហើយ​។​ ​អ្នក​បាន​ដឹកនាំ​សេចក្តីវិនាស​មកដល់​មិត្តសម្លាញ់​ហើយ​មាន​ដឹង​ទេ​ ​ព្រោះ​អ្នក​គ្មាន​គំនិត​មិន​ដឹង​ពី​ឧបាយ​របស់​សត្វ​សីហៈ​។​

​ឮ​មិត្ត​ស្ដីបន្ទោស​បែប​នេះ​ ​ជ្រូក​នោះ​ស្រាប់តែ​ភ័យ​ញ័រ​ស្លុត​ស្មារតី​ស្រៀវឆ្អឹង​ខ្នង​ ​ទើប​ខំ​និយាយ​ប្រឹក្សា​នឹង​មិត្តសម្លាញ់​ថា​៖​ ​”គួរ​គិត​ធ្វើ​យ៉ាងណា​បាន​រួចខ្លួន​ពីសី​ហៈ​។​” ​ពួក​ជ្រួក​ជា​មិត្តសម្លាញ់​ប្រាប់​ឧបាយ​ថា​ ​”ធម្មតា​សីហៈ​ជា​សត្វ​ស្អាត​មិន​ចូលចិត្ត​នឹង​វត្ថុ​ស្មោកគ្រោក​ទេ​។​ ​ដូច្នេះ​ ​ចូរ​អ្នកឯង​ដើរទៅ​ដេក​ននៀល​ក្នុង​រណ្តៅ​លាមក​ឱ្យ​ប្រឡាក់​ពេញ​ខ្លូ​ន​ ​ទើប​គ្មាន​ក្ដី​អន្តរាយ​ដល់​ជីវិត​អ្នក​។​”

​ជ្រូក​នោះ​ក៏​ធ្វើតាម​ពាក្យ​មិត្ត​ពន្យល់​ ​ហើយ​ពេល​ដល់​ថ្ងៃ​ណាត់គ្នា​ក៏​ទៅ​ចាំ​សីហៈ​មុន​មួយស្របក់​។​ ​ខណៈ​ពេល​ដែល​សីហៈ​មកដល់​ធុំក្លិន​ស្អុយ​ធន់​មិនបាន​ ​ក៏​និយាយទៅ​ជ្រូក​ថា​៖​ ​”អ្នកឯង​ស្មោ​គ​គ្រោក​ ​រោម​ប្រឡាក់​ដោយ​ស​ម្អុ​យ​មាន​ក្លិន​ខ្មួរ​ភាយ​អាក្រក់​ណាស់​។​ ​បើ​សម្លាញ់​ចង់​ច្បាំង​នឹង​យើង​ ​យើង​សុំ​ចាញ់​ហើយ​ ឱ្យ​អ្នកឈ្នះ​ចុះ​ ​យើង​ខ្ពើម​ណាស់​។” សីហៈ​ថា​ហើយក៏​ដើរចេញ​ទៅ​។​

​ទស្សនៈ និងគំនិតក្នុងរឿងនេះចង់ប្រាប់យើងថា៖

បើ​ទោះបីជា​ឃើញ​គេ​ស្លូត​កុំ​ទាន់​អាល​វាយ​តម្លៃ​ថា ​គេ​ខ្លាច​​ឬ​អន់​ជាង​ខ្លួន​។​ ​ពេលខ្លះ​​អ្នក​មាន​កិត្តិយស​ថ្លៃថ្នូរ​ ​គេ​មិន​យក​ភាព​ថ្លៃថ្នូរ​របស់​គេ​ទៅ​ប្រឡូកប្រឡាក់​ជាមួយនឹង​មនុស្ស​តូច​ទាប​ ​ព្រោះ​គេ​យល់ថា​ ​ទោះបីជា​ឈ្នះ​ក៏​គ្មានន័យ​អ្វី​ដែរ​ ​គឺ​មាន​​ទាញ​កិត្តិយស​​គេ​​អាប់ឱន​ថែមទៀត​ប៉ុណ្ណោះ​។​

​ដោយសារតែ​គំនិត​ និង​ទង្វើ​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញ​ពី​អានុភាព​របស់​ខ្លួន​ ​ដោយ​មិនទាន់​ស្គាល់​ពី​គេ​ច្បាស់​ ​គឺ​អាច​នាំក្ដី​អន្តរាយ​ដល់​ជីវិត​ខ្លួនឯង​ និង​មិត្ត​ភក្ដិ​។​ ​ប៉ុន្តែ​ការ​ហ៊ាន​សុំ​យោបល់​ ​និង​ព្រម​ទទួលយក​ប្រឹក្សា​ពី​មនុស្ស​ច្រើន​គ្នា​អាច​សង្គ្រោះ​ជីវិត​អ្នក​ផុត​ពី​ឧបាយ​បាន​ដោយ​ការពិចារណា​។


អត្ថបទទាក់ទង

រឿងខ្លី៖ ហ្វូងចៀម និងឆ្កែគង្វាលចៀម អានហើយអ្នកនឹងដឹងថាមនុស្សម្នាក់ៗមានតួនាទីរៀងៗខ្លួន

 

Leave a Reply