រឿងខ្លី៖ ពីងពាងចង់ចាប់ចាប

នៅក្នុងព្រៃស៊ប់ទ្រុបមួយ មិនឆ្ងាយពីលំនៅឋានប្រជាជនប៉ុន្មាន មានសត្វពីងពាងមួយក្បាល វាស្ទាត់ជំនាញខាងចាប់សត្វជាអាហារ ជាពិសេស គឺចាប់សត្វរុយតែម្តង។ ក្នុងមួយថ្ងៃៗវាអាចចាប់រុយបានជាច្រើនក្បាល។

ថ្ងៃមួយមានសត្វចាបមួយក្បាលដែលទើបតែនឹងចេះហើររកចំណីដោយខ្លួនឯងនៅតាមបរិវេណដែលពីងពាងកំពុងតែរាយសំណាញ់នោះ។ សត្វចាបហើរឆ្វែលឆ្វាត់រកមើលចាប់សត្វល្អិត ជាពិសេស គឺចាប់សត្វរុយនេះតែម្តង ដែលជាហេតុធ្វើឲ្យចំនួនរុយលោះបន្តិចម្តងៗជាលំដាប់។

ហេតុនេះ ពីងពាងក៏ខិតខំរិះរកមធ្យោបាយកម្ចាត់សត្វចាបនេះចោល។ វាខិតខំផលិតសរសៃសំណាញ់របស់វាឲ្យកាន់តែក្រាស់ហើយធំជាងមុន​ ដើម្បីឲ្យសត្វចាបមកជាប់នឹងសំណាញ់របស់ខ្លួន ដែលមិនត្រឹមតែបានកម្ចាត់គូប្រជែងប៉ុណ្ណោះទេ តែចំណេញបានទាំងចាបមកធ្វើជាអាហារទៀតផង។

ពីងពាង ខំប្រឹងត្បាញសំណាញ់យ៉ាងមាំបំផុត អស់មួយយប់ទល់ភ្លឺ។ សត្វចាបក៏ហើរចេញស្វែងចេញរកអាហារតាមធម្មតា ហើយពេលនោះវាក៏ហើរតម្រង់ទៅរកអាហារនៅទីកន្លែងដទៃផ្សេងទៀត។ តែទោះជាយ៉ាងណាក៏ពីងពាងនៅតែរំពឹងថា សត្វចាបប្រាកដជានឹងហើរមកទីនេះជាមិនខាន។

លុះពេលសត្វចាបហើរកាត់តាមក្រឡាសំណាញ់របស់ពីងពាង ដែលវាមិនត្រឹមតែមិនជាប់សំណាញ់ប៉ុណ្ណោះទេ វាហើរចុះហើរឡើងធ្វើឲ្យធ្លុះធ្លាយដាច់រហែកសំណាញ់របស់ពីងពាងអស់រលីង។ ពីងពាងបានសាកល្បងធ្វើបែបនេះជាច្រើនលើកច្រើនសា នៅតែមិនបានសម្រេច ទើបវាភ្ញាក់រឭកថា ខ្លួននឹងមិនមានផ្លូវអាចចាប់សត្វចាបនោះបានទេ។ ក្រោយពីនោះមក វាក៏បោះបង់គំនិតនោះចេញ ហើយខំយកចិត្តទុកដាក់ចាប់តែរុយដូចពីដើមវិញ។

រឿងនេះចង់ផ្តល់នូវទស្សនៈ និងគំនិតថា៖

“កុំគិតធ្វើអ្វីឱ្យហួសពីសមត្ថភាពរបស់ខ្លួន ធ្វើកិច្ចការណាដែលខ្លួនស្ទាត់ជំនាញ គឺជារឿងប្រសើរបំផុត”

Leave a Reply