រឿងខ្លី៖ ប្រកែកគ្នារឿងព្រះអាទិត្យ

ពេលខុងជឺកំពុងធ្វើដំណើរផ្សព្វផ្សាយទស្សនៈរបស់ខ្លួននៅភាគខាងកើតនៃប្រទេសចិន គាត់ក៏បានជួបនឹងក្មេងពីរនាក់កំពុងប្រកែកគ្នាឡើងមុខក្រហមនៅតាមផ្លូវ ទើបគាត់សម្រូតខ្លួនពីលើខ្នងសេះ ដើម្បីចុះមកពិនិត្យមើលឲ្យដឹងរឿង។ ពេលឃើញខុងជឺដើរមកដល់ដូច្នេះ ក្មេងទាំងពីរក៏ប្រជែងគ្នារៀបរាប់រឿងរ៉ាវឲ្យគាត់ស្តាប់។

ក្មេងទីមួយនិយាយថា “ខ្ញុំថាពេលព្រឹក ព្រះអាទិត្យ នៅជិតយើងជាង លុះពេលថ្ងៃ ព្រះអាទិត្យក៏កាន់តែខិតទៅឆ្ងាយ…”

“មិនមែនទេ!…” ក្មេងម្នាក់ទៀតប្រកែក…

“ពេលថ្ងៃ ព្រះអាទិត្យគួរតែនៅជិតជាង ហើយចំណែកពេលព្រឹក ព្រះអាទិត្យគួរតែនៅឆ្ងាយជាងទើបវាត្រឹមត្រូវ!”

ក្មេងទីមួយប្រញាប់បន្តឹងសម្លេងបន្ថែម “ឯងនិយាយខុសហើយ! ឯងមិនឃើញទេឬ? នៅពេលព្រះអាទិត្យរះ មានរូបរាងធំប៉ុនឆ័ត្រឯណោះ តែលុះដល់ពេលថ្ងៃ ព្រះអាទិត្យបែរជាមានរូបរាងតូចប៉ុនចានបាយទៅវិញ នោះមិនមែនមកពីនៅឆ្ងាយទើបឃើញតូចទេឬ?”

“ឯងហ្នឹងហើយជាអ្នកខុស!!…” ក្មេងម្នាក់ទៀតប្រកែកញ៉ាញ…

“នៅពេលព្រឹក ធាតុអាកាសត្រជាក់ស្រួល តែដល់ពេលថ្ងៃបែរជាក្តៅដូចអង្គុយលើខ្ទះ អញប្រាប់ឲ្យដឹងទៅ! ប៉ុណ្ណឹងហើយនៅតែមិនមែនមកពីព្រះអាទិត្យនៅជិតទៀតឬ បានជាក្តៅដូច្នេះ?”

ក្មេងនិមួយៗពុំមាននរណាស្តាប់ហេតុផលរបស់អ្នកណាឡើយ ទើបពួកគេសុំឲ្យខុងជឺ ជួយកាត់ក្តីឲ្យដឹងចាញ់ឈ្នះ។

ខុងជឺ ស្តាប់ហើយបានត្រឹមតែលើកដៃប្រណម្យលើដើមទ្រូង មិនព្រមនិយាយស្តីអ្វីទាំងអស់។ ក្មេងទាំងពីរនាំគ្នាទះដៃចំអក…

“ពុទ្ធោអ្ហើយ!… មនុស្សចេះតែនាំគ្នាសរសើរថា ខុងជឺ ជាមនុស្សឆ្លាតគ្រប់យ៉ាងទៅកើត? ដឹងអីរឿងប៉ុណ្ណឹងៗក៏គិតមិនឃើញដែរ?”

*** ចំណេះដឹង មិនមានដែនកំណត់នោះទេ សូម្បីតែខុងជឺ ដែលគេទទួលស្គាល់ថាជាអ្នកប្រាជ្ញក្នុងយុគសម័យនោះ ក៏ដោយ ក៏នៅមានរឿងរ៉ាវជាច្រើនដែលគាត់មិនទាន់បានដឹង ជាក់ស្តែងរឿងខាងលើនេះវាជាបញ្ហាដែលពិបាកឆ្លើយបំផុតនាពេលនោះ ព្រោះវាជាសម័យដែលផ្នែកវិទ្យាសាស្រ្តមិនទាន់រីកចម្រើននៅឡើយ។


អត្ថបទទាក់ទង

រឿងខ្លី៖ ខុងជឺ និងសិស្ស

Leave a Reply