សាមគ្គីអង្ក្រង កំណាព្យបទពាក្យ៧ ដែលបានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកម្លាំងសាមគ្គី និងការចេះធ្វើការរួមគ្នា

សាមគ្គីអង្ក្រង គឺជាកំណាព្យបទពាក្យ៧របស់លោក ញូង សឿង លោកញូង សឿង បានសរសេរវានៅឆ្នាំ១៩៦៤ តាមការសុំរបស់មិត្តរបស់គាត់ម្នាក់ គឺលោក បុណ្ណ ចាន់ម៉ុល ។ អត្ថន័យនៃអត្ថបទកំណាព្យនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកម្លាំងសាមគ្គី និងការចេះធ្វើការរួមគ្នា ដូចតទៅ៖

អង្ក្រងចងមិត្តជាពួកក្រុម រួមផ្តុំសាមគ្គីទីត្រង់ណា 

ធ្វើជាសំបុកទុករក្សា ពងពេញត្រៀបត្រាភ្ញាក់បំបែក។

កកើតជាកូនពូនជាចៅ បានជាញាតិផៅច្រើនអនេក 

រាយគ្នាយាមល្បាតចាត់ចែងចែក គ្រប់មែកសារពើលើលំនៅ។

ប្រុងប្រៀបជើងការទាំងយប់ថ្ងៃ ក្រែងខ្មាំងចង្រៃចិត្តឃោរឃៅ

រំលោភរុករានពានចូលទៅ ជិះជាន់លំនៅរបស់វា។

កាលណាមែកឈើរង្គើភ្លាម វាឥតទីមទាមឥតរួញរា 

កែនពលប្រញាប់ឆាប់ស្ទុះស្ទា ពុះពារតតាំងប្រឆាំងតប។

បញ្ចេញចង្កូមគូទងស្ទីត ភ្នែកស្លោស្លន់ស្លើតអើតរហម

សន្ទុះទឹកចិត្តឥតញ៉មញ៉ប ប្រុងប្របប្រយុទ្ធហុតស៊ីសាច់។

អ្នកស្រែចំការណាក៏ដឹង កាលខ្លួនទន់ប្រឹងយ៉ាងប្តូរផ្ដាច់

ឡើងបេះអ្វីៗជាចាំបាច់ រិះៗប្រកាច់ពីចុងឈើ។

អង្ក្រងព្រួតគ្នាទាំងរយពាន់ ខាំបោសមិនទាន់ភាន់ងីងើ

អាខ្លះខាំភ្នែកជ្រែកល្វែងលើ អាខ្លះរុករើខាងល្វែងក្រោម។

ខាំហើយនោមដាក់ចាក់ចូលភ្នែក កនយើងប្រឹងស្រែកជិតលេចផោម

អៃយ៉ាស់អៃយ៉ូយអង្ក្រងចោម ព័ទ្ធឡោមជុំជិតរិតខាំខ្លាំង។

បោសច្បូតសម្លាប់អស់ពួកមុន ពួកក្រោយទ្វេគុណថែមកម្លាំង

រាប់រយពាន់ម៉ឺនចូលតតាំង ប្រឆាំងខំខាំចាំព្រួតគ្នា។

ណាដែលងាប់មុនក៏ងាប់ទៅ ណាដែលរស់នៅឥតរួញរា

សង្គ្រឺតស្រុះស្របបន្តគ្នា ប្ដូរផ្តាច់ពុះពារច្បាំងយកជ័យ។

នេះគឺសាមគ្គីសត្វអង្ក្រង សាមគ្គីហ្មត់ហ្មងចងមានន័យ

ទុកជាតម្រាប់ច្បាប់ប្រពៃ មនុស្សលោកគួរលៃគៃគិតចុះ។

ដកស្រង់ចេញពីសៀវភៅ៖ ចរិតខ្មែរ

Leave a Reply