រឿងខ្លី៖ កង្កែបបឹង នឹងកង្កែបអូរ

មានកង្កែបពីរក្បាលជាមិត្តសម្លាញ់នឹងគ្នាតាំងពីតូច ហើយវាតែងតែបែងចែកចំណីអាហារឲ្យគ្នាទៅវិញទៅមកជាប្រចាំ។ នៅក្នុងតំបន់ដែលវារស់នៅ មានបឹងមួយនិងអូរមួយនៅជិតគ្នា។ កង្កែបដែលរស់នៅក្នុងបឹងដ៏ធំនោះ តែងតែមានសត្វទឹកផ្សេងៗ នឹងសត្វល្អិតសម្រាប់ធ្វើជាអាហារយ៉ាងសម្បូរគ្រប់គ្រាន់។ ចំណែកកង្កែបមួយទៀតដែលរស់នៅក្នុងអូរ ដែលមានទឹកតែបន្តិចបន្តួច ហើយថែមទាំងមានរទេះឆ្លងកាត់ឥតឈប់ឈរទៀតផង។

កង្កែបបឹង ឃើញស្ថានភាពរបស់មិត្តមានការលំបាកដូច្នេះ វាក៏បបួលកង្កែបអូរ ឲ្យមករស់នៅជាមួយគ្នា…

“សម្លាញ់អ្ហើយ! តើឯងខំត្រដររស់នៅក្នុងអូរនឹងធ្វើអីទៀត?… ចំណីក៏ខ្សត់ ហើយក៏មិនសូវមានសុវត្ថិភាពទៀតផង!… ឯងមករស់នៅឯក្នុងបឹងជាមួយគ្នាមក វានឹងធ្វើឲ្យជីវិតឯងបានប្រសើរជាងមុនណ៎ា!…”

ស្តាប់ហើយ កង្កែបអូរ ក៏បដិសេធ…

“អរគុណហើយសម្លាញ់!… តែមិនអីទេ! ខ្ញុំសុំានឹងទីកន្លែងនេះតាំងពីដើមមកហើយ!… ឲ្យខ្ញុំទៅរស់នៅកន្លែងដទៃដែលមិនធ្លាប់ ខ្លាចក្រែងពិបាករស់នៅណ៎ា!”

ទោះបីជាកង្កែបបឹង ខំបបួលលួងលោមយ៉ាងណា ក៏កង្កែបអូរមិនព្រមសម្រេចចិត្តផ្លាស់ប្តូរទីកន្លែងរស់នៅរបស់ខ្លួនដែរ រហូតដល់ថ្ងៃមួយមានរទេះបរឆ្លងកាត់អូរ ហើយកង់របស់វាក៏កិនកង្កែបនោះស្លាប់បាត់ទៅ។

រឿងនេះចង់ផ្តល់នូវទស្សនៈ និងគំនិតថា៖

“ការជាប់ជំពាក់នឹងអ្វីមួយខ្លាំងពេក ដោយមិនព្រមបត់បែនទៅតាមស្ថានការណ៍ អាចនឹងនាំគ្រោះភ័យមកដល់ខ្លួន”

ដកស្រង់ពីរឿងនិទានអ៊ីសុប

Leave a Reply