រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ

ដូចប្រិយមិត្តបានដឹងរួចមកហើយថារឿងនិទាន​អុីស៊ុប (Aesop​) គឺជាប្រជុំរឿងខ្លីជាច្រើនដែលផ្តល់នូវទស្សនៈ និងគំនិតសម្រាប់ការគិត ត្រិះរិះពិចារណា។ ថ្ងៃនេះយើងសូមបន្តជូនរឿង «ទាសករ​ និង​សត្វ​តោ​» ដែល​តំណាលដូចតទៅថា៖

មាន​ទាសករ​ម្នាក់​ឈ្មោះ​ អង់​ដ្រូ​គ្លី​ស (Androcles​) បាន​រត់គេច​ចេញពី​ចៅហ្វាយនាយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​។ គាត់​បាន​ដើរ​ត្រាច់ចរ​ពេញ​ព្រៃ​ បាន​ជួបនឹង​សត្វ​តោ​មួយ​ដែល​កំពុង​ដេក​ថ្ងូរ​ដោយ​ការឈឺចាប់​។ គាត់​បាន​រត់​ត្រលប់​ក្រោយ​វិញ​ តែ​ដោយ​មិនឃើញ​សត្វ​តោ​ដេញ​តាម​ គាត់​ក៏​ត្រលប់​ទៅ​រកមើល​ហេតុ​។ គាត់​បាន​ដើរទៅ​ជិត​សត្វ​តោ​ ហើយ​ឃើញ​ក្រញាំ​ជើង​តោ​ មាន​ជាប់​បន្លា​ដែល​ធ្វើ​ឱ្យ​ហើម​ និង​មាន​ហូរឈាម​។ គាត់​បាន​ដក​បន្លា​នោះ​ចេញ​ ហើយរុំ​របួស​ក្រញាំ​ជើង​សត្វ​តោ​នោះ​។ ក្រោយ​បាត់ឈឺ​ វា​ក៏​ងើប​មក​លិឍដៃ​គាត់​ដូចជា​សត្វ​ឆ្កែ​ដ៏​ស្លូត​មួយ​។ វា​បាន​នាំ​គាត់​ទៅ​នៅក្នុង​រូង​របស់​វា​ ដោយ​ចញ្ចឹម​គាត់​វិញ​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​សាច់​ស្រស់​ៗ។

ថ្ងៃមួយ​ អង់​ដ្រូ​គ្លី​សនិង​សត្វ​តោ​ត្រូវ​គេ​ចាប់បាន​ ហើយ​បញ្ជូន​ទៅ​ទីក្រុង​។ គាត់​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារជីវិត​ដោយ​ឱ្យ​តោ​ស៊ី​ ឯសត្វ​តោ​ត្រូវ​បាន​គេ​បង្អត់អាហារ​ទុក​សម្រាប់​ថ្ងៃ​កាត់ទោស​។ នៅពេល​ដែល​ថ្ងៃ​កាត់ទោស​មកដល់​ ព្រះរាជា​ និង​មន្រ្តី​ក៏បាន​ចូលរួម​ទស្សនា​ដែរ​។ អង់​ដ្រូ​គ្លី​សត្រូវ​បាន​គេ​ប្រលែង​ឱ្យ​ចេញទៅ​កណ្តាល​ទីលាន​ ដែល​រំពេចនោះ​តោ​ដ៏​ស្រេកឃ្លាន​ក៏​ត្រូវ​បា​នប​ញ្ជូនចូល​ទៅ​ដែរ​។ នៅពេល​ដំបូង​ សត្វ​តោ​បាន​គ្រហឹម​ ហើយ​រត់​សំដៅ​យ៉ាង​លឿន​ទៅ​កាន់​អង់​ដ្រូ​គ្លី​ស ក្នុង​បំណង​សម្លាប់​​គាត់​ តែ​ពេល​វា​ទៅ​ជិតដល់​ វា​បែរជា​ឈប់​ ហើយ​លិឍដៃ​របស់​គាត់​ដូច​លើក​មុន​ទៀត​។ ព្រះរាជា​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ហើយ​បាន​បញ្ជា​ឱ្យ​គេ​នាំ​ អង់​ដ្រូ​គ្លី​ស មក​គាល់​​ទ្រង់​។ អង់​ដ្រូ​គ្លី​សបា​នរ៉ាយ​រ៉ាប់​រឿង​ទាំងប៉ុន្មាន​ដល់​ព្រះរាជា​។ ទីបំផុត​ ព្រះអង្គ​បានឱ្យ​គេ​ដោះ​លែង​អង់​ដ្រូ​គ្លី​សឱ្យ​មាន​សេរីភាព​ ហើយ​ឱ្យ​គេ​ដោះលែង​សត្វ​តោ​ចូល​​ទៅ​ក្នុង​ព្រៃ​វិញ​។

ការ​ដឹងគុណ​ជា​សញ្ញា​នៃ​មនុស្ស​ថ្លៃថ្នូរ​!!!

 

រឿងខ្លី៖ ក្តាន់ញី និងស្រមោល

One thought on “រឿងខ្លីនៃនិទានអ៊ីសុប៖ ទាសករ និងសត្វតោ

Leave a Reply