រឿងខ្លី (មានវីដេអូ)៖ ធុងសម្រាម និងក្រដាស មេរៀនរបស់គ្រូម្នាក់ដែលអាចបង្រៀនសិស្សពីមេរៀនជីវិតមិនអាចកាត់ថ្លៃបាន!

នៅក្នុងថ្នាក់មួយ មុនពេលចាប់ផ្ដើមបង្រៀនលោកគ្រូបានប្រាប់សិស្សទាំងអស់គ្នាឱ្យត្រៀមលេងល្បែងមួយ បន្ទាប់មកលោកគ្រូក៏បានឲ្យសិស្សគ្រប់គ្នាហែកក្រដាសមួយសន្លឹក រួចក្ដាប់ខ្ចប់ក្រដាសនោះនៅក្នុងដៃ។

បន្ទាប់មកលោកគ្រូក៏បានទាញធុងសម្រាមមួយដាក់នៅខាងមុខ ហើយបាននិយាយទៅកាន់សិស្សទាំងអស់ថា៖ “អ្នកទាំងអស់គ្នាអង្គុយនៅលើកៅអីរៀងៗខ្លួន ហើយបោះក្រដាសនោះចូលមកក្នុងធុងនេះ។ ម្នាក់ៗមានឱកាសគប់តែម្ដងទេ។ ហើយអ្នកគប់ចូលចាត់ទុកថាឈ្នះ អ្នកគប់មិនចូលគឺចាញ់ មិនបានរង្វាន់អ្វីឡើយ!”

មុនពេលល្បែងចាប់ផ្ដើមសិស្សម្នាក់ដែលអង្គុយតុខាងក្រោយក៏បានលើកដៃឡើង ហើយតវ៉ាថា៖ “លោកគ្រូធ្វើបែបនេះមិនស្មើភាពគ្នានោះទេ! បើធ្វើដូចនេះអ្នកអង្គុយខាងមុខប្រាកដជាមានឱកាសបោះចូលច្រើនជាងអ្នកដែលអង្គុយខាងក្រោយ។” ប៉ុន្តែលោកគ្រូក៏បានឆ្លើយតបថា៖ “ឥលូវសាកបោះសិនទៅ ទើបដឹង!”

 

 

គ្រប់គ្នាក៏បានបោះក្រដាសដែលនៅក្នុងដៃសំដៅទៅធុងសំរាមនោះ។ តែលទ្ធផលមិនខុសពីការតវ៉ារបស់សិស្សម្នាក់នោះទេ។ សិស្សដែលបោះចូលច្រើនជាងគេ គឺភាគច្រើនជាសិស្សអង្គុយតុមុខនិងក្បែរធុងសម្រាម។ ឯសិស្សដែលអង្គុយក្រោយ មានតែមួយចំនួនតូចប៉ុណ្ណោះដែលបោះចូល។

“ល្បែងនេះចង់បង្រៀនពួកឯងនូវមេរៀនជីវិតមួយ។ មនុស្សម្នាក់ៗសុទ្ធតែមានជីវភាព និងឱកាសខុសៗគ្នា។ សិស្សអង្គុយតុមុខប្រៀបបាននឹងកូនអ្នកមាន អ្នកដែលមានឱកាសច្រើន ចំណែកឯសិស្សអង្គុយខាងក្រោយប្រៀបដូចជាកូនអ្នកក្រ អ្នកដែលមានឱកាសតិច។ សមត្ថភាពគប់ក្រដាសនោះប្រៀបបាននឹងចំណេះដឹង ចំណែកឯធុងសំរាមប្រៀបដូចជាគោលដៅនៃភាពជោគជ័យ។”

មនុស្សទាំងអស់មិនមែនសុទ្ធតែមានឱកាសស្មើៗគ្នានោះទេ កូនអ្នកមាន មានឱកាសជោគជ័យច្រើនជាង ពីព្រោះតែពួកគេនៅជិតនឹងគោលដៅ និងងាយទៅកាន់គោលដៅជាង  ប៉ុន្តែមិនមែនរាល់កូនអ្នកមានសុទ្ធតែអាចជោគជ័យទេ។ ដូចឃើញស្រាប់ សិស្សអង្គុយតុមុខមួយចំនួនគប់មិនចូលធុងទេ។ នេះដោយសារគេមានឱកាសហើយតែគ្មានសមត្ថភាពចាប់យកឱកាស ឬមើលងាយស្ថានការណ៍ដែលស្រួលពេក។

ចំណែកឯកូនអ្នកក្រថ្វីត្បិតតែនៅឆ្ងាយពីគោលដៅ ប៉ុន្តែពួកគេនៅតែមានឱកាសក្នុងការទទួលបានជោគជ័យ ឱ្យតែពួកគេមានចំណេះដឹងនិងហ៊ានប្រថុយជឿជាក់លើខ្លួនឯង។ ដូចឃើញស្រាប់សិស្សអង្គុយខាងក្រោយមួយចំនួនមានសមត្ថភាពអាចគប់ចូលធុងពីចម្ងាយបាន និងជឿថាអាចគប់ចូលធុង ទើបពួកគេហ៊ានប្រថុយគប់និងទទួលបានជោគជ័យ។

អ្នកអាចទស្សនាវីដេអូនៃមេរៀននេះបានដូចខាងក្រោម៖


អត្ថបទទាក់ទង

រឿងខ្លី៖ សេដ្ឋី​ និង​យមរាជ ​ផ្តល់អត្ថន័យអំពីទង្វើល្អក្នុងគ្រួសារ ការងារ និងជីវិត ដែលមានតម្លៃជាងទ្រព្យសម្បត្តិ

 

Leave a Reply