រឿងខ្លី៖ ព្រាហ្មណ៍​ចាស់​ អានហើយអ្នកអាចនឹងឈប់ប្រព្រឹត្តិខុសចំពោះមាតាបិតា

ក្នុង​ពុទ្ធសម័យ​មាន​ព្រហ្ម​ណ៍​មហាសាល​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​មានទ្រព្យ​៨​សែន​កហាបណៈ​ ​មាន​កូនប្រុស​៤​នាក់​។​ ​កាល​កូន​ទាំងនោះ​មាន​វ័យ​ធំឡើង​ ​ក៏បាន​រៀបការ​ ​ហើយ​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​ម្នាក់ៗ​១​សែន​កហាបណៈ​។​ ​ខាងក្រោយ​មក​នាង​ព្រាហ្មណី​ ​ជា​ភរិយា​របស់​ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ​ ​គាត់​នៅ​ពោះម៉ាយ​តែម្នាក់ឯង​។​ ​កូន​ទាំង​៤​នាក់​ប្រឹក្សា​គ្នា​ថាបើ​ឪពុក​យើង​មាន​ប្រពន្ធ​ទៀត​មុខជា​មានកូន​មិនខាន​ ​ទ្រព្យ​៤​សែន​នឹង​កេរអាករ​ផ្សេងៗ​ដែល​នៅសល់​ក្នុង​កណ្ដាប់ដៃ​គាត់​ ​គាត់​មុខជា​ចែក​ឱ្យ​កូនចុង​ទាំងអស់​ ​បើដូច្នេះ​គួរតែ​យើង​ទៅ​នាំ​យក​គាត់​មក​ចិញ្ចឹម​ជប់លៀង​គាត់​។​

​ថ្ងៃមួយ​ ​ព្រាហ្មណ៍​ក្រោកពីដេក​ក្នុង​វេលា​ថ្ងៃ​កូន​ទៅ​ជួបជុំគ្នា​ហើយ​និយាយ​អំពី​ទោស​ ​នៅ​គ្រប់គ្រង​ផ្ទះ​ដោយឡែក​ៗ​ពី​គ្នា​ ​រួច​និយាយ​អង្វរ​ថា​៖​ ​លោក​ឪពុក​យើងខ្ញុំ​ជា​កូន​ទាំងអស់គ្នា​ ​នឹង​បម្រើ​ទំនុក​បម្រុង​លោក​ឪពុក​ដោយ​គោរព​ដរាបដល់​អស់ជីវិត​ ​សូម​លោក​ឪពុក​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​នៅសល់​ទាំងប៉ុន្មាន​ ​មក​យើងខ្ញុំ​ទាំងអស់គ្នា​ឱ្យ​អស់​មក​ ​កុំ​រវល់​នឹង​ទុកដាក់​ថែរក្សា​ព្រោះ​ចាស់ហើយ​។​ ​ព្រាហ្មណ៍​ក៏​ប្រគល់​ទ្រព្យ​ឱ្យ​ដល់​កូន​ទាំង​៤​នាក់​ម្នាក់​ត្រូវ​បាន​១​សែន​កហាបណៈ​ទៀត​ ​ខ្លួន​នៅសល់​តែ​សំពត់​១​ចង្កេះ​ប៉ុណ្ណោះ​ ​ទៅ​នៅ​ជាមួយនឹង​កូន​ ​ច្បង​បង្អស់​មិនយូរប៉ុន្មាន​កូនប្រសា​រ​កើត​សេចក្ដី​ធុញទ្រាន់​ក៏​និយាយ​ ​ដៀមដាម​ថា​ ​លោក​ឪពុក​ ​ប្រហែលជា​មិន​ស្គាល់ផ្លូវ​ទៅផ្ទះ​ដទៃទៀត​ទេ​ដឹង​បានជា​ក្រាញ​នៅតែ​ផ្ទះ​ខ្ញុំ​។​

​ព្រាហ្មណ៍​ឮ​ដូច្នោះ​តូចចិត្ត​ណាស់​ក៏បាន​ដើរទៅ​នៅ​គ្រប់​ផ្ទះ​កូន​ទាំង​៤​នាក់​ ​គេ​ចេះតែ​បណ្ដេញ​ដូច​ៗ​គ្នា​ ​គាត់​ទ្រាំ​នៅ​មិនបាន​ ​ក៏​ចេញទៅ​ដើរ​សូមទាន​គេ​តាម​ ​ច្រកល្ហក​ផ្ទះ​បុគ្គល​ដទៃ​ទៅជា​ស្គមស្គាំង​ ​ព្រោះ​បរិភោគអាហារ​និង​ដេក​មិន​ស្រួល​នឹក​ ​អាណិតអាសូរ​ខ្លួន​ថាៈ ​ឱ​! ​អាត្មា​អញ​ហើយ​ចាស់​ឡើង​កាន់តែ​លំបាក​ខ្លាំង​ឡើង​មិន​សម​ ​បើ​កូន​អញ​វា​មិន​នឹក​អាណិត​អញ​បន្តិចបន្តួច​សោះ​ ​វា​លះបង់​ចោល​អញ​ដូចជា​គោ​ចាស់​ ​បើដូច្នេះ​អញ​ចូល​ទៅ​រក​ ​ព្រះ​សមណ​គោ​រត​ម​ចុះ​ ​ក្រែងលោ​ ​បានសុខ​ស្រួ​ស​បន្តិច​ ​លុះ​គិត​ដូច្នេះ​ហើយក៏​ទៅកាន់​សំណាក់​ព្រះ​សម្ពុទ្ធ​ៗ​ត្រាស់​សួរ​ថាៈ ​នែ​ព្រាហ្មណ៍​ហេតុអ្វីបានជា​អ្នក​ស្គម​ស្លេកស្លាំង​ម្លេះ?​

​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំព្រះអង្គ​មានកូន​៤​នាក់​ ​ឥឡូវនេះ​វា​ត្រូវ​គំនិត​គ្នា​នឹង​ប្រពន្ធ​វា​បណ្ដេញ​ខ្ញុំព្រះអង្គ​ចោល​។​ ​ម្នាល​ព្រាហ្មណ៍​បើ​ដូច្នោះ​អ្នក​ចូរ​រៀន​មន្ត​ពី​ ​តថាគត​ ​ហើយ​សូត្រ​ក្នុង​ទីប្រជុំជន​ដែល​មានកូន​របស់​អ្នក​ទាំងនោះ​អង្គុយ​នៅ​ជាមួយ​ផង​មន្ត​នោះ​ថាៈ ​ខ្ញុំ​ត្រេកអរ​ដោយ​កូន​ឯណា​ដែល​កើត​ហើយ​ផង​ ​ប្រាថ្នា​នូវ​ ​សេចក្ដី​ចំរើន​ដល់​កូន​ឯណា​ផង​ ​កូន​នោះ​សមគំនិត​ជាមួយ​ប្រពន្ធ​វា​ ​ហើយ​បណ្ដេញ​ខ្ញុំ​ចោល​ដូចជា​ឆ្កែ​បណ្ដេញ​ជ្រូក​ ​កូន​ជា​អសប្បុរស​ ​លាមក​ ​គ្រាន់តែ​ហៅ​ឪ​ៗ​ ​ប៉ុណ្ណោះ​វា​លះបង់​ខ្ញុំ​ដែល​មាន​ ​វ័យចាស់​ជ្រុល​ហើយ​កូន​ខ្ញុំ​នោះ​ប្រៀប​ដូច​អារក្សទឹក​មក​ក្លែង​ធ្វើជា​កូន​ ​ឪពុក​ចាស់​របស់​កូន​ពាល​តែង​ដើរ​សូមទាន​ប្រប​ផ្ទះ​អ្នកដទៃ​ ​ដូចជា​សេះ​ចាស់​ប្រើ​មិនកើត​គេ​នាំចេញ​ចាក​ចំណី​ ​ឈើច្រត់​របស់​ខ្ញុំ​នេះ​ប្រសើរ​ ​ឯ​កូន​ដែល​មិន​ស្ដាប់បង្គាប់​មិន​ប្រសើរ​ឡើយ​ ​ត្បិត​ឈើច្រត់​នេះ​ ​អាច​ការពារ​គោ​កាច​ ​ឆ្កែកាច​ក៏បាន​ច្រត់​ទៅខាងមុខ​ ​ក្នុង​ទី​ងងឹត​ក៏បាន​ស្ទង់​ចុះទៅ​ក្នុង​ទឹក​ជ្រៅ​ក៏បាន​ ​បុគ្គល​ភ្លាត់​រអិល​គង់​ទប់ខ្លួន​បាន​ដោយ​អានុភាព​នៃ​ឈើច្រត់​។​

​លុះ​ព្រាហ្មណ៍​ចាស់​ ​រៀន​មន្ត​នេះ​អំពីសំណាក់​ព្រះមានព្រះភាគ​ ​ចប់ហើយ​ក៏​ចូល​ទៅកាន់​ទីប្រជុំ​ដែល​មានកូន​៤​នាក់​ ​អង្គុយ​នៅ​ទីនោះ​ផង​ ​ហើយ​សូត្រ​មន្ត​នោះ​។​ ​សម័យ​នោះ​ទំនៀមទំលាប់​របស់​អ្នក​ ​ស្រុក​ប្រកាន់​ថា​ ​បើ​កូន​ណា​បាន​ទទួលមរតក​ពី​មាតាបិតា​ ​ហើយ​មិន​ចិញ្ចឹម​វិញ​ត្រូវ​អ្នក​ ​ស្រុក​ប្រហារជីវិត​​។​ ​គ្រាន់តែ​ព្រាហ្មណ៍​ចាស់​សូត្រ​មន្ត​ចប់​ ​មហាជន​ផ្អើលឆោឡោ​រក​ដំបង​ព្រនង់​ប្រុង​ ​វាយ​កូន​ទាំង​៤​នោះ​សម្លាប់ចោល​។​ ​កូន​ព្រាហ្មណ៍​ទាំង​៤​ ​នាក់​ភ័យ​ខ្លាំង​ស្ទុះ​ទៅ​ក្រាបសំពះ​បាទា​បិតា​ ​សូម​ខមាទោស​រ៉ាប់រង​ទំនុក​បម្រុង​ដោយ​គោរព​ ​តទៅ​កូន​ម្នាក់ៗ​ ​បាន​ជូ​ល​សំពត់​១​គូ​នឹង​និច្ចភត្ត​ទៀត​។​ ​ព្រា​ហ្ម​ចាស់​កាលបើ​បានសុខ​ហើយ​នឹកឃើញ​គុណ​របស់​ព្រះ​សាស្ដា​។​ ​ទើប​នាំ​យក​សំពត់​៣​គូ​និង​និច្ចភត្ត​ជាច្រើន​ទៅ​ថ្វាយព្រះ​សាស្ដា​ៗ​ ​ទ្រង់​ទទួល​ដោយ​អនុគ្រោះ​។

ប្រភព៖ រឿងនិទាន​អប់រំ​ចិត្ត ដោយ ៥​០​០​០​ឆ្នាំ​


អត្ថបទទាក់ទង

រឿងខ្លី៖ កូននេន និងអំបិល២ក្ដាប់ អានហើយអាចឲ្យចិត្តបើកទូលាយរំសាយទុក្ខ!

 

Leave a Reply