រឿងខ្លី៖ “ត្បូងមានតម្លៃមិនកាត់ថ្លៃ” អានហើយអ្នកនឹងអាចឆ្លើយនូវសំណួថាតើអ្វីទៅជាតម្លៃនៃជីវិត?

“តើតម្លៃនៃជីវិតជាអ្វី? ជាសំណួរដែលគ្មានចម្លើយ ហើយចាក់ដោតបេះដូងក្នេងប្រុសម្នាក់ឲ្យទៅសួរលោកតារបស់ខ្លួន។ បន្ទាប់ពីបានឮសំណួរ លោកតាក៏ដកដុំថ្មមួយដុំ ទៅឲ្យចៅប្រុសដោយនិយាយថា “ដើម្បីដឹងថាតម្លៃនៃជីវិតជាអ្វី ចូរចៅទៅរកតម្លៃនៃដុំថ្មមួយនេះសិនចុះ តែដាច់ខាតមិនត្រូវលក់វាឡើយ។

ក្មេងប្រុសក៏យកដុំថ្មដើរចេញទៅទាំងភាពងឿងឆ្ងល់ ហើយនៅតាមផ្លូវក៏ទៅសាកសួរបុរសលក់ក្រូចម្នាក់ ថាតើដុំថ្មនេះមានតំលៃប៉ុន្មាន? បន្ទាប់ពីពិនិត្យមើលថ្មនេះហើយ ក៏ឃើញថាថ្មនេះហាក់បីដូចជាភ្លឺចែងចាំងគួរសម ហើយក៏សម្រេចចិត្តដោះដូរ ក្រូច១២ផ្លែរបស់ខ្លួនជាមួយនឹងថ្មរបស់ក្មេងប្រុសនោះ​ តែដោយសារតែបណ្តាំរបស់លោកតា ក្នេងប្រុសនោះក៏សម្រេចចិត្តមិនលក់ថ្មនោះឡើយ។

គាត់ក៏បន្តដំណើរតទៅទៀត ហើយក៏បានទៅជួបនឹងអ្នកលក់បន្លែ ហើយក៏សាកសួរនូវសំនួរដដែល។ បន្ទាប់ពីបានមើលយ៉ាងល្អិតល្អន់ហើយ អ្នកលក់បន្លែក៏យកដំឡូងមួយថង់ដោះដូរជាតម្លៃដែលគាត់ផ្ដល់ឲ្យទៅក្នេងប្រុសម្នាក់នោះ ដោយនឹកឃើញសំដីរបស់តាខ្លួន ក្នេងប្រុសនោះក៏បានបដិសេធន៏ ហើយក៏បន្តដំណើរទៅទៀត​។

លុះក្រោយមក ខ្លួនក៏បានទៅជួបនឹងអ្នកលក់ត្បូងពេជ្រម្នាក់។ ការដែលបានឃើញដុំថ្មនោះភ្លាម អ្នកលក់ត្បូងនោះក៏បានឲ្យតម្លៃថ្មនោះ ១លានដុលា្លរ ប៉ុន្តែក្មេងប្រុសប្រកែកមិនលក់ ដោយឃើញបែបនេះគាត់ក៏បន្ថែមខ្សែករមាស ២២៤ការ៉ាត់ ទៀតឲ្យទៅក្មេងប្រុសនោះ តែដោយបានសន្យានឹងលោកតារបស់ខ្លួន គាត់ក៏បានក្រវីក្បាលហើយដើរចេញទៅ។

ក្មេងប្រុសនោះបានបន្តដំណើរទៅមុខទៀត ក៏បានជួបនឹងអ្នកលក់ថ្មមានតំលៃម្នាក់ ហើយក៏បានបង្ហាញថ្មរបស់ខ្លួនទៅកាន់បុរសនោះ។ គ្រាន់តែក្រឡេកភ្លាម បរុសនោះក៏បាននិយាយថា “វាមិនមែនជាដុំថ្មទេ តែជាត្បូងទទឹមដែលមានតម្លៃបំផុត ហើយបើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួនរបស់ខ្ញុំ ក៏ប្រហែលជាមិនអាចទិញត្បូងទទឹមដ៏មានតម្លៃនេះបានផង។”

ក្មេងប្រុសនោះឈរស្ដាប់ទាំងភ្ញាក់ផ្អើល និងស្រពិចស្រពិលក្នុងចិត្ត  “ថាហេតុអ្វីបានជាតម្លៃដែលមនុស្សមា្នក់ៗផ្ដល់ឲ្យត្បូងទទឹមនេះខុសៗគ្នាបែបនេះ?”

បន្ទាប់ពីដំណើរដ៏វែងឆ្ងាយនេះមក ក្មេងប្រុសនោះក៏ត្រលប់មកសួរតារបស់ខ្លួននូវសំណួរដដែលថា “តើតម្លៃនៃជីវិតជាអ្វី? លោកតា!”

លោកតាក៏បានឆ្លើយថា៖

“គុណតម្លៃនៃជីវិត! វាស្រដៀងគ្នាទៅនឹងចម្លើយដែលចៅទទួលបានពី អ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់ត្បូងពេជ្រ និងអ្នកលក់ថ្មមានតម្លៃដែរ។ តម្លៃជីវិតរបស់យើង វាហាក់ដូចជាត្បូងទទឹមដ៏មានតម្លៃនេះអញ្ចឹង វាចែងចាំង និងមានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន តែទោះបីជាវាមានសក្តានុពលយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែវាយតម្លៃយើងតាមរយ:រូបភាពផ្សេងៗគ្នា។

ប៉ុន្តែអ្វីដែលសំខាន់ យើងខ្លួនឯងមិនត្រូវអនុញ្ញាតឲ្យសម្លេងនៃការរិះគន់ និងការវាយតម្លៃទាំងនោះ ធ្វើឲ្យយើងគិតថាខ្លួនជាមនុស្សអន់ ឫខ្លួនមានតម្លៃទាបជាងអ្នកដ៏ទៃនោះឡើយ។ យើងត្រូវចាំថាយើងជាពេជ្រដ៏មានតំលៃ ហើយភាពចែងចាំងរបស់យើងនឹងត្រូវបានគេឃើញនៅថ្ងៃណាមួយ។

ដូចនេះហើយ ត្រូវចេះគោរព និងឲ្យតម្លៃទៅលើខ្លួនឯងឲ្យបានគ្រប់គ្រាន់ ព្រោះថាតម្លៃដែលយើងឲ្យទៅលើខ្លួនឯង វាពិតជាមានឥទ្ធិពល និងអំណាចទៅលើផ្លូវជីវិតដែលយើងដើរទៅថ្ងៃមុខ។”


អត្ថបទទាក់ទង

រឿងខ្លី៖ ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ

 

 

Leave a Reply