រឿងខ្លី៖ “ដើមប៉ោម៤រដូវ” បង្កប់អត្ថន័យ អំពីមនុស្សឬអ្វីៗក៏ដោយ វាអាចប្រែប្រួលតាមពេលវេលាជានិច្ច

មានឪពុកម្នាក់ចង់បង្រៀនកូនទាំង ៤ របស់គាត់ឱ្យយល់កាន់តែច្បាស់ពីជីវិត តើគាត់នាំពួកគេទាំង ៤ ទៅមើលដើមប៉ោមមួយដើម តែក្នុងពេលខុសៗគ្នា។

គាត់បាននាំកូនទី ១ ទៅនៅខែរងារ រីឯកូនទី ២នៅរដូវផ្ការីក ឯកូនទី ៣ នៅក្ដៅ ហើយកូនពៅទៅនៅរដូវស្លឹកឈើជ្រុះ។ នៅពេលពួកគេទាំងអស់បានត្រឡប់មកវិញ គាត់បានឱ្យពួកគេបកស្រាយនូវអ្វីដែលពួកគេបានឃើញ។

កូនទី ១និយាយថា ៖ “ដើមប៉ោមនោះមិនស្អាតសោះ ឃើញតែព្រិលនិងទឹកកកនៅជាប់ស្លឹក! លើកក្រោយឈប់ទៅមើលហើយ!”

កូនទី ២ និយាយថា៖ “អត់ទេ! ខ្ញុំឃើញដើមប៉ោមនោះគ្របដណ្ដប់ទៅដោយស្លឹកពេញដើមឈើ និងផ្លែរយីងរយោង ខ្លះធ្លាក់មកដីទៀត! ពិតជាចង់ទៅមើលម្ដងទៀតណាស!”

កូនទី ៣ និយាយថា ៖ “ដើមប៉ោមនោះធំមែនពិត តែមើលទៅក្រៀមក្រោះខ្លាំងណាស់ដូចគ្មានអ្នកស្រោចទឹកទេ! ពិតជាគួរឱ្យអាណិតវាណាស់! បន្តិចទៀតប្រហែលវាងាប់ហើយ!”

កូនពៅក៏និយាយថា ៖ “ខុសទាំងអស់! តើបងៗថាស្លឹកវាច្រើន ឬក្រៀមក្រោះម៉េចហ្នឹងកើត? បើខ្ញុំទៅឃើញតែស្លឹកវាជ្រុះរាយប៉ាយលើដី!”

បុរសជាឪពុកបានឃើញដូច្នោះក៏ញញឹមនិងបានបកស្រាយថា៖ “ពួកឯងនិយាយត្រូវទាំងអស់ តែត្រូវទៅតាមអ្វីដែលពួកឯងឃើញ ត្រូវតាមពេលវេលាដែលពួកឯងទៅ និងត្រូវតាមអ្វីដែលពួកឯងដឹងដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃឃើញ។”

គាត់បន្ត៖ “កូនទី​ ១ ឃើញទឹកកកហ៊ុមជិតដើមប៉ោមដោយសារតែឯងទៅចំពេលរដូវរងារ។ កូនទី ២ ឃើញស្លឹក និងផ្លែច្រើនដោយសារឯងទៅចំពេលរដូវផ្ការីក។ កូនទី ៣ ឃើញស្លឹកក្រៀមក្រោះដោយសារទៅចំពេលរដូវក្ដៅ។ ឯកូនពៅឃើញស្លឹកជ្រុះពេញដីក៏ដោយសារទៅចំរដូវស្លឹកឈើជ្រុះ! តើពួកឯងយល់ពីមេរៀនដែលពុកចង់ផ្ដល់ឱ្យទេ?”

តម្លៃអប់រំ៖ ដើមប៉ោមតែមួយ មនុស្ស ៤ នាក់ពណ៌នាផ្សេងៗគ្នា។ នោះក៏ដោយសារតែពួកគេឃើញវានៅកាលៈទេសៈផ្សេងៗគ្នា។ ងាកមកជីវិតប្រចាំថ្ងៃវិញ មិនថាជាមនុស្សឬរឿងអ្វីទេ អ្នកមិនគួរវិនិច្ឆ័យដាច់ខាតតែលើព័ត៌មានដែលខ្លួនដឹងតែមួយមុខទេ គួរពិគ្រោះទទួលយោបល់អ្នកដទៃព្រោះអ្វីដែលអ្នកឃើញមិនប្រាកដថាជារឿងដែលត្រឹមត្រូវសុទ្ធនោះទេ ដោយសារមនុស្សឬអ្វីក៏ដោយ វាអាចប្រែប្រួលតាមពេលវេលា។ ហេតុនេះវាមានជ្រុងជាច្រើនដែលយើងមើលរំលង ឬមើលមិនឃើញ។

ម្យ៉ាងទៀតរឿងនេះក៏ចង់បង្ហាញថា ប្រសិនបើដើមប៉ោមនោះមិនអាចប្រឈមមុខនឹងរដូវរងារ រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះទេ វាក៏មិនអាចទទួលបានផ្លែផ្កានៅរដូវផ្ការីកបានដែរ។ មនុស្សយើងក៏ដូច្នោះ! បើចង់សោយសុខនឹងជោគជ័យត្រូវហ៊ានប្រឈមមុខនឹងឧបសគ្គទាំងឡាយចំពោះមុខ!


អត្ថបទទាក់ទង

រឿងខ្លី៖ តើលុយដែលត្រូវបានគេជាន់ប្រឡាក់ដី នៅមានតម្លៃទៀតដែរឬទេ? ផ្តល់ទស្សនៈ អំពីតម្លៃខ្លួនរបស់យើងទាំងអស់គ្នា

 

Leave a Reply