រឿងខ្លី៖ កូនឥន្ទ្រី និងមេមាន់ បង្កប់អត្ថន័យអំពីការប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នក

ថ្ងៃមួយមានមេមាន់មួយក្បាលបានដើរនៅក្បែរសម្បុករបស់ខ្លួនហើយក៏ប្រទះឃើញពងបក្សីមួយ (ពងឥន្ទ្រី)។ តែវាស្មានថាជាពងមាន់ក៏យកមកក្រាបហើយភ្ញាស់ជាមួយពងរបស់វា។

បានមួយរយៈពងមាន់ទាំងអស់រួមទាំងពងឥន្រ្ទីផងក៏ញាស់ព្រមគ្នា។ ហើយកូនឥន្ទ្រីក៏ត្រូវបានចិញ្ចឹមបីបាច់ជាមួយនឹងកូនមាន់ទាំងអស់នោះ។ ថ្ងៃមួយពេលកំពុងចឹកចំណីរួមគ្នា មានឥន្ទ្រីមួយក្បាលហើរសំកាំងពីលើ ពេលនោះមេមាន់ក៏ហៅកូនៗឱ្យរត់ពួន។

កូនឥន្ទ្រីឃើញដូចនោះក៏ឆ្ងល់ជាខ្លាំង ហើយស្រែកសួរមេមាន់ថា៖ “ម៉ែ! ហេតុអ្វីបានជាយើងត្រូវរត់គេច? ហេតុអ្វីត្រូវខ្លាចសត្វនោះ?

មេមាន់ឆ្លើយថា៖ “ព្រោះនោះជាឥន្ទ្រី បើយើងមិនរត់គេចវានឹងចាប់ស៊ីយើង!”

កូនឥន្ទ្រីក្រោយពីឃើញដូចនោះក៏តាំងចិត្តថានឹងប្រឹងរៀនហើរឱ្យបានលឿន និងខ្ពស់ដូចឥន្ទ្រីដែរ។ តែរាល់ពេលដែលវាឡើងទៅដើមឈើដើម្បីត្រៀមខ្លួនរៀនហើយ មេមាន់ និងកូនមាន់ទាំងនោះតែងស្រែកចំអកថា៖ “ឯងកំពុងធ្វើអ្វី? ពួកយើងជាមាន់ ហេតុនេះឯងមិនបាច់ប្រឹងរៀនហោះទេ វាគ្មានសង្ឃឹមទេ! ចុះមកវិញភ្លាម!”

កូនឥន្ទ្រីដែលត្រូវបានចិញ្ចឹមដោយមេមាន់ និងរស់ជាមួយកូនមាន់ក៏ចាប់ផ្ដើមគិតថាខ្លួនជាមាន់ដែរ ហើយមានផ្នត់គំនិតថាខ្លួនមិនអាចហោះបានឡើយ ហើយវាក៏បោះបង់គំនិតរៀនហោះ និងបានត្រឹមតែដើរកុកៗចឹកចំណីអស់មួយជីវិតទៅ។

រឿងនេះចង់បង្ហាញថា​ សារជាតិរបស់មនុស្សខ្លាំងអាចនឹងត្រូវបានបំផ្លាញ បើមនុស្សនោះរស់នៅដោយត្រូវហ៊ុមព័ទ្ធ ឬក៏រងឥទ្ធិពលពីបុគ្គល ឬបរិស្ថានអវិជ្ជមាន។

ពេលខ្លះអ្នកមានសារជាតិជាឥន្ទ្រីដែលអាចឈោងទៅចាប់គោលដៅធំៗបាន តែមនុស្សជំុវិញអ្នកជាច្រើនបែរជាប្រាប់អ្នកថាអ្នកគ្រាន់តែជាមាន់ ហើយបើអ្នកបណ្ដោយខ្លួនឲ្យជឿថាខ្លួនជាមាន់មែន នោះអ្នកនឹងមិនអាចប្រើសក្ដានុពលជាឥន្ទ្រីនៅក្នុងខ្លួនអ្នកបានឡើយ។


អត្ថបទទាក់ទង

រឿងខ្លី៖ “ត្បូងមានតម្លៃមិនកាត់ថ្លៃ” អានហើយអ្នកនឹងអាចឆ្លើយនូវសំណួថាតើអ្វីទៅជាតម្លៃនៃជីវិត?

 

Leave a Reply