រឿងខ្លីនៃជីវិត៖ គ្រួសារ និងការងារ

មានគ្រួសារមួយមានឪពុកនិងកូនប្រុសម្នាក់ ដោយឪពុកជាអ្នកធ្វើការពេញម៉ោងចេញពីព្រឹកមកផ្ទះយប់ ស្ទើរគ្មានពេលញ៉ាំបាយជាមួយកូនទោះសៅរ៍ក្ដី អាទិត្យក្ដី។

ចំណែកកូនប្រុសទើបវ័យ ៨ឆ្នាំ​ រៀនថ្នាក់ទី២។ ជារៀងរាល់ថ្ងៃគេតែងមានអារម្មណ៍ឯកាខ្លាំងណាស់ ដោយពេលមកពីរៀនវិញ នៅផ្ទះស្ងាត់ជ្រងំតែម្នាក់ឯង ដោយសាររស់នៅតែជាមួយឪពុក តែបែរជាឪពុកមិនសូវមានពេលនៅក្បែរទៀត។

ថ្ងៃមួយពេលឪពុកមកពីធ្វើការពេលយប់ថ្ងៃសុក្រ កូនបានសួរទៅពុកគេថា៖ “ពុកស្អែកថ្ងៃសៅរ៍ទំនេរទេ? ខ្ញុំចង់ឱ្យពុកជូនទៅមើលសួនសត្វបន្តិចណាពុក?”

ឪពុកតប៖ “ឯងមិនដឹងទេឬ? ថាពុកត្រូវធ្វើការ៧ថ្ងៃក្នុងមួយអាទិត្យគ្មានពេលឈប់ ដើម្បីរកលុយមកផ្ទះ និងឱ្យឯងទៅរៀន? កុំនាំពុកទៅដើរលេងឥតប្រយោជន៍! បើចង់ទៅ ទៅបបួលមិត្តភក្ដិឯងទៅ!”

កូនក៏ស្រងូតស្រងាត់ ហើយក៏ចូលទៅពួនយំក្នុងបន្ទប់។ លុះមួយខែក្រោយមក​ នៅយប់ថ្ងៃសុក្រ គេក៏បានសួរទៅកាន់ពុកគេជាថ្មីម្ដងទៀតថា៖ “ពុក! ថ្ងៃស្អែក នៅសាលាមានកម្មវិធី គេឱ្យអញ្ជើញឪពុកម្ដាយទៅចូលរួមលើកទឹកចិត្តកូនប្រឡងគូររូប! សូមពុកទៅជួយលើកទឹកចិត្តកូនផង! បើបានរង្វាន់យើងអាចថតរូបជុំគ្នាបាន!”

ពុកក៏តប៖ “ពុកប្រាប់ឯងប៉ុន្មានដងហើយថាពុករវល់ណាស់! ក្រៅពីការងារពុកគ្មានពេលទេ!”

កូនសួរបន្ត៖ “ក្នុងមួយថ្ងៃពុករកបានប៉ុន្មាន?”

ពុក៖ “ពុកអាចរកបាន ១០ដុល្លារ ក្នុងមួយថ្ងៃ! បើពុកទៅសាលាកូន ពុកនឹងខាត ១០ដុល្លារហើយ!”

កូន៖ “បាទខ្ញុំយល់ហើយ! ពុកអាចឱ្យកូនខ្ចី ៥ ដុល្លាសិនបានទេ?”

ពុក៖ “បានពុកអាចឱ្យឯងខ្ចីបាន មិនអីទេ! ហើយបើឯងខ្វះលុយ យកវាតែម្ដងទៅមិនបាច់សងទេ!”

កូនក៏ត្រេកអរ ហើយក៏យកលុយដើរចូលទៅបន្ទប់គេ។ បន្តិចក្រោយមកគេក៏ចេញមកវិញដោយកាន់លុយ ១០ដុល្លារក្នុងដៃ រួចក៏ហុចឱ្យពុកគេ និងពោលថា៖ “ពុកណេះ! ខ្ញុំឱ្យពុក ១០ដុល្លារ ដើម្បីទិញពេលវេលាពុកឱ្យនៅជាមួយខ្ញុំមួយថ្ងៃស្អែកនេះ! ដូចនេះសូមពុកកុំបាច់ទៅធ្វើការអី! ១០ដុល្លារនេះ ខ្ញុំបានសន្សំ ៥ដុល្លារ ពីខែមុន និង៥ដុល្លារ ខ្ចីពុកមិញនេះឯង!”

ឪពុកគ្រាន់តែឮដូច្នេះ ក៏ស្រក់ទឹកភ្នែកច្រោកតែម្ដង និងស្ទុះទៅឱបកូនប្រុស និយាយទាំងខ្សឹកខ្សួលថា៖ “ឱ! កូនប្រុសសម្លាញ់អើយ! ពុកដឹងខុសហើយ! ពុកទើបតែយល់ថាប៉ុន្មានឆ្នាំមកនេះ ពុកវក់នឹងការងារពេកមិនបានផ្ដល់ភាពកក់ក្ដៅឱ្យកូនគ្រប់គ្រាន់ទេ! ពុកសូមទោស!”


អត្ថបទទាក់ទង

រឿងខ្លី៖ “ត្បូងមានតម្លៃមិនកាត់ថ្លៃ” អានហើយអ្នកនឹងអាចឆ្លើយនូវសំណួថាតើអ្វីទៅជាតម្លៃនៃជីវិត?

Leave a Reply