តើមានដឹងទេ! ជីវិត និងស្នាដៃរបស់ វិលប័រ និង អ័រវិល រ៉ៃត៍ អ្នកបង្កើតយន្តហោះដំបូងក្នុងពិភពលោក ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?
បងប្អូនបង្កើតទាំងពីរនាក់ វិលប័រ និង អ័រវិល រ៉ៃត៍ (Wilbur Wright 1867-1912 & Orville Wright 1871-1948) ជាកូនអាចារ្យខាងសាសនាប្រូតែស្តង់នៅទីក្រុងដៃតុន រដ្ឋអូហាយូសហរដ្ឋអាមេរិក។ ដោយទឹកចិត្តស្រលាញ់ និងមានជំនក់ចិត្តបច្ចេកទេសតាំងពីកុមារភាព រ៉ៃត៍ ទាំងពីរនាក់បងប្អូនបានខិតខំរៀនសូត្រស្រាវជ្រាវ ដើម្បីអនុវត្តនូវបំណងប្រាថ្នាដ៏ធំធេងរបស់ខ្លួន គឺការផលិតចេញនូវឧបករណ៍ដើម្បីជួយឲ្យមនុស្សអាចហោះហើរទៅលំហអាកាស។ នៅទីបំផុត នាឆ្នាំ១៩០៣ បងប្អូនរ៉ៃត៍ទាំងពីរនាក់ ផលិតបានយន្តហោះមួយគ្រឿងជាលើកដំបូងបង្អស់នៅលើពិភពលោក ដែលបានបើកចេញនូវសករាជអាកាសចរណ៍សម្រាប់មនុស្សលោក។
ក្មេងៗរពឹស
លោកអាចារ្យ មីលតុន រ៉ៃត៍ (Milton Wright) មិនសប្បាយចិត្តនឹងកូនប្រុសទាំងពីរនាក់របស់លោកសោះ ដែលមួយថ្ងៃៗទៅលេងតែហាលថ្ងៃ ដូចជា បង្ហោះខ្លែងជាដើម។ គាត់ក៏បានចេញបញ្ជាយ៉ាងតឹងរ៉ឹង និងឃាត់ឃាំងឲ្យកូនគាត់លេងតែក្នុងសួនច្បារក្នុងផ្ទះតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ វិលប័រ និង អ័រវិល មិនអាចនៅស្ងៀមមិនកម្រើកដៃជើងបានឡើយ។ គេទាំងពីរត្រូវតែនឹកឲ្យចេញនូវល្បែងអ្វីមួយដើម្បីកំសាន្តទើបបាន។ ក្រោយពីបានពិគ្រោះគ្នាអស់ ២-៣ថ្ងៃ ពីរនាក់បងប្អូនបានសម្រេចចិត្តរៀបដំឡើងម៉ាស៊ីនក្រឡឹងមួយ។
អ័រវិល ងឿងឆ្ងល់ហើយសួរបងថា៖ “បើពុកមិនឲ្យយើងចេញផុតពីផ្ទះយ៉ាងនេះ តើយើងរកដែកបានមកពីណា?”
វិលប័រ រារដៃ៖ “ទុកជាពុកឲ្យច្បាប់ទៅខាងក្រៅផ្ទះ ក៏យើងគ្មានលុយគ្រប់គ្រាន់ដើម្បីទិញដែក និងវត្ថុធាតុចាំបាច់ផ្សេងៗទៀតដែរ។ ល្អបំផុតគឺយើងទាំងអស់គ្នា គួរតែធ្វើពីឈើដែលមានស្រាប់នៅក្នុងសួននេះតែម្ដងទៅ។”
ពួកគេនិយាយយ៉ាងណាធ្វើយ៉ាងហ្នឹង។ រ៉ៃត៍ ពីរនាក់បងប្អូន លីរណារ ញញួរ ពូថៅ មកពុះជ្រៀកឈើដើម្បីធ្វើម៉ាស៊ីនក្រឡឹងតាមគំរូម៉ាស៊ីនដែលពួកគេបានឃើញកាលទៅតាមឪពុកពេលទស្សនារោងចក្រ។
លោកអាចារ្យឃើញកូនមិនដើរលេងពាសវាលពាសកាល ហើយម្ង៉ៃៗសម្ងំតែក្នុងសួន គាត់សប្បាយចិត្តណាស់។ តែពេលបានដឹងរឿងរ៉ាវ គាត់ហួសចិត្តលើកដៃឡើងទៅលើមេឃ ហើយនិយាយថា៖ “ពិតជាអាកូនរពឹសមែន!” តែលោកកាន់តែភ័ន្តភាំងថែមទៀត ពេលឃើញម៉ាស៊ីនក្រឡឹងធ្វើពីឈើរបស់កូនប្រុសលោកដំណើរការបាន មិនខុសពីម៉ាស៊ីនក្រឡឹងធម្មតាឡើយ។
បើគ្មាន ត្រូវតែច្នៃប្រឌិតដោយខ្លួនឯង
នៅឆ្នាំដដែល អ័រវិល មានអាយុ១៤ឆ្នាំ និងវិលប័រ មានអាយុ១៨ឆ្នាំ គេបានសម្រេចចិត្តបើករោងពុម្ពមួយ និងបោះពុម្ពផ្សាយកាសែត “គ្រាប់ឈូក” ដើម្បីធ្វើការទិតៀនទម្លាប់អាក្រក់របស់ពួកកូនសិស្សនៅក្នុងសាលារៀន។
អ័រវិល សួរទៅបងថា៖ “តើគេត្រូវទៅរកពីណានូវអក្សរពុម្ព និងម៉ាស៊ីនបោះពុម្ព?”
វិលប័រ និយាយយ៉ាងដាច់ណាត់៖ “បើគ្មាន ត្រូវតែច្នៃប្រឌិតដោយខ្លួនឯង។”
រួចគេបានធ្វើដោយដៃខ្លួនឯងទាំងម៉ាស៊ីនបោះពុម្ព ទាំងអក្សរពុម្ព។ បន្ទាប់ពីបានស្រាវជ្រាវអស់រយៈពេល២ឆ្នាំ គេបានបើករោងពុម្ពមួយ និងបោះពុម្ពផ្សាយកាសែតដែលមិនត្រឹមតែសម្រាប់បម្រើកុមារប៉ុណ្ណោះទេ គឺថែមទាំងបោះពុម្ពផ្សាយនូវសៀវភៅតូចៗ និងទស្សនាវដ្ដីសម្រាប់មនុស្សចាស់ថែមទៀតផង។
សូម្បីតែកង់ជាលើកដំបូងបង្អស់ ដែលចំពោះអ្នកទាំងឡាយ គេបាននាំចូលមកទ្វីបអាមេរិក ក៏បងប្អូនរ៉ៃត៍អនុវត្តគោលការណ៍ “បើគ្មានត្រូវតែធ្វើដោយខ្លួនឯង ដោយផលិតបានកង់សម្រាប់ផ្ទាល់ខ្លួនម្នាក់មួយទុកជិះកំសាន្ត។”
នៅលំនៅដ្ឋានរបស់ខ្លួន គេបានបង្កើតរោងជាងយន្តកម្មមួយដែលមានឧបករណ៍ជាច្រើន។ ពួកគេប្រើរោងជាងនេះសម្រាប់ផលិតនូវម៉ាស៊ីន និងគ្រឿងសម្ភារៈថ្មីៗជាច្រើន។
ការប្រមាថចំពោះអាទិទេព
កាលពីនៅកុមារ បងប្អូនទាំងពីរនាក់ចូលចិត្តអានរឿងវេទមន្តណាស់។ ជាពិសេសគេចូលចិត្តអានដំណើររឿងជាងពូកែកាលពីជំនាន់ក្រិកគឺ ដេដាន (Daedalus) ដែលរួមជាមួយកូនប្រុសរបស់ខ្លួនគឺ អ៊ីកា (Icarus) បានស្លាបពាក់ដោយរោមចាបទុកហោះហើរនៅលើអាកាស។
យុវជនទាំងពីររូប វិលប័រ និងអ័រវិល បានសម្រេចចិត្តធ្វើការតាមដានមើលដោយប្រើរោមក្ងានធ្វើជាស្លាបសម្រាប់ហើរសាកល្បង។ ពេលធ្វើស្លាបរួចហើយ អ័រវិល ស្ម័គ្រចិត្តហើរពិសោធន៍ គេបានពាក់ស្លាបរួចឡើងលើដើមឈើត្រដាងស្លាប ហើយលោតចុះមកដី។ លទ្ធផល គឺ អ័រវិល ត្រូវដួលគ្រេចជើង ហើយត្រូវដេកស្ដឹងនៅលើគ្រែរាប់សប្ដាហ៍។
លោកអាចារ្យបានដឹងរឿង ក៏ហៅកូនទាំងពីរមកស្ដីបន្ទោស៖ “ចូរកូនត្រូវចាំ មានតែទេវតាទេ ទើបមានស្លាបហោះហើរក្នុងលំហអាកាសបានដូចជាចាបនោះ។ ពួកឯងចង់ធ្វើដូចទេវតា គឺជាការប្រមាថចំពោះព្រះអាទិទេព ហើយមនុស្សយើងជារៀងរហូតមិនអាចហោះហើរបានទេណាកូន។”
លោកអាចារ្យមិននឹងស្មានថា រំលងតែរាប់សិបឆ្នាំក្រោមមកទៀតប៉ុណ្ណោះ កូនប្រុសរបស់លោកសម្រេចធ្វើបាននូវកិច្ចការ ដែលហៅថា “ការប្រមាថចំពោះព្រះអាទិទេព” នោះ ។
៧ឆ្នាំនៃការធ្វើពលកម្មដ៏តឹងតែង
បងប្អូនរ៉ៃត៍ ពេលណាក៏នឹងដល់ការហោះហើរនៅក្នុងលំហអាកាសដែរ។ ការត្រូវដួលរបស់អ័រវិល ដូចទេវតាដាក់ទណ្ឌកម្ម ធ្វើឲ្យគេអះអាងថា គេមិនអាចហើរដោយស្លាបបានទេ តែគេត្រូវតែរិះរកមធ្យោបាយដើម្បីធ្វើជាឧបករណ៍ផ្សេងៗទៀតដែលអាចហោះហើរបាន។ គេនាំគ្នារុករកស្រាវជ្រាវពីកាសែត សៀវភៅ ដែលនិយាយពីការហោះហើរ សង្កេតមើលចាបហើរ ធ្វើនិងបង្ហោះខ្លែងក្រដាស ដើម្បីតាមដានមើល និងស្រាវជ្រាវ។
ដើម្បីកុំឲ្យរំខានដល់ជំនឿខាងសាសនារបស់ឪពុក បងប្អូនរ៉ៃត៍ទាំងពីរនាក់លួចយកកប៉ាល់ហោះទៅកាន់ភូមិគីទីហុក នៅជាប់មាត់សមុទ្រអាត្លង់ទិក ចម្ងាយពីដៃតុន ជិត១០០០គ.ម ដើម្បីធ្វើពិសោធន៍លើឧបករណ៍ហោះហើរជាលើកដំបូងនេះ។
បន្ទាប់ពីការសាកល្បងជាលើកដំបូងនេះ គេនៅបានផលិតបន្ថែមនូវកប៉ាល់ហោះ២ទៀត រួចទើបចាប់ផ្ដើមធ្វើការផលិតនូវយន្តហោះមានគ្រឿងយន្ត។
វាចាំបាច់ត្រូវតែមានគ្រឿងយន្តប្រើប្រេងឥន្ធនៈ ដែលស្រាល និងខ្លាំង និងត្រូវមានកង្ហារថ្មី។ ពួកគេធ្វើស្លាបកង្ហារដោយដៃឯង ចំណែកគ្រឿងយន្ត គេបានស្វែងរកក្រុមហ៊ុនដែលជំនាញខាងធ្វើគ្រឿងយន្ត។ គេដាក់ពាក្យសុំទិញ តែទៅដល់ណា ក៏បណ្ដាវិស្វករគ្រវីក្បាលដូចគ្នា៖ “ពាក្យសុំទិញទំនិញរបស់លោកមិនអាចឆ្លើយតបបានទេ ព្រោះកម្រិតបច្ចេកទេសមិនអាចធ្វើដល់កម្រិតនេះឡើយ។”
ដូច្នេះ ពួកគេត្រូវអនុវត្តគោលការណ៍ “បើគ្មាន ត្រូវតែធ្វើដោយខ្លួនឯង”។ បន្ទាប់ពី៧ឆ្នាំនៃការធ្វើពលកម្មដ៏នឿយហត់ តានតឹង អត់ស៊ី អត់ឃ្លាន បងប្អូនរ៉ៃត៍ ក៏បានសម្រេចការផលិតយន្តហោះជាលើកដំបូងបង្អស់។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩០៣ ប្រជាជននៅភូមិគីទីហុកដ៏តូបានធ្វើជាសាក្សីឲ្យការពិសោធន៍មួយជាប្រវត្តិសាស្ត្រ។ ក្រោយពីឮស្នូរម៉ាស៊ីនដើរអស់មួយសន្ទុះ ធ្វើឲ្យកក្រើកអស់វាលខ្សាច់មាត់សមុទ្រ គេឃើញលេចឡើងនៅលើកំពូលដំបូកខ្សាច់នូវគ្រឿងយន្តចម្លែកមួយគ្រឿង ដែលហោះហើរយ៉ាងលឿនទៅក្នុងលំហអាកាស រួចបន្ទាបស្លាបចុះបន្តិចម្ដងៗមកលើវាលខ្សាច់។ មនុស្សម្នានាំគ្នាស្រមកមើល ទើបឃើញជាក់ជារទេះធ្វើពីឈើមានស្លាបធ្វើពីក្រណាត់ នៅក្នុងបន្ទប់បើកបរមានយុវជនក្មេងពីរនាក់ ទឹកមុខឡើងក្រហមដោយសប្បាយចិត្ត។ គ្រឿងយន្តប្រើប្រេងឥន្ធនៈនៅតែឆេះបញ្ចេញស្នូរ ផ្សែងខ្មៅខ្មួរខ្មាញ់ ពួកគេគឺផលិតកររ៉ៃត៍ទាំងពីរនាក់បងប្អូន ដែលបានសាកល្បងហោះហើរលើកដំបូងនៅលើយន្តហោះដែលពួកគេបានបង្កើតឡើង។
ដំណើរហោះហើរជាប្រវត្តិសាស្ត្រនេះ អូសបន្លាយពេលបានត្រឹមតែ ៥៩វិនាទី និងហោះបានចម្ងាយ ២៦០ម៉ែត្រប៉ុណ្ណោះ។
បំណងប្រាថ្នា និងការពិត
ពិសោធន៍ដ៏មហិមារបស់បងប្អូនរ៉ៃត៍ ពុំបានទទួលការគាំទ្រពីនរណាសោះឡើយ។ កាសែតនៅអាមេរិកភាគច្រើនពុំបានចុះផ្សាយដំណឹងពីការពិសោធន៍នេះទេ។ គេមិនយល់ ហើយមិនជឿថា មនុស្សអាចនឹងផលិតបាននូវឧបករណ៍ហោះហើរបានឡើយ។ កាសែតមួយនៅដៃតុន ថែមទាំងបានសរសេរថា នេះគ្រាន់តែល្បែងកំសាន្តរបស់យុវជនពីរនាក់នៅទីក្រុងរបស់គេ ដែលធ្លាប់រប៉ិលរប៉ូចតាំងពីនៅតូចនោះទៀតផង។
បងប្អូនរ៉ៃត៍ បានយកឯកទគ្គកម្មរបស់ខ្លួនទៅជួបជាមួយអ្នកកាន់អំណាចនៅវ៉ាស៊ីនតោន ដើម្បីសុំជំនួយឧបត្ថម្ភ។
គេបានសួរវិញថា៖ “អាល្បែងកំសាន្តនេះវាមានប្រយោធន៍អី?”
អ័រវិល និយាយយ៉ាងជក់ចិត្តថា៖ “នេះឧបករណ៍មួយប្រភេទអាចនឹងបញ្ចប់នូវបណ្ដាសង្គ្រាមឥតប្រយោជន៍ទាំងឡាយ ដែលពួកស្ដេចតែងតែបង្កឡើង ដើម្បីសម្លាប់មនុស្សរាល់គ្នា។”
ឃើញគេនៅតែងឿងឆ្ងល់ អ័រវិល ពន្យល់ថា៖ “បើសិនជាស្ដេចអង្គណាមួយបង្កសង្គ្រាមឥតហេតុផលនោះ យើងគ្រាន់តែជិះលើយន្តហោះនេះទៅទម្លាក់គ្រាប់បែកចំវិមានរបស់ស្ដេចអង្គនោះ វាប្រាកដជាអាចពន្លត់ភ្លើងសង្គ្រាមបានភ្លាម។”
អ្នកកាន់អំណាចនៅវ៉ាស៊ីនតោននៅតែមិនជឿមតិរបស់រ៉ៃត៍ឡើយ ហើយចាត់ទុកថាជាការប៉ងប្រាថ្នាស្រមើស្រម៉ៃរបស់ពួកគេតែប៉ុណ្ណោះ។ បងប្អូនរ៉ៃត៍ ពុំបានទទួលនូវការជួយឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តឯកទគ្គកម្មដ៏មហិមារបស់ខ្លួនឡើយ។ ប៉ុន្តែ៥ឆ្នាំក្រោយមកទៀត ពេលដែលយន្តហោះត្រូវបានគេពិសោធន៍ដោយជោគជ័យនៅប្រទេសបារាំង ទើបឯកទគ្គកម្មនេះត្រូវបានគេទទួលស្គាល់។ ប្រទេសជាច្រើនបាននាំគ្នាប្រណាំងប្រជែងផលិតយន្តហោះ។ តែបំណងប្រាថ្នាបញ្ចប់សង្គ្រាមដោយយន្តហោះរបស់រ៉ៃត៍ពុំត្រូវបានគេអនុវត្តឡើយ។ ផ្ទុយមកវិញ បណ្ដាប្រទេសចក្រពត្តិនិយមនានា បានប្រើឯកទគ្គកម្មរបស់បងប្អូនរ៉ៃត៍ សម្រាប់ពង្រីកសង្គ្រាមជាងមុនទៅទៀត ដើម្បីសម្លាប់មនុស្សដ៏ច្រើន ហើយនឹងបំផ្លាញបណ្ដាស្នាដៃច្នៃប្រឌិតទាំងឡាយរបស់មនុស្សលោកថែមទៀត។
ដកស្រង់ចេញពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
អ្នកអាចសិក្សាស្វែងយល់បន្ថែមអំពីជីវិត និងស្នាដៃរបស់ បងប្អូនត្រកូលរៃត៍ ដូចខាងក្រោម៖
Wrights Brothers Aeroplane Company
អត្ថបទទាក់ទង
រ៉ូល អាមូនសែន (Roald Amundsen, 1872-1928) អ្នករុករកដែនដីប៉ូលនៃផែនដី
One thought on “តើមានដឹងទេ! ជីវិត និងស្នាដៃរបស់ វិលប័រ និង អ័រវិល រ៉ៃត៍ អ្នកបង្កើតយន្តហោះដំបូងក្នុងពិភពលោក ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?”