រ៉ូល អាមូនសែន (Roald Amundsen, 1872-1928) អ្នករុករកដែនដីប៉ូលនៃផែនដី
រ៉ូល អាមូនសែន (Roald Amundsen, 1872-1928) ជាអ្នករុករកដែនដីប៉ូលនៃផែនដី។ លោកជាជនជាតិន័រវែស និងមានកំណើតក្នុងត្រកូលគ្រួសារអ្នកមានមធ្យមម្នាក់។ ដោយទឹកចិត្តប្ដេជ្ញាបូជាអស់មួយជីវិត បម្រើវិទ្យាសាស្ត្រ អាមូនសែន បានលះបង់ចោលនូវជីវភាពរស់នៅសុខស្រួល ហើយប្រឹងប្រែងលត់ដំសុខភាព និងជីវភាពរស់នៅក្នុងជីវិតមួយពោរពេញដោយការលំបាកវេទនា ដែលពោរពេញដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ក្រោយពីរៀនមុខរបរនាវិករយៈពេល៣ឆ្នាំ អាមូនសែន បានចាប់ផ្ដើមចូលប្រឡូកក្នុងឆាកជីវិតរុករកដែនដីរហោស្ថាននៅតំបន់ប៉ូលដ៏ឆ្ងាយដាច់ស្រយាល។
ព្យុះព្រិល ផ្ទាំងទឹកកក ជំងឺស្ករបុត (Scorbut ជំងឺខ្វះវិតាមីនសេ ដែលបណ្ដាលឲ្យជ្រុះធ្មេញ កើតរមាស់ រាគរូស ឈាមមិនកក) ទុក្ខវេទនា និងការស្លាប់ដោយភាពឯកោ។ល។ និង ។ល។ ឧបសគ្គទាំងនោះមិនអាចរារាំង អាមូនសែន មិនឲ្យដណ្ដើមបានជោគជ័យដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់សម្រាប់វិទ្យាសាស្ត្របានឡើយ។ នៅប៉ូលខាងជើង ក៏ដូចជានៅប៉ូលខាងត្បូង នៅទីណាក៏ អាមូនសែន បង្កើតបាននូវយុទ្ធជ័យយ៉ាងល្បីរន្ទឺ។ ឆ្នាំ១៩២៨ ដោយការធ្វើដំណើរប្រញាប់ប្រញាល់ ដើម្បីជួយសង្គ្រោះជីវិតអ្នករុករកប៉ូលខាងជើង ជាតិអ៊ីតាលីម្នាក់ អាមូនសែ បានចាកចេញទៅដោយគ្មានថ្ងៃវិលវិញ។ តែលោកបានបន្សល់ទុកជាអមតៈនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនលើទំព័រប្រវត្តិសាស្ត្រនៃការរកឃើញភូមិសាស្ត្រដ៏មហិមារបស់មនុស្សជាតិ។
របៀបត្រៀមយ៉ាងល្អបំផុត
ដោយឃើញ អាមូនសែន មានជំនក់ចិត្តអានរាល់រឿងរ៉ាវរុករករបស់អ្នកភូមិសាស្ត្រនានាខ្លាំងពេក មិត្តភក្តិទាំងឡាយក៏សួរថា៖ “ប្រហែលជាឯងចង់ក្លាយទៅជាអ្នករុករកហើយមែនទេ?”
អាមូនសែនក៏បានប្រកាសក្ដែងៗថា៖ “យើងនឹងធ្វើឲ្យខ្លួនយើងក្លាយជាអ្នករុករកតាមតំបន់ដីប៉ូល។”
មិត្តភក្តិទាំងអស់បើកភ្នែកឡើងមូលត្លុំ៖ “រុករកតំបន់ប៉ូលខាងជើង! គឺទីកន្លែងដែលមានតែព្យុះព្រិល និងផ្ទាំងទឹកកកគ្របដណ្ដប់ខួបខែខួបឆ្នាំនោះឬ?”
មិត្តភក្តិមិនជឿដោយនិយាយលេងថា៖ “មិត្តឯងធ្លាប់រស់នៅជាមួយភួយយ៉ាងសុខស្រួលកក់ក្ដៅ។ ប្រហែលជាដល់ពេលទៅកាន់តំបន់ប៉ូលខាងជើង ឯងត្រូវតែអូសតាមទៅជាមួយនូវបន្ទប់គេងដ៏មានផាសុកភាពរបស់ខ្លួនជាមួយហើយមើលទៅ។”
ពាក្យនិយាយលេងនោះធ្វើឲ្យអាមូនសែនមុខឡើងក្រហម។ យុវជនយើងមិនឆ្លើយអ្វីទាំងអស់ តែក្នុងចិត្តលួចប្ដេជ្ញានឹងសម្រេចចិត្តធ្វើឲ្យទាល់តែបាន។
ពីរបីខែក្រោយមក ក្នុងថ្ងៃមួយដែលមានព្យុះព្រិល អាមូនសែន បានទៅបបួលមិត្តម្នាក់ដែលនិយាយលេងកាលពីថ្ងៃមុន ទៅងូតទឹកនៅទន្លេ។ មិត្តម្នាក់នេះស្រឡាំងកាំង និយាយថា៖ “ឯងមិនទាន់ឆ្កួតទេណា! ព្យុះព្រិលយ៉ាងនេះ សូម្បីតែនៅក្នុងផ្ទះក៏នៅតែរងាសឹងទ្រាំមិនបានទៅហើយ ចុះទម្រាំទៅងូតទឹកនៅទន្លេទៀតនោះ វាយ៉ាងណាទៅវិញ។”
អាមូនសែន ចេញទៅដោយស្ងៀមស្ងាត់តែម្នាក់ឯង ហើយពេលយប់ទើបមកវិញ ដោយយកមកជាមួយនូវគម្រូកូនរុក្ខជាតិដែលទើបតែមានដុះនៅទន្លេមកបង្ហាញមិត្តខ្លួនទៀតផង។ ការពិត គឺមិត្តយុវសិស្សយើងកំពុងរៀនសូត្រពុះពារឆ្លងកាត់ផ្ទៃទន្លេក្នុងពេលព្យុះព្រិលយ៉ាងអង់អាច។
ជាមួយនឹងបំណងលត់ដំខ្លួនប្រាណឲ្យសុខភាពមាំមួន អាចទ្រាំទ្របានចំពោះទុក្ខលំបាកនៃអ្នករុករកតំបន់ដីប៉ូលនាពេលអនាគត អាមូនសែន បានដាក់គម្រោងការហាត់ប្រាណជាប្រចាំ ដោយគេងូតទឹកត្រជាក់ ហើយគេងបើកទ្វារបង្អួចក្នុងរដូវរងា។ ហើយការហែលឆ្លងទឹកទន្លេនេះ គឺជាសាកល្បងដំបូងបង្អស់របស់យុវសិស្សយើងដែលពោរពេញដោយកម្លាំងឆន្ទ:អង់អាច។
បន្ទាប់ពីរៀនចប់មធ្យមសិក្សា អាមូនសែន បានសុំចូលធ្វើការជានាវិក ដើម្បីរៀនទម្លាប់ទៅនឹងជីវិតហាលភ្លៀង ហាលខ្យល់ កណ្ដាលមហាសមុទ្ទ។ រយៈពេល៣ឆ្នាំ នៃការប្រឹងប្រែងលត់ដំរៀនសូត្រ ចាប់ពីនាវិកធម្មតាម្នាក់ រហូតដល់ឡើងកាន់តួនាទីជាអ្នកកាច់ចង្កូត និងជាប្រធាននាវិក គឺជារយៈពេល៣ឆ្នាំ ដ៏ជាក់លាក់សម្រាប់ការត្រៀមរបស់អាមូនសែន ដើម្បីអនុវត្តនូវបំណងប្រាថ្នារុករករបស់ខ្លួន។
កិច្ចការអ្វីដែលអាចធ្វើបាន?
ឆ្នាំ១៩០៣ អាមូនសែន បានដំណើរការរុករកដោយឯករាជ្យម្ចាស់ការជាលើកដំបូងបង្អស់។ គោលបំណងនៃដំណើរនេះ គឺដើរព័ទ្ធជុំតាមមាត់សមុទ្ទខាងជើងអាមេរិក លើផ្លូវពីខាងជើងទៅខាងលិច ដើម្បីអាចចេញពីមហាសមុទ្ទអាត្លង់ទិក ចូលទៅកាន់មហាសមុទ្ទប៉ាស៊ីហ្វិក។
ពេលឮដំណឹង អាមូនសែន កំពុងប្រញាប់ប្រញាល់រៀបចំការចេញដំណើរនេះ មានមិត្តភក្តិជាច្រើនមកទូន្មានលោកឲ្យមានការប្រុងប្រយ័ត្ន ហើយនិយាយថា៖ “អស់រយៈពេល ៤០០ឆ្នាំមកហើយ មិនទាន់មាននរណាម្នាក់បានសម្រេចដំណើរដ៏លំបាកវេទនានេះបាននៅឡើយទេណាអាមូនសែន!”
អាមូនសែនឆ្លើយតបថា៖ “តែម៉ាហ្សែឡង់ (Magellan) បែរជាបានសម្រេចនូវដំណើរមួយដែលរាប់ពាន់ឆ្នាំមុននោះគ្មាននរណាម្នាក់ធ្វើបានឡើយ។”
អាមូនសែនបានចេញដំណើរ និងរស់នៅអស់រយៈពេល៣ឆ្នាំ នៅតំបន់ប៉ូលខាងជើងដ៏ឆ្ងាយដាច់ស្រយាល ដោយបានសម្រេចនូវជោគជម្នះជាលើកដំបូងបង្អស់នេះយ៉ាងល្បីរន្ទឺ។
នរណាជាអ្នកដំបូងបង្អស់?
នៅពេលដែលអាមូនសែនកំពុងមមាញឹករៀបចំវាយសំរុកសំដៅទៅកាន់តំបន់ប៉ូលខាងត្បូង លោកក៏បានទទួលដំណឹងថា អ្នកឯកទេសរុករកប៉ូលខាងត្បូងជាតិអង់គ្លេសឈ្មោះ រ៉ូបឺត ស្កូត បានចេញដំណើររួចទៅហើយ ក្នុងគោលបំណងប្ដេជ្ញាដោយដោតទង់ជាតិប្រទេសអង់គ្លេសមុនគេនៅតំបន់ប៉ូលខាងត្បូងនៃផែនដី។
អាមូនសែន មិនប្រញាប់ប្រញាល់អ្វីឡើយ។ លោកគ្រាន់តែផ្ដែផ្ដាំអ្នកដែលនឹងរួមដំណើរជាមួយលោកក្នុងក្រុមអ្នករុករកត្រូវត្រៀមរៀបចំឲ្យហ្មត់ចត់ ហើយបង្កើតការងារត្រួតពិនិត្យដោយទ្វេថែមទៀត។ លោកនិយាយទៅកាន់អ្នកដែលមានចិត្តអន្ទះអន្ទែងថា៖ “ចូររង់ចាំមើលសិន! មិនទាន់ដឹងថានរណាជាអ្នកទៅដល់មុនគេទេ?”
ក្នុងពេលនោះ រ៉ូបឺត ស្កូត កំពុងសប្បាយរីករាយលុកចូលទៅកាន់តំបន់ទឹកកកប៉ូលខាងត្បូង ដែលធ្វើដំណើរបណ្ដើរ ព្រមទាំងសង់បណ្ដើរនូវស្ថានីយឧតុនិយមស្រាវជ្រាវធម្មជាតិ និងរើសប្រមូលនូវគម្រូស្រាវជ្រាវពីភូមិសាស្ត្របណ្ដើរ។ រទេះរត់លើទឹកកកត្រូវខូច សេះងាប់ រួចមនុស្សមួយចំនួននៃក្រុមរុករកនេះ ត្រូវដេកដួលនៅទីនេះជារៀងរហូត។ ស្កូត និងមិត្តភក្តិ៤នាក់ទៀត បន្តដំណើរយ៉ាងយឺតយ៉ាវលើកំណាត់ផ្លូវដែលនៅសល់។
ចំណុចប៉ូលខាងត្បូងបានលេចឡើងសន្សឹមៗនៅពីមុខស្កូត។ តែនុះន៎! មានវត្ថុអ្វីពណ៌ខ្មៅនៅលើខឿនព្រិលពណ៌សនោះ? ស្កូត បានទៅជិត និងស្គាល់ច្បាស់ថា នោះគឺជាទង់ជាតិប្រទេសន័រវែស។ អាមូនសែនបានមកដល់ទីនេះមុនមួយខែទៅហើយ!
ស្កូត ព្រួយចិត្តយ៉ាងខ្លាំង ហើយបានដោតទង់ជាតិប្រទេសអង់គ្លេសក្នុងលក្ខណៈគួរឲ្យអាណិត ដូចដែលលោកបានសរសេរនៅក្នុងទិនានុលេខន៍។ ស្កូត រួមជាមួយមិត្តភក្តិធ្វើដំណើរបកក្រោយវិលទៅវិញយ៉ាងអាណោចអាធ័ម ដោយ៣នាក់ត្រូវស្លាប់ ក្នុងនោះក៏មានស្កូតផងដែរ។
ចំណែក អាមូនសែន បានវិលត្រលប់មកអឺរ៉ុបវិញដោយសុវត្ថិភាព ហើយកំពុងរៀបចំចេញដំណើរមួយថ្មីទៀត។
ពេលដែលគេសួរ អាមូនសែន ថាតើលោកមានគន្លឹះអ្វីដែលជានិច្ចកាលអាចសម្រេចបាននូវជោគជ័យត្រចះត្រចង់នោះ?
លោកបានឆ្លើយថា៖ “ជ័យជម្នះនេះ កើតមានចំពោះនរណាដែលមានផែនការគ្រប់គ្រាន់ត្រៀមគ្រប់លក្ខណៈសម្បត្តិជាមុន មិនទុកចន្លោះចោលនូវអ្វីមួយ ទោះជាតូចតាចយ៉ាងណាក៏ដោយ។ ការត្រៀមលក្ខណៈបានហ្មត់ចត់ គឺមានន័យថាសម្រេចបានជោគជ័យ។”
ការបំពានលើគោលការណ៍តែមួយគត់
អាមូនសែន ជាអ្នកដំបូងបង្អស់ដែលបានប្រើយន្តហោះឆ្លងកាត់ប៉ូលខាងជើង ដើម្បីត្រួតពិនិត្យផ្លូវអាកាសចរណ៍មកកាន់តំបន់នេះ។ បន្ទាប់ពីយុទ្ធជ័យនេះ អ្នករុករកជាច្រើនក៏បានយកតម្រាប់តាមអាមូនសែន ដោយជិះលើយន្តហោះទៅកាន់ប៉ូលខាងជើង។
ឆ្នាំ១៩២៨ ទូទាំងអឺរ៉ុបជ្រួលច្របល់នឹងដំណើរយន្តហោះប្រទេសអ៊ីតាលីរបស់ក្រុមអ្នករុករកដឹកនាំដោយ ណូបឺស ដែលត្រូវជួបគ្រោះថ្នាក់ធ្លាក់ចុះក្នុងមហាសមុទ្ទទឹកកក។ ភ្លាមនោះ សហភាពសូវៀត ប្រទេសស៊ុយអែត និងប្រទេសន័រវែស សុទ្ធសឹងបានចាត់ក្រុមអ្នករុករកឆ្ពោះមកតំបន់ប៉ូលខាងជើង ដើម្បីស្វែងរកជនរងគ្រោះ។
អាមូនសែន ក៏បានជិះលើយន្តហោះរបស់ខ្លួនស្វែងរកមិត្តរួមអាជីពដ៏អភ័ព្វរបស់ខ្លួនដែរ។
ពេលឃើញ អាមូនសែន ឡើងយន្តហោះតែម្នាក់ឯង ផ្ទុយពីគោលការណ៍ដែលលោកបានកំណត់ និងម្យ៉ាងដោយតាំងពីយូរមកហើយ លោកមិនដែលធ្វើខុសគោលការណ៍នេះ គឺ “ទៅកាន់ប៉ូលមិនត្រូវទៅតែម្នាក់ឯងទេ” ។
មិត្តខ្លះបានសួរលោកថា៖ “ហេតុផលអ្វីទៅដែលបណ្ដាលឲ្យលោកបំពានគោលការណ៍ដែលបានដាក់ចេញ?”
អាមូនសែនរន្ធត់ចិត្ត ឆ្លើយតបវិញ៖ “អាយុជីវិតនៃជនរងគ្រោះ” ។
នេះគឺជាការបំពានគោលការណ៍តែម្ដងគត់ និងជាសញ្ញានៃដំណើរចុងក្រោយរបស់អាមូនសែន ដែលក្រហល់ក្រហាយស្វែងរកមិត្តរួមអាជីពដែលត្រូវរងគ្រោះ។ លោកចេញទៅដោយគ្មានថ្ងៃវិលវិញ។ គ្មាននរណាដឹងថា តើមានហេតុការណ៍អ្វីដែលបានកើតឡើងចំពោះលោក ក៏ដូចជាគ្មាននរណាដឹងពីអ្វីសោះនូវនាទីចុងក្រោយបំផុតរបស់អ្នករុករកដ៏អស្ចារ្យនេះ ដែលអស់មួយជីវិតរបស់ខ្លួន តស៊ូដើម្បីវិទ្យាសាស្ត្រ និងដើម្បីមនុស្សលោក។
អ្នកអាចសិក្សាស្វែងយល់បន្ថែមអំពីជីវិត និងស្នាដៃរបស់ ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ ដូចខាងក្រោម៖
សៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
Explorer Roald Amundsen death ?…
អត្ថបទទាក់ទង
ជីវិត និងស្នាដៃរបស់អ្នកប្រាជ្ញ អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer)