ប្រវត្តិជីវិត និងស្នាដៃរបស់ ក្រមង៉ុយ (អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ)
“កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ…” ជាបណ្តាំរបស់អ្នកប្រាជ្ញវោហាសាស្រ្តខែ្មរដែលបានចងក្រងនៅក្នុងសៀវភៅ “ក្រមង៉ុយ” តាំងពីទសវត្សឆ្នាំ១៩៣០។
គេមិនដឹងពីថ្ងៃខែកំណើតរបស់ អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូតនៅ ឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល។ លោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថា លោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោកគឺ ចៅពញាធម្មធារា មេឃុំកំបូល នាម អ៊ុក។ រីឯមាតានាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។ មាតាបិតាលោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាកសិក្ខាបទមកជាគ្រហស្ថ លោកមានភរិយាឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន ៦រូប រួមមានឈ្មោះ ដួង ចេង ចា ចិន ចុង និង ចេវ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា «អាចារ្យចុង»។ តាមព័ត៌មានខ្លះទៀតនិយាយថា លោក អ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថា «នាយស្លឹក» ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា «ស្រុកខ្ញុំនៅខាងលិចពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ»។ អាចារ្យចុង បានទទួលអនិច្ចកម្មក្នុងគុកនយោបាយនៅឆ្នាំ១៩៥៥ ពេលបោះឆ្នោតគណបក្សប្រជាធិតេយ្យប្រកួតប្រជែងនិងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀងឡើង និងសំនៀងសាដៀវយ៉ាងពីរោះ ព្រមទាំងចំណេះខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អានស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា «ភិរម្យ ង៉ុយ»។ បន្ទាប់មក រដ្ឋអំណាចបានតាំងលោកជា «ក្រម» គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទរដោយសំនៀងសាដៀវដ៏គ្រលួចពីភូមិមួយទៅភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ក្រីក្រ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាមគ្គី ។ល។ ផ្ទុយនឹងទម្ងន់ពន្ធដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួន ឆ្លាត ការកេងបន្លំពីសំណាក់ជនបរទេស មានចិន យួន ជាដើម ស្នូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឲ្យទៅច្រៀងថ្វាយ ព្រះបាទស៊ីសុវត្ថិពេញព្រះទ័យបានប្រទានរង្វាន់ជាប្រាក់កាស និងគោរមងារជា «ព្រះភិរម្យភាសា»។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវីអ៊ុក អ៊ូ ហៅ ង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយបរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ: ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា ។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថា អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែលមានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លីដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះគឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំដោយជំងឺទល់លាមក។
ការសិក្សា និងស្នាដៃ
កុមារង៉ុយបានចូលរៀនលេខនព្ធន្ត អក្សរសាស្ត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ដែលជាស្រុកកំណើតរបស់លោក។ គាត់ជាក្មេងឧស្សាហ៍រៀនសូត្រ បានបួសជាសាមណេរ ចេះធម៌អាថ៌ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំ សាមណេរក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៌អាថ៌ ស្វះស្វែងរៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យ គង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើនកន្លែងទៀត។
បន្ទាប់ពីបួសជាសាមណេរ (បួសនេន) បានប៉ុន្មានឆ្នាំ លោកបានសឹក (លាចាកសិក្ខាបទ) ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លួង។ នៅអាយុ ២១ឆ្នាំ លោកបានបួសម្ដងទៀត ដោយបំពេញឧបសម្បទាជាភិក្ខុ (បួសភឹក) នៅក្នុងវត្តដដែលដោយមានព្រះឧបជ្ឈាយ៍នាមសាស់ លោកគ្រូសូត្រស្តាំនាមជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាមអ៊ុង ជាអនុស្សាវន។ សូមបញ្ជាក់ថា ក្នុងការបំពេញឧបសម្បទាជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ដែលបំបួសមានសារៈសំខាន់ណាស់សម្រាប់ព្រះសង្ឃពុទ្ធសាសនាក្នុងការឧទ្ទិសរំលឹកមួយជីវិត។ ភិក្ខុ អ៊ូ បានរៀនសូត្រធម៌អាថ៌ និងរៀនប្រែព្រះត្រ័យបិដក (ពីបាលីមកភាសាខ្មែរ) ដំបូងក្នុងសំណាក់លោកគ្រូអាចារ្យទិត្យ នៅវត្តខាងលើ។
បន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែង ។ លោកបានគង់ក្នុងផ្នួស៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយ លោកក៏លាចាកសិក្ខាបទមកប្រែជីវភាពជាគ្រហស្ថវិញ ដោយបន្តជួយធ្វើការឪពុកក្នុងនាមជាក្រមការផង ជាស្មៀនផង ។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយមករស់នៅជាកសិករធម្មតា ។ គឺចាប់ពីពេលនោះហើយ ដែលលោកបានប្រើទេព្យកោសល្យគ្មានពីររបស់លោកច្រៀង ឬទេសនាពីភូមិមួយទៅភូមិមួយ ក្នុងពិធីបុណ្យទាននារដូវរំហើយ ស្រឡះដៃពីការងារស្រែចម្ការ។ ការច្រៀង ឬទេសនានោះមិនកំណត់ថ្លៃទេ ប៉ុន្តែអ្នកស្រុកតែងប្រមែប្រមូលស្រូវអង្គរជូនលោកតាមសទ្ធា។
ការរៀនសូត្ររបស់កវីយើងមិនចប់ទេ ពោលគឺរៀងរាល់ពេលធ្វើដំណើរកាត់ភ្នំពេញ លោកតែងឈប់សំចតនៅវត្តឧណ្ណាលោម ជជែកពិគ្រោះរៀនសូត្រជាមួយភិក្ខុសង្ឃនៅទីនោះ អំពីបញ្ហាផ្សេងៗទាក់ទងនឹងពុទ្ធសាសនា ។ ដំណើរត្រាច់ចរ ច្រៀងទេសនារបស់លោកអ៊ុក អ៊ូ បានល្បីដល់ព្រះមហាក្សត្រ ហើយព្រះបាទស៊ីសុវត្ថិ ដែលគ្រងរាជ្យជំនាន់នោះ ក៏ត្រាស់បង្គាប់ឲ្យចូលគាល់ និងច្រៀងថ្វាយរហូតលោកបានទទួលគោរមងារ «ភិរម្យភាសា» ជាប់រៀងមក។
ដូចដែលបានរៀបរាប់ខាងលើ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ មិនបានសរសេរកំណាព្យដែលលោកស្មូតច្រៀងនោះដោយខ្លួនឯងទេ ហេតុនេះហើយទើបពុទ្ធសាសនបណ្ឌិត្យអញ្ជើញលោកមកច្រៀងយឺតៗ ហើយកត់ត្រាទុក។ ស្នាដៃរបស់ក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន ៖
- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ ឆ្នាំ១៩២២)
- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ ឆ្នាំ១៩២២)
- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧ ឆ្នាំ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧ មិនដឹងកាលបរិច្ឆេទ អាចក្នុងឆ្នាំ១៩៣៥)
- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ ក្នុងរវាងឆ្នាំ១៩៣៥)
បើតាមលោក យី ធន់ដដែល បានឲ្យដឹងថា នៅមានស្នាដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីពី “ការប្រែប្រួលនៃស្រុកទេស កតញ្ញូកតវេទី ត្រៃលក្ខណ៍ ចម្រៀងស្រី-ប្រុស”។
កិត្តិសព្ទលោកតាក្រមង៉ុយ
ក្រមង៉ុយ គឺជាកវីម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោងដែលលោកច្រៀងនោះឡើយ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើងដោយការអញ្ជើញលោកទៅច្រៀងនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក។
លោក ប៉ែន ជីវ (ស្លាប់ឆ្នាំ១៩៧៧ ជំនាន់ខ្មែរក្រហម) ធ្លាប់បានអះអាងថា លោកបានស្ថិតនៅក្នុងក្រុមស្មៀនវ័យក្មេង ដែលមានភារៈជួយកត់ត្រាចម្រៀងកំណាព្យរបស់ក្រមង៉ុយ តាមការរៀបចំរបស់លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនាសម័យនោះ។ ឯកសាររបស់លោក យី ធន់ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាលាក្រុងភ្នំពេញមានចំណងជើងថា «អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ» នាឆ្នាំ២០០៨ ក៏បានបញ្ជាក់ថា លោក សឺដេស បាននាំឲ្យអ្នកភិរម្យភាសាទៅជួបលោកស្រី កាប៉ឺឡែស ហើយពេលច្រៀងកត់ត្រាចប់ លោកស្រីជនជាតិបារាំងរូបនោះ បានផ្ដល់ប្រាក់១រៀលជូនលោកកវីយើង ដើម្បីជានិមិត្តរូបនៃការស្រឡាញ់វប្បធម៌អរិយធម៌ខ្មែរ។ ក្រោយមកពុទ្ធសាសនបណ្ឌិត្យបានចាត់ចែងចងក្រងចម្រៀងកំណាព្យនោះជាសៀវភៅបោះពុម្ពចំនួន៤ច្បាប់ ដែលបន្ទាប់មកទៀតបញ្ចូលគ្នាធ្វើជាមួយច្បាប់វិញ។
ការពិតទៅ ភាពល្បីល្បាញរបស់លោក អ៊ុក អ៊ូ មិនមែនគ្រាន់តែស្ថិតនៅត្រង់ជើងកាព្យពីរោះ ពោរពេញទៅដោយខ្លឹមសារជ្រាលជ្រៅនោះទេ ប៉ុន្តែលោកថែមទាំងមានទេព្យកោសល្យក្នុងការដេញចាប៉ីខ្សែមួយ ឬសាយដៀវ ថែមទៀតផង ។ ពេលលោកសូត្រកំណាព្យ លោកតែងដេញចាប៉ីខ្សែមួយកំដរ ដែលបន្ថែមនូវការទាក់ចិត្តយ៉ាងអស្ចារ្យ ។ ក្នុងពេលដែលលោកច្របល់គ្រប់ទិសច្រៀងទូន្មានមនុស្សផងទាំងពួង លោកតែងមានបង្វិច និងឈើច្រត់កាន់តាមខ្លួនជាប់ជានិច្ច ។ យើងអាចស្រមៃអំពីរូបរាងរបស់ក្រុមង៉ុយ គឺបុរសម្នាក់មាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសម្បុក។ គឺរូបរាងនេះហើយ ដែលសិល្បៈករចម្លាក់បានឆ្លាក់ឡើងដាក់តម្កល់នៅបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ នាទីក្រុងភ្នំពេញសព្វថ្ងៃនេះ។
បើតាមការចងក្រងរបស់លោក យី ធន់ បានឲ្យដឹងថា ចាប៉ីខ្សែមួយរបស់ក្រុមង៉ុយ អាចដោះចេញពីគ្នាហើយដំឡើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ។ ឃ្លោកនៃចាប៉ីខ្សែមួយ ឬសាយដៀវនោះលោកដាក់ក្នុងបង្វិច ហើយឈើច្រត់ត្រូវបានលោកយកមកធ្វើជាដង រួចដាក់ខ្សែ កើតជាឧបករណ៍ចាប៉ីខ្សែមួយប្រគុំបានភ្លាម។
កិត្តិសព្ទនៅក្រៅប្រទេស
កេ្តរិ៍ឈ្មោះរបស់ក្រមង៉ុយ បានសាយភាយរហូតដល់ស្រុកសៀម ។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកភិរម្យភាសាអ៊ូ ទៅច្រៀងថ្វាយឯស្រុកបាងកក។ លោកក្រមង៉ុយ បានធ្វើដំណើរទៅនៅស្រុកសៀមអស់រយៈពេល៣ខែ ហើយបានទទួលការរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន» និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។
តាមការរៀបរាប់ឯកសារទាំងឡាយមិនបានបញ្ជាក់ទេថា ការអញ្ជើញទៅកាន់ស្រុកសៀមនោះកើតឡើងនៅពេលណានោះទេ។
“កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង និងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ ញុះញង់អ្នកធំ ។ កុំដៀលអ្នកស្រែ ត្រកូលឯងខែ្មរ កុំប្រែក្រឡាស់ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ…” នេះជាសម្រង់វគ្គខ្លីមួយរបស់បណ្តាំក្រមង៉ុយ។
សៀវភៅ បណ្តាំក្រមង៉ុយ របស់វិទ្យាស្ថានពុទ្ខិសាសនបណ្ទិត ឆ្នាំ១៩៧២
សៀវភៅ ក្រមង៉ុយ រៀបរៀងបោះពុម្ពផ្សាយឡើងវិញ ដោយ លោក ពុយ គា ឆ្នាំ២០១៦
សៀវភៅ អក្សរសិល្ប៍ខ្មែរសតវត្សទី២០
លោកអ្នកអាចស្វែងរកសៀវភៅទាំងនេះនៅក្នុងគ្រុបតេឡេក្រាម បណ្ណាល័យអ្នក