ប្រវត្តិសង្ខេប និងស្នាដៃរបស់អ្នកស្រី ម៉ាហ្ការ៉េត ថេតឆឺ (Margaret Thatcher)

១. តើលោកស្រី ម៉ាហ្ការ៉េតថេតឆឺ ជានរណា?

លោកស្រី ម៉ាហ្ការ៉េតថេតឆឺ ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស និងនៅទ្វីបអឺរ៉ុប។ ជានិច្ចកាល នៅពេលរំឭកពីឈ្មោះលោកស្រីថេតឆឺ អ្នកដែលធ្លាប់រស់នៅជំនាន់នោះនឹងនឹកឃើញទៅដល់រហស្សនាម “នារីបេះដូងដែក – the Iron Lady” ដែលពួកសូវៀតជាអ្នកដាក់ឲ្យ។ លោកស្រីជាអ្នកនយោបាយអភិរក្សនិយមឆ្អិនឆ្អៅ និងជាអ្នកគាំពារលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ម្នាក់នៅចំពោះមុខនៃការរីកសាយភាយលទ្ធិកុម្មុយនិស្ត និងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសម័យសង្គ្រាមត្រជាក់។ 

លោកស្រីថេតឆឺបានចេញមុខប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត និងបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមយ៉ាងប្ដូរផ្ដាច់ ដើម្បីដណ្ដើមយកកោះហ្វកលែនពីកណ្ដាប់ដៃពួកអាហ្សង់ទីន។ ក្រោយការកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសយូរជាងគេប្រចាំសតវត្សទី២០ នៅទីបញ្ចប់ លោកស្រីថេតឆឺត្រូវបង្ខំចិត្តលាលែងទាំងតក់ក្រហល់ បន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងពីសមាជិកជាន់ខ្ពស់របស់គណបក្សអភិរក្សនិយម។

នៅក្នុងពេលកាន់អំណាចរយៈពេល៣អាណត្តិនោះ លោកស្រីបានសម្រេចចិត្តសំខាន់៣យ៉ាងនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច៖ ទី១- កាត់បន្ថយអត្ថប្រយោជន៍សង្គម (កាត់បន្ថយថវិកាជាតិដែលត្រូវចំណាយលើកម្មវិធីសង្គមកិច្ច) ទី២- បន្ថយអំណាចសហជីព និង ទី៣- ធ្វើឯកជនភាវូបនីយកម្មរោងចក្រ-សហគ្រាស។ លោកស្រីថេតឆឺលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅឆ្នាំ១៩៩០ ដោយសារម៉្យាង កម្មវិធីនយោបាយរបស់លោកស្រីលែងសូវមានគេគាំទ្រ និងម៉្យាងទៀត មានការប្រជែងអំណាចនៅក្នុងបក្ស។ លោកស្រីទទួលអនិច្ចកម្មថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នៅក្នុងជន្មាយុ៨៧ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល។

២. ឆាកជីវិតពីកុមារភាព និងប្រវត្តិនៃការសិក្សារបស់លោកស្រីថេតឆឺ

លោកស្រីថេតឆឺមានឈ្មោះពីកំណើតថាម៉ាហ្ការ៉េត ហ៊ីលដា រ៉ូបឺត (Margaret Hilda Roberts) កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩២៥ នៅទីក្រុងក្រេនសេម (Grantham) ប្រទេសអង់គ្លេស។ លោកស្រីមានកំណើតកើតជានៅក្នុងគ្រួសារវណ្ណៈកណ្ដាល ដែលមានលោកអាល់ហ្វ្រឹតជាឪពុក និងលោកស្រីប៊ីតទ្រីសជាម្ដាយ រស់នៅជាមួយកូនស្រី២នាក់ (ម្នាក់ទៀតជាបងស្រីលោកស្រីថេតឆឺ) នៅផ្ទះជាន់ខាងលើ។

ឪពុកលោកស្រីជាអាជីវករថ្នាក់កណ្ដាល មានហាងលក់ចាប់ហួយ (លក់គ្រឿងឧបភោគបរិភោគដូចនៅតាមម៉ាត)។ ដូច្នេះ គ្រួសារនេះមានជីវភាពមធ្យម (មិនក្រ ហើយក៏មិនមានអីប៉ុន្មានដែរ គឺជាគ្រួសារធម្មតាដូចគេ ដូចឯង)។ ក្រៅពីមានមុខរបរជាអ្នកលក់ដូរ លោកអាល់ហ្វ្រឹតក៏មានអាជីពជាអ្នកនយោបាយ ជាសមាជិកក្រុមប្រឹក្សាទីក្រុងក្រេនសេមរយៈពេល១៦ឆ្នាំ ជាមន្ត្រីតុលាការ និងជាអភិបាលក្រុងក្រេនសេមពីឆ្នាំ១៩៤៥-១៩៤៦។

លោកស្រីថេតឆឺទទួលការបណ្ដុះបណ្ដាលរៀនសូត្រនៅសាលាមធ្យមសិក្សានៃទីក្រុងក្រេនសេម។ គំនិតអភិរក្សនិយមនៅក្នុងចិត្តរបស់លោកស្រីថេតឆឺបានចាក់ឫសជ្រៅពីឪពុកតទៅកូន ព្រោះតាំងពីនៅតូចៗ លោកស្រីចាប់ផ្ដើមសិក្សាស្វែងយល់ពីបញ្ហានយោបាយ និងបញ្ហាស្រុកទេសទៅតាមការតំណាលប្រាប់ពីឪពុក។ ក្រោយមក លោកស្រីក្លាយជាមនុស្សដែលជឿស៊ប់ទៅលើនយោបាយអភិរក្សនិយម (ជានយោបាយស្ដាំនិយម ដែលឲ្យតម្លៃខ្ពស់ចំពោះគំនិតមូលធននិយម និងបុគ្គលនិយម ផ្ទុយពីនយោបាយសង្គមនិយម ដែលឲ្យតម្លៃខ្ពស់ចំពោះគំនិតសមូហភាពនិយម)។

មានប្រវត្តិជាសិស្សល្អ (ទាំងការសិក្សា និងគំនិតមាយាទ) លោកស្រីថេតឆឺត្រូវសាកលវិទ្យាល័យអក់ស្វឺត ឬអក់ស៍ហ្វឺត (Oxford) ទទួលចុះឈ្មោះចូលរៀនផ្នែកគីមីវិទ្យានៅឆ្នាំ១៩៤៣។ តាំងពីចូលរៀននៅអក់ស្វឺតដំបូង លោកស្រីចាប់ផ្ដើមប្រឡូកខ្លួននៅក្នុងអាជីពនយោបាយជាបណ្ដើរៗ និងបានជាប់ឆ្នោតជាប្រធានសមាគមនិស្សិតអភិរក្សនិយមប្រចាំសាកលវិទ្យាល័យនេះនៅឆ្នាំ១៩៤៦។

លោកស្រីថេតឆឺធ្លាប់ជានិស្សិតជាន់ចាស់ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យអក់ស៍ហ្វឺត (Oxford) ពីឆ្នាំ១៩៤៣-៤៧

នៅក្នុងដំណាក់កាលនោះ លោកស្រីថេតឆឺមានជំនឿស៊ប់ទៅលើនយោបាយអភិរក្សនិយម (ជានយោបាយដែលរដ្ឋាភិបាលប្រកាន់គោលការណ៍មិនជ្រៀតជ្រែក ឬមិនចូលខ្លួនពាក់ព័ន្ធនៅក្នុងដំណើរការអាជីវកម្មរបស់ឯកជន ដោយទុកឲ្យឯកជនរកស៊ីប្រកួតប្រជែងគ្នាដោយយុត្តិធម៌)។ គំនិតនេះចាក់ឫសកាន់តែជ្រៅ នៅពេលលោកស្រីថេតឆឺអានសៀវភៅ «មាគ៌ាឆ្ពោះទៅរករបបអ្នកងារ – The Road to Serfdom» សរសេរដោយអ្នកទ្រឹស្ដីសេដ្ឋកិច្ចកូនកាត់អូទ្រីស-អង់គ្លេស ហ្វ្រីតរីចហៃយ៉េក (Friedrich Hayek) (បោះពុម្ពឆ្នាំ១៩៤៤)។ ទស្សនៈនេះយល់ថានៅក្នុងវិស័យសេដ្ឋកិច្ចជាតិ, រដ្ឋមិនគួររកស៊ីប្រជែងជាមួយឯកជន ឬមានភាគហ៊ុននៅក្នុងរោងចក្រ-សហគ្រាសនោះទេ ព្រោះវាធ្វើឲ្យរដ្ឋាភិបាលមានអំណាចជ្រុលពេកនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ (គ្រប់គ្រងអំណាចនយោបាយផង អំណាចសេដ្ឋកិច្ចផង) (និយាយឲ្យចំទៅ សៀវភៅនេះគាំទ្រគំនិតសេរីនិយម  – ទាំងសេរីនិយមនយោបាយ និងសេរីនិយមសេដ្ឋកិច្ច)។

ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្រគីមីវិទ្យាពីអក់ស្វឺតនៅឆ្នាំ១៩៤៧ លោកស្រីរកបានការងារធ្វើជាអ្នកស្រាវជ្រាវគីមីរយៈពេល៤ឆ្នាំ (ដំបូងធ្វើការនៅរោងចក្រផលិតផ្លាស្ទិចនៃទីក្រុងខូលឆេះស្ទើ (Colchester)និងក្រោយមកផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនមួយទៀតនៃទីក្រុងដាតហ្វឺត (Dartford) ក្នុងមុខតំណែងដដែល)។ ប៉ុន្តែធ្វើការនៅទីនោះគ្រាន់តែជាការជិះក្របីចម្លងភក់តែប៉ុណ្ណោះ ព្រោះក្ដីសុបិនធំរបស់លោកស្រីថេតឆឺ គឺវិស័យនយោបាយឯណោះទៅវិញទេ។ ដូចនេះ ពេលធ្វើការបណ្ដើរ លោកស្រីក៏ឆ្លៀតពេលស្វ័យសិក្សាលើឯកសារច្បាប់ជាបណ្ដើរៗ។

៣. ការចូលប្រឡូកនៅក្នុងអាជីពនយោបាយជាលើកដំបូង

ឆ្នាំ១៩៥០ ក្នុងវ័យ២៥ឆ្នាំ លោកស្រីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សអភិរក្សនិយមនៅមណ្ឌលដាតហ្វឺត (Dartford) ជាទីតាំងឈរជើងដ៏រឹងមាំរបស់គណបក្សការងារ។ ដូច្នេះ បក្សដទៃមិនងាយដណ្ដើមអាសនៈនៅមណ្ឌលនេះទេ។

លោកស្រីឈរឈ្មោះនៅមណ្ឌលនេះឆ្នាំ១៩៥០ម្ដង និងឆ្នាំ១៩៥១ម្ដងទៀត។ លទ្ធផលចាញ់ទាំង២ដង។ តាមពិត លោកស្រីថេតឆឺអាចយល់ច្បាស់តាំងពីដំបូងដៃ មកម៉្លេះថា លោកស្រីប្រហែលជាគ្មានក្រឡាឈ្នះអាសនៈនៅមណ្ឌលនេះទេ។ ប៉ុន្តែលោកស្រីនៅតែជម្នះចិត្ត ដោយប្រកាន់គោលការណ៍ថា «មិនត្រូវទម្លាក់អាវុធចុះចាញ់មុនពេលប្រកួតជាដាច់ខាត»។

អ្វីដែលគេកត់សម្គាល់នៅក្នុងគ្រានោះនៅត្រង់ថា «ថ្វីដ្បិតមិនបានឈ្នះអាសនៈក្ដី ក៏លោកស្រីមានប្រជាប្រិយភាពគ្រាន់បើជាងបេក្ខជនរបស់បក្សអភិរក្សនិយមជំនាន់មុនៗ ដែលធ្លាប់ឈរឈ្មោះនៅមណ្ឌលនេះ»។ មិនតែប៉ុណ្ណោះ សកម្មភាពមោះមុតរបស់លោកស្រីនៅក្នុងការចុះឃោសនារកសំឡេងឆ្នោតបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង និងត្រូវសារព័ត៌មានចុះផ្សាយព្រោងព្រាត។ សូម្បីតែមនុស្សនៅក្នុងជួរបក្សជាមួយគ្នាក៏មិនហ៊ានមើលស្រាលលោកស្រីថេតឆឺដែរ។ ពួកគេពិតជាមិនអាចបដិសេធបានទេនូវសមត្ថភាព កិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់លោកស្រីនៅក្នុងគ្រានោះ (ជាពិសេស សមត្ថភាពនៅក្នុងការនិយាយបញ្ចុះបញ្ចូលប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត)។ បរាជ័យនេះជាបទពិសោធល្អណាស់សម្រាប់លោកស្រីយកទៅសិក្សារៀនសូត្រ។  

ក្រោយមក លោកស្រីសម្រេចចិត្តដកឃ្លាមួយគ្រាសិន ដើម្បីរៀនយកសញ្ញាបត្រច្បាប់។ ២ខែក្រោយការទទួលបរាជ័យលើកទី២នៅឆ្នាំ១៩៥១នោះ លោកស្រីថេតឆឺរៀបការជាមួយលោកដេនីសថេតឆឺ ជាអ្នកជំនួញខាងវិស័យឧស្សាហកម្មដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជាអ្នកដែលតែងតែគាំទ្រលោកស្រីថេតឆឺជានិច្ចនៅក្នុងអាជីពនយោបាយ។ អាពាហ៍ពិពាហ៍នេះកើតឡើងបន្ទាប់ពីអ្នកទាំង២ជួបប្រាស្រ័យទាក់ទងស្នេហាគ្នាបាន២ឆ្នាំ ដោយចាប់ផ្ដើមពន្លកស្នេហ៍ដំបូងកាលពីខែកុម្ភៈ ឆ្នាំ១៩៤៩។ ឆ្នាំ១៩៥៣ បន្ទាប់ពីរៀបការជិត២ឆ្នាំ អ្នកទាំង២បង្កើតបានកូនភ្លោះ (ស្រី១ ប្រុស១) ជាចំណងដៃអាពាហ៍ពិពាហ៍។

៤. ការចាប់អាជីពជាអ្នកតំណាងរាស្ត្រ

បន្ទាប់ពីឆ្លងកាត់ការបណ្ដុះបណ្ដាលមុខវិជ្ជាច្បាប់ដោយជោគជ័យ លោកស្រីថេតឆឺប្រឡងជាប់មេធាវីនៅឆ្នាំ១៩៥៣។ នៅក្នុងអំឡុងពេលនោះ លោកស្រីថេតឆឺរៀនច្បាប់ដើម្បីប្រឡងចូលជាសមាជិកគណៈមេធាវី ក្រោយមកប្រឡងជាប់នៅឆ្នាំ១៩៥៤។ មុខតំណែងនេះមិនបានធ្វើឲ្យលោកស្រីស្កប់ស្កល់ចិត្ត និងបញ្ឈប់មហិច្ឆតានយោបាយត្រឹមនេះទេ។

ធ្វើការផ្នែកច្បាប់បានប៉ុន្មានឆ្នាំ  លោកស្រីចាប់ផ្ដើមចង់ប្រឡូកខ្លួនយ៉ាងសកម្មនៅក្នុងឆាកនយោបាយសាជាថ្មី។ លើកនេះ លោកស្រីចាប់ផ្ដើមគិតគូរល្អិតល្អន់ជាងមុន និងរៀបយុទ្ធសាស្ត្រដើម្បីឈរឈ្មោះនៅមណ្ឌលណាមួយ ដែលលោកស្រីអាចស្ទង់ដឹងថាមានឱកាសឈ្នះឆ្នោត។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ១៩៥៩ លោកស្រីថេតឆឺសម្រេចចិត្តឈរឈ្មោះនៅមណ្ឌលក្រុងហ្វ៊ីនឈ្លី (Finchley) ហើយបានឈ្នះអាសនៈដូចបំណង។ លោកស្រីនៅតែបន្តឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលនេះអស់រយៈពេល៣០ឆ្នាំបន្តបន្ទាប់គ្នា។

៥. មាគ៌ាឆ្ពោះទៅរកការឈោងចាប់តំណែងនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់អង់គ្លេស

ពេលក្លាយជាតារាកំពុងរះត្រដែតនៅក្នុងឆាកនយោបាយនាសម័យកាលនោះ នៅឆ្នាំ១៩៦១ លោកស្រីថេតឆឺកាន់តំណែងជាប្រធានគណៈកម្មការរដ្ឋសភាទទួល​បន្ទុកខាងសោធននិវត្ស និងធានារ៉ាប់រង។  បន្ទាប់ពីគណបក្សការងារឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅឆ្នាំ១៩៦៦ លោកស្រីកាន់តំណែងជាសមាជិក​គណៈ​រដ្ឋមន្ត្រីស្រមោលរបស់គណបក្សអភិរក្សនិយម (ជាបក្សប្រឆាំង)។

ពេលគណបក្សអភិរក្សនិយមឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅខែមិថុនា ឆ្នាំ១៩៧០  លោកស្រីថេតឆឺកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រ។ ពួកគណបក្សការងារនៅឆ្នាំ១៩៧១ បានដាក់រហស្សនាមបែបចម្អកឲ្យលោកស្រីថេតឆឺថា «ជនឆក់ប្លន់ទឹកដោះគោពីដៃរបស់យើង – Thatcher, milk snatcher» ព្រោះពួកគេមិនពេញចិត្តនឹងកម្មវិធីនយោបាយរបស់លោកស្រី ដែលលុបចោលកម្មវិធីជាតិផ្ដល់ទឹកដោះគោដោយឥតគិតថ្លៃសម្រាប់សិស្សសាលាថ្នាក់បឋមសិក្សា។

លោកស្រីទទួលអារម្មណ៍ថាមុខតំណែងនេះពិតជាគួរឲ្យធុញទ្រាន់មែនទែន ធុញទ្រាន់មិនមែនដោយសារតែលោកស្រីពិបាកនឹងអនុវត្តកម្មវិធីនយោបាយរបស់លោកស្រីទេ ប៉ុន្តែដោយសារតែលោកស្រីធ្វើមិនបានដូចចិត្តនៅក្នុងការនិយាយបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអែតវើតហ៊ីស ដែលជាចៅហ្វាយរបស់លោកស្រី ដើម្បីឲ្យលោកយល់ពីបំណង គោលជំហរ និងផ្នត់គំនិតរបស់លោកស្រី។ តាមមើលទៅ លោកស្រីទំនងជាខកចិត្តបំផុត ខកចិត្តដល់ថ្នាក់ផុតសង្ឃឹមថាស្ត្រីប្រហែលជាពិបាកជ្រៀតចូលក្នុងឆាកនយោបាយ។ នៅក្នុងបទសម្ភាសតាមទូរទស្សន៍កាលពីឆ្នាំ១៩៧៣ លោកស្រីថេតឆឺថ្លែងថា «ស្ត្រីប្រហែលជាគ្មានឱកាសក្លាយជានាយករដ្ឋមន្ត្រីនៅជំនាន់ខ្ញុំនេះទេ»។ ប៉ុន្តែលោកស្រីពិតជាភាន់ច្រឡំធំតែម្ដងនៅត្រង់ចំណុចនេះ។ នៅពេលគណបក្សអភិរក្សនិយមចាញ់ឆ្នោតនៅឆ្នាំ១៩៧៤ លោកស្រីថេតឆឺបានក្លាយជាកម្លាំងស្នូលរបស់បក្ស។

៦. ការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិទី១

ឆ្នាំ១៩៧៥ លោកស្រីចូលរួមប្រកួតប្រជែងយកតំណែងប្រធានបក្ស និងទទួលបានជោគជ័យដូចបំណង ដោយយកឈ្នះលោកអែតវើតហ៊ីស ដែលជាប្រធានបក្សនៅក្នុងគ្រានោះ។ តាមរយៈជ័យជម្នះនេះ លោកស្រីថេតឆឺបានក្លាយជាស្ត្រីទី១នៅចក្រភពអង់គ្លេសដែលកាន់តំណែងជាប្រធានបក្សប្រឆាំងមានអាសនៈនៅក្នុងរដ្ឋសភា។

ក្រោមការដឹកនាំរបស់លោកស្រីថេតឆឺ គណបក្សអភិរក្សនិយម (ដែលមាននិន្នាការស្ដាំនិយមស្រាប់ទៅហើយនោះ) បានងាកទៅនយោបាយខាងស្ដាំកាន់តែខ្លាំង ដោយជំរុញឲ្យមានការធ្វើឯកជនភាវូបនីយកម្មរោងចក្រ សហគ្រាស និងខិតខំការពារផលប្រយោជន៍ជាតិរបស់អង់គ្លេសនៅក្រៅប្រទេស។ លោកស្រីក៏ឆ្លៀតនិយាយពន្លះនាយករដ្ឋមន្ត្រីជេមខាឡាហ្គេន (James Callaghan) ដែលដោះស្រាយមិនបានល្អចំពោះការធ្វើកូដកម្មរបស់កម្មករកាលពីអំឡុងឆ្នាំ១៩៧៨ និង​ឆ្នាំ១៩៧៩។

កាលនោះ ប្រទេសអង់គ្លេសស្ថិតនៅក្នុងដំណាក់កាលជួបវិបត្តិធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សការងារ បានចាយប្រាក់ស្ទើរតែអស់រលីងពីឃ្លាំង ដល់ថ្នាក់រកប្រាក់ខែបើកឲ្យមន្ត្រីរាជការគ្មាន។ ចំណែកអ្នកអត់ការងារធ្វើចេះតែកើនច្រើនឡើងៗឥតឈប់ឈរ។ ជម្លោះនៅក្នុងសហជីពក៏ឧស្សាហ៍កើតមានជាហូរហែមិនដែលដាច់។ បញ្ហាអស្ថិរភាពទាំងអម្បាលម៉ាននេះហើយដែលជួយឲ្យគណបក្សអភិរក្សនិយមឈ្នះឆ្នោតនៅឆ្នាំ១៩៧៩។ ក្នុងនាមជាប្រធានបក្ស លោកស្រីថេតឆឺបានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៧៩ នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស។

ក្នុងនាមជាមេដឹកនាំម្នាក់ លោកស្រីថេតឆឺបានខិតខំពុះពារធ្វើការមិនខ្លាចនឿយហត់ ដើម្បីទប់បង្ហៀរនៃការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហុករបស់អង់គ្លេស។ ចំណាត់ការជាបន្ទាន់នៅចំពោះមុខ គឺការដាក់ចេញយុទ្ធសាស្ត្រដំឡើងអត្រាការប្រាក់បញ្ញើនៅធនាគារ ដើម្បីទប់ទល់នឹងអត្រាអតិផរណាដែលចេះតែកើនឡើងជាលំដាប់ (អតិផរណាមានន័យថាលុយចុះថោក)។ឧទាហរណ៍ ពីមុនគុយទាវ១ចាន១ដុល្លារ, ក្រោយមក គុយទាវ១ចាន១,៥ដុល្លារ។ ដូចនេះ អតិផរណា០,៥ដុល្លារ ឬ៥០%)។

លោកស្រីថេតឆឺមិនអនុវត្តតាមលម្អានសេដ្ឋកិច្ចដែលត្រួសត្រាយដោយអ្នកទ្រឹស្ដីសេដ្ឋកិច្ចនយោបាយ ចនមេណាតខេនទេ (John Maynard Keynes)។ ផ្ទុយទៅវិញ លោកស្រីអនុវត្តតាមនយោបាយហិរញ្ញវត្ថុរបស់អ្នកទ្រឹស្ដីអាមេរិកាំង មីលតុនហ្វ្រីតមេន (Milton Friedman) (មូលហេតុដែលលោកស្រីមិនអនុវត្តតាមទ្រឹស្ដីរបស់ខេន ដោយសារខេនគាត់មានចរិតសង្គមនិយម ឧទាហរណ៍ ខេនថានៅក្នុងកាលៈទេសៈខ្លះ រដ្ឋអាចលូកដៃចូលកិច្ចការរបស់ឯកជន ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចជាតិ។ ចំណែកម៉ាហ្ការ៉េតថេតឆឺ គាត់ជាអ្នកមូលធននិយម អភរិក្សនិយម និងស្ដាំនិយមសុទ្ធសាធ។ ដូចនេះ គាត់មិនចង់ជាប់ដានសង្គមនិយម ឬជាប់កម្អែលសង្គមនិយមសូម្បីតែបន្តិច គឺបរវាសជៀសឆ្ងាយទាំងស្រុង១៨០អង្សាពីសង្គមនិយម ឬកុម្មុយនិស្តនិយម)។ ថ្លែងនៅក្នុងសន្និសីទកាសែតជាលើកដំបូង លោកស្រីថេតឆឺរិះគន់គណបក្សការងារឥតសំចៃមាត់ពាក់ព័ន្ធនឹងនយោបាយសេដ្ឋកិច្ចជាតិ។ លោកស្រីថា «បុគ្គលម្នាក់ៗមានសិទ្ធិជ្រើសរើសការងារដែលខ្លួនពេញចិត្ត មានសិទ្ធិចំណាយតិចឬច្រើនទៅតាមលទ្ធភាពដែលគេរកបាន មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិដែលគេមាន និងមានសិទ្ធិបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលមកបម្រើប្រជារាស្ត្រ មិនមែនមកធ្វើជាចៅហ្វាយប្រជារាស្ត្រទេ»។ នៅពេលអនុវត្តនយោបាយនេះដំបូង អ្វីៗមិនទាន់ដំណើរការដោយរលូនទេ។ លុះត្រាតែអនុវត្តបានពីរបីឆ្នាំ ទើបសេដ្ឋកិច្ចចាប់ផ្ដើមដើរបានស្រួល។

លោកស្រីថេតឆឺយល់ថារដ្ឋាភិបាលគួរណាស់កុំពាក់ព័ន្ធជ្រៅពេក ឬកុំសូវរវីរវល់ខ្លាំងពេកនៅក្នុងមុខរបររកទទួលទានរបស់វិស័យឯកជន ដោយទុកឲ្យឯកជនប្រកួតប្រជែងគ្នាតាមសម្មាជីវោទៅចុះ។ គោលនយោបាយនេះជះឥទ្ធិពលខ្លាំងលើវិស័យសេដ្ឋកិច្ច និងធ្វើឲ្យចំនួនអ្នកអត់ការងារធ្វើកើនឡើងខ្លាំង។ ឧទាហរណ៍ ចំនួនអ្នកអត់ការងារធ្វើកើនឡើងពី១,៣លាននាក់នៅឆ្នាំ១៩៧៩ ដល់ជាង៣លាននាក់នៅឆ្នាំ១៩៨៦ (មូលហេតុដែលធ្វើឲ្យអត្រាអត់ការងារហក់ឡើងខ្ពស់ ដោយសារកម្មវិធីនយោបាយបែបមូលធននិយមនេះ ធ្វើឲ្យរដ្ឋមិនសូវមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិត ឬសហជីពការងារ ហើយរដ្ឋមិនសូវជំរុញទីផ្សារការងារ មិនសូវបង្កើតឱកាសការងារ ឬមិនសូវពង្រីកទីផ្សារការងារ។ ផ្ទុយទៅវិញ ទ្រឹស្ដីសេដ្ឋកិច្ចសង្គមនិយមដូចចនមេណាតខេន ធ្វើឲ្យមនុស្សសម្បូរការងារធ្វើច្រើនជាង)។ រហូតដល់ចុងទសវត្សទី៨០ ទើបអត្រានេះធ្លាក់ចុះវិញ និងចេះតែធ្លាក់ចុះជាបន្តបន្ទាប់មកនៅកម្រិតទាបបំផុត បើប្រៀបធៀបនឹងប្រទេសឯទៀតនៅទ្វីបអឺរ៉ុបនាឆ្នាំ១៩៩៥។

៧. ព្រឹត្តិការណ៍សង្គ្រាមនៅលើកោះហ្វកលែន (Falkland)

លោកស្រីថេតឆឺបានឆ្លងកាត់វិញ្ញាសាដ៏លំបាកមួយផ្នែកការពារជាតិ នៅពេលកាន់អំណាចអាណត្តិទីមួយ។ កាលនោះ អាហ្សង់ទីនលើកទ័ពចូលឈ្លានពានប្រជុំកោះហ្វកលែន (ដែលមានកោះហ្វកលេន និងកោះក្បែរនោះមួយចំនួនទៀត)។

តាមពិត ដែនដីនេះជាដើមចមនៃជម្លោះប្រដាប់អាវុធរវាងអង់គ្លេស និងអាហ្សង់ទីន មិនមែនទើបតែកើតឡើងនៅក្នុងពេលនោះទេ ប៉ុន្តែវាបានចាក់ឫសជ្រៅជាយូរមកហើយ គ្រាន់តែថាវាស្ថិតនៅក្នុងការចិញ្ចឹមចិត្ត។

នៅទីបញ្ចប់ បញ្ហាបានឈានដល់ដំណាក់កាលទុំជោរនៅក្នុងគ្រានោះ។ ដោយឥតមានស្មុគស្មាញច្រើននៅក្នុងការសម្រេចចិត្ត លោកស្រីថេតឆឺបានបញ្ចេញប្រតិកម្មតប ដោយបញ្ជាឲ្យទ័ពអង់គ្លេសវាយយកកោះហ្វកលេនឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ (at all cost)។ នេះជាកិច្ចការដ៏លំបាកបំផុត។

ប៉ុន្តែនៅទីបញ្ចប់ អង់គ្លេសអាចវាយយកកោះនោះបានមកវិញ បន្ទាប់ពីទាហានអាហ្សង់ទីនលើកដៃចុះចាញ់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨២។

៨. ការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិទី២

នយោបាយក្នុងប្រទេស៖ កត្តាសំខាន់២យ៉ាងដែលជួយឲ្យលោកស្រីថេតឆឺឈ្នះឆ្នោតនៅអាណត្តិទី២ នាឆ្នាំ១៩៨៣គឺ៖ ១- ការឈ្នះសង្គ្រាមនៅកោះហ្វកលែន និង២- ការជួយស្ដារសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើនឡើងវិញតាមកម្មវិធីកំណែទម្រង់។ នៅអំឡុងពេលនេះ រដ្ឋាភិបាលរបស់លោកស្រីថេតឆឺចាត់ការលើក្រុមសហជីព និងប្រកាន់គោលជំហរដាច់ខាតមិនបន្ធូរដៃ និងមិនធ្វើសម្បទានសូម្បីតែបន្តិចនៅចំពោះមុខនៃការហែបាតុកម្ម និងកូដកម្មរបស់កម្មករអណ្ដូងរ៉ែរយៈពេល១ឆ្នាំពេញ។ 

អ្វីដែលជាមត៌កនយោបាយរបស់លោកស្រីថេតឆឺ គឺការធ្វើឯកជនភាវូបនីយកម្មរោងចក្រ-សហគ្រាស។ មានន័យថារោងចក្រ-សហគ្រាស ឬក្រុមហ៊ុនដែលធ្លាប់គ្រប់គ្រងដោយរដ្ឋ ឬដែលមានភាគហ៊ុនរបស់រដ្ឋនៅក្នុងនោះ ត្រូវរដ្ឋាភិបាលបង្វែរទៅជារបស់ឯកជនសុទ្ធសាធ ឧទាហរណ៍ ក្រុមហ៊ុនប្រ៊ីតធីសតេឡេខំ (British Telecom), ប៊្រីតធីសហ្គាស (British Gas), ប្រ៊ីតធីសអ៊ែរវេ (British Airways), រ៉ុលរ៉យ (Rolls-Royce) និងក្រុមហ៊ុនដទៃទៀត។ លោកស្រីថេតឆឺយល់ថាការប្រែក្លាយរោងចក្រ សហគ្រាស ឧស្សាហកម្មគ្រប់ប្រភេទពីរដ្ឋទៅជាឯកជនវិញ អាចជួយលើកកម្ពស់សម្ទុះសេដ្ឋកិច្ចជាតិ។ បើគេពិនិត្យមើលជាទូទៅ នយោបាយនេះពិតជាបានជួយសេដ្ឋកិច្ចជាតិមែន ព្រោះវាធ្វើឲ្យទំនិញធូរថ្លៃជាងមុន។ មូលហេតុដែលលោកស្រីថេតឆឺអនុវត្តនយោបាយបែបនេះ ដោយសារលោកស្រីជាអ្នកគាំទ្រគំនិតមូលធននិយមសុទ្ធសាធ។ ដូចនេះ លោកស្រីមិនចង់អនុវត្តបែបផែនសេដ្ឋកិច្ចដែលរដ្ឋគ្រប់គ្រងមធ្យោបាយផលិតកម្ម និងបែបផែនផលិតកម្ម ដូចលទ្ធិសង្គមនិយម និងលទ្ធិកុម្មុយនិស្តនិយមទេ។

ពេលកាន់អំណាចនៅអាណត្តិទី២ ចាប់ពីឆ្នាំ១៩៨៣-១៩៨៧ លោកស្រីថេតឆឺបានឆ្លងកាត់គ្រោះភ័យ និងវិបត្តិច្រើនរាប់មិនអស់។ នៅក្នុងចំណោមនោះ បញ្ហាប្រឈមធំបំផុតគឺការប៉ុនប៉ងផ្ដាច់ផ្ដិលជីវិតរបស់លោកស្រីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៨៤។ កាលនោះ ពួកទាហានសាធារណរដ្ឋអៀកឡង់ប៉ុនប៉ងធ្វើឃាតលោកស្រីថេតឆឺដោយបង្កប់គ្រាប់បែកនៅក្នុងបន្ទប់ប្រជុំរបស់គណបក្សអភិរក្សនិយម ដែលរៀបចំឡើងនៅទីក្រុងប្រាយតុន (Brighton)។ ទោះបីដឹងថាមានគេប៉ងធ្វើឃាតក៏ដោយ, ក៏លោកស្រីថេតឆឺគ្មានព្រឺក្បាលសូម្បីតែបន្តិច ហើយលោកស្រីក៏មិនបានរងរបួសអ្វីទាំងអស់។ លោកស្រីនៅតែជម្នះចិត្តរៀបចំកិច្ចប្រជុំដូចការព្រាងទុក និងឡើងថ្លែងសុន្ទរកថាដោយភាពក្លាហាននៅថ្ងៃបន្ទាប់។ (សូមរង់ចាំអានសេចក្ដីពិពណ៌នាលម្អិតអំពីព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតលោកស្រីថេតឆឺមិនបានសម្រេច)

នយោបាយការបរទេស៖ នៅក្នុងនយោបាយការបរទេស លោកស្រីថេតឆឺធ្វើការជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកកាលជំនាន់នោះ គឺលោករ៉ូណលរេហ្គឹន។ លោកស្រីចាត់ទុកលោករេហ្គឹនជា «បុគ្គលឆ្នើមដែលនាំជ័យជម្នះសម្រាប់បស្ចិមប្រទេសនៅក្នុងសង្គ្រាមត្រជាក់»។ ផ្ទុយទៅវិញ, ទំនាក់ទំនងរវាងលោកស្រីថេតឆឺ និងទ្វីបអឺរ៉ុប ហាក់ដូចជាពិបាកនិយាយគ្នាបន្តិច។ ជាពិសេស បញ្ហាចោទខ្លាំងនៅត្រង់ទស្សនៈនយោបាយរបស់លោកស្រីថេតឆឺ ដែលជឿថាសហភាពអឺរ៉ុបគួរផ្ដោតសំខាន់លើការប្រែក្លាយខ្លួនទៅជាតំបន់ពាណិជ្ជកម្មសេរី ជាជាងប្រឡងប្រជែងគ្នាផ្នែកនយោបាយ (គួរគិតពីរឿងសេដ្ឋកិច្ច ជាជាងប្រជែងឥទ្ធិពលនយោបាយជាមួយប្លុកដទៃទៀត)។ លោកស្រីថេតឆឺក៏មិនចង់ឲ្យអង់គ្លេសជាប់ជំពាក់ជ្រៅនៅក្នុង កិច្ចការរបស់សហគមន៍អឺរ៉ុបនោះទេ (សហភាពអឺរ៉ុបកាលនោះមានឈ្មោះថាសហគមន៍អឺរ៉ុប – Europe Community)។ 

ទំនាក់ទំនងជាមួយសហភាពសូវៀតក៏មិនល្អនឹងគ្នាប៉ុន្មានទេ ដោយសារលោកស្រីថេតឆឺមាននិន្នាការប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត។ លោកស្រីបាននិយាយរិះគន់សហភាពសូវៀតឥតសំចៃមាត់ និងចោទប្រកាន់ថាសូវៀតមានមហិច្ឆតាគ្រប់គ្រងពិភពលោក។ ក្រោយមក កាសែតកងទ័ពសូវៀតបានដាក់រហស្សនាមលោកស្រីថេតឆឺជា «នារីបេះដូងដែក» ហើយត្រូវមជ្ឈដ្ឋានទូទៅនៅជំនាន់នោះយល់ថានេះជាងារដ៏ស័ក្ដិសមទៅនឹងឥរិយាបថនយោបាយរបស់លោកស្រី។ ទំនាក់ទំនងរវាងលោកស្រីថេតឆឺ និងសហភាពសូវៀត ចាប់ផ្ដើមកែលម្អឡើងវិញ នៅពេលលោកហ្គោបាឆោហ្វ (Mikhail Gorbachev) ឡើងកាន់អំណាច។ គឺនៅក្នុងសម័យកាលដែលលោកស្រីថេតឆឺកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនេះហើយ ដែលសង្គ្រាមត្រជាក់ចាប់ផ្ដើមឈានដល់ដំណាក់កាលចុងក្រោយ។

៩. ការកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិទី៣ និងការលាលែងទាំងកណ្ដាលទី

បន្ទាប់ពីគណបក្សអភិរក្សនិយមឈ្នះឆ្នោតម្ដងទៀតនៅឆ្នាំ១៩៨៧ លោកស្រីថេតឆឺចង់គិតគូរពង្រឹងវិស័យអប់រំឲ្យមានបទដ្ឋានច្បាស់លាស់ជាក្របខណ្ឌជាតិ និងផ្លាស់ប្ដូរប្រព័ន្ធសុខាភិបាលបែបសង្គមនិយម ដែលកំពុងអនុវត្តនៅក្នុងគ្រានោះ។

ចំណុចមួយទៀត រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចុះអត្រាពន្ធលើប្រាក់ចំណេញមកនៅកម្រិតទាប។ នយោបាយទាំងនេះមិនមានអ្វីចោទជាបញ្ហាទេ។ នៅក្នុងសករាជរបស់លោកស្រីថេតឆឺ ការប្រឆាំងជំទាស់ដែលខ្លាំងក្លាបំផុតគឺការធ្វើកូដកម្មរបស់កម្មករអណ្ដូងរ៉ែនៅក្នុងឆ្នាំ១៩៨៤ និង១៩៨៥ (ធ្វើកូដកម្ម១ឆ្នាំពេញ)។ ប៉ុន្តែនយោបាយដែលមានបញ្ហាខ្លាំងដល់ថ្នាក់ធ្វើឲ្យរង្គោះរង្គើអំណាចនយោបាយរបស់លោកស្រីថេតឆឺ គឺកម្មវិធីកំណែទម្រង់ពន្ធដា ដែលមានឈ្មោះថា Poll Tax។

តាមពិត ការធ្វើកូដកម្មរបស់កម្មករអណ្ដូងរ៉ែជាបញ្ហាធំគួរសមដែរ ប៉ុន្តែមិនសូវអីប៉ុន្មានទេ ព្រោះវាកើតឡើងតែនៅក្នុងចំណោមកម្មករ។ អ្វីដែលជាបញ្ហាធំមែនទែន គឺអំពើបះបោរដោយសារ Poll Tax ដែលមានកម្រិតរាលដាលទូទាំងប្រទេស។ ប្រជាពលរដ្ឋទូទៅងើបតវ៉ាប្រឆាំងនឹងច្បាប់ពន្ធដារ ដែលគេមើលឃើញថាគ្មានភាពយុត្តិធម៌សម្រាប់អ្នកក្រ។  ដូច្នេះ ការរង្គោះរង្គើអំណាចរបស់លោកស្រីថេតឆឺក៏ចាប់ផ្ដើមកើតមានឡើង។

Poll Tax ជាមូលហេតុដ៏ចម្បងមួយ ដែលរុញច្រានលោកស្រីថេតឆឺឲ្យរបូតតំណែងប្រធានបក្ស និងតំណែងនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩០។ មូលហេតុធំបំផុតដោយសារប្រជារាស្ត្រអស់ជំនឿលើកម្មវិធីនយោបាយកំណែទម្រង់ពន្ធដារ (រួមទាំងបញ្ហាដទៃទៀត ឧទាហរណ៍ដូចជា លោកស្រីបង្កើតបញ្ហាជាមួយ​សហគមន៍​អឺរ៉ុប ខណៈដែលគណបក្សមិនចង់មានបញ្ហាប្រទាំងប្រទើសគ្នាជាមួយនឹងអឺរ៉ុបទេ)។

យូរៗទៅ គោលជំហរលោកស្រីថេតឆឺលែងមានអ្នកគាំទ្រ ទាំងប្រជារាស្ត្រ ទាំងរដ្ឋសភា ទាំងសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកបក្ស (មានន័យថាលោកស្រីថេតឆឺនៅតែម្នាក់ឯង)។ គណបក្សអភរិក្សនិយមបារម្ភថាបើគេទុកលោកស្រីថេតឆឺឲ្យកាន់តំណែងប្រធានបក្ស និងតំណែងនាយករដ្ឋមន្ត្រីតទៅទៀត បក្សអាចនឹងចាញ់ឆ្នោតនៅអាណត្តិថ្មី។ ដូច្នេះ គេត្រូវតែដកលោកស្រីចេញពីតំណែង ដើម្បីកែទម្រង់កម្មវិធីនយោបាយ និងស្ដារប្រជាប្រិយភាពបក្សឡើងវិញ។ 

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩០ អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកម៉ៃឃើល.ហែសសលថាញ (Michael Heseltine) សូមប្រកួតជាមួយលោកស្រីថេតឆឺដើម្បីយកតំណែងប្រធានបក្សអភិរក្សនិយម បន្ទាប់ពីគណបក្សចាប់ផ្ដើមប្រេះឆាគ្នាពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុប។ នៅក្នុងរាត្រីដែលលោកស្រីថេតឆឺរបូតតំណែងប្រធានបក្សនោះ សមាជិកគណៈរដ្ឋមន្ត្រីបានចូលជួបលោកស្រីម្ដងម្នាក់ៗ និងស្នើសុំឲ្យលោកស្រីលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅក្នុងគ្រានោះតែម្ដងទៅ ដោយមិនចាំបាច់នៅសូញសាញ ឬនៅស្ដាយស្រណោះតទៅទៀត។ មុននឹងចាកចេញទៅ លោកស្រីថេតឆឺក៏ចង់វាយបកទៅអ្នកដែលចាំប៉ែងជើងនៅក្នុងបក្សផងដែរ ដោយខិតខំធ្វើយ៉ាងណាខ្ទាស់មិនឲ្យលោកហេសសលថាញឡើងកាន់តំណែងប្រធានបក្សទេ ប៉ុន្តែតំណែងនេះត្រូវតែធ្លាក់ទៅក្នុងដៃរបស់បេក្ខជនម្នាក់ទៀតឈ្មោះចនមេជើ (John Major)។ 

លោកស្រីបានរៀបរាប់នៅក្នុងលិខិតលាលែងជាផ្លូវការដែលមានសេចក្ដីជាអាទិ៍ថា៖ «បន្ទាប់ពីបានពិគ្រោះគ្នាសាចុះសាឡើងយូរដែរជាមួយមន្ត្រីបក្ស, លោកស្រីយល់ថាគួរដកខ្លួនចេញ ដើម្បីទុកលទ្ធភាពឲ្យបក្សមានឯកភាពផ្ទៃក្នុង និងមានឱកាសឈ្នះឆ្នោតនៅអាណត្តិថ្មី និងអាណត្តិក្រោយៗទៀត។ ដូច្នេះ លោកស្រីសម្រេចចិត្តថាត្រូវតែលាលែងពីតំណែងប្រធានបក្សនៅក្នុងគ្រានេះ។

លោកស្រីយល់ថាទាល់តែធ្វើបែបនេះ (លាលែងពីតំណែងប្រធានបក្ស) ទើបអាចឲ្យសហការីនៅក្នុងជួរគណៈរដ្ឋមន្ត្រីមានឱកាសឡើងមកគ្រប់គ្រងបក្សវិញម្ដង។ លោកស្រីសូមអរគុណសហការីនៅក្នុងគណៈរដ្ឋមន្ត្រី និងសហការីដទៃទៀតដែលផ្ដល់ការគាំទ្រចំពោះរូបលោកស្រីយ៉ាងអស់ពីចិត្តពីថ្លើម»។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០ លោកស្រីម៉ាហ្ការ៉េតថេតឆឺចាកចេញជារៀងរហូតពីវិមានដោននីងស្ទ្រីត (10 Downing Street) ដែលជានិវាសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស (តាមច្បាប់របស់អង់គ្លេស កាលណាប្រធានបក្សអស់តំណែងប្រធានបក្ស គឺមានន័យស្មើនឹងអស់តំណែងនាយករដ្ឋមន្ត្រី)។

១០. ឆាកជីវិតរបស់លោកស្រីថេតឆឺក្រោយការលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស

បន្ទាប់ពីបញ្ចប់តំណែងនាយករដ្ឋមន្ត្រីជាស្ថាពរ លោកស្រីថេតឆឺមិនទាន់ដកខ្លួនទាំងស្រុងពីអាជីពនយោបាយទេ។ លោកស្រីនៅបន្តធ្វើជាអ្នកតំណាងរាស្ត្ររហូតដល់ឆ្នាំ១៩៩២ បន្ទាប់មក ដូរទៅធ្វើជាសមាជិកព្រឹទ្ធសភាវិញម្ដង។

អំឡុងពេលដប់ឆ្នាំក្រោយការលាលែងពីអាជីពនយោបាយ លោកស្រីយកពេលវេលាដែលនៅសេសសល់ចុងក្រោយដើម្បីឡើងថ្លែងបទបាឋកថានៅតាមវេទិកាសាធារណៈ និងសរសេរសៀវភៅរំឭកអនុស្សាវរីយ៍ ឬប្រវត្តិការងារក្នុងនាមជាអតីតមេដឹកនាំប្រទេសមហាអំណាចដ៏មានកិត្យានុភាពមួយនៅលើពិភពលោក និងជាស្ត្រីរៀមច្បងដ៏លេចធ្លោម្នាក់នៅក្នុងអាជីពនយោបាយ។ ក្នុងនោះ សៀវភៅមួយមានចំណងជើងថា «The Downing Street Years» ចេញផ្សាយឆ្នាំ១៩៩៣, មួយមានចំណងជើងថា «មាគ៌ាឆ្ពោះទៅរកការកាន់អំណាច – The Path to Power» ចេញផ្សាយឆ្នាំ១៩៩៥។ ក្រោយមកនៅឆ្នាំ២០០២ លោកស្រីចេញផ្សាយសៀវភៅមួយក្បាលទៀតមានចំណងជើងថារដ្ឋកិច្ច ឬការចាត់ចែងកិច្ចការរដ្ឋ ( Statecraft) ដែលរៀបរាប់ពីការប្រមើលមើលនៃនយោបាយអន្តរជាតិ និងកិច្ចការពិភពលោក។

បន្ទាប់ពីឆ្លងកាត់ការដាច់សរសៃឈាមខួរក្បាលជាច្រើនលើក ច្រើនសា កាលពីអំឡុងឆ្នាំ២០០០ប្លាយ លោកស្រីថេតឆឺលែងបង្ហាញមុខជាសាធារណៈតទៅទៀត។ ប៉ុន្តែច្បាស់ណាស់ថាលោកស្រីនៅតែជាមនុស្សដែលមានឥទ្ធិពលខ្លាំង ដោយមិនទាន់បង្ហាញសញ្ញាថមថយ ឬស្រកស្រុតចុះនៅឡើយទេ។  

ក្រោយមក នៅឆ្នាំ២០០៣ លោកស្រីបាត់ភាពម្ចាស់ការទាំងស្រុង បន្ទាប់ពីទទួលដំណឹងថាស្វាមី (ដែលធ្លាប់ជាដៃគូជីវិតរួមរស់នៅជាមួយគ្នារយៈពេលជាង៥០ឆ្នាំ) បានលាចាកលោកនេះ។ ឆ្នាំ២០០៤ លោកស្រីថេតឆឺជូនដំណើរជាលើកចុងក្រោយចំពោះសពលោករ៉ូណលរេហ្គឹន ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយគ្នា ទាំងក្របខណ្ឌឯកជន និងក្របខណ្ឌនយោបាយ។ នៅក្នុងស្ថានភាពដែលលោកស្រីថេតឆឺខ្លួនឯងក៏មិនសូវជាមានសុខភាពមាំទាំអ្វីប៉ុន្មានដែរ លោកស្រីបានអានវិយោគកថានៅក្នុងពិធីបុណ្យសពលោករេហ្គឹនតាមវីឌីអូពីចម្ងាយ។ លោកស្រីបានថ្លែងកោតសរសើរលោករេហ្គឹន ដោយចាត់ទុកលោកជាបុគ្គលឆ្នើមម្នាក់ដែល «ជួយផ្សះផ្សារភាពប្រេះឆារបស់អាមេរិក, ជួយស្ដារកាយពលនៃលោកសេរី និងជួយរំដោះមនុស្សចេញពីក្រញាំដៃរបស់ពួកកុម្មុយនិស្តិដែលរស់នៅវេទនាដូចទាសករ»។

ឆ្នាំ២០០៥ លោកស្រីថេតឆឺចូលរួមពិធីខួបកំណើតផ្ទាល់ខ្លួនរបស់លោកស្រីគម្រប់៨០ឆ្នាំ ដែលរៀបចំយ៉ាងអ៊ឹកអធឹក ដើម្បីជាកិត្តិយសចំពោះលោកស្រី និងចូលរួមពីឥស្សរជនសំខាន់ៗ រួមទាំងព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ, លោកថូនីប្ល៊ែ (ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសកាលជំនាន់នោះ), សាច់ញាតិជិតឆ្ងាយ និងអ្នកធ្លាប់រួមការងារ សរុបជាង៦រយនាក់។ ២ឆ្នាំក្រោយមក គេបានសម្ពោធរូបសំណាកលោកស្រីថេតឆឺ ក្នុងនាមជាមេដឹកនាំអភិរក្សនិយមដ៏ឆ្អិនឆ្អៅម្នាក់ ដាក់តាំងនៅវិមានរដ្ឋសភា ទន្ទឹមនឹងរូបសំណាកលោកវីនស្តុនឆឺឆៀល ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី២។ 

១១. ដំណាក់កាលចុងក្រោយ និងការឈានដល់ទីអវសាននៃជីវិត

នៅពេលដែលអាយុកាន់តែចាស់ លោកស្រីថេតឆឺកើតជំងឺវង្វេងវង្វាន់មួយប្រភេទឈ្មោះ dementia។ ឆ្នាំ២០១០ បញ្ហាសុខភាពរបស់លោកស្រីថេតឆឺក្លាយជាប្រធានបទសំខាន់មួយ ដែលគេនាំគ្នានិយាយមិនដាច់ពីមាត់ និងត្រូវសារព័ត៌មានឧស្សាហ៍ចុះផ្សាយជាញឹកញាប់។

នៅក្នុងពិធីអបអរសាទរមួយ ដែលរៀបចំនៅវិមានដោននីងស្ទ្រីត ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដកាំម្រ៉ុន (David Cameron) គេមិនឃើញវត្តមានរបស់លោកស្រីថេតឆឺទេ ក្នុងនាមជាភ្ញៀវដ៏ពិសេសម្នាក់។ នៅខែវិច្ឆិកា ឆ្នាំ២០១០ លោកស្រីថេតឆឺចូលសម្រាកពេទ្យ២អាទិត្យ ដើម្បីព្យាបាលជំងឺមួយប្រភេទដែលគេលាក់ទុកជាការណ៍សម្ងាត់នៅក្នុងគ្រានោះ ទើបតែក្រោយមកទៀតបានគេបញ្ចេញឲ្យដឹងថា «ជំងឺរលាកសាច់ដុំ»។ឪ

ជំងឺវង្វេងវង្វាន់របស់លោកស្រីថេតឆឺបង្ហាញឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលលោកស្រីអវត្តមាននៅក្នុងពិធីសំខាន់ពីរ៖ ទី១- ពិធីអភិសេកព្រះអង្គម្ចាស់វីលៀមនៅខែមេសា ឆ្នាំ២០១០ និងទី២- ពិធីសម្ពោធរូបសំណាកលោករ៉ូណលរេហ្គឹននៅទីក្រុងឡុង ប្រទេសអង់គ្លេស នៅខែកក្កដា ឆ្នាំ២០១០។ ដំណើរជីវិតលោកស្រីថេតឆឺឈានដល់ដំណាក់កាលទុំជោរ នៅពេលខុទ្ធកាល័យរបស់លោកស្រីប្រចាំព្រឹទ្ធសភាត្រូវបិទដំណើរការជាអចិន្ត្រៃយ៍ ដែលជាសញ្ញាបង្ហាញថាលោកស្រីថេតឆឺនឹងលែងបង្ហាញមុខជារៀងរហូត។

នៅក្នុងដំណាក់កាលចុងក្រោយ លោកស្រីថេតឆឺត្រូវតស៊ូរស់នៅក្នុងជីវិតឯកោ មួយថ្ងៃកាត់ មួយថ្ងៃកោរ កើតជំងឺវង្វេងវង្វាន់បាត់បង់ការចងចាំផង និងកើតជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនលើក ច្រើនសាផង។ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ (ដប់ឆ្នាំក្រោយមរណភាពរបស់ស្វាមី) លោកស្រីថេតឆឺទទួលអនិច្ចកម្មដោយជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងជន្មាយុ៨៧ឆ្នាំ ដោយបន្សល់ទុកកូនភ្លោះ ស្រីម្នាក់ ប្រុសម្នាក់ ជាអ្នកស្នងពូជពង្សវង្សត្រកូល។ តាមបណ្ដាំចុងក្រោយរបស់លោកស្រីថេតឆឺ គេបានរៀបចំពិធីបុណ្យសពជូនលោកស្រីទៅតាមពិធីការ ដោយមានការបាញ់កាំភ្លើងធំគំនាប់ ការសូត្រធម៌ឧទ្ទិសកុសលផលបុណ្យពីព្រះវិហារនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ និងពិធីដទៃទៀត។ ពិធីបុណ្យសពនេះមានភាពវិសេសវិសាលណាស់ ព្រោះមានការយាងចូលរួមពីព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ និងស្ដេចហ្វ៊ីលីព។

១២. អ្វីដែលជាកេរតំណែលរបស់លោកស្រីថេតឆឺទុកសម្រាប់អ្នកជំនាន់ក្រោយ

លទ្ធិនយោបាយរបស់លោកស្រីថេតឆឺដែលមានឈ្មោះថា «លទ្ធិថេតឆឺនិយម – Thatcherism» នៅតែត្រូវគេយកទៅជជែកគ្នារហូតដល់សព្វថ្ងៃ ដោយមានទាំងមតិស្រប និងមតិជំទាស់។ នេះជាសញ្ញាបង្ហាញថាឥទ្ធិពលរបស់លោកស្រីថេតឆឺនៅតែរស់រវើក ហើយនៅតែជាមត៌កនយោបាយ ដែលបន្សល់ទុកសម្រាប់ពលរដ្ឋអង់គ្លេស និងសម្រាប់ពិភពលោកទាំងមូល។ 

ប្រវត្តិរបស់លោកស្រីថេតឆឺត្រូវគេយកទៅថតជាខ្សែភាពយន្តដែលមានចំណងជើងថា «The Iron Lady»។ រឿងនេះចាក់បញ្ចាំងនៅឆ្នាំ២០១១ រៀបរាប់ពីដំណាក់កាលដំបូងនៃការប្រឡូកនៅក្នុងអាជីពនយោបាយ ដំណាក់កាលរីកចម្រើន និងដំណាក់កាលស្រុតចុះទៅវិញជាបន្តបន្ទាប់ រហូតដល់បាត់មុខពីឆាកនយោបាយ។ នៅក្នុងរឿងនេះ, លោកស្រីគីលានអាន់ដឺសឹន (Gillian Anderson) ដើរតួជាលោកស្រីថេតឆឺ។

១៣. ពំនោលសំខាន់ៗរបស់លោកស្រីថេតឆឺ

“បញ្ហាចោទរបស់លទ្ធិសង្គមនិយមនៅត្រង់ថាពួកគេបង្ហិនប្រាក់អស់ពីហៅប៉ៅរបស់ប្រជាពលរដ្ឋ”

The Problem With Socialism Is That You Eventually Run Out of Other People’s Money.

“មាន់ឈ្មោលបានត្រឹមតែរងាវ ប៉ុន្តែមានញីឯណោះទេជាអ្នកជម្រុះពង” (ទីប្រឹក្សាជាអ្នកឲ្យយោបល់ រីឯមេដឹកនាំជាអ្នកសម្រេចចិត្ត)

It maybe the cock that crows, but it is the hen that lays the eggs.

“ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរជាពិភពឥតលំនឹង និងគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់យើងរាល់គ្នា”

A world without nuclear weapons would be less stable and more dangerous for all of us.

“យើងចង់កសាងសង្គមមួយដែលផ្ដល់សេរីភាពពេញទីនៅក្នុងការជ្រើសរើស សាងកំហុស ចែករំលែក និងយល់ចិត្តគ្នា”

We want a society where people are free to make choices, to make mistakes, to be generous and compassionate. 

“ការប្រកាន់យកមាគ៌ាកណ្ដាលពោរពេញដោយគ្រោះថ្នាក់ណាស់; អ្នកនឹងត្រូវគេវាយពីឆ្វេងផង ពីស្ដាំផង”

Standing in the middle of the road is very dangerous; you get knocked down by the traffic from both sides.

“ទម្រាំឈ្នះនៅក្នុងសមរភូមិមួយ អ្នកត្រូវតែតស៊ូឲ្យបានច្រើនដង (ម្ដងមិនជោគជ័យ ត្រូវតែតស៊ូម្ដងទៀត)”

You may have to fight a battle more than once to win it.

“ខ្ញុំធ្វើនយោបាយដោយសារទំនាស់រវាងកុសល និងអកុសល; ខ្ញុំជឿថាកុសលនឹងឈ្នះនៅទីបញ្ចប់”

I am in politics because of the conflict between good and evil, and I believe that in the end good will triumph.


អត្ថបទទាក់ទង

ប្រវត្តិ និងស្នាដៃ ​​មហាត្មៈ ​គន្ធី (Mahatma Gandhi)​ មេដឹកនាំអហិង្សា​ដ៏ល្បីល្បាញរបស់ឥណ្ឌា​ និង​ពិភពលោក

 

Leave a Reply