ប្រវត្តិសង្ខេប និងស្នាដៃរបស់ អែនរីកូ ហ្វើមី (Enrico Fermi) អ្នកប្រាជ្ញរូបវិទ្យាជនជាតិអ៊ីតាលី

អែនរីកូ ហ្វើមី (Enrico Fermi, ២៩ កញ្ញា ១៩០១២៨ វិច្ឆិកា ១៩៥៤) ជាអ្នកប្រាជ្ញរូបវិទ្យាជនជាតិអ៊ីតាលី ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃរបស់លោកក្នុងការអភិវឌ្ឍន៍រេអាក់ទ័រនុយក្លេអ៊ែរដំបូងគេ។ លោកក៏បានរួមចំនែកក្នុងការអភិវឌ្ឍន៍ ទ្រឹស្ដីកង់ទិច រូបវិទ្យានុយក្លេអ៊ែរ រូបវិទ្យាអំពីភាគល្អិត មេកានិចស្ថិតិ ផងដែរ។ ហ្វើមី ត្រូវបានគេផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា នាឆ្នាំ១៩៣៨។ លោកត្រូវបានគេចាត់ទុកជាអ្នកវិទ្យាសាស្ត្រកំពូលម្នាក់នៅស.វទី២០។ គាត់ក៏ត្រូវបានគេទទួលស្គាល់ផថដែរថាជាអ្នករូបវិទ្យាតែម្នាក់គត់ដែលទទួលបានជោគជ័យត្រចះត្រចង់ទាំងផ្នែកទ្រឹស្ដី និងផ្នែកពិសោធន៍។ ហ្វើមីញ៉ូម ជាធាតុគីមីបង្កើតឡើងនៅឆ្នាំ១៩៥២ ត្រូវបានដាក់តាមឈ្មោះរបស់លោក។

  • កើតនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩០១​ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
  • មរណភាព ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៤ នៅទីក្រុងជីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក
  • សញ្ជាតិ  អ៊ីតាលី (១៩០១១៩៣៨)
  • សហរដ្ឋអាមេរិក (១៩៤៤១៩៥៤)
  • ស្នាដៃសំខាន់ៗ៖ធាតុវិទ្យុសកម្មថ្មីដោយប្រើកាំរស្មីណឺត្រុង ច្រវាក់ប្រតិកម្មនុយក្លេអ៊ែរក្រោមការគ្រប់គ្រង ស្ថិតិហ្វែរមីឌីរ៉ាក់ ទ្រឹស្ដីបទបំពុកបេតា រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩៣៨)

កុមារភាព

អង់រីកូ ហ្វើមី ចាប់កំណើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ឪពុករបស់លោកឈ្មោះ អាល់បឺតូ ហ្វើមី ជាអគ្គស្នងការនៃក្រសួងទំនាក់ទំនង ឯម្ដាយរបស់លោកឈ្មោះ អ៊ីដា ដឺ ហ្គាតទីស ជាគ្រូបង្រៀននៅសាលាបឋម។ កាលពីក្មេង លោកចូលចិត្តរៀនរូបវិទ្យា និងគណិតវិទ្យា ដូចបងប្រុសរបស់លោកដែរ។ ពេលដែលបងប្រុសរបស់លោកទទួលមរណភាពដោយមិនបានរំពឹងទុក ដោយជំងឺដុះសាច់ក្នុងបំពង់កនៅឆ្នាំ១៩១៥ អែនរីកូ មានការឈឺចាប់យ៉ាងខ្លាំង ហើយបានបូជាខ្លូនឯងទៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រ។ តាមកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក ជារៀងរាល់ថ្ងៃ លោកតែងដើរកាត់មុខមន្ទីរពេទ្យដែលបងប្រុសរបស់លោកទទួលមរណភាព រហូតដល់ស៊ាំនឹងសេចក្ដីឈឺចាប់។ សៀវភៅរូបវិទ្យាដំបូងគេរបស់លោក ត្រូវបានលោករកបាននៅក្នុងផ្សារមួយនៅរ៉ូម៉ា។ សៀវភៅនោះឈ្មោះថា Elementorum Physicae Mathematicae (រូបវិទ្យា និងគណិតវិទ្យាបឋម) ដែលនិយាយអំពីមុខវិជ្ជាផ្សេងៗរួមមានគណិតវិទ្យា មេកានិចក្លាស់សិច តារាវិទ្យា អុបទិច និង អាគូស្ទិច។ សៀវភៅនោះមានចំនួន ៩០០ទំព័រ សរសេរជាភាសាឡាតាំង ដោយលោកឪពុក អង់ឌ្រា ការ៉ាហ្វា (សាស្ត្រាចារ្យនៅមហាវិទ្យាល័យរ៉ូម៉ាណូ)។ ហ្វើមី បានរៀនសូត្រយ៉ាងជ្រៅជ្រះពីក្នុងសៀវភៅនោះ។ ក្រោយមកទៀត អែនរីកូ ហ្វើមី បានក្លាយជាមិត្តរបស់សិស្សវិទ្យាសាស្ត្រម្នាក់ទៀតឈ្មោះ អែនរីកូ ភឺស៊ីកូ ហើយពួកគេទាំង២នាក់ បានរួមគ្នាធ្វើការលើគម្រោងវិទ្យាសាស្ត្រជាច្រើន ដូចជា ការសាងសង់ហ្គីរ៉ូទស្សន៍ និងវាស់ដែនម៉ាញ៉េទិចរបស់ផែនដី។ ចំណូលចិត្តលើផ្នែករូបវិទ្យារបស់ ហ្វើមី ត្រូវបានជំរុញដោយមិត្តម្នាក់របស់ឪពុកលោក ឈ្មោះ អាឌុលហ្វូ អាមីដេ ដែលតែងតែផ្ដល់ដល់លោកនូវសៀវភៅរូបវិទ្យា និងគណិតវិទ្យាជាច្រើន។ លោកអាចអាន និងចងចាំខ្លឹមសារសៀវភៅទាំងនោះបានក្នុងរយៈពេលយ៉ាងខ្លី។

ចូលរៀននៅសាលា Scuola Normale Superiore នៅទីក្រុង ពីសា ប្រទេសអ៊ីតាលី

នៅឆ្នាំ១៩១៨ ហ្វើមី បានចុះឈ្មោះចូលរៀននៅសាលាដែលមានឈ្មោះល្បីមួយ គឺ Scuola Normale Superiore នៅទីក្រុង ពីសា ដែលនៅទីនោះលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិតរបស់លោក។ ដើម្បីចូលរៀននៅសាលានោះ បេក្ខជន ត្រូវតែឆ្លងកាត់ការប្រលងចូលរៀនដែលតម្រូវឲ្យសរសេរអត្ថបទសាកល្បងមួយ។ អត្ថបទសាកល្បងរបស់ ហ្វើមី សរសេរលើប្រធានបទ លក្ខណៈសម្គាល់របស់សម្លេង។ ហ្វើមី ដែលនៅពេលនោះទើបមានអាយុ១៧ឆ្នាំនៅឡើយ បានជ្រើសរើសទាញរកនិងដោះស្រាយសមីការឌីផេរ៉ង់ស្យែល ដោយផ្នែកនៃរលកលើខ្សែ ដោយប្រើគណិតវិទ្យាវិភាគហ្វួរីយ៉េ។ មេប្រយោគដែលសម្ភាសលោក បានសរសើរពីអត្ថបទសាកល្បងរបស់លោក ហើយបានលើកតម្កើងថា វាសឹងតែសក្តិសមសម្រាប់ជាសារណាបញ្ចប់ថ្នាក់បណ្ឌិតផង។ អែនរីកូ ហ្វើមីបានឆ្លងកាត់ការប្រឡងចូលក្នុងលំដាប់ទី១។ នៅពេលសិក្សានៅ Scuola Normale Superiore ហ្វើមី បានធ្វើជាមិត្តជាមួយសិស្សម្នាក់ទៀតឈ្មោះ ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) ដែលជាមិត្តលេងសើចរបស់លោក។ ក្រោយមកពួកគេទាំង២ បានក្លាយជាមិត្តស្និទ្ឋស្នាលនិងជាសហការីគ្នា។

ក្រៅពីរៀននៅថ្នាក់ធម្មតា អែនរីកូ ហ្វើមី តែងឆ្លៀតពេលធ្វើការសិក្សាបន្ថែមលើកម្មវិធីសិក្សា ជាពិសេសដោយមានជំនួយពីមិត្តរបស់លោកឈ្មោះ អែនរីកូ ភឺស៊ីកូ (Enrico Persico) ដែលនៅរៀននៅសាកលវិទ្យាល័យមួយនៅទីក្រុងរ៉ូម។ ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៣ ហ្វើមី បានសិក្សាពី រ៉ឺឡាទីវីតេទូទៅ មេកានិចកង់ទិច និង រូបវិទ្យាអាតូមិច។ ចំណេះដឹងស្ដីពីមេកានិចកង់ទិចរបស់លោក បានឡើងកម្រិតខ្ពស់ រហូតដល់ប្រមុខវិទ្យាស្ថានរូបវិទ្យា គឺលោកសាស្ត្រាចារ្យ ល្វីហ្គី ពុសស្យានទី (Luigi Puccianti) បានហៅលោកឲ្យបើកសិក្ខាសាលាមួយអំពីប្រធានបទនេះ។នៅក្នុងកំឡុងពេលនោះ លោកបានរៀនពី គណិតវិទ្យាវិភាគតង់ស័រ ដែលជាផ្នែកនៃគណិតវិទ្យាបង្កើតដោយ ហ្គ្រេហ្គូរ្យូ រីសស៊ី (Gregorio Ricci) និង ទុលល្យូ លេវី ស៊ីវីតា (Tullio Levi-Civita) ក្នុងការបកស្រាយពីគោលការណ៍នានាក្នុងរ៉ឺឡាទីវីតេទូទៅ។ នៅឆ្នាំ១៩២១ ពេល ហ្វើមី នៅជានិស្សិតឆ្នាំទី៣ លោកបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្ររបស់លោកជាលើកដំបូង ក្នុងទស្សនាវដ្ដីអ៊ីតាលី ឈ្មោះ Nuovo Cimento។ អត្ថបទដំបូងរបស់លោកមានចំណងជើងថា ស្ដីអំពីឌីណាមិចនៃប្រព័ន្ឋសូលីដនៃបន្ទុកអគ្គីសនីក្នុងលក្ខខណ្ឌអន្តរកាល។ អត្ថបទទី២ មានចំណងជើងថា ស្ដីអំពីអេឡិចត្រូស្តាទិចនៃដែនទំនាញឯកសណ្ឋាននៃបន្ទុកអេឡិចត្រូម៉ាញ៉េទិច និងស្ដីអំពីទំងន់របស់បន្ទុកអេឡិចត្រូម៉ាញ៉េទិច។ បើគេមើលតែមួយភ្លែត អត្ថបទទី១ របស់លោក ហាក់ដូចជាមានការមិនចុះសម្រុងគ្នារវាងទ្រឹស្ដីអេឡិចត្រូឌីណាមិច និង ទ្រឹស្ដីរ៉ឺឡាទីវីស ទាក់ទិននឹងការគណនាម៉ាស់អេឡិចត្រូម៉ាញ៉េទិច។ បន្ទាប់ពីរយៈពេលមួយឆ្នាំក្នុងការធ្វើការលើកំណែលំអនៃភាពមិនចុះសម្រុងគ្នារវាងទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិច និង ទ្រីស្ដីរ៉ឺឡាទីវីសស្ដីពីបន្ទុកអេឡិចត្រូម៉ាញ៉េទិច។ និចលភាព និងទំងន់អគ្គីសនី អែនរីកូ ហ្វើមី បានរកឃើញភាពត្រឹមត្រូវរបស់អត្ថបទមុនរបស់លោក។ អត្ថបទចុងក្រោយរបស់លោក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ត្រូវបានគេបកប្រែជាភាសាអាល្លឺម៉ង់ និងត្រូវបានគេបោះពុម្ភក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រអាល្លឺម៉ង់ដ៏ល្បីឈ្មោះ Physikalische Zeitschrift

នៅឆ្នាំ១៩២២ ហ្វើមី បានបោះពុម្ភអត្ថបទមួយមានចំណងជើងថា ស្ដីពីបាតុភូតកើតឡើងនៅក្បែរបន្ទាត់ពេលវេលា ដែលនៅក្នុងនោះ លោកបានណែនាំពីអ្វីដែលគេហៅថា កូអរដោនេហ្វើមី និងបានស្រាយបញ្ជាក់ថា នៅក្បែរបន្ទាត់ពេលវេលា លំហមានលក្ខណៈជាលំហអឺគ្លីត។ នៅឆ្នាំ១៩២២ ហ្វើមី បានបញ្ចប់ការសិក្សនៅ Scuola Normale Superiore

នៅឆ្នាំ១៩២៣ ពេលកំពុងសរសេរសេចក្ដីបន្ថែមឲ្យសៀវភៅបោះពុម្ភជាភាសាអ៊ីតាលី ចំណងជើងថា កំនរកំណើតរ៉ឺឡាទីវីតេរបស់អាញស្តាញ សរសេរដោយ A. Kopff, អង់រីកូ ហ្វើមី បានរកឃើញជាលើកដំបូងនូវភាពពិតដែលថា ក្រៅពីសមីការ អាញស្តាញ ដ៏ល្បី (E = mc2) នៅមានបរិមាណថាមពលដ៏មហិមា (ថាមពលនុយក្លេអែរ) ដែលគួរតែយកជាប្រយោជន៍បាន។

អ្នកប្រឹក្សាថ្នាក់បណ្ឌិតរបស់ ហ្វើមី គឺបណ្ឌិត ល្វីហ្គី ពុសស្យានទី។ នៅឆ្នាំ១៩២៤ ហ្វើមី បានចំណាយពេលមួយឆមាសនៅហ្គឺតថីនហ្គេន ហើយបានស្នាក់នៅប៉ុន្មានខែនៅ ឡៃដេន ជាមួលលោក ផូល អេរេនហ្វេស្ត (Paul Ehrenfest)។ ចាប់ពីខែមករាឆ្នាំ១៩២៥ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ១៩២៦ លោកស្នាក់នៅសាកលវិទ្យាល័យហ្វ្លូរ៉ង់។ នៅក្នុងកំឡុងពេលនោះ លោកវបានធ្វើការលើ ស្ថិតិហ្វើមីឌីរ៉ាក់។ នៅពេលលោកមានអាយុ២៤ឆ្នាំ លោកបានទទួលឋានៈជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យរ៉ូម (នាំមុខគេផ្នែករូបវិទ្យាអាតូមិចនៅអ៊ីតាលី) ដែលនៅទីនោះលោកបានឈ្នះការប្រកូតមួយដែលរៀបចំដោយលោកសាស្ត្រាចារ្យ អរសូ ម៉ារីយ៉ូ ករប៊ីណូ (Orso Mario Corbino) នាយកវិទ្យាស្ថានរូបវិទ្យា។ ករប៊ីណូ បានជួយ ហ្វើមី ក្នុងការជ្រើសរើសក្រុមការងារដែលប្រមូលផ្ដុំដោយមនុស្សពូកែៗមានដូចជា អេឌូអាឌូ អាម៉ាល់ឌី (Edoardo Amaldi), ប៊្រុយណូ ប៉ុងតេករវ៉ូ (Bruno Pontecorvo), ហ្វ្រែនកូ រ៉ាសិតទី (Franco Rasetti) និង អេមីល្យូ សេហ្គ្រែ (Emilio Segrè)។ ចំពោះការសិក្សាផ្នែកទ្រឹស្ដី មានការចូលរួមផងដែរពី អេតូរ៉េ ម៉ាចូរ៉ាណា (Ettore Majorana) ។ ក្រុមការងារនេះធ្វើការលើការពិសោធន៍ល្បីៗរបស់ខ្លួន ប៉ុន្តែនៅឆ្នាំ១៩៣៣ រ៉ាសិតទី បានចាកចោលអ៊ីតាលីទៅនៅកាណាដានិងអាមេរិកបាត់ ចំនែកប៉ុងតេករវ៉ូ បានចេញទៅបារាំង ហើយ សេហ្គ្រែ បានចេញទៅបង្រៀននៅប៉ាឡែម៉ូ។

នៅក្នុងកំឡុងពេលដែលពួកគេនៅជុំគ្នានៅរ៉ូម ក្រុមការងារនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងរូបវិទ្យាទ្រឹស្ដី និងអនុវត្តន៍។ នៅក្នុងនោះមាន ទ្រឹស្ដីបទបំពុកបេតា និងរបកគំឃើញណឺត្រុងយឺត ដែលគេអាចប្រើជាស្នូលក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។ ពួកគេបានបំផ្ទុះជាច្រវាក់នូវធាតុគីមីនានាដោយប្រើណឺត្រុងយឺត ហើយក្នុងការពិសោធន៍ជាមួយអ៊ុយរ៉ានីញ៉ូម ពួកគេបានរកឃើញប្រតិកម្មបន្ទុះនុយក្លេអ៊ែរ។ នៅពេលនោះ បន្ទុះនុយក្លេអ៊ែរ ត្រូវបានគេគិតថាមិនអាចធ្វើទៅបានទេ បើយោងតាមទ្រឹស្ដី។ ខណៈមនុស្សគ្រប់គ្នាគិតថា ធាតុដែលមានលេខអាតូមខ្ពស់ជាង កើតឡើងពីបំផ្ទុះណឺត្រុងនៃធាតុស្រាលជាងនោះ គ្មាននរណារម្នាក់ជឿថា ណឺត្រុង អាចមានថាមពលគ្រប់គ្រាន់ក្នុងការបំបែកអាតូមធ្ងន់ៗជា២ចំណែកបានទេ។

ហ្វើមី ល្បីខាងដោះស្រាយបញ្ហាតាមរបៀបសាមញ្ញ។ គាត់ចាប់ផ្ដើមការបកស្រាយដោយឃ្លាគណិតវិទ្យាងាយៗ និងទាញទៅរកចម្លើយទាំងស្រុង។ សមត្ថភាពរបស់លោកក្នុងនាមជាអ្នកវិទ្យាសាស្ត្រដ៏មហិមា ក្នុងការច្របាច់បញ្ចូលគ្នានូវរូបវិទ្យាទ្រឹស្ដី និងរូបវិទ្យានុយក្លេអ៊ែរអនុវត្ត ត្រូវបានគេគ្រប់គ្នាទទួលស្គាល់។ លោកមានឥទ្ឋិពលទៅលើអ្នករូបវិទ្យាជាច្រើនដែលបានធ្វើការជាមួយលោក តួយ៉ាងដូចជាលោក ហាន់ស៍ បេតេ (Hans Bethe) ដែលបានចំណាយពេល២ឆមាសធ្វើការជាមួយលោក។ តាំងពីកុមារភាព ហ្វើមី កត់ចូលយ៉ាងល្អិតល្អន់នូវរាល់ការគណនារបស់លោកចូលទៅក្នុងសៀវភៅសរសេរ។ លោកថែមទាំងបានដោះស្រាយចំណោទថ្មីៗដែលលោកជួបប្រទះដោយប្រើចម្លើយពីចំណោទមុនៗ។

នៅពេលដែល ហ្វើមី បានដាក់សារណាដ៏ល្បីរបស់លោកស្ដីពី បំពុកបេតេ ទៅទស្សនាវដ្ដីដ៏ល្បីឈ្មោះ Nature, និពន្ឋនាយករបស់ទស្សនាវដ្ដីនោះ បានបដិសេដមិនបោះផ្សាយព្រោះសារណានោះមានទ្រឹស្ដីជាច្រើនដែលស្ថិតនៅឆ្ងាយពេកពីការពិត។ ហេតុនេះ គេឃើញទ្រឹស្ដីនេះ ត្រូវបានបោះពុម្ភផ្សាយជាភាសាអ៊ីតាលី និងភាសាអាល្លឺម៉ង់មុនភាសាអង់គ្លេស។ ទីបំផុត Nature បានសម្រេចបោះពុម្ភរបាយការណ៍របស់ ហ្វើមី ស្ដីពីបំពុកបេតានៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៣៩។


អត្ថបទទាក់ទង

ជីវិត និងស្នាដៃរបស់អ្នកប្រាជ្ញ អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer)

Leave a Reply

Your email address will not be published. Required fields are marked *