តើអ្នកដឹងទេ! ជីវិត និង​ស្នាដៃ​របស់ បេនចាមិន ឌីស្រាអេលី (Benjamin Disraeli) មានអ្វីខ្លះ?

ប្រទេស​អង់គ្លេស​សម័យ​ព្រះនាង វីកតូរៀ (Victoria) មាន​នាយករដ្ឋមន្ត្រី​ពីរ​រូប​ គឺ ឌីស្រាអេលី (Disraeli) និង ក្លេតស្តូន (Gladstone) ជា​គូ​ប្រជែង​ប្រណាំង​គ្នា​អស់​រយៈ​វេលា​៤០​ឆ្នាំ ផ្លាស់​ប្ដូរ​គ្នា​ជា​នាយក​រដ្ឋមន្ត្រី រហូត​អស់​មួយ​សម័យ​នោះ ព្រោះ​តែ​អ្នក​ទាំង​ពីរ​នេះ ប្រជែង​ប្រណាំង​គ្នា​នោះ​ឯង។ ប្រទេស​អង់គ្លេស​ទើប​បាន​ទទួល​នូវ​អំណាច​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន​មានះ ធ្វើ​សេចក្ដី​ល្អ​ឲ្យ​បាន​ប្រសើរ​ក្រៃលែង​ជាង​គ្នា ហើយ​ផល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​នោះ ក៏​ធ្លាក់​ទៅ​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

វីរជន​ទាំង​ពីរ​នេះ​ផ្ទុយ​គ្នា​ស្រឡះ តាំង​ពី​កើត​មក​រហូត​បាន​ជា​ធំ​ទាំង​ការ​គិត និង​និស្ស័យ​ចិត្ត​ថ្លើម​ក៏​ផ្សេង​គ្នា​ទៀត។ តែ​ក្នុង​អត្ថបទ​នេះ យើង​សូម​ជូន​តែ​ប្រវត្តិ ឌីស្រាអែលី ទេ ព្រោះ​អាច​មាន​ប្រយោជន៍​ធំសម្រាប់មិត្តអ្នកអាន។

បេនចាមីន ឌីស្រាអែលី (Benjamin Disraeli) គឺជា​ជនជាតិ​ជ្វីហ្វ កើត​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​១៨០៤ ដោយក្នុង​សម័យ​នោះ អង់គ្លេស​ស្អប់​ខ្ពើម​ជាតិ​ជ្វីហ្វ​យ៉ាង​ក្រៃលែង ទើប​គ្មាន​មហាវិទ្យាល័យ​ណា​មួយ​ទទួល​ឲ្យ​ចូល​សិក្សា​ឡើយ។ តែ​ជា​គ្រោះ​ល្អ បិតា​របស់ ឌីស្រាអែលី ជា​អ្នក​តែង​និពន្ឋសៀវភៅ។ សៀវភៅ​មួយ​ក្បាល​ដែល​បិតា​របស់​គាត់​តែងនិពន្ឋ​ឡើង​បាន​ទទួល​ការ​និយម​បំផុត​ឈ្មោះ រឿង​ដែល​គួរ​ដឹង​ក្នុង​អក្សរ​សាស្ត្រ (Curiosities of Literature) ។ ឌីស្រាអែលី​ បាន​អាស្រ័យ​ការ​សិក្សា​ពី​បិតា​របស់​ខ្លួន និង​និយម​ទី​ស្ងាត់​ជា​កន្លែង​អាន​សៀវភៅ និង​រៀន​សូត្រ​របស់​គាត់ ទើប​គាត់​ធ្ងន់​ទៅ​ខាង​អក្សរ​សាស្ត្រ។ ដល់​ចម្រើន​វ័យ​ឡើង បាន​ផ្ដើម​តែង​និពន្ឋសៀវភៅ​លក់ តែ​កុំ​ថា​តែ​មាន​មនុស្ស​ទិញ​ឡើយ សូម្បី​ឲ្យ​ទទេ​ក៏​គ្មាន​នរណា​ចង់​បាន​ដែរ។ ឌីស្រាអែលី ពុំ​លះបង់ ដោយនៅតែ​ព្យាយាម​ចចេស​តែង​និពន្ឋទៀត។ ក្រោយ​មក​បាន​តែងនិពន្ឋ​រឿង “វិវៀន​ហ្គ្រេយ (Vivian Gray)” ក្នុង​អាយុ​២២​ឆ្នាំ ទើប​មាន​មនុស្ស​ផ្ដើម​ស្គាល់​គាត់​ខ្លះ ជា​ការ​សម្រេច​ជាន់​ទី​១។

ឌីស្រាអែលី ជា​ឧទាហរណ៍​យ៉ាង​ល្អ​របស់​មនុស្ស​ដែល​មាន​សេចក្ដី​ព្យាយាម មិន​រុញរា និង​ខក​ចិត្ត​កាល​ធ្វើ​អ្វី​ពុំ​បាន​សម្រេច។ កាល​តែង​និពន្ឋសៀវភៅ​ច្រើន​ឡើងៗ ទាល់​តែ​មាន​មនុស្ស​និយម និង​ទទួល​ស្គាល់​ការ​វាងវៃ​របស់​ខ្លួន ហើយ​ក៏​នាំ​យក​ការ​និយម​នោះ មក​ប្រើ​ជា​ឧបករណ៍​សម្រាប់​សាង​ឲ្យ​ខ្លួន​បាន​ទទួល​ជ្រើសរើស​ចូល​ក្នុង​រដ្ឋសភា ជា​តំណាង​រាស្ត្រ​ក្នុង​មណ្ឌល​របស់​ខ្លួន។ តែ​ការ​ព្យាយាម​នោះ ធ្វើ​ឲ្យ​បាន​សម្រេច​ដោយ​លំបាក​ក្រៃលែង ជាង​ការ​តែងនិពន្ឋ​សៀវភៅ​ឲ្យ​មនុស្ស​និយម​ជា​ច្រើន​រយ​គុណទៅទៀត តែ​ជនជាតិ​ស្បែក​ស​តែង​ប្រកាន់​ថា ការ​​សម្រេច​ជា​កាំ​ជណ្ដើរ​ទី​១ នឹង​នាំ​ទៅ​កាន់​ការ​សម្រេចបន្ថែមទៀត។ ព្រោះ​ហេតុ​នោះ កាល​មួយ​ឆ្នាំ​ពុំ​បាន​សម្រេច​ក្នុង​ការ​ជ្រើសរើស ក៏​ព្យាយាម​ដូច្នេះ​ទាល់​តែ​អាយុ​៣៤​ឆ្នាំ ទើប​បាន​ជ្រើស​រើសចូល​ក្នុង​សភា​សាមញ្ញ ជា​ការ​សម្រេច​លើក​ទី​២។

កាលពីពេល ឌីស្រាអែលី ក្រោក​ឡើង​និយាយ​ក្នុង​សភា​សាមញ្ញ ជា​ដំបូង​គ្មាន​នរណា​ចង់​ស្ដាប់​សោះ សមាជិក​ទាំង​អស់​ក្នុង​សភា​នោះ សុទ្ធ​តែ​នាំ​គ្នា​មើល​ងាយ​ចំអក​ឡកឡឺយដល់រូបលោក។ ដូច្នោះហើយ កាល​ណាគាត់​និយាយ​ចប់​មុន​នឹង​អង្គុយ​ចុះ គាត់​តែង​បន្ថែម​ចុង​ក្រោយ​ថា៖ “គង់​មាន​វេលា​ថ្ងៃ​ណា​មួយ​ដែល​លោក​ទាំង​ឡាយ​នឹង​ត្រូវ​តាំង​ចិត្ត​ស្ដាប់​ពាក្យ​ដែល​យើង​ខ្ញុំ​និយាយ” (Though I sit down now, the time will come when you will hear me.) ។ ក្រោយ​ពី​ពេលនោះ​មក ឌីស្រាអែលី ក៏​តាំង​គណបក្ស​របស់​ខ្លួន​មួយ​ឡើង​ឲ្យ​ឈ្មោះ​ថា យុវ​អង់គ្លេស (Young England) ដែល​មាន​សមាជិក​សុទ្ធ​តែ​អ្នក​ចេះ​ដឹង និង​មាន​ឋានៈ​ល្អ​ទាំង​អស់។ អាយុ​៤៩​ឆ្នាំ ក៏​បាន​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ជា​ការ​សម្រេច​ជាន់​ទី​៣។

តែ ឌីស្រាអែលី មិន​បាន​រុញ​រា ឬ​លះបង់​ព្យាយាម​តែ​ត្រឹម​នេះទេ លោកបាន​ព្យាយាម​ប្រៀន​ប្រដៅ​បក្ស​ពួក​ក្នុង​គណៈ​របស់​ខ្លួន​ឲ្យ​មាន​ការ​ចេះ​ដឹង​បន្ថែម​ឲ្យបានច្រើន​ឡើងៗ ហើយ​ខ្លួន​ឯង​ក៏​មានះធ្វើការ​យ៉ាង​ក្រៃលែង រហូត​ដល់​អាយុ​៦៨​ឆ្នាំ ក៏​បាន​ជា​នាយក​រដ្ឋមន្ត្រី ដែល​ជា​ការ​សម្រេច​ជាន់​ទី​៤ និង​ជា​ជាន់​ខ្ពស់​បំផុត។

ផល​ដែល​ ឌីស្រាអែលី បាន​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស​នោះ​ គឺ​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស​បាន​មាន​ភាគហ៊ុន​ក្នុង​ព្រែកជីក ស៊ុយអេ (Suez Canal) ពាក់​កណ្ដាល ដែល​ជា​គ្រឿង​ឧបករណ៍​សំខាន់​សម្រាប់​វាត​អំណាច​របស់​អង់គ្លេស​មក​កាន់​ប្រទេស​ឥណ្ឌា និង​អាស៊ីបាន​ធ្វើ​ឲ្យ​ព្រះរាជវង្ស​អង់គ្លេស​មាន​អំណាច​ពេញ​បរិបូណ៌។ ឌីស្រាអែលី បាន​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់​នា​ក្រុង​បែរឡាំង ពី​បញ្ហា​សង្គ្រាម​រាជវង្ស រុស្សី និង​តួកគី និង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស​មិន​ត្រូវ​ប្រកាស​សង្គ្រាម​នឹង​ប្រទេស​ព្រូស (Prusse) ដែល​អាច​ជា​គ្រោះ​ថ្នាក់​ដល់​ប្រទេស​អង់គ្លេស និង​ជា​ហេតុ​ឲ្យ​ប្រទេស​ដទៃៗ​នាំ​គ្នា​ចោម​វាយ​ប្រទេស​អង់គ្លេស។ ហេតុ​នេះ​ ឌីស្រាអែលី ទើប​អះអាង​បាន​ថា ខ្លួន​ជា​ផ្កាយ​រស្មី​ នៃ​ប្រទេស​អង់គ្លេស​ដោយ​សន្តិវិធី មិន​មែន​ដោយ​ការ​កាប់​សម្លាប់​បង្ហូរ​ឈាម​តែ​ម្យ៉ាង​ឡើយ ហើយ​ការ​ដែល​អាច​ធ្វើ​បាន​យ៉ាង​នេះ ក៏​ដោយ​ខួរ​ក្បាល​ដែល​ឆ្លាត​ជាង​មនុស្ស​ធម្មតា​ជាច្រើន។

ឌីស្រាអែលី បាន​ទទួល​ឋានន្តរ​ជា ឡត ប៊ីខនហ្វីល (Lord Beaconsfield) និង​ទទួល​មរណភាព​កាល​អាយុ​៧៧​ឆ្នាំ។ សព​របស់​គាត់​បាន​បញ្ចុះ​ក្នុង​វិហារ វេស្តមិនស្ទ័រ (Westminster) ដែល​ជា​ទី​បញ្ចុះ​សព​វីរបុរស និង​មហាបុរស​នៃ​ប្រទេស​អង់គ្លេស។ មហាក្សត្រីយានី វីកតូរៀ នៃ​ប្រទេស​អង់គ្លេស ស្ដេច​យាង​ទៅ​ដាក់​ភួង​ផ្កា​ដោយ​ផ្ទាល់​ព្រះអង្គ និង​ទ្រង់​ចារឹក​អក្សរ​ទុក​ដូច្នេះថា៖

អនុស្សាវរីយ៍​ជា​ទីស្រលាញ់ និង​ប្រកប​ដោយ​កិត្តិយស 

សម្រាប់

បេនហ្សាមិន ខៅ អូហូ ប៊ីខនហ្វីល 

អនុស្សាវរីយ៍​នេះ​បាន​សាង​ឡើង​ដោយ​ព្រះរាជិនី

ជាមិត្ត​ដែល​ស្គាល់​គុណ និង​ស្រលាញ់​រាប់​អាន

(ព្រះហស្ត​លេខា)

វិគតូរៀ

ខាងក្រោយ​បង្អស់​មាន​ពាក្យ​ស្លោក​ថា៖

ម្ចាស់​ផែនដី​ទ្រង់​ប្រោស​ជន​ដែល​ពោល​ពាក្យ​ពិត

ដកស្រង់ និងសម្រួលចេញពីសៀវភៅ​សាង​ខ្លួន​ឯង


អត្ថបទទាក់ទង

តើមានដឹងទេ! ជីវិត និងស្នាដៃរបស់ វិលប័រ និង អ័រវិល រ៉ៃត៍ អ្នកបង្កើតយន្តហោះដំបូងក្នុងពិភពលោក ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

Leave a Reply

Your email address will not be published. Required fields are marked *