ជីវិត និងស្នាដៃរបស់អ្នកប្រាជ្ញ អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer)
អាល់ប៊ែរ ស្វ័យហ្សែរ (Albert Schweitzer, 1875-1965) ជាកូនអាចារ្យអ្នកក្រម្នាក់ដែលរស់នៅ គុយដែលបិច (ខេត្តមួយតូចនៅតំបន់ខ្ពង់រាបទន្លេសែន ដែលត្រូវផ្ទេរមកចំណុះបារាំងតាំងពីឆ្នាំ១៩១៨)។ ដោយមានបញ្ញាឈ្លាសវៃ និងស្រលាញ់ការរៀនសូត្រ នៅអាយុ២០ឆ្នាំ ស្វ័យហ្សែរបានដណ្ដើមតួនាទីជាបណ្ឌិតទស្សនវិជ្ជា និងបានក្លាយទៅជាសាស្ត្រាចារ្យរងមហាវិទ្យាល័យស្គីវ៉ាតបួរ។ លោកជាអ្នកនិពន្ធវណ្ណកម្មស្រាវជ្រាវដ៏មានតម្លៃជាច្រើនខាងទស្សនវិជ្ជា និងដូរ្យតន្ត្រី ព្រមទាំងមានជំហរយ៉ាងរឹងប៉ឹងក្នុងវិទ្យាសាស្ត្រ និងសិល្បៈ ។ លុះមានអាយុបាន៣០ឆ្នាំ ស្វ័យហ្សែរ ក៏ផ្ទេរមកបំពេញភារកិច្ចខាងវេជ្ជសាស្ត្រវិញ។ លោកបានសម្រេចចិត្តបោះបង់ចោលជីវភាពដ៏ស្ដុកស្ដម្ភ ដោយទៅរស់នៅប្រទេសហ្គាបុង ទីកន្លែងដែលមានជនជាតិស្បែកខ្មៅរស់នៅយ៉ាងលំបាកវេទនា និងស្លាប់រីងរៃក្រោមនឹមត្រួតត្រាដ៏ឃោរឃៅរបស់ពួកអាណានិគមនិយមបារាំង។ ស្វ័យហ្សែរ បានបង្កើតមន្ទីរពេទ្យមួយនៅទីនោះ ហើយបានរស់នៅទីនោះរហូតដល់លោកផុតជីវិត។ លោកបានយកអស់នូវទេពកោសល្យ និងកម្លាំងពលំរបស់ខ្លួន ដើម្បីអនុវត្តនូវបេសកកម្មមនុស្សធម៌ដ៏ឧត្ដុង្គឧត្ដមមួយ គឺព្យាបាលជំងឺ និងថែទាំសុខភាពឲ្យជនដែលត្រូវគេប្លន់យកនូវសិទ្ធិរស់នៅជាមនុស្ស។
ដោយការរួមចំណែកដ៏ធំធេងក្នុងការតស៊ូដើម្បីសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងសច្ចធម៌ ស្វ័យហ្សែរ បានទទួលរង្វាន់សន្តិភាពលេនីន និងរង្វាន់ណូបែល។
កុមារសម្បូណ៌ដោយការស្រមើស្រមៃ
ម៉ោងរៀនតែងសេចក្ដីបានចាប់ផ្ដើម។ លោកគ្រូមុខវិជ្ជាតែងសេចក្ដីបានសរសេរដោយផ្ចិតផ្ចង់នូវចំណងជើងកំណាព្យមួយ “នៅក្រោមស្រមោលដើមស្រល់” នៅលើក្ដារខៀន។
កុមារស្វ័យហ្សែរប្រឹងចម្លងមេរៀន ហើយចាប់ផ្ដើមនឹកស្រមៃដល់ទេសភាពព្រៃដ៏ស្រស់ត្រកាលដែលរេរាំតាមជំនោរខ្យល់បក់ ។ តែគេមិនដឹងមកពីមូលហេតុអ្វីបានជាព្រៃស្រស់ប្រែពណ៌ទៅជាលឿងទុំ។ ស្លឹកដែលជ្រុះពុកៗនៅដីបានចោលក្លិនស្អុយភាយៗបំពុលបរិយាកាស។ សម្លេងនរណានោះខ្សឹបខ្សៀវដូចច្រៀងបំពេរឲ្យគេង ពេលនោះកុមារយើងក៏ដេកងក់លើតុ ភ្នែកបិទជិតលែងឮស្នូរលោកគ្រូនិយាយពីអ្វីទៀតឡើយ…។
កាលនោះ ស្វ័យហ្សែរ បានពិន្ទុយ៉ាងទាបបំផុត។ ឪពុកស្វ័យហ្សែរមិនសប្បាយចិត្តទេ ហើយបាននិយាយជាមួយកូនថា៖ “នែ! អាល់ប៊ែរ! កូនឯងមានដឹងថា តើពុកត្រូវរត់ការអស់ដៃអស់ជើងយ៉ាងណាទេ ទើបអាចសុំឲ្យកូនចូលរៀននៅសាលានេះ? តែកូនឯងមិនព្រមរៀនសូត្រអីសោះ គង់តែថ្ងៃណាមួយត្រូវគេបណ្ដេញចេញពីសាលាមិនខានឡើយ…។”
កុមារយើងក៏កើតក្ដីទុក្ខព្រួយ សារភាពប្រាប់ឪពុកថា ខ្លួនរៀនមិនចូលទេមុខវិជ្ជាអក្សរសាស្ត្រដ៏គួរឲ្យនឿយណាយនោះ ថ្វីបើស្វ័យហ្សែរបានសន្យាច្រើនលើកច្រើនសាមកហើយថា នឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងក្លាក៏ដោយ តែពេលណាក៏ស្វ័យហ្សែរនៅតែដេកងក់នៅក្នុងថ្នាក់រៀនដដែល។
ឪពុកស្វ័យហ្សែរសញ្ជប់សញ្ជឹង រួចសុំផ្លាស់សាលារៀនឲ្យកូន។ ចម្លែកមែន តែ២‑៣ខែក្រោមមក ស្វ័យហ្សែរក៏បានផ្លាស់ប្ដូរចរិតទាំងស្រុង។ ពីកុមារម្នាក់ដែលរៀនខ្សោយខាងមុខវិជ្ជាអក្សរសាស្ត្រ ស្វ័យហ្សេរបានក្លាយទៅជាសិស្សដែលរៀនពូកែ ហើយត្រូវបានលោកគ្រូសរសើរជាច្រើនលើកច្រើនសារ។
ការពិត ដោយស្វ័យហ្សែរមានចរិតសម្បូណ៌ដោយការស្រមើស្រមៃ ប៉ុន្តែគេស្រមើស្រមៃតែតាមសម្ដីពន្យល់ស្មើៗ និងគ្មានភាពស្វាហាប់របស់លោកគ្រូអក្សរសាស្ត្រមុន ទើបស្វ័យហ្សែរធ្វើឲ្យមានការនឿយណាយណាស់ចំពោះមុខវិជ្ជាអក្សរសាស្ត្រនេះ។ តែពេលដែលជួបលោកគ្រូថ្មីដែលជាមនុស្សម្នាក់មានចរិតរួសរាយ ច្នៃប្រឌិត ខួរក្បាលស្រមើស្រមៃរបស់ស្វ័យហ្សែរក៏បានភ្លឺថ្លាចាប់ពីពេលនោះ ហើយស្វ័យហ្សែរក៏ចាប់មានចិត្តស្រលាញ់អក្សរសិល្ប៍ និងធ្វើឲ្យខ្លួនមានការរីកចម្រើនក្នុងមុខវិជ្ជានេះ។
របៀបបញ្ជាក់បង្ហាញដ៏ល្អបំផុត
ក្នុងការចាត់តាំងរៀបចំពិធីបុណ្យមួយរបស់សាលា គេបានស្វែងរកសិស្សម្នាក់ដែលមានទេពកោសល្យសម្រាប់សម្ដែងបទចម្រៀងស្នេហាគ្មានវាចាថ្លែងរបស់ ម៉ែនដែលសុន (Mendelson) អ្នកនិពន្ធបុរាណជាតិអាល្លឺម៉ង់។ ស្វ័យហ្សែរ តាំងចិត្តក្លាហានសុំធ្វើការអធិប្បាយបទកំណាព្យនោះ។
លោកគ្រូបង្រៀនដូរ្យតន្ត្រីសម្លឹងមើលទៅម្រាមដៃធំៗរបស់ស្វ័យហ្សែរ បង្ហាញនូវការព្រួយបារម្ភ៖ “តើប្អូនអាចធានាមិនធ្វើឲ្យខូចខាតនូវបទចម្រៀងដ៏ប្រណិតនេះឬទេ?”
ស្វ័យហ្សែរ មិនឆ្លើយតប។ ស្វ័យហ្សែរ បានចំណាយពេលមួយខែសម្រាប់ហាត់រៀនយ៉ាងព្យាយាម។ មុនថ្ងៃប្រារព្ធពិធីបុណ្យ ស្វ័យហ្សែរ បានទៅផ្ទះលោកគ្រូភ្លេងដើម្បីសុំលេងព្យាណូសាកល្បងបទចម្រៀងដ៏ស្មុគស្មាញនោះ។ លោកគ្រូស្រឡាំងកាំងយ៉ាងខ្លាំងចំពោះទេពកោសល្យដ៏ប៊ិនប្រសប់របស់យុវសិស្សរូបនេះ ហើយបានសូមទោសស្វ័យហ្សែរចំពោះសម្ដីមិនគប្បីដែលបានកត់សម្គាល់ដោយប្រញាប់ប្រញាល់កាលពីថ្ងៃមុនមកលើស្វ័យហ្សែរ។
វាជាការបកស្រាយមួយប្រសើរជាងការបកស្រាយដោយវាចា
នៅពេលដែលបានឮដំណឹងថា សាស្ត្រាចារ្យរងខាងទស្សនវិជ្ជា និងជាតន្ត្រីករស្វ័យហ្សែរបានបោះបង់ចោលនូវតួនាទីដ៏រឹងប៉ឹងរបស់ខ្លួននៅមហាវិទ្យាល័យ ដោយប្ដូរទៅខាងបំពេញការងារខាងវិជ្ជសាស្ត្រវិញ អ្នកទាំងឡាយសុទ្ធសឹងចាត់ទុកថា លោកបានក្លាយជាជនវិកលចរិតទៅហើយ។ មិត្តភក្តិរបស់លោកបាននាំគ្នាសួរពីហេតុផលអ្វីដែលបណ្ដាលឲ្យលោកសម្រេចចិត្តយ៉ាងនេះ។ ស្វ័យហ្សែរឆ្លើយតបវិញ៖ “ខ្ញុំដឹងថា ការបកស្រាយដោយសម្ដីមិនទាន់ពេញជាការបកស្រាយបានល្អបំផុតនោះទេ។ តែយកល្អត្រូវបកស្រាយដោយការងារ និងត្រូវការចំណាយពេលវេលា។”
លុះដល់ពេលក្រោយៗមក ទើបគេយល់គំនិតរបស់ស្វ័យហ្សែរនៅឱកាសអានអត្ថបទកាសែតមួយដែលនិយាយពីវាសនាដ៏អាណោចអាធ័មរបស់បណ្ដាជនជាតិស្បែកខ្មៅទាំងឡាយក្រោមរបបអាណានិគមនិយម។ ស្វ័យហ្សែរ បានសម្រេចចិត្តបំផុសចលនាមួយទូលំទូលាយ ដើម្បីតស៊ូទាមទារសិទ្ធិរស់នៅរបស់មនុស្ស និងដើម្បីសច្ចធម៌។ លោកបានរៀនមុខរបរគ្រូពេទ្យ ហើយបានលះបង់ជីវិតរស់នៅដ៏សុខស្រួលរបស់ខ្លួន ទៅកាន់ប្រទេសហ្គាបុង។ លោកបានបង្កើតមន្ទីរពេទ្យមួយនៅកន្លែងនោះ ដោយពាំនាំនូវពន្លឺវិទ្យាសាស្ត្រទៅកាន់ទីខ្មៅងងឹតបំផុតនៃពិភពរបស់មនុស្សជាតិ។
ថាមពលរបស់ទឹកចិត្តស្រលាញ់
ភូមិករ ឡំបារ៉េណេ ជាទីកន្លែងដែលស្វ័យហ្សែរជ្រើសរើសសម្រាប់មន្ទីរពេទ្យ ភូមិនេះស្ថិតក្នុងបរិវេណព្រៃចាស់ដ៏ឆ្ងាយដាច់ស្រយាលនៃតំបន់ទ្វីបអាហ្រិកអាក្វាទ័រ នៅឆ្ងាយពីទីក្រុងដែលស្ថិតនៅជិតបំផុត ៦០០យោជន៍។
ដោយមិនចាំឲ្យលោករៀបចំរបៀបរបបអ្វីទាន់ឡើយ ជនជាតិទាំងនេះបាននាំគ្នាមកសុំព្យាបាលដោយប្រញាប់ប្រញាល់។ ស្វ័យហ្សែរត្រូវតាំងបន្ទប់ពិគ្រោះជំងឺ និងចែកថ្នាំនៅក្នុងខ្ទមស្លឹកដែលកំពុងស្នាក់នៅនោះតែម្ដង។ បន្ទប់វះកាត់របស់លោក គឺជាកន្លែងទ្រុងមាន់ ដែលត្រូវបានកែជួសជុលឡើងវិញ។ ថ្វីបើដូច្នេះក្ដី នៅក្នុងឆ្នាំដំបូងបង្អស់នេះ ស្វ័យហ្សែរបានជួយសង្គ្រោះជីវិតមនុស្សរាប់រយនាក់ជាជនជាតិអាហ្វ្រិក។
មានថ្ងៃមួយនៅពេលកណ្ដាលអធ្រាត្រ មានមនុស្សម្នាក់មកអញ្ជើញស្វ័យហ្សែរឲ្យទៅជួយព្យាបាលអ្នកជំងឺម្នាក់ដែលកំពុងរង់ចាំសេចក្ដីស្លាប់។ ស្វ័យហ្សែរ សម្រេចចិត្តចេញដំណើរភ្លាមមួយរំពេច ដោយមិនគិតដល់ផ្លូវព្រៃដ៏គ្រោះថ្នាក់ឡើយ។
ថ្ងៃក្រោយមក ពេលដែលមានអ្នកសួរលោកពីហេតុផលដែលបណ្ដាលឲ្យលោកឈ្នះបាននូវការភ័យខ្លាច ស្វ័យហ្សែរបានឆ្លើយតបថា៖ “ដោយគ្រាន់តែនឹកគិតថា នៅតំបន់អេក្វាទ័រនេះ អ្នកជំងឺទាំងអស់ សង្ឃឹមតែលើរូបខ្ញុំមួយ ខ្ញុំក៏មានសេចក្ដីក្លាហានពុះពារឆ្លងកាត់អ្វីៗបានទាំងអស់។”
យល់ឃើញយ៉ាងណាពីប្រទេសអាមេរិក
ឆ្នាំ១៩៤៩ រដ្ឋាភិបាលអាមេរិកបានអញ្ជើញស្វ័យហ្សែរ រួមនឹងគ្រួសាររបស់លោកទៅទស្សនាប្រទេសអាមេរិក។ ឆ្លៀតបានឱកាសល្អនេះ កាសែតទស្សនាវដ្ដីនានាបានចុះផ្សាយនូវអត្ថបទស្ងើចសរសើរចំពោះបុព្វហេតុរបស់លោក ប្រៀបដូចនឹងឥស្សរជនដ៏មហិមានាសតវត្សទី២០។ តែបណ្ដាជនដែលតែងតែចាត់ទុកខ្លួនជាអ្នកឈរនៅកំពូលនៃខឿនអរិយធម៌រីកចម្រើនលើសាកលលោក ក៏ចង់បានការឆ្លើយតបវិញដោយសម្ដីថ្លែងមតិ ៣‑៤ម៉ាត់របស់ស្វ័យហ្សែរពីទឹកដីសេរីភាពនេះដែរ។
ស្វ័យហ្សែរឆ្លើយតបវិញថា៖ “ល្អបំផុត គឺអស់លោកគួរតែឲ្យតម្លៃដោយខ្លួនឯង។ ចំណែកខ្ញុំតាំងពីដើមមក ខ្ញុំមិនចូលចិត្តនិយាយទេ។ តែប្រហែលជានៅឱកាសងាយស្រួលណាមួយ ខ្ញុំនឹងសូមមានមតិ…។”
ស្វ័យហ្សែរបានប្រកាន់ខ្ជាប់ពាក្យសន្យាមែន។ ឆ្នាំ១៩៥៧ លោកបានចេញសេចក្ដីថ្លែងការណ៍បរិហារចំពោះរាល់ឧបាយកលត្រៀមធ្វើសង្គ្រាមរបស់អាមេរិក។ ឆ្នាំ១៩៦៥ នៅមុនពេល ៣‑៤ខែ ដែលមច្ចុរាជប្រុងផ្ដាច់ជីវិត ស្វ័យហ្សែរបានបញ្ចេញសំឡេងជំទាស់ដាច់ខាតនឹងអំពើជ្រៀតជ្រែករបស់អាមេរិកចូលមកប្រទេសវៀតណាម និងការសម្លាប់រង្គាលដ៏សាហាវដែលកងទ័ពអាមេរិកកំពុងបង្កនៅប្រទេសវៀតណាមនាសម័យនោះ។
ដកស្រង់ចេញពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
អ្នកអាចសិក្សាស្វែងយល់បន្ថែមអំពីជីវិត និងស្នាដៃរបស់ អាល់ប៊ែរ ស្វ័យហ្សែរ ដូចខាងក្រោម៖
The Nobel Prize: Albert Schweitzer Biographical
History of Vegetarianism – Dr Albert Schweitzer (1875-1965)
កម្រងរូបភាពលើហ្គូហ្គលរូបភាព (Google Image)
អត្ថបទទាក់ទង